អានតួអត្ថបទ
បារាំង

រដ្ឋមន្ត្រី​ការបរទេស​បារាំង​រិះគន់​ក្រុមហ៊ុន ​ស៊ីម៉ងត៍ ​Lafarge ​ដែល​ចង់​ចូលរួម​សង់​ជញ្ជាំង​ព្រំដែន​អាមេរិក

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង ​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៩ ​មីនា​នេះ ​ដោយ​បាន​រិះគន់​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​របស់​ស្វីស​និង​បារាំង​ ឈ្មោះ ​LafargeHolcim ​ដោយ​ក្រុមហ៊ុន​នេះ ​មាន​បំណង​ចូលរួម​ជាមួយ​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​ក្នុង​ការ​សាងសង់​ជញ្ជាំង​ខណ្ឌចែក​ព្រំដែន ​រវាង​សហរដ្ឋ​អាមេរិក ​និង​ម៉ិចស៊ិក។ លោក​រដ្ឋមន្ត្រី ​បាន​អំពាវនាវ​ឲ្យ ​ក្រុមហ៊ុន​ទាំងអស់​​ ធ្វើការ​រកស៊ី​ប្រកប​ដោយ​ឧត្តមគតិ​ និង​ការ​ទទួល​ខុសត្រូវ ​មិនមែន​ឲ្យ​តែ​ចំណេញ ​អ្វី​ក៏​ហ៊ាន​ធ្វើ​នោះ​ទេ។

ព្រំដែនរវាង​ សហរដ្ឋអាមេរិក​ និង​ម៉ិចសិក
ព្រំដែនរវាង​ សហរដ្ឋអាមេរិក​ និង​ម៉ិចសិក Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ Jean-Marc Ayrault​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​ បាន​ទាមទារ ​ឲ្យ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ធំ​បំផុត​ ឈ្មោះ ​LafargeHolcim  ឲ្យ​ពិចារណា​ឲ្យបាន​ច្បាស់ ​មុននឹង​សម្រាច់​ចិត្ត​ ចូលរួម​សាងសង់​ជញ្ជាំង​ខណ្ឌ​ព្រំដែន​ ដែល​លោក​ដូណាល់ ​ត្រាំ ​ចង់​សាងសង់​ពុះចែក​ទឹកដី​អាមេរិក​ និង​ម៉ុចស៊ិក។ លោក​រដ្ឋមន្ត្រី ​បាន​លើក​ឡើង​ថា ​ទោះ​បី​ជា​គោលការណ៍ ​ក្រុមហ៊ុន​ឯកជន​មិន​ធ្វើ​នយោបាយ ​ក៏ដោយ ​ក៏​ប៉ុន្តែ ​ចូរ​យើង​កុំភ្លេច​ថា ​ក្រុមហ៊ុន​សហគ្រាស​ទាំងអស់ ​មាន​ទំនួល​ខុសត្រូវ​ក្នុង​វិស័យ​សង្គម​ និង​បរិស្ថាន។ ដូច្នេះ​ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ​ត្រូវ​តែ​ពិចារណា ​ឲ្យបាន​ល្អិត​ល្អន់។

 
លោក​រដ្ឋមន្ត្រី​បារាំង​ បាន​បន្ត​ថា ​ក្រុមហ៊ុន​ក៏​ត្រូវ​តែ​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ ​ពី​មុខ​មាត់​របស់​ខ្លួន​ដែរ។ បើសិន​ក្រុមហ៊ុន ​LafargeHolcim ​ចូលរួម​សង់​ជញ្ជាំង​ដ៏​ចំរូងចំរាស​នេះ ​ តើ​អតិថិជន​ផ្សេងទៀត ​គេ​នឹង​យល់​ឃើញ​យ៉ាងណា? តើ​គេ​អាច​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​នេះ​ ទៅ​ថ្ងៃ​មុខ​បាន​ទេ?

លោក​ដូណាល់ ត្រាំ ​បាន​សន្យា​ថា​នឹង​សង់​ជញ្ជាំង​បេតុង​ ប្រវែង​ ១៦០០​គីឡូម៉ែត្រ ​ដើម្បី​បិទ​ព្រំដែន ​កុំឲ្យ​ជន​អន្តោប្រវេសន៍​ ឆ្លង​ចូល​មក​ដី​អាមេរិក​ ​ពី​ខាង​ម៉ុចស៊ិក។ គម្រោង​សាង​សង់​នេះ ​បាន​បង្ក​ជា​ការ​រិះគន់​ពី​សំណាក់​សហគម​អន្តរជាតិ ​និង​ជា​ពិសេស​បាន​ធ្វើ​ឲ្យកើត ​ជា​វិបត្តិការ​ទូត​រវាង​សហរដ្ឋ​អាមេរិក​ និង​ម៉ុចស៊ិក។ លោក ​Jean-Marc Ayrault ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង ​បាន​លើកឡើង​ដែរ​ថា ​លោក​បាន​ជួប​នឹង​រដ្ឋមន្ត្រី​ការបរទេស​ម៉ុចស៊ិក ​ហើយ​លោក​បាន​សង្កេត​ឃើញ​ថា​ រឿងរ៉ាង​ គឺ​ជា​រឿង​ធ្ងន់ធ្ងរ ​និង​មាក់​ងាយ​បំផុត ​ទៅលើ​សម្រាប់​ម៉ុចស៊ិក។

សូម​បញ្ជាក់​ផង​ដែរ​ថា ​ក្រុមហ៊ុនLafargeHolcim ​គឺ​ជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​បារាំង ​និង​ស្វីស ​ដ៏​ធំ​បំផុត​ជាង​គេ។ លោក ​អគ្គនាយក​ ក្រុមហ៊ុន​នេះ ​បាន​ឆ្លើយ​ប្រាប់​ទៅ​អ្នក​យក​ព័ត៌មាន​ទីភ្នាក់ងារ​បារាំង ​AFP​ ថា ​ក្រុមហ៊ុន​លោក ​ត្រៀម​ខ្លួន​ជានិច្ច​ ក្នុង​ការ​ផ្គត់ផ្គង់​សម្ភារៈ​ ចាំបាច់​ក្នុង​ការ​សាងសង់​សំណង់​គ្រប់​ប្រភេទ​ នៅ​សហរដ្ឋ​អាមេរិក​ ទោះ​សំណង់​អ្វី​ក៏ដោយ។​ ហើយ​ក្រុមហ៊ុន​លោក​រកស៊ី ​ដោយ​មិន​ចង់​លូក​ដៃ​ក្នុង​រឿង​នយោបាយ​ទេ។

គួររំលឹកដែរ​ថា ​កាល​ពី​សប្តាហ៍​មុន ​ ក្រុមហ៊ុន​នេះLafargeHolcim​ ក៏​បាន​សារភាព​ថា​ ខ្លួន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ ជាមួយ​នឹង​ពួក​ក្រុម​ភេរវកម្ម​នៅ​ស៊ីរី ​ដើម្បី​បាន​បន្ត​ធ្វើ​សកម្មភាព​រកស៊ី នៅ​ក្នុង​ប្រទេស​នេះ​តទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ