ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/09 12h00 GMT

រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ កំពុង​គំរាម​ ធ្វើឲ្យរលំរដ្ឋាភិបាល​ចំរុះ របស់លោកស្រី​អង់ហ្គេឡា មែរគែល

រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ កំពុង​គំរាម​ ធ្វើឲ្យរលំរដ្ឋាភិបាល​ចំរុះ របស់លោកស្រី​អង់ហ្គេឡា មែរគែល លោកស្រី Angela Merkel​និង​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Horst Seehofer អង្គុយ​ជិតគ្នា ថ្វីបើ​មិន​ត្រូវ​គ្នា។ ថ្ងៃទី២០ ​មិថុនា ​២០១៨។ REUTERS/Hannibal Hanschke

    រដ្ឋាភិបាលអាល្លឺម៉ង់ដ៏សែនផុយស្រួយ ដែលលោកស្រីអង់ហ្គេឡា​ មែរគែល បានកសាងកាលពីប៉ុន្មានខែមុន ពេលនេះកំពុងតែដើរមកដល់មាត់ជ្រោះ នៃការបែកបាក់ ដោយសារតែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ គឺលោក Horst Seehofer បានគំរាមថានឹងលាលែងចេញពីតំណែង។ ការគំរាមលាលែងចេញពីតំណែងនេះ គឺធ្វើឡើង បន្ទាប់ពីលោករដ្ឋមន្ត្រីមកពីបក្សស្តាំអភិរក្សនិយមរូបនេះ បានដាក់ឱសានុវាទ ឲ្យ​លោកស្រីមែរគែល ធ្វើតា​ម ទាក់ទិននឹងវិធានការបណ្តេញជនអន្តោប្រវេសន៍ ចេញពីទឹកដីអាល្លឺម៉ង់។ តើគោលជំហរ រឹងទទឹង របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ ទល់នឹងលោកស្រីអង់ហ្គេឡា មែរគែល នាពេលនេះ អាចបង្កជាផលវិបាកអ្វីខ្លះ ដល់រដ្ឋាភិបាលអាល្លឺម៉ង់?

    រដ្ឋមន្ត្រីមហាផ្ទៃ ប្រឆាំង​នឹង​ប្រមុខ​រដ្ឋាភិបាល

    មនុស្សម្នាក់ដែលជាដើមហេតុនៃវិបត្តិនេះ គឺលោក Horst Seehofer ប្រធានគណបក្សគ្រិស្តិសាសនា សង្គមនិយម ហៅកាត់ថា CSU ដែលជាបក្សស្តាំ អភិរក្សនិយម នាំមុខគេនៅតំបន់បាវីយ៉ែរ។ គឺគណបក្សនេះហើយ ដែលបានយល់ព្រមសុខចិត្ត ចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សរបស់លោកស្រីអង់ហ្គេឡា មែរឡគែល កាលពីខែមីនា។

    លោក Horst Seehofer បច្ចុប្បន្នគឺជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែគោលជំហរ​របស់លោករដ្ឋមន្ត្រីនេះ ខុសគ្នាដាច់ស្រលះពីលោកស្រីអង់ហ្គេឡា មែរគែល ដែលជាប្រមុខរដ្ឋាភិបាល។ លោក Horst Seehofer មិនពេញចិត្តនឹងគោលនយោបាយបើកទ្វារចំហរ ទទួលជនភៀសខ្លួនរាប់ម៉ឺននាក់ ដែលលោកស្រីមែរគែល បានសម្រេចធ្វើ កាលពីឆ្នាំ២០១៥ ទេ។ កាលពីពាក់កណ្តាលខែមិថុនាមុននេះ លោករដ្ឋមន្ត្រីរូបនេះ បានស្នើទៅរដ្ឋាភិបាល​លោកស្រីមែរគែល ថាត្រូវតែដាក់វិធានាការ ថាត្រូវចាប់បញ្ជូនចេញ ជនអន្តោប្រវេសន៍ណា ដែលបានត្រូវបានចុះឈ្មោះស្រង់ស្ថិតិ នៅក្នុងប្រទេសអឺរ៉ុបណាមួយផ្សេងទៀតរួចហើយ។

    ក៏ប៉ុន្តែគំនិតនេះ ត្រូវបានលោកស្រី អង់ហ្គេឡា មែរគែល បដិសេធ មិនព្រមធ្វើតាមទេ ព្រោះលោកស្រីមែរ​គែល ភ័យខ្លាចថាធ្វើបែបនេះ គឺប្រទេសផ្សេងៗទៀត នឹងនាំគ្នាធ្វើតាម ហើយអ្នកដែលទទួលរងការលំបាកជាងគេ គឺប្រទេសដែលស្ថិតនៅជួរមុខ នៃការមកដល់របស់ជនភៀសខ្លួន ដូចជាអ៊ីតាលី ក្រិកជាដើម។ សម្រាប់លោកស្រីមែរគែល ការដែលរុញបន្ទុកដាក់ទៅប្រទេសផ្សេង មិនមែនជាដំណោះស្រាយយូរអង្វែង និងមានប្រសិទ្ធិភាពទេ ទាក់ទិននឹងវិបត្តិជនភៀសខ្លួននេះ។

    គំរាមដើរចេញពីរដ្ឋាភិបាលវចំរុះ

    បញ្ហាជនអន្តោប្រវេសន៍ ជាមូលហេតុជាក់ស្តែងនៃវិបត្តិនេះមែន តែធាតុពីជំរៅនៃវិបត្តិ គឺគំលាតគ្នា រវាងក្រុមគណបក្សរបស់លោក Horst Seehofer នេះជាមួយលោកស្រី​មែរគែល​តែម្តង ដែលជាប្រភពនៃបញ្ហា។ គណបក្សCSU ជាបក្សស្តាំនិយមជ្រុល ហើយដែល​អ្នកវិភាគខ្លះ បានទាំងប្រដូច ទៅនឹងចរន្តនយោបាយ​របស់លោកដូណាល់ត្រាំ ទៀត​ផង។ លោករដ្ឋមន្ត្រីអាល្លឺម៉ង់ម្នាក់នេះឯង ដែលនិយាយថា​ ត្រូវគិតប្រយោជន៍អាល្លឺម៉ង់​មុន​គេបង្អស់ មិនខ្វល់ពីប្រទេសផ្សេងណាទាំងអស់។

    បញ្ហាបានរីកធំ ដោយសារតែលោក Horst Seehofer រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់នេះ មិនព្រមចុះចាញ់លោកស្រីអង់ហ្គេឡា មែរគែលទេ។ លោក Horst Seehofer បានដាក់ឱសានុវាទ ឲ្យលោកស្រីមែរ​គែល ត្រូវសម្រេចធ្វើតាមគាត់ ពុំនោះទេ គាត់នឹងចេញអនុក្រិត្យក្រសួង សម្រេចដាក់វិធានការតែម្នាក់ឯង ដើម្បីបណ្តេញជនអន្តោប្រវេសន៍។

    ឱសានុវាទនេះ គឺនៅដើមខែកក្កដានេះតែម្តង។ ដូច្នេះហើយ បានជាកាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនេះ លោក Horst Seehofer បានបើកការប្រជុំក្នុងគណបក្សរបស់គាត់ នៅឯទីក្រុងមុយនីឆ ហើយគាត់បានប្រកាសថា គាត់នឹងលាលែងពីតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។​ ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក លោក Horst Seehofer បានសម្រេចព្យួរពាក្យលាឈប់នេះ ទុកមួយអន្លើសិន ដើម្បីចរចា ជាមួយលោកស្រីមែរគែល។

    ប៉ុន្មានថ្ងៃមុន លោក Horst Seehofer នេះបាននិយាយខ្លួនឯងថា ជំរើសមាន៣។ ទីមួយ​គឺគាត់​ត្រូវ​សម្របខ្លួនដើរតាមលោកស្រីមែរគែល។ ទី២គឺគាត់សម្រេចធ្វើអនុក្រិត្យក្រសួងតែ​ម្នាក់ឯង បើទោះបីលោកស្រី​មែរគែលមិនព្រមក៏ដោយ។​ ហើយទី៣ចុងក្រោយគឺគាត់ត្រូវដើរចេញ។ ទីបំផុតទៅ គាត់បានសម្រេចយកជំរើសទី៣។ តាមពិត បើលោក Horst Seehofer សម្រេចយកជំរើសទី២ ក៏​លោកស្រីមែរគែល នឹងត្រូវតែបង្ខំចិត្ត បណ្តេញ​​​លោកម្នាក់នេះ ចេញពីរដ្ឋាភិបាលដែរ។  ព្រោះក្នុងករណីដែលរដ្ឋមន្ត្រីម្នាក់នេះ ចេញអនុក្រិត្យ សម្រេចការងារ ដែលផ្ទុយពីឆ​ន្ទៈរបស់រដ្ឋាភិបាលគាត់ គឺប្រមុខរដ្ឋាភិបាលត្រូវដកហូត ដូររដ្ឋមន្ត្រី។

    ទាំងផ្លូវដើរទី២ និងទី៣ គឺមានផលវិបាកដូចគ្នា ដែលគំរាមដល់រដ្ឋាភិបាលរបស់លោកស្រីមែរគែល។ លោក Horst Seehofer  ជាប្រធានបក្សCSU ដែលមកចូលរួមបង្កើតរដ្ឋាភិបាលចំរុះ។ ដូច្នេះបើគណបក្សនេះដកខ្លួន មានន័យថា លោកស្រីមែរគែល និងបាត់បង់សម្លេងភាគច្រើនក្នុងសភាហើយ។ នេះហើយ ដែលជាវិបត្តិនយោបាយធំ ដែលលោកស្រីមែរគែល ត្រូវប្រឈមមុខ។

    លោកស្រីមែរគែល មិនចង់ចុះចាញ់

    អាចមានសេណារីយ៉ូច្រើន ដែលកំពុងរងចាំ លោកស្រីមែរគែល។ នៅរសៀលថ្ងៃចន្ទនេះ លោកស្រី នឹងដឹកនាំការប្រជុំបន្ទាន់មួយ ជាមួយភាគីទាំងអស់​ ដើម្បីដោះស្រាយបញ្ហា។ តែយ៉ាងណា តាមការវិភាគ របស់បណ្តាញព័ត៌មានអាល្លឺម៉ង់ បានលើកឡើងថា គេសង្ឃឹម​​តិចណាស់ ថាលោកស្រី មែរ​គែល និងលោក Horst Seehofer អាចស្រុះស្រួលគ្នាវិញបាន។ អ្នកទាំងពីរមើលមុខគ្នាលែងត្រង់ហើយ។

    ម្យ៉ាងវិញទៀត គេជឿថា លោកស្រីមែរគែល មិនអាចចុះចាញ់ងាយៗបានទេ។ មនុស្សលោកស្រីមែរ​គែល ជាមនុស្ស មានគោលការណ៍ច្បាស់លាស់ តែគាត់ថាមិនធ្វើហើយ គឺគាត់មិនធ្វើជាដាច់ខាត។ ជាងនេះទៅទៀត ក្នុងបញ្ហាជនភៀសខ្លួននេះ លោកស្រីមែរគែល ទើបតែបានទទួលការគាំទ្រាំសឹងតែទាំងស្រុង ពីផ្ទៃក្នុងគណបក្សរបស់គាត់ គឺគណបក្ស សង្គមប្រជាធិបតេយ្យ ហៅកាត់ថា CDU។

    គណបក្សនេះ មានជំហរច្បាស់ណាស់ គឺបញ្ហាជនភៀសខ្លួននេះ ត្រូវតែដោះស្រាយតាមរយៈ គោលនយោបាយរួមរបស់សហភាពអឺរ៉ុបទាំងមូល ព្រោះវាមិនមែនជាបញ្ហារបស់អាល្លឺម៉ង់តែម្នាក់ទេ។ ហើយអាល្លឺម៉ង់ មិនអាចយករួចខ្លួនតែឯងបានទេ។ ដូច្នេះហើយ បានជាលោកស្រីមែរគែល ក៏ដូចជាគណបក្សគាត់ បានប្រឆាំងដាច់ខាត នូវការចាត់វិធានការជាលក្ខណៈឯកត្តោភាគី តែម្នាក់ឯង តួយ៉ាងដូចជាគំរោងចាប់បញ្ជូន​ជន​ភៀសខ្លួន ឲ្យទៅប្រទេសចុះឈ្មោះដំបូង ដែលលោក Horst Seehofer បានទាមទារនេះ។

    បើលោក Horst Seehofer  លាលែងពីដំណែង គឺវាអាស្រ័យថា គណបក្សCSU របស់គាត់នោះ ព្រមដកខ្លួនតាមដែរឬទេ។ បើមិនដកខ្លួនតាម គឺត្រូ​វដាក់ស្នើមនុស្សថ្មី ឲ្យមកធ្វើជារដ្ឋមន្ត្រីជំនួស។ ដូច្នេះ គឺវាអាស្រ័យលើការសម្រេចរបស់បក្សនេះ ថាចង់ធ្វើការបន្ត ក្នុងរដ្ឋាភិបាលចំរុះជាមួយលោកស្រីមែរគែលដែរឬទេ។ បើតាមការវិភាគ គេសង្ឃឹមតិចណាស់ ដែលថាបក្សនេះ ចង់បន្តធ្វើការ។ មិនមែនទើបតែពេលនេះទេ ដែលបក្សនេះប្រឆាំង​នឹង​លោកស្រីមែរគែល។ គណបក្សស្តាំនិយម ដែលមានទំនោរអភិរក្សនិយមជ្រុលនេះ បានរិះគន់គោលនយោបាយទទួលជនអន្តោប្រវេសន៍ របស់លោកស្រីមែរគែល យូរ​ឆ្នាំមកហើយ។ លោកស្រីមែរគែល បានក្លាយទៅជាឧបសគ្គធំ របស់បក្សនេះ ក្នុងការពង្រឹងចរន្តគំនិតបែបអភិរក្សនិយម នៅអាល្លឺម៉ង់។ ដូច្នេះហើយ បានគេរកគ្រប់វិធី ដើម្បីធ្វើឲ្យលោកស្រីមែរគែលចុះខ្សោយ។

    បើសិនជាបក្សនេះ សម្រេចដកខ្លួនលែងនៅក្នុងរដ្ឋាភិបាលចំរុះ គឺមានន័យថា លោកស្រីមែរគែល បាត់បង់សម្លេងភាគច្រើនក្នុងសភា។ ដូច្នេះសេណារីយ៉ូ បន្ទាប់ គឺអាចត្រូវតែគាត់ រៀបចំការបោះឆ្នោតមុនអាណត្តិ។ ឬមិនអញ្ចឹងទេ ត្រូវតែរៀបចំរដ្ឋាភិបាលថ្មី ដោយត្រូវស្វែងរកដៃគូសហការរពីបក្សផ្សេងទៀត ដូចជាគណបក្សបៃតងបរិស្ថាននិយមជាដើម។  ទោះយ៉ាងណាក៏ដោយ វិបត្តិនយោបាយរបស់អាល្លឺម៉ង់ វានឹងជះផលមិនល្អ ដល់សហភាពអឺរ៉ុបទាំងមូលតែម្តង។ កាសែត Spiegel របស់អាល្លឺម៉ង់ បានចុះផ្សាយព្រឹកមិញនេះថា អាល្លឺម៉ង់យីអ៊ុនដាក់ ទាត់បាល់ចាញ់គេហើយ ធ្លាក់អន់ទាំងសេដ្ឋកិច្ច ហើយមកថែមវិបត្តិនយោបាយទៀត៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ