អានតួអត្ថបទ

សហភាពអឺរ៉ុប​អំពាវនាវ​ឲ្យ​សមាជិក ការពារ​ទីផ្សារ​សាធារណៈ ទប់​ចិន​កុំឲ្យ​វាយលុក

ប្រឈមមុខ នឹងការវាយលុយកាន់តែខ្លាំង ពីសំណាក់ផលិតផល ក៏ដូចជា​ទឹកប្រាក់វិនិយោគរបស់ចិន សហភាពអឺរ៉ុប បានអំពាវនាវទៅកាន់ ប្រទេសសមាជិកខ្លួនទាំងអស់​ ថាត្រូវ​ប្រើ​ យុទ្ធសាស្ត្រនៃការដេញថ្លៃ យកទីផ្សារសាធារណៈ ជាអាវុធ ដើម្បីទប់ទល់ ជាមួយ​នឹងការវាយលុករបស់ចិន មកក្នុងទីផ្សារអឺរ៉ុប។​ សហភាពអឺរ៉ុប យល់ឃើញថា ការដែលចិន បន្តបិទទីផ្សារខ្លួន មិនទទួលក្រុមហ៊ុនបរទេស គឺជារឿងមិនអាចទទួលយកបានទៀតឡើយ។ ដូច្នេះ ត្រូវតែមានវិធានការតបវិញ។

អនុប្រធាន​គណកម្មការអឺរ៉ុប Jyrki Katainen (ឆ្វេង) លោក​អនុ​នាយករដ្ឋមន្ត្រីចិន Ma Kai ក្នុង​ឱកាស​វេទិកា​សេដ្ឋកិច្ច​​ជាន់ខ្ពស់ ចិន-អឺរ៉ុប។ ប៉េកាំង ថ្ងៃទី​២៨កញ្ញា ២០១៥​
អនុប្រធាន​គណកម្មការអឺរ៉ុប Jyrki Katainen (ឆ្វេង) លោក​អនុ​នាយករដ្ឋមន្ត្រីចិន Ma Kai ក្នុង​ឱកាស​វេទិកា​សេដ្ឋកិច្ច​​ជាន់ខ្ពស់ ចិន-អឺរ៉ុប។ ប៉េកាំង ថ្ងៃទី​២៨កញ្ញា ២០១៥​ REUTERS
ផ្សាយពាណិជ្ជកម្ម

យោងតាមឯកសាររបស់គណកម្មការអឺរ៉ុប គឺអឺរ៉ុប អាចមានសិទ្ធិហាមឃាត់នូវការចូលរួម របស់ក្រុមហ៊ុនបរទេសណាមួយ មិនឲ្យចូលក្នុងទីផ្សារសាធារណៈអឺរ៉ុប បើសិនប្រទេសនោះ បានអនុវត្តនូវវិធានការរើស អើងចំពោះ ក្រុមហ៊ុនអឺរ៉ុប។ ដោយមិនបញ្ជាក់ថា ប្រទេសណាទេ តែវាប្រាកដណាស់ ដែលថាសហភាពអឺរ៉ុប សំដៅទៅដល់ចិន។

បើតាមប្រភពពីមន្ត្រីរបស់ គណកម្មការអឺរ៉ុប ប្រចាំនៅព្រុចសែល បានឲ្យដឹងថា សហភាព​​អឺរ៉ុប នឹងស្នើទៅកាន់ប្រទេសសមាជិកទាំងអស់ នៅក្នុងឱកាសជំនួបកំពូល ដែល​​ចាប់បើកទ្វារ នៅថ្ងៃព្រហស្បតិ៍ទី២១មីនានេះ ថាឲ្យសមាជិកទាំងអស់ មានការប្រុងប្រយត្ន័ ហើយ​ត្រូវ​ចាត់វិធានការឲ្យបានម៉ដ្ឋចត់ ដើម្បីទប់ទល់ទៅនឹង ការវាយលុក​របស់​ចិន មកក្នុងសេដ្ឋកិច្ចអឺរ៉ុប។ គណកម្មការអឺរ៉ុប​ ដែលជាអ្នកផ្តើមគំនិតនេះ បានលើកឡើង​ថា ប្រទេសសមាជិកអឺរ៉ុប ត្រូវតែប្រើវិធានការចាំបាច់ ដើម្បីហាមឃាត់ ការវាយសម្រុករបស់​ក្រុមហ៊ុន មកក្នុងទីផ្សារសាធារណៈអឺរ៉ុប។

លោក Jyrki Katainen អនុប្រធាននៃគណកម្មការអឺរ៉ុប បានគូសបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន Reuters ថា ពីមុនចិនបិទទីផ្សាររបស់ខ្លួន មិនឲ្យក្រុមហ៊ុនអឺរ៉ុបចូល ដោយអះអាង​ថា ដោយសារខ្លួននៅមានកំរិត ហើយត្រូវការការពារក្រុមហ៊ុនជាតិខ្លួន ឲ្យមានការអភិវឌ្ឍន៍រឹងដៃរឹងជើងសិន។ ប៉ុន្តែបច្ចុប្បន្ននេះ ចិនមិនអាចយកអំណះអំណាងនេះ មក​ជាលេសបានទៀតទេ ព្រោះវាលែងមានសុពលភាពហើយ។ ចិនបានក្លាយជាមហាអំណាច មានការសម្រុកវិនិយោគគ្រប់ទីកន្លែង ទូទាំងពិភពលោក។ ដូច្នេះចិនត្រូវតែបើកទីផ្សារសេវាសាធារណៈរបស់ខ្លួន ដូចគេដូចឯង។

គួរកត់សំគាល់ថា ទីផ្សារសាធារណៈនៅទូទាំងសហភាព​អឺរ៉ុប ក្នុងមួយឆ្នាំមានតម្លៃសរុប ប្រមាណ​២៤០ម៉ឺនលានអឺរ៉ូ។ កាលពីចុងឆ្នាំ២០១៨ សហភាពអឺរ៉ុប បានអនុម័តនូវ​យន្តការសំណាញ់ ដើម្បីចំរាញ់ ពិនិត្យលើការបោះទុនវិនិយោគពីបរទេស នៅក្នុងវិស័យសំខាន់មួយចំនួន ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជាន់ខ្ពស់ ដែលសុទ្ធសឹង​តែ​ជា​វិស័យ​យុទ្ធសាស្ត្រ។ យន្តការសំណាញ់នេះ គឺដើម្បីទប់ស្កាត់ការហក់ចូលរបស់អ្នកវិនិយោគចិន ដែលអ្នកជំនាញនៅអឺរ៉ុប យល់ឃើញថា មិនសូវមានតម្លាភាព ហើយទំនាក់ទំនងយ៉ាងស្និទ ជាមួយរដ្ឋចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ