ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/04 12h00 GMT
អឺរ៉ុប

បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី៖ លោកពូទីន​ នឹង​ឈ្នះ ដោយ​មិន​ចាំបាច់​ប្រឹង​ឃោសនា

media  
លោកប្រធានាធិបតីពូទីន ចេញពីបន្ទប់គូសសន្លឹកឆ្នោត។ មូស្គូ ថ្ងៃទី ១៨ មីនា ២០១៨ AFP/Yuri KADOBNOV

នៅថ្ងៃអាទិត្យទី ១៨មីនា ប្រជាជនរុស្ស៊ី ត្រូវចូលរួមបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​ថ្មីសម្រាប់ដឹកនាំប្រទេស រយៈពេល៦ឆ្នាំទៅមុខ។ នរណា​ក៏ដឹងដែរថា ក្នុង​ចំណោម​បេក្ខជន​ឈរឈ្មោះទាំងអស់ គឺ​គ្មាន​នរណា​មាន​សង្ឃឹម​ឈ្នះ ស្មើ​នឹង​លោក វ៉្លាឌីមៀរ ​ពូទីនឡើយ។ កាន់អំណាច រយៈពេល១៨ឆ្នាំមកហើយ លោកពូទីន បាន​ពង្រឹង​អំណាច​យ៉ាង​ណែនក្នុងដៃ និងបានទាញរុស្ស៊ី ឲ្យងើបចេញពីភាពទីទ័លលំបាក ក្រោយ​ពេល​ដែល​របបសូវៀតដួលរលំទៅ។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ អំណាចប្រមូលផ្តុំ តែក្នុងដៃបក្សពួក សេដ្ឋកិច្ចទាំងស្រុងស្ថិតក្នុងដៃមហាសេដ្ឋីពុករលួយ ព្រមទាំង​ការ​រិតត្បិត​សិទ្ធិសេរីភាព​បញ្ចេញ​មតិ និងនយោបាយផងនោះ បានធ្វើឲ្យប្រជាជនរុស្ស៊ី រងទុក្ខ​មួយ​បែប​ផ្សេង​ទៀត។

មុននឹងត្រូវបានលោក បូរីស យែលស៊ីន លើកបន្តុបនៅឆ្នាំ១៩៩៩ លោក វ៉្លាឌីមៀរ ពូទីន​មិនធ្លាប់ត្រូវបានប្រជាជនរុស្ស៊ី ឮឈ្មោះឡើយ។ តែថ្ងៃនេះ ១៨ឆ្នាំក្រោយមក ឈ្មោះពូទីន បានលាន់ឮរំពង រញ្ជួយមិនថាលើដែនដីរុស្ស៊ី ក៏ដូចជាទូទាំងពិភពលោក។ លោកពូទីន មិនត្រឹមតែបានកសាងកេរ្តិ៍ឈ្នោះឥទ្ធិពល នៅក្នុងស្រុកតែប៉ុណ្ណោះទេ តែរុស្ស៊ី ក្រោមការដឹកនាំរបស់លោកពូទីន កំពុងតែជាន់ពិភពលោកឲ្យផ្អៀង ដោយតំបន់មួយចំនួន។

១៨ឆ្នាំនៃអំណាច

ឈ្នះឆ្នោតអាណត្តិទីមួយ នៅឆ្នាំ២០០០ បន្ទាប់មកអាណត្តិទី២នៅ ឆ្នាំ២០០៤។ ដោយជាប់កំហិត នៃរដ្ឋធម្មនុញ្ញរុស្ស៊ី ដែលកំណត់មិនឲ្យប្រធានាធិបតី កាន់មុខតំណែង​២​អាណត្តិ​ជាប់គ្នា លោកពូទីន​ បានសុខចិត្តទុកកៅអីប្រធានាធិបតី ទៅឲ្យលោក ឌីមីទ្រី ម៉េតវ៉េដែវ នៅឆ្នាំ២០០៨ ហើយខ្លួនទៅធ្វើជានាយករដ្ឋមន្ត្រីជំនួសវិញ។​ អណត្តិប្រធានាធិបតី ដែលពីមុនមានតែ៤ឆ្នាំ ត្រូវបានលោកពូទីន អូសបន្ថែមឲ្យដល់ ៦ឆ្នាំ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ បន្ទាប់មកទៀត នៅឆ្នាំ២០១២ លោកពូទីន បានត្រលប់មកឈរឈ្មោះជា​ប្រធានាធិបតីសារជាថ្មី ដោយបានឈ្នះឆ្នោត បើទោះបីការបោះឆ្នោតនោះ ត្រូវបានក្រុមសកម្មជនប្រឆាំង ចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត យ៉ាងចំហរ យ៉ាងណាក៏ដោយ។

បន្ទាប់ពីបានបន្តតំណែង ពីលោកបូរីស យែលស៊ីន លោកពូទីន បានសន្យាធ្វើទំនើបកម្មប្រទេសរុស្ស៊ី ដែលបានធ្លាក់ដុនដាប ក្រោយការដួលរលំ នៃរបបកុម្មុយនីស្តសូវៀត។ ក៏ប៉ុន្តែ ដើម្បីអាចឈរជើងរឹងមាំ ក្នុងចង្កោម អ្នកនយោបាយចាស់ៗ នៃរបបសូវៀត លោកពូទីន​ បានជ្រើសយកវិធីសាស្ត្រមួយ ក្នុងការដឹកនាំរុស្ស៊ី គឺតាមរយៈការបែងចែកភោគផលគ្នា មិនឲ្យមានការច្រណែន។ បន្តិចម្តងៗ ទំនោរនេះ បានក្លាយជាបណ្តុំនៃបក្សពួកអ្នកនយោបាយ ដែលស្និទនឹងអ្នកជំនួញ មហាសេដ្ឋី ដែលហុចផល ឲ្យគ្នាទៅវិញទៅមក បានមកពីការបើកចំហរទីផ្សារសេដ្ឋកិច្ច របស់រុស្ស៊ី។

ជីវភាពប្រជាជនបានប្រសើរជាងមុន តែគ្មានសេវាសាធារណៈ

ជាការពិត គេមិនអាចបដិសេធបានទេ ថារុស្ស៊ីបច្ចុប្បន្ន ប្រជាជនមានជីវភាពគ្រាន់បើ ល្អប្រសើរ ជាងកាលពី២០ឆ្នាំមុន។ ផលិតផលដុលក្នុងស្រុកសរុបរបស់រុស្ស៊ី ក្រោមនឹមអំណាចរបស់លោកពូទីន បានកើនឡើង មួយទ្វេជាពីរ។ សេដ្ឋកិច្ចរុស្ស៊ីបន្តដើរទៅមុខ ពិតមែន ក៏ប៉ុន្តែជាសេដ្ឋកិច្ច ដែលមានលក្ខណៈ ពឹងផ្អែកសឹងតែទាំងស្រុង តែទៅលើវិស័យធនធានថាមពលធម្មជាតិ។ ប្រេងកាត ឧស្ម័នធម្មជាតិ រ៉ែធម្មជាតិ ដែលបាននៅក្នុងដី ក្នុងសមុទ្រ ដ៏ធំហាសាសរបស់រុស្ស៊ី បានជំរុញឲ្យសេដ្ឋកិច្ចរុស្ស៊ី មានដង្ហើមដក ជិត២០ឆ្នាំមកនេះ។ ក៏ប៉ុន្តែធនធានទាំងនេះ កំពុងតែហិនហោច វិនាសអស់នៅថ្ងៃខាងមុខ។

ចន្លោះពីឆ្នាំ២០០០ ដល់២០១៧ រដ្ឋរុស្ស៊ី បានរកប្រាក់ចំណូលបានប្រមាណជា ៣៥០០០០០០០០០០០០០០០០០ ដុល្លារ។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ វិស័យសាធារណៈ បានចុះ​ថយកាន់តែខ្លាំង ដោយសារតែការធ្វើឯកជនភាវូបនីយកម្ម ច្រើនហួសហេតុ និងគ្មានទស្សនវិស័យយូរអង្វែង។ រដ្ឋបាលសាធារណៈរុស្ស៊ី ដែលជាប់ស្អិតដិតដាមដោយប្រពៃណីកុម្មុយនីស្ត រាប់សិបឆ្នាំមកហើយនោះ នៅតែមិនទាន់អាចឆ្លើយតប និងបំពេញតំរូវការជូនប្រជាជនបានទេ ដោយសារតែគ្មានគោលនយោបាយកំណែទម្រង់។

រដ្ឋរុស្ស៊ីមិនបានវិនិយោគ ក្នុងវិស័យសាធារណៈទេ។ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ នៅតែខ្វះខាតដដែល។ ចំនួនសាលារៀនរដ្ឋ បិទទ្វារកាន់តែច្រើន ហើយចំនួនគ្រូបង្រៀន បានថយចុះ១ភាគ៣។ ឆ្នាំ២០០០ រុស្ស៊ីមានមន្ទីរពេទ្យរដ្ឋចំនួន ១០៧០០ តែឆ្នាំ២០១៧ នៅសល់តែ៥៤០០កន្លែងតែប៉ុណ្ណោះ។

ពុករលួយក្លាយជាប្រពៃណី

Ilya Yachine និង Vladimir Milov ដែលជាសកម្មជនរិះគន់រដ្ឋាភិបាលលោកពូទីន បានលើកឡើងថា ១៨ឆ្នាំមកនេះ លោកពូទីន​បានកសាងខ្លួនពីបាតដៃទទៃ មកជាមនុស្សដ៏មានអំណាច និងមានទ្រព្យសម្បត្តិមហាសាលច្រើនជាងគេនៅរុស្ស៊ី។ លោកពូទីន បានកសាង រៀបចំ រាយក្រឡា​យ៉ាងចាក់ស្រែស បង្កើតជាប្រព័ន្ធ ពុករលួយបក្សពួកស៊ីសំណូក ក្នុងរង្វង់គ្រួសារ និងមិត្តភ័ក្តខ្លួន​។

គំលាតរវាងអ្នកមាន និងអ្នកក្រ មានកាន់តែខ្លាំង។ នៅឆ្នាំ២០០០ រុស្ស៊ីពុំមានមហាសេដ្ឋីទេ។ តែនៅចុងឆ្នាំ២០១៧ បើយោងតាមតារាងរបស់ទស្សនាវត្តី Forbes គឺមានមហាសេដ្ឋីរុស្ស៊ី ដល់ទៅ៩៦នាក់។ មនុស្សប្រមាណជា១០% នៅរុស្ស៊ី គឺជាម្ចាស់ទ្រព្យសម្បត្តិដល់ទៅ ៧៧% នៃប្រទេសរុស្ស៊ីទាំងមូល។

អំពើពុករលួយ បក្សពួកនិយម បានក្លាយទៅជាទំលាប់សាមញ្ញទៅហើយ។ តារាងចំនាត់ថ្នាក់ប្រទេសពុករលួយរបស់ Transparency International ប្រចាំឆ្នាំ២០១៦ បានចាត់​រុស្ស៊ី ក្នុងលេខរៀងទី១៣១ ក្នុងចំណោមប្រទេស១៧៦។ ចំណាត់ថ្នាក់នេះ បានញ៉ាំងឲ្យអ្នកវិនិយោគបរទេស មានការប្រុងប្រយ័ត្នណាស់ មុននឹងសម្រេចចិត្តទៅរកស៊ីនៅរុស្ស៊ី។ តែទន្ទឹមនឹងនេះ អ្នករកស៊ីផ្លូវងងឹត ចូលចិត្តសូកប៉ាន់ កេងចំណេញ នាំគ្នាចូលចិត្តរកស៊ីជាមួយរុស្ស៊ីណាស់។ ស្ថានទូតរុស្ស៊ី ប្រចាំប្រទេសអាហ្សង់ទីន ត្រូវបានគេសង្ស័យថា ជាទីតាំងស្តុក និងជួញដូរគ្រឿងញៀន កូកាអ៊ីន ទៀងផង។

សិទ្ធិសេរីភាពបញ្ចេញមតិ កាន់តែរួញខើច

រហូតមកទល់ពេលនេះ បញ្ហាពុករលួយ គឺជាចំណុចតែមួយគត់ ដែលប្រជាជនរុស្ស៊ី ហ៊ានរិះគន់តវ៉ា ទៅលើរដ្ឋាភិបាលលោកពូទីន។ ហេតុដូច្នេះហើយ បានជាការប្រើសិទ្ធិសេរីភាពបញ្ចេញមតិនៅរុស្ស៊ី ត្រូវបានរដ្ឋាភិបាលនេះ ព្យាយាមបិទខ្ទប់។ រិះគន់រដ្ឋាភិបាលលោកពូទីន តាមFacebook អាចត្រូវជាប់គុក២ឆ្នាំ។ បណ្តាញសារព័ត៌មាន វិទ្យុ ទូរទស្សន៍ កាសែត ត្រូវបានអាជ្ញាធររដ្ឋ តាមដានឃ្លាំមើលយ៉ាងជាប់ស្អិត។ ស្ថាប័នព័ត៌មាន ដែលធ្វើការងារសហការជាមួយបរទេស ត្រូវចុះបញ្ជីរ ក្នុងនាមជាភ្នាក់ងារបរទេស ហើយត្រូវបានអាជ្ញាកៀបសង្កត់ជាប្រចាំ។ ច្បាប់ថ្មីៗ មានជាបន្តបន្ទាប់ ដើម្បីចងជើង ចាប់ស្ទាក់ អ្នកណា ដែលហ៊ានរិះគន់រដ្ឋាភិបាល។

បរិយាកាសនយោបាយកាន់តែថប់ តូចចង្អៀត។ សកម្មជនប្រឆាំងរិះគន់ ឬអ្នកនយោបាយ ដែលមាននិន្នការផ្ទុយពីលោកពូទីន បើមិនត្រូវគេសម្លាប់ គឺត្រូវជាប់គុក។ លោក Boris Nemtsov អ្នកនយោបាយដ៏មានប្រជាប្រិយភាព ដែលហ៊ានដឹកនាំការធ្វើបាតុកម្ម ប្រឆាំងនិងប្រធានាធិបតីពូទីន  ត្រូវបានគេបាញ់សម្លាប់ នៅកណ្តាលក្រុងមូស្គូ នៅថ្ងៃទី ២៧ កុម្ភៈ ២០១៥។ អ្នកនយោបាយម្នាក់ទៀតឈ្មោះ Alexeï Navalny ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសជាច្រើន ដើម្បីរារាំងមិនឲ្យឈរឈ្មោះបោះឆ្នោតបាន។

ឈ្នះ ដោយគ្មានគូប្រកួត

នៅលើសង្វៀននយោបាយរុស្ស៊ីបច្ចុប្បន្ននេះ គឺមានតែលោកពូទីន តែម្នាក់ឯងប៉ុណ្ណោះ។ បើទោះជាមានបេក្ខជនផ្សេង មកឈរឈ្មោះក្នុងការបោះឆ្នោតនេះ ក៏វាគ្រាន់តែជាការធ្វើ ឲ្យតែល្អមើលតែប៉ុណ្ណោះ។ តាមការវិភាគ ប្រជាជនរុស្ស៊ី គ្មានជម្រើសណាផ្សេង ក្រៅពីបោះឆ្នោតជូនលោកពូទីននោះឡើយ។ គ្មានអ្នកនយោបាយណាមួយ ដែលអាចមកប្រជែងជាមួយលោកពូទីន បានជាដាច់ខាត។

ដោយដឹងថាខ្លួននឹងឈ្នះបែបនេះហើយ បានជាលោកពូទីន ធ្វើហី មិនទាំងខ្វល់ នឹងរឿងឃោសនាបោះឆ្នោតផង។ ក្រៅតែផ្តល់បទសម្ភាសន៍ ២ទៅ៣ដង នៅបណ្តាញព័ត៌មានរុស្ស៊ី លោកពូទីនមិនបានចេញធ្វើការឃោសនា ទាក់ទាញទឹកចិត្តប្រជាជនទេ។ លោកពូទីន ដឹងយ៉ាងច្បាស់ថា ប្រជាជនរុស្ស៊ីបច្ចុប្បន្ន គ្មានជម្រើសណាផ្សេង ក្រៅពីបោះឆ្នោតឲ្យលោកឡើយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ