ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
អឺរ៉ុប

រុស្ស៊ី​ ធ្វើ​សមយុទ្ធ​​យោធា​ទ្រង់ទ្រាយ​ធំ ​ជាប់​ព្រំដែន​សហភាព​អឺរ៉ុប

media  
សន្និសិទ​កាសែត ​ប្រាប់ពី​​សមយុទ្ធ​យោធា នៅទី​ស្តីការ​ក្រសួង​ការពារជាតិ​រុស្ស៊ី ​នៅ​ក្រុង​ម៉ូស្គូ Kirill KUDRYAVTSEV / AFP

នៅថ្ងៃ​ព្រហស្បតិ៍ទី​ ១៤ ​កញ្ញា​នេះ ​កងទ័ព​រុស៊្សី ​ដោយ​មាន​ការ​សហការ​ពី ​កងទ័ព​ប៊ីយេឡូរុស្ស៊ី​ផងនោះ ​បាន​បើក​ការ​ធ្វើ​សមយុទ្ធ​យោធា ​នៅ​តាម​ព្រំដែន ​ជាប់​ប្រទេស​លីទុយអានី​ និង​ប្រទេស​ប៉ូឡូញ។ សមយុទ្ធ​យោធា ​ដែល​រុស្ស៊ី​អះអាង​ថា​ ជា​សមយុទ្ធ​ត្រៀម​ការពារ​ខ្លួន​ ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ ​សម្រាប់​ប្រទេស​សមាជិក​អង្គការ​អូតង់​មួយ​ចំនួន​ សមយុទ្ធ​យោធា ​ដែល​ធ្វើ​ឡើង​ នៅ​ក្បែរ​ព្រំដែន​សហភាព​អឺរ៉ុប​នេះ ​​មាន​លក្ខណៈ​ជា​ការ​គំរាម​ បង្ហាញ​កម្លាំង​ ពី​សំណាក់​រុស្ស៊ី ​មក​លើ​ប្រទេស​ពួក​គេ។ ជាង​នេះ​ទៅទៀត​ តួលេខ​ពិត​ប្រាកដ​ នៃ​ចំនួន​មនុស្ស​ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​សមយុទ្ធ​នេះ ​គឺ​លើស​ពី​អ្វី​ដែល​កង​ទ័ព​រុស្ស៊ី​បាន​ប្រកាស។

កងទ័ព​រុស្ស៊ី​ បាន​ដាក់​ឈ្មោះ​សមយុទ្ធ​យោធា​នេះ​ថា " Zapad-2017" ដែល​ប្រែ​មក​ថា ​ទិស​ខាង​លិច​ 2017។ ទិស​ខាង​លិច​ គឺ​គេ​ដឹង​ច្បាស់​ ​ថា​សំដៅ​ទៅ​លើ​ប្រទេស​នៅ​លោក​ខាងលិច​ ដែល​ជា​សមាជិក​អង្គការ​អូតង់​ និង​សហភាព​អឺរ៉ុប​នេះ​តែម្តង។ បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ការពារជាតិ​ រុស្ស៊ី ​សមយុទ្ធ​យោធា ​ដែល​ចាប់​ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី​ ១៤ ​កញ្ញា ​ក្នុង​ទឹកដី​ ប៊ីយេឡូរុស្ស៊ី ​នៅ​ក្បែរ​ព្រំដែន​ប៉ូឡូញ ​និង​លីទុយអានី ​នេះ ​នឹង​មាន​រយៈពេល​១សប្តាហ៍ ​ហើយ​ត្រូវ​ប្រើ​កំលាំង​ប្រមាណ​ជា ​១២៧០០​នាក់។

នៅក្នុង​លិខិត​ប្រកាស​របស់​ខ្លួន ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​បញ្ជាក់​ថា ​សមយុទ្ធ​យោធានេះ​ មាន​លក្ខណៈ ​ជា​សមយុទ្ធ​ត្រៀម​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ ​ហើយ​មិនមែន​ជា​សមយុទ្ធ ​ត្រៀម​វាយ​ប្រហារ​ឈ្លានពា​ន ប្រទេស​ណាមួយ​ឡើយ។ រុស្ស៊ី​តែងតែ​ធ្វើ​សមយុទ្ធ​ប្រភេទ​នេះ ​ជា​រឿយៗ​ នៅតាម​តំបន់​ផ្សេងៗ ​ទូទាំង​ប្រទេស ​ ហើយ​ឆ្នាំ​នេះ ​សមយុទ្ធ​នេះ ​ត្រូវ​ប្រព្រឹត្តិធ្វើ​ទៅ ​នៅក្នុង​ដែនដី​ប៊ីយ៉េឡូរុស្ស៊ី ​តំបន់​កាលីនីងហ្រ្កាដ ​និង​តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​រុស្ស៊ី។

តែ​ងណាក៏​ដោយ ​សម្រាប់​ប្រទេស​មួយ​ចំនួន​ដូចជា​ លីទុយអានី​ ឡេតូនី ​អេស្តូនី ​និង​ប៉ូឡូញ ​គេ​មិន​អាច​លាក់​បាំង​ការ​ព្រួយ​បារម្ភ​របស់​គេ​បាន​ទេ ​ចំពោះ​មុខ​ការ​ចល័តទ័ព​ ធ្វើ​សមយុទ្ធ​របស់​រុស្ស៊ី​បែប​នេះ។ បទ​ពិសោធន៍​ នៅ​អ៊ុយក្រែន ​និង​តំបន់​គ្រីម៉េ ​​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នេះ ​ ខ្លាច​ក្រែង​មាន​ការ​ចូល​លុកលុយ​ពី​សំណាក់​កងទ័ព​រុស្ស៊ី។

ដោយឡែក​ លីទុយអានី ​និង​អេស្តូនី ​ បាន​លើក​ឡើង​ថា ​ក្នុង​សមយុទ្ធ​យោធា​ដ៏ធំ​លើក​នេះ ​ គេ​មិន​ជឿថា​ ​កងទ័ព​រុស្ស៊ី ​ប្រើ​មនុស្ស​តែ​ជាង​១ម៉ឺន​នាក់​នោះ​ទេ។ គេ​សង្ស័យ​ថា ​រុស្ស៊ី​បាន​បន្លំ​តួលេខ ​ ដែល​ចំនួន​ពិត​ប្រាកដ ​អាច​ប្រហែល​ជា​លើស​ពី​១សែន​នាក់​ផង។ យ៉ាង​ណាមិញ ​ លោក​ប្រធាន​អង្គការ​អូតង់ ​បាន​លើក​ឡើង​ថា ​សមយុទ្ធ​យោធា​រុស្ស៊ី​នេះ ​មិន​ទាន់​ជា​ការ​គំរាម​ទាន់​ហន់​ណាស់​ណា​ទេ​ តែ​យ៉ាងណា ​អូតង់​សោក​ស្តាយ ​ដែល​រុស្ស៊ី ​ពុំមាន​តម្លាភាព​ច្បាស់​លាស់ ​ទាក់ទិន​ទៅ​នឹង​ ចំនួន​មនុស្ស​ចូលរួម​សមយុទ្ធ​នេះ។ហើយ​វា​ក៏​មិនមែន​ជា​លើក​ទីមួយ​ដែរ ​ដែល​កងទ័ព​រុស្ស៊ី ​បន្លំ​តួលេខ ​ស្តី​ពី​ចំនួន​កងទ័ព​របស់​ខ្លួន​នោះ។

ដោយឡែក ​លោក ​Alexandre Golts​ អ្នក​វិភាគ​ឯករាជ្យ ​ផ្នែក​កងទ័ព​ម្នាក់​ បាន​លើក​ឡើង​ថា​ គ្មាន​នរណា​ជឿទេ​ថា ​មាន​មនុស្ស​តែ​ជាង​១ម៉ឺន​នាក់។ សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​យ៉ាង​នេះ ​ អាច​ត្រូវ​ប្រើ​មនុស្ស​គ្រប់​ជំនាញ​ រាប់​ទាំង​កងទ័ព​ថ្មើរជើង ​ក្រុម​ឈ្លប​សម្ងាត់ ​កង​កម្លាំង​សេនាជាតិ​អាវុធហត្ថ ​និង​ក្រុម​សង្គ្រោះ​ផង​នោះ ​ គឺ​ចំនួន​មនុស្ស​សរុប​ អាច​ឡើង​លើស​ពី​១​សែន​នាក់​ បាន​យ៉ាងងាយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ