ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
អឺរ៉ុប

ប្រទេស​សមាជិកអឺរ៉ុប ព្យាយាម​ពួតដៃ​គ្នា​តទល់​នឹង​អាមេរិក ក្នុង​សំណុំរឿង​នុយក្លេអ៊ែរអ៊ីរ៉ង់

media  
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Zarif (ទី២ រាប់ពីឆ្វេង) មក​ប្រជុំ​ជាមួយ​ប្រមុខការទូត​អឺរ៉ុប និងរដ្ឋមន្ត្រី​កាបរទេស​បារាំង​ អាល្លឺំម៉ង់ និងអង់គ្លេស។​ ក្រុង​ព្រុចសែល ថ្ងៃទី​១៥ ខែឧសភា ២០១៨ REUTERS/Yves Herman

មួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ បានជួបគ្នាជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដើម្បីនិយាយគ្នា អំពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ កាលពីល្ងាចថ្ងៃពុធ ទី១៥ឧសភា នេះ ប្រទេសទាំង២៨នៃសហភាពអឺរ៉ុប បានជួបជុំគ្នា នៅទីក្រុងសូហ្វ៊ីយ៉ា ប្រទេសប៊ុលហ្គារី។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប មានចេតនាពួតដៃចងសាមគ្គីភាព ជាមួយអ៊ីរ៉ង់ ដើម្បីការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ បើទោះបីជាគ្មានសហរដ្ឋអាមេរិក ក៏ដោយ។

កម្មវត្ថុនៃការជួបជុំបាយល្ងាច​ នៅទីក្រុងសូហ្វ៊ីយ៉ា រវាងប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៨ រួមទាំងថ្នាក់ដឹកនាំអឺរ៉ុប គឺដើម្បីត្រៀមបើកជំនួបកំពូល រវាងសហភាពអឺរ៉ុប និងប្រទេសតំបន់បាល់កង់ នៅថ្ងៃបន្ទាប់។ ក៏ប៉ុន្តែ សំណុំរឿងដ៏ធំ និងកំពុងក្តៅគគុក គឺបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានបង្ខំឲ្យថ្នាក់ដឹកនាំអឺរ៉ុបទាំងអស់ ត្រូវតែនិយាយគ្នា ពីបញ្ហានេះ។

នៅក្នុងលិខិតអញ្ជើញរបស់លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប​ ដែលផ្ញើរទៅកាន់ប្រទេសសមាជិកទាំង២៨ មានសរសេរថា៖ យើងនឹងនិយាយពិភាក្សាគ្នា ស្តីអំពីដំណើរវិវឌ្ឍន៍ នៃកិច្ចការ​នយោបាយអន្តរជាតិ មានជាអាថទិ៍ ការសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ របស់លោកដូណាល់ ត្រាំ ព្រមទាំងផលវិបាក ជះទៅលើវិស័យពាណិជ្ជកម្ម និងបញ្ហាចលាចលហិង្សា នៅតំបន់ហ្កាហ្សាប៉ាឡេស្ទីន។

លោកDonald  Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ថា លោកចង់ឲ្យប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ប្រកាសគោកជំហររួមគ្នា សាមគ្គីគ្នា ពួតដៃ តទល់នឹងការសម្រេចចិត្ត របស់លោកប្រធានាធិបតីអាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោកបន្ថែមថា លោកចង់ឲ្យអឺរ៉ុប និងសមាជិកខ្លួន បន្តគោរពដោយឥតងាករេ នូវកិច្ចព្រមព្រៀងនេះ ដរាបណាភាគីអ៊ីរ៉ង់ នៅតែបន្តគោរព នូវអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀង បើទោះបីជាលែងមានវត្តមានរបស់អាមេរិកក៏ដោយ។

គួររំលឹកថា​ ការលើកឡើងខាងលើ របស់លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបនេះ ក៏ដោយសារតែមានការបារម្ភ និងចោទសួរ ពីប្រទេសសមាជិកអឺរ៉ុបខ្លះ ដែលខ្លាចរងសំពាធទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។ រដ្ឋាភិបាលអាមេរិក បានគំរាមថា នឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបរទេសណា ដែលរកស៊ីជាមួយអ៊ីរ៉ង់ ក៏អាចរងទណ្ឌកម្មដែរ បើសិនក្រុមហ៊ុននោះ មានជំនួញរកស៊ីនៅអាមេរិក។

ដោយឡែក លោក Jean-Claude Juncker ប្រធានគណកម្មការអឺរ៉ុប បានបញ្ជាក់ថា លោកចង់ឃើញសហភាពអឺរ៉ុប តាំងចិត្តកាន់ដៃគ្នាឲ្យរឹងមាំ នឹងម៉ឺងម៉ាត់ ដើម្បីតទល់ទៅនឹងការទាមទារដាក់កំហិត របស់​រដ្ឋាភិបាល​អាមេរិក។​ លោកថា ប្រឈមមុខ និងការគំរាមដាក់ពន្ធនាំចូល ចាប់ពីចុងខែឧសភានេះ​ មកលើផលិតផលដែកថែប និងអាលុយមីញ៉ូម របស់អឺរ៉ុបនោះ អឺរ៉ុបត្រូវតែម៉ឺងម៉ាត់ ហើយទាមទារដាច់ខាត ថាត្រូវតែទទួលបាននូវការមិនយកពន្ធ ជាអចិន្ត្រៃយ៍។

គួរកត់សម្គាល់ថា ក្រោយអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ សហភាពអឺរ៉ុប ព្រមទាំងរុស្ស៊ី និងចិន កំពុងព្យាយាម​ទប់កុំឲ្យកិច្ចព្រមព្រៀងនេះរលាយ។ សហភាពអឺរ៉ុប ត្រូវការពារផលប្រយោជន៍សេដ្ឋកិច្ច ដែលខ្លួនមាន ជាមួយអ៊ីរ៉ង់។ មន្ត្រីការទូតអឺរ៉ុបម្នាក់ លើកឡើងថា ដំណាក់ការនេះ គឺជាការការពារនូវអធិតេយ្យភាពរបស់ខ្លួន ដែលអឺរ៉ុប ត្រូវតែបង្ហាញភាពក្លាហាន ចំពោះមុខរដ្ឋាភិបាលលោកដូណាល់ ត្រាំ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ