អានតួអត្ថបទ
រុស្ស៊ី-អង់គ្លេស

សមាជិក​សភា​អង់គ្លេស អំពាវនាវ​ឲ្យ​ចាត់​វិធានការ ​លើ​បណ្តាញ​លាងលុយ​ក្រខ្វក់​របស់​រុស្ស៊ី

គណកម្មការសភា ទទួលបន្ទុកកិច្ចការអន្តរជាតិ នៃសភាជាន់ទាបអង់គ្លេស ទើបបានចេញរបាយការណ៍មួយ កាលពីថ្ងៃចន្ទ ទី២១ ឧសភា ដោយបានអំពាវនាវ សុំឲ្យរដ្ឋាភិបាលអង់គ្លេស ត្រូវរិតបន្តឹងច្បាប់ និងសហការជាមួយប្រទេសជាមិត្ត ដើម្បីធ្វើយ៉ាងណា វាយបំបាក់បណ្តាញលាងលុយក្រខ្វក់របស់រុស្ស៊ី។ សមាជិកសភាអង់គ្លេស បានលើកឡើង នៅក្នុងរបាយការណ៍នោះថា លុយក្រខ្វក់ដែលរុស្ស៊ី​យកមកលាង នៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់អង់គ្លេស មិនត្រឹមតែផ្ទុយ ពីគោលនយោបាយការបរទេសរបស់អង់គ្លេស តែប៉ុណ្ណោះទេ តែវាក៏ជាយុទ្ធសាស្ត្រមួយរបស់រុស្ស៊ី ក្នុងការបំផ្លាញ ធ្វើឲ្យទន់ខ្សោយដល់ស្ថាប័ន​ របស់​អង់គ្លេស។

The City បេះដូង​នៃទីផ្សារហិរញ្ញវត្ថុ​ ​របស់អង់គ្លេស
The City បេះដូង​នៃទីផ្សារហិរញ្ញវត្ថុ​ ​របស់អង់គ្លេស AFP
ផ្សាយពាណិជ្ជកម្ម

លុយក្រខ្វក់ មានប្រភពចេញពីរុស្ស៊ី ហើយឆ្លងកាត់ លាងសំអាតនៅលើទីផ្សារហិរញ្ញវត្ថុទីក្រុងឡុងដ៍ កំពុងតែបំផ្លាញដល់ការប្រឹងប្រែង ផ្នែកការទូតរបស់រដ្ឋាភិបាលអង់គ្លេស ដែលកំពុងតែថ្កោលទោស ប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីមេដឹកនាំប្រទេសនេះ បានប៉ុនប៉ងធ្វើរឿងឧក្រិដ្ឋ នៅលើទឹកដីអង់គ្លេស។ នេះគឺជាអ្វីដែលមានសរសេរ នៅក្នុងរបាយការណ៍ របស់គណបកម្មកិច្ចការបរទេស នៃសភាជាន់ទាប របស់អង់គ្លេស។

រឿងឧក្រិដ្ឋ ដែលត្រូវបានលើកឡើងខាងលើ គឺគេចង់សំដៅទៅដល់ករណី ប៉ុនប៉ងធ្វើឃាតលើរូបអតីតគេញសំងាត់រុស្ស៊ី ព្រមទាំងកូនស្រី នៅលើទឹកដីអង់គ្លេស ដោយការប្រើសារធាតុពុល ដែលច្បាប់អន្តរជាតិហាមឃាត់។ អាជ្ញាធរអង់គ្លេស បានសន្និដ្ឋានថា នេះគឺជាស្នាដៃរបស់ភ្នាក់ងារចារកិច្ចរុស្ស៊ី។

របាយការណ៍របស់គណកម្មការសភាអង់គ្លេស បានលើកឡើងថា រដ្ឋាភិបាលអង់គ្លេស ត្រូវតែធ្វើការឲ្យបានល្អ ជាមួយប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីធ្វើយ៉ាងណា រកវិធីដាក់រនាំងឧបសគ្គ កុំឲ្យលុយក្រខ្វក់ របស់រុស្ស៊ី ហូរចូលមកក្នុងទីផ្សារហិរញ្ញវត្ថុទីក្រុងឡុងដ៍។ របាយការណ៍នេះបន្ថែមថា លុយមូលធនរុស្ស៊ី ដែលហូរចូលមក ទីផ្សារហិរញ្ញវត្ថុទីក្រុងឡុងដ៍ គឺជាលុយបានមកពីអំពើស្មោគគ្រោក ពីអំពីពុករលួយ និងអំពើឧក្រិដ្ឋនានា។ វាគឺជាយុទ្ធាសាស្ត្ររួម របស់រុស្ស៊ី ដែលបង្ហូរលុយទាំងនោះមកក្នុងទីផ្សារអង់គ្លេស ហើយប្រើវា ដើម្បីវាយបំបាក់ស្ថាប័នរដ្ឋ ក៏ជះឥទ្ធិពលទៅលើកិច្ចការសន្តិសុខជាតិអង់គ្លេស។

យ៉ាងណាមិញ លោក Tom Tugendhat សមាជិកសភាអង់គ្លេស បានមានប្រសាសន៍ថា វាគ្មានហេតុផលណាមួយ ដែលអង់គ្លេស ត្រូវធ្មេញភ្នែក មិនចាត់ការលើសកម្មភាព បំពានរបស់រុស្ស៊ីនេះទេ។ លោកបន្ថែមថា ប្រធានាធិបតីពូទីន ព្រមទាំងបក្សពួក កំពុងតែប្រើលុយស្មោគគ្រោគទាំងនោះ មកបំផ្លាញភាពស្ថាប័នរដ្ឋ និងបំពុលទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។

គួរបញ្ជាក់ថា ទីផ្សារហិរញ្ញវត្ថុទីក្រុងឡុងដ៍ គឺជាទីផ្សារដ៏ធំបំផុតនៅអឺរ៉ុប។ យោងតាមតួលេខរបស់ទីភ្នាក់ងារជាតិអង់គ្លេស ប្រឆាំងអំពើឧក្រិដ្ឋ បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ មានលុយក្រខ្វក់របស់រុស្ស៊ី ជាច្រើនម៉ឺនលានផោន ដែលបានហូរចូលបន្លំយកមកលាងសំអាត នៅក្នុងទីផ្សារនេះ។ ដោយយោងលើទំហំដ៏ធំរបស់ទីផ្សារនេះ វិធានការទប់ស្កាត់ការលាងលុយក្រខ្វក់នេះ អាចនឹងធ្វើឲ្យរុស្ស៊ី ខាតបង់ធ្ងន់។ តែយ៉ាងណា ភាគីរុស្ស៊ី បានលើកឡើង តាមរយៈសម្តីរបស់អ្នកនាំពាក្យវិមានក្រឹមឡាំងថា របាយការណ៍របស់សភាអង់គ្លេស គឺគ្រាន់តែស្តែងឲ្យឃើញ អំពីគំនិតច្រណែន ស្អប់រុស្ស៊ីតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ