ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អឺរ៉ុប

សភាអឺរ៉ុប​ទាមទារ​ឲ្យ​បញ្ឈប់​ការ​លក់​អាវុធ​ទៅឲ្យ​អារ៉ាប៊ីសាអូឌីត

media  
សភាអឺរ៉ុប ទីស្នាក់ការ​ក្រុង​ព្រុយសែល Reuters/Yves Herman

សភាអឺរ៉ុប​បាន​ប្រជុំ​សម្រេច​អនុម័ត​អនុសាសន៍​មួយ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ កុម្ភៈ​ ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​ប្រកាន់​គោល​ជំហរ ​ សម្រេច​ឲ្យបាន​នូវ​ការ​ដាក់​ទណ្ឌកម្ម​រួម​ទៅ​លើ​អារ៉ាប៊ីសាអូឌីត ​តាម​រយៈ​ការ​បញ្ឈប់​ឲ្យ​មាន​ការ​លក់​គ្រឿង​សព្វាវុធ​ ទៅ​ឲ្យ​ប្រទេស​នេះ។ សេចក្តី​សម្រេច​របស់​សភាអឺរ៉ុប​ ​គឺ​ធ្វើ​ឡើង​ដោយ​សំដៅ​ទៅ​ដល់​ការ​ប្រើ​កម្លាំង​ទម្លាក់​គ្រាប់បែក​ របស់​អារ៉ាប៊ីសាអូឌីត ​ទៅលើ​ប្រទេស​យេមែន ​ចាប់​តាំង​ពី​ខែ​មីនា ​ឆ្នាំ​២០១៥​មក។

អង្គសភា​ពេញ​អង្គ​របស់​សភា​អឺរ៉ុប ​ ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ព្រុយសែល ​កាល​ពី​ថ្ងៃ​ទី​២៥​ កុម្ភៈ ​បាន​សម្រេច​អនុសាស្ត្រ​មួយ ​សំដៅ​ដាក់​ទណ្ឌកម្ម​លើ​អារ៉ាប៊ីសាអូឌីត​ ដោយ​បញ្ឈប់​ការ​លក់​អាវុធ​គ្រប់​ប្រភេទ​ ទៅឲ្យ​ប្រទេស​នេះ។ សមាជិក​សភា​អឺរ៉ុប ​ ស្ទើរតែ​ទាំងអស់ ​ដែល​បាន​បោះឆ្នោត​យល់​ព្រម​ បាន​ទាមទារ​ ដោយ​ផ្ទាល់ ​ទៅ​លោក​ស្រី Frederica Mogherini​ ប្រមុខ​ដឹកនាំ​ការទូត​របស់​សហភាព​អឺរ៉ុប ​ ឲ្យ​ចេញ​ជា​បទបញ្ជា​រួម​មួយ ​សំដៅ​ប្រាប់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ ​ឲ្យ​ឈប់​លក់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

 
តាមរយៈ​សេចក្តី​សម្រេច​នេះ ​សភា​អឺរ៉ុប​បាន​សម្រេច​ថ្កោលទោស​ជា​ផ្លូវការ​ទៅ​លើ​អារ៉ាប៊ីសាអូឌីត ​ដែល​បាន​ដឹកនាំ​សម្ព័ន្ធមិត្ត​អារ៉ាប់ ​ធ្វើការ​ទំលាក់​គ្រាប់បែក​ និង​បិទ​ច្រក​ចេញចូល​សមុទ្រ ​នៅ​ប្រទេស​យេមែន។ ប្រជាជន​ស្លូតត្រង់​រាប់​ពាន់​នាក់ ​ បាន​ស្លាប់​ដោយ​សារ​តែ​ទង្វើ​នេះ។

សូម​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ខែ​មីនា​ឆ្នាំ​២០១៥​មក​ អារ៉ាប៊ីសាអូឌីត ​បាន​ដឹកនាំ​ក្រុម​សម័្ពន្ធមិត្ត​ប្រទេស​អារ៉ាប់​ស៊ុនីត​ ដើម្បី​ធ្វើ​សង្រ្គាម​បង្រ្កាប​ក្រុម​ឧទ្ទាម​ហ៊ូទី ​នៅ​យេមែន។ ក្រុម​ឧទ្ទាម​ហ៊ូទី ​ជា​ក្រុម​អ៊ីស្លាម​និកាយ​ឈីអ៊ីត ​ ហើយ​ត្រូវ​អារ៉ាប៊ីសាអូឌីត​ ចោទ​ថា​ជា​កូនអុក​របស់​អ៊ីរ៉ង់។ ថ្វីត្បិត​តែ​មិន​សូវ​មាន​គេ​ចាប់​អារម្មណ៍​ ដូច​សង្រ្គាម​នៅ​ស៊ីរី​ តែ​សង្រ្គាម​នៅ​យេមែន ​ក៏​មាន​អ្នក​ស្លាប់​មិន​តិច​ដែរ។ យោង​តាម​តួលេខ​របស់​អង្គការ​សហប្រជាជាតិ ​គឺ​មាន​អ្នក​ស្លាប់​ចំនួន​ជាង៦​ពាន់​នាក់ ​ ហើយ​ជាង​ពាក់​កណ្តាលគឺ​សុទ្ធ​ជា​ប្រជាជន​ស្លូតត្រង់ ​និង​អ្នក​របួស​ជាង​៣សែន​នាក់​ទៀត។
 

អាគារបាក់បែក ឆេះ​​ខ្ទេចខ្ទី​ដោយសារ​​គ្រាប់​បែក​​របស់​​អារ៉ាប៊ិសាអូឌីត​ នៅរដ្ឋធានី​សាណា ប្រទេសយេមែន ថ្ងៃទី ១៦​កុម្ភៈ ២០១៦ REUTERS/Khaled Abdullah

របាយការណ៍​ជាច្រើន​បាន​បង្ហាញ​ថា ​អារ៉ាប៊ីសាអូឌីត​ បាន​ធ្វើការ​ទម្លាក់​គ្រាប់បែក​ប្រភេទ ​គ្រាប់​មេ​ ដែល​មាន​ផ្ទុក​កូន​គ្រាប់​ជាច្រើន​នៅ​ពី​ក្នុង​ (BASM)។ គ្រាប់​ប្រភេទ​នេះ​ត្រូវ​បាន​អារ៉ាប៊ីសាអូឌីត​ទម្លាក់​ នៅ​តាម​តំបន់​ជាច្រើន ​ដែល​មាន​ផ្ទះ​ប្រជាជន​សាមញ្ញ​រស់នៅ ​ដែល​ជា​ហេតុ​បង្ករ​ឲ្យ​ស្លាប់​ជីវិត​ប្រជាជន​ស៊ីវិល​ភាគ​ច្រើន។ យ៉ាង​ណាមិញ ​លោកបាន គីមូន​ អគ្គលេខាធិកា​អង្គការ​សហប្រជាជាតិ ​ធ្លាប់​បាន​ក្រើន​រំលឹក​អារ៉ាប៊ីសាអូឌីត​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ព្រោះ​អំពើ​នេះ​អាច​ចាត់​ទុក​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។

សហរដ្ឋ​អាមេរិក​ មេ​ផ្គត់ផ្គង់​​អាវុធ​ឲ្យ​​អារ៉ាប៊ីសាអូឌីត៖
សូម​បញ្ជាក់​ផងដែរ​ថា ​ សហរដ្ឋ​អាមេរិក​ ជា​ប្រទេស​ធំ​ជាងគេ​ទីមួយ​ ដែល​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត។ យោងតាម​តួលេខ​របស់​សភា​ជាន់ខ្ពស់​អាមេរិក​ កិច្ច​សន្យា​លក់​អាវុធ​រវាង​អាមេរិក​ និង​អារ៉ាប៊ីសាអូឌីត​  ​ពី​ឆ្នាំ​២០១០​ ដល់​២០១៤​ គឺមាន​ទឹក​ប្រាក់​ប្រមាណ​ជា​៩០​ពាន់​លាន​ដុល្លារ។

ក្រៅពី​សហរដ្ឋ​អាមេរិក ​ក៏នៅ​មាន​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ផង​ដែរ​ ដែល​រកស៊ី​ជាមួយ​អារ៉ាប៊ីសាអូឌីត។ បើ​យោង​តាម​របាយការណ៍​របស់​ អង្គការ​AVAAZ​ ប្រទេស​អង់គ្លេស​​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​២០១៥ ​ដើម្បី​លក់​យន្តហោះ​ចម្បាំង ​និង​គ្រាប់បែក​បញ្ជា​ដោយ​តេឡេកុម្មង់​ប្រភេទ​ Paveway​ ទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត។ ចំណែក​បារាំង​ក៏បាន​ចុះ​ហត្ថលេខា​ជាមួយ​អារ៉ាប៊ីសាអូឌីត ​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៥​ លក់​សម្ភារៈ​បរិក្ខា ​និង​គ្រឿង​សព្វាវុធ ​ដែល​គិត​ជា​ទឹកប្រាក់​ស្មើ​នឹង​១០ពាន់​លាន​ដុល្លារ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ