អានតួអត្ថបទ
បរិស្ថាន

អឺរ៉ុប៖ កាត់​បន្ថយ​ឧស្ម័ន​​កាបូនិក​ដែលចេញ​ពី​រថយន្ត ឲ្យបាន​៣០% ឬ ៤០%​?

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទាំង២៨ប្រទេសប្រទេសនៃសហភាពអឺរ៉ុប កំពុងជួបប្រជុំគ្នា នៅក្រុងលុចហ្សំបួរ ថ្ងៃអង្គារ ទី៩តុលា ដើម្បីជជែកគ្នា ស្តីពីការកំណត់កម្មវត្ថុ នៃការកាត់បន្ថយផ្សែងពុល ឧស្ម័នកាបូនិកបណ្តាលមកពីផ្សែងរថយន្ត ពីនេះរហូតដល់ឆ្នាំ២០៣០។ អាល្លឺម៉ង់ ដែលជាប្រទេសផលិតរថយន្តធំជាងគេនៅអឺរ៉ុប បានគាំទ្រឲ្យកាត់បន្ថយត្រឹម៣០% ក៏ប៉ុន្តែប្រទេសមួយចំនួនទៀត ព្រមទាំងអង្គការការពារបិរស្ថាន​ជាដើម គេយល់ថា៣០%នៅមិនគ្រប់ទេ គឺត្រូវកាត់បន្ថយឧស្ម័នកាបូនិកនេះ រហូតយ៉ាងហោច៤០%។

សកម្មជន Greenpeaceដាក់ផ្ទាំងអក្ស "CO2"នៅសងខាងផ្លាក​ម៉ាករថយន្ត​អាល្លឺំម៉ង់ Volkswagen នៅច្រកចូល​ស្នាក់ការធំ​របស់​ក្រុមហ៊ុន​នេះ នៅ Wolfsburg ​ថ្ងៃទី៩ ​វិច្ឆិកា ២០១៥
សកម្មជន Greenpeaceដាក់ផ្ទាំងអក្ស "CO2"នៅសងខាងផ្លាក​ម៉ាករថយន្ត​អាល្លឺំម៉ង់ Volkswagen នៅច្រកចូល​ស្នាក់ការធំ​របស់​ក្រុមហ៊ុន​នេះ នៅ Wolfsburg ​ថ្ងៃទី៩ ​វិច្ឆិកា ២០១៥ AFP
ផ្សាយពាណិជ្ជកម្ម

កាលពីឆ្នាំ២០១៧ សហភាពអឺរ៉ុប ធ្លាប់បានដាក់ចុះនូវទិសដៅមួយរួចហើយ គឺក្នុងរវាងឆ្នាំ២០២១ ត្រូវកាត់បន្ថយឧស្ម័នកាបូនិកចេញពីរថយន្ត ឲ្យបាន៣០%។ ក៏ប៉ុន្តែ កម្មវត្ថុនេះ ត្រូវបានអង្គការសមាគមន៍ និងក្រុមអ្នកស្រាវជ្រាវជាច្រើន លើកឡើងថា វានឹងមិនគ្រប់គ្រាន់ ដើម្បីជួយកាត់បន្ថយការកើនឡើងនូវកំដៅផែនដីទេ។ ប្រទេសអឺរ៉ុប ត្រូវបន្ថែមការប្រឹងប្រែងរបស់ខ្លួន។ នៅលុចហ្សំបួរ ថ្ងៃទី៩តុលានេះ រដ្ឋមន្ត្រីបរិស្ថានទាំង២៨ប្រទេស របស់អឺរ៉ុប ត្រូវជួបនិយាយគ្នា ដើម្បីកំណត់ទិសដៅនេះ ​នៅរវាងឆ្នាំ២០៣០។

អាល្លឺម៉ង់ ប្រទេសផលិតរថយន្តធំជាងគេបង្អស់នៅអឺរ៉ុប បានសុខចិត្តយល់ព្រមកាត់បន្ថយ ត្រឹម៣០%។ ក៏ប៉ុន្តែប្រទេស១៧ផ្សេងទៀត មានបារាំង ហូឡង់ ជាដើម គឺគេគាំទ្រ ឲ្យដាក់ទិសដៅកាត់បន្ថយ ចំនួន៤០%។ ពោលគឺជាសំណើ ដែលមានកំណត់ក្នុងអត្ថបទរបស់សភាអឺរ៉ុប។ តែយ៉ាងណា អូទ្រីស ដែលដឹកនាំ និងសម្របសម្រួលការប្រជុំនេះ សង្ឃឹ​មថា នឹងអាចស្វែងរកចំណុចកណ្តាល ដែលភាគីទាំងអស់សុខចិត្តទទួលយក ពោលគឺកំណត់កាត់បន្ថយត្រឹម៣៥%។

បើប្រទេសទាំង២៨ អាចអនុម័តគោលជំហររួមមួយនៅថ្ងៃនេះ គណកម្មការអឺរ៉ុប ព្រមទាំងសភាអឺរ៉ុប នឹងផ្តើម​ការជជែកគ្នា ដើម្បីតាក់តែងអត្ថបទចុងក្រោយមួយ​ ដែលគេរំពឹងថា និងត្រូវអនុម័ត ឲ្យបានមុនដំណាច់​ឆ្នាំ២០១៨នេះ។ ទោះយ៉ាងណាក៏ដោយ ការជជែកគ្នារវាងរដ្ឋមន្ត្រីបរិស្ថាននាពេលនេះ ត្រូវគេរំពឹងថា ប្រាកដជាតានតឹង ដោយសារ​គោល​ជំហររឹងរូស របស់អាល្លឺម៉ង់។ បើតាមប្រភពស្និទនឹងការប្រជុំនេះ បានឲ្យដឹងថា អាល្លឺម៉ង់ មានការជួយគាំទ្រ ពីប្រទេសអឺរ៉ុបខាងកើតមួយចំនួនធំ ដែលមិនចង់កាត់បន្ថយឧស្ម័នកាបូនិក ច្រើនលើសពី៣០%។ ប្រទេសទាំងនេះ សុទ្ធតែមានទំនាក់ទំនងសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម ផលិតយានយន្តរបស់អាល្លឺម៉ង់។

សូមបញ្ជាក់ថា ឧស្ម័នកាបូនិក ផ្សែងពុលបរិយាកាស ដែលហោះចេញតាមបំពង់ស៊ីម៉ាំង រថយន្តគ្រប់ប្រភេទ គឺជាសំណុំរឿងដ៏ធំ និងដ៏រសើបបំផុត សម្រាប់អឺរ៉ុប។ ទិសដៅកម្មវត្ថុកាត់បន្ថយឧស្ម័នកាបូនិក​ប្រភេទ​នេះ មានន័យថា ឧស្សាហកម្មផលិតយានយន្ត ទូទាំងអឺរ៉ុប ត្រូវតែសើររើ ប្រព័ន្ធម៉ាស៊ីន និងត្រូវស្រាវជ្រាវ​បន្ថែម រិះរកបច្ចេកវិទ្យាថ្មី ដើម្បីកាត់បន្ថយឧស្ម័នពុលចេញពីម៉ាស៊ីនរថយន្ត។ ដូចគ្នាដែរ អាជ្ញាធរសាធារណៈ ត្រូវតែដាក់ចុះនូវគោលនយោបាយរួម សំដៅកាត់បន្ថយចរាចរណ៍រថយន្ត ទាំងឡាយណា​ ដែលជាប្រភព​នៃការបញ្ចេញឧស្ម័នពុលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ