អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហភាពអឺរ៉ុប ត្រូវត្រៀមខ្លួនព្យាបាលជម្ងឺ ទោះអង់គ្លេសចេញរឺមិនចេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២៣​ មិថុនា​នេះ ​ជា​ថ្ងៃ​ដែល​ប្រជាជន​អង់គ្លេស​ ត្រូវ​ទៅ​បោះឆ្នោត​ប្រជាមតិ ​ដើម្បី​សម្រេច​ថា​ ប្រទេស​ខ្លួន​ ត្រូវ​ដើរ​ចេញ ​រឺ​ក៏បន្ត​នៅ​ក្នុង​សហភាព​អឺរ៉ុប​តទៅ​ទៀត។ យោង​តាម​លទ្ធផល​ស្ទាបស្ទង់​មតិ​ចុងក្រោយ​ និង​ក្រោយ​ពេល​ដែល​ស្ត្រី​អ្នក​តំណាងរាស្ត្រ​គាំទ្រ​សហភាព​អឺរ៉ុប​ម្នាក់ ​ត្រូវបាន​ជន​ជ្រុលនិយម​ធ្វើ​ឃាត ​ គេ​សង្កេត​ឃើញ​ថា ​សម្លេង​អ្នកគាំ​ទ្រ​ចង់​ឲ្យ​អង់គ្លេស​ដើរចេញ​ពី​សហភាព​អឺរ៉ុប ​ ហាក់​បាន​ចុះថយ​បន្តិច​វិញ។ តែ​ទោះជា​លទ្ធផល​យ៉ាងណា​ក៏ដោយ ​អ្នក​ដែល​ត្រូវ​ត្រៀមខ្លួន​ ទប់ទល់​ជាមួយ​នឹង​បញ្ហា​ គឺ​សហភាព​អឺរ៉ុប​ ព្រោះ ​ទោះ​អង់គ្លេស​ដើរចេញ ​រឺ​មិន​ដើរចេញ ​ ក៏​អឺរ៉ុប​ត្រូវតែ​ត្រៀមខ្លួន ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ស៊ីជំរៅ ​ដើម្បី​ឱប​ក្រសោប​មហាគ្រួសារ​អឺរ៉ុប​ ឲ្យ​កក់ក្តៅ​ឡើងវិញ។

ទង់របស់សហភាពអឺរ៉ុប (ខាងឆ្វេង) និងទង់​របស់​អង់គ្លេស
ទង់របស់សហភាពអឺរ៉ុប (ខាងឆ្វេង) និងទង់​របស់​អង់គ្លេស REUTERS/Jon Nazca
ផ្សាយពាណិជ្ជកម្ម

មកដល់​នាទី​ចុងក្រោយ ​ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប ​ នៅ​ក្រុង​ព្រុចសែល ​នៅតែ​ចិញ្ចឹម​កូនចិត្ត​សង្ឃឹម​ថា​ ប្រជាជន​អង់គ្លេស ​ពិត​ជា​មិន​បោះឆ្នោត​គាំទ្រ​ឲ្យ​ប្រទេស​ខ្លួន​ដើរចេញ​ពី​សហភាព​អឺរ៉ុប​ទេ។ ប៉ុន្មាន​សប្តាហ៍​មុន​នេះ ​សារព័ត៌មាន​ចុះ​ព្រោងព្រាត​អំពី​ ផល​វិបាក​ទាំង​ល្អ​ទាំង​អាក្រក់ ​ទាំង​សម្រាប់​អង់គ្លេស ​ទាំង​សម្រាប់​សហភាព​អឺរ៉ុប​ ក្នុង​ករណី​ដែល​អង់គ្លេស ​សម្រេច​ដក​ខ្លួន​ចេញ។

 
ដើរចេញ​ក៏​ឈឺចាប់ ​បន្ត​នៅ​ក៏​ឈឺចាប់៖
តែទោះ​ជា​ហេតុផល ​នៅ​ពី​ក្រោយ​ការ​សម្រេចចិត្ត​របស់​ប្រជាជន​អង់គ្លេស​ យ៉ាងណា ​ក៏​ដោយ ​ការ​ធ្វើ​ប្រជាមតិ​នេះ ​គឺ​ជា​ឱកាស​មួយ ​ដែល​សហភាព​អឺរ៉ុប​ខ្លួនឯង​ត្រូវ​ត្រលប់​ទៅ​សួរ​ខ្លួន​ឯង​វិញ​ថា ​កន្លង​មក​សហភាព​អឺរ៉ុប​មាន​ចំណុច​ខ្សោយ ​មាន​ចំណុច​ខ្វះខាត​អ្វីខ្លះ ​ ទើប​ធ្វើ​ឲ្យ​ប្រជាជន​អង់គ្លេស ​មាន​ការ​ស្ទាក់ស្ទើរ​លែងចង់​រួមរស់ ​ក្នុង​មហាគ្រួសារ​អឺរ៉ុប​តទៅ​ទៀត។ អឺរ៉ុប​ត្រូវតែ​ទទួល​ស្គាល់​ការពិត​ ត្រៀមខ្លួន​ទប់ទល់ ​កុំឲ្យ​ជំងឺ​ស្អប់​អឺរ៉ុប​នេះ ​រីក​រាលដាល​ទៅដល់​ប្រទេស​សមាជិក​ផ្សេងទៀត។ តួយ៉ាង​ប្រទេស​ហូឡង់ ​ដែល​ចង់​យក​គំរូ​តាម​អង់គ្លេស ​ទៅ​ថ្ងៃមុខ។
 

អ្ននយោបាយ អង់គ្លេសឈ្មោះ Nigel Farage ជា​អ្នក​ឃោសនា​ឲ្យអង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប​
អ្ននយោបាយ អង់គ្លេសឈ្មោះ Nigel Farage ជា​អ្នក​ឃោសនា​ឲ្យអង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប​ REUTERS/Neil Hall

ជាការពិត ​នៅ​ពីក្រោយ​ការ​ធ្វើ​ការ​ឃោសនា​អូសទាញ ​ឲ្យ​មនុស្ស​ផ្អើល​ឈូរឆ ​នាំគ្នា​បោះឆ្នោត​ដើរចេញ​ពី​អឺរ៉ុប ​ គឺ​មាន​អ្នក​នយោបាយ ​និង​ជា​ពិសេស​មហាសេដ្ឋី​មាន​ឥទ្ធិពល​មួយ​ចំនួន​ ដែល​ជួយ​ចំណាយ​លុយ ​ ព្រោះ​ពួក​អ្នក​រកស៊ី​អស់ទាំង​នេះ ​ មិនចង់​ស្ថិត​នៅ​ក្រោម​គំនៀប​សង្កត់​របស់​វិធាន​ច្បាប់​ដ៏​តឹងរឹង​ របស់​សហភាព​អឺរ៉ុប​ទៀតទេ។ ពួក​អ្នក​រកស៊ី​លោតឆត្រ័​អស់​ទាំង​នេះ ​ចង់​ឲ្យ​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប ​ ដើម្បី​ងាយស្រួល​រកស៊ី​នៅ​ក្នុង​ផ្សារ​ភាគហ៊ុន​ក្រុង​ឡុងដ៍ ​ហើយ​យក​លុយ​ទៅ​លាក់​ដើម្បី​គេច​ពន្ធរដ្ឋ។ សហភាព​អឺរ៉ុប មាន​វិធាន​ច្រើន ​ដើម្បី​តាមដាន​ក្រុមហ៊ុន​លោតឆ័ត្រ​ទាំង​នោះ​ មិន​ឲ្យ​ធ្វើ​ល្មើស​លាក់​លុយ​ ​រឺ​ក៏​លាង​លុយ​ក្រខ្វក់​ ក្នុង​ទីផ្សារ​អឺរ៉ុប។

តែក៏​មិនមែន​មាន​ន័យ​ថា ​សហភាព​អឺរ៉ុប​ល្អ​ឥត​ខ្ចោះ​ដែរ។ វិបត្តិ​ជនភៀសខ្លួន ​ វិបត្តិ​សេដ្ឋកិច្ច ​ បំណុល​សាធារណៈ​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ​ ​គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ ​រាប់ឆ្នាំ​មក​ហើយ។ បារាំង ​និង​អាល្លឺម៉ង់ ​ដែលជា​បង្គោល​គ្រិះ ​នៃ​ការ​កសាង​មហាគ្រួសារ​អឺរ៉ុប ​ អាច​ទប់ទល់ ​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​បាន​ដែរ​រឺទេ? ​ឥឡូវកាលៈទេសៈ​នេះ ​បារាំង​និង​អាល្លឺម៉ង់​ ត្រូវ​ត្រៀមខ្លួន​ចាត់​វិធានការ​ ក្រោយ​ពេល​ដែល​ដឹង​លទ្ធផល​ប្រជាមតិ​របស់​អង់គ្លេស។

រក្សា​សាមគ្គីភាព​រវាង​សមាជិក​ដែល​នៅសល់​ ឲ្យរឹងមាំ៖

សកម្មជនគាំទ្រ ឲ្យមានការរូួបរួមគ្នា​​រវាងសហភាព​អឺរ៉ុប និងអង់គ្លេស
សកម្មជនគាំទ្រ ឲ្យមានការរូួបរួមគ្នា​​រវាងសហភាព​អឺរ៉ុប និងអង់គ្លេស Reuters

គេត្រូវ​តែ​ត្រៀម​សេណារីយោ​ទាំងពីរ​នេះ ​ទុក​ជាមុន។ បើ​​ក្នុង​ករណី​អង់គ្លេស​ត្រូវ​ដើរចេញ ​សហភាព​អឺរ៉ុប​ បាន​ផ្ញើរ​សារ​ច្បាស់​លាស់​ណាស់​ថា ​អង់គ្លេស​កុំ​សង្ឃឹម​ថា​នឹង​បាន​មក​ក្រេប​ជញ្ជក់​ផល​ប្រយោជន៍​ របស់​ទីផ្សារ​សេដ្ឋកិច្ច​រួម ​នៃ​សហភាព​អឺរ៉ុប​ទៀត​ឲ្យ​សោះ។ បើ​ចេញ​ គឺ​ចេញ​ឲ្យ​ផុត។ នីតិវិធី​ចរចា​ផ្តាច់ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ ដោយ​យោង​តាម​មាត្រា​៥០ ​នៃ​សន្ធិសញ្ញា​សហភាព ​នឹង​ត្រូវ​ចាប់​ផ្តើម​ភ្លាម។ ការ​ផ្តាច់​ខ្លួន​ មិនមែន​ធ្វើ​មួយ​ថ្ងៃ​បានទេ។ វា​ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​ ជាច្រើន ​ និង​ច្រើន​ផ្នែក ​ច្រើន​វិស័យ។ ក្នុង​ករណី​នេះ ​ការ​ចរចា​រវាង​សហភាព​អឺរ៉ុប​ និង​អង់គ្លេស ​អាច​នឹង​ត្រូវ​ធ្វើ​រយៈពេល​យ៉ាង​ហោច​ណាស់ ​១ឆ្នាំ។ នេះបើ​តាម​សម្តី​មន្ត្រីធំ​ម្នាក់​នៅ​ព្រុចសែល។

បន្តែ​សួរថា​ តើ​ប្រទេស​សមាជិក​ទាំង​២៧​របស់​សហភាព​អឺរ៉ុប​ អាច​នឹង​ទ្រាំទ្រ​នឹង​ស្ថានភាព​ កាត់ផ្តាច់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អង់គ្លេស​នេះ ​បាន​ដូចៗ​គ្នា​ដែរ​រឺ​ទេ? អ្វី​ដែល​សហភាព​អឺរ៉ុប​ត្រូវ​ប្រុង​ប្រយ័ត្ន ​ គឺ​រក្សា​សាមគ្គីភាព​រវាង​សមាជិក​ដែល​នៅ​សល់ ​ឲ្យ​បាន​រឹងមាំ។ អាល្លឺម៉ង់ ​និង​ហូឡង់ ​មាន​ចំណង​សេដ្ឋកិច្ច​ច្រើន​ណាស់​ជាមួយ​អង់គ្លេស។ ដូច្នេះ​គេ​ពិបាក​នឹង​ទុក​ចិត្ត​ណាស់ ​ថា​ប្រទេស​ទាំង​នេះ​សុខចិត្ត​ធ្វើ​ពលីកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ។ មួយវិញ​ទៀត ​ ការ​រក្សា​សាមគ្គីភាព​ក្នុង​សហភាព​អឺរ៉ុប​ មិនមែន​ធ្វើឡើង​តែ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ​តែ​ត្រូវ​ធ្វើជា​ទូទៅ ​ជាមួយ​ប្រទេស​សមាជិក​ដ៏​ទៃទៀត ​​ចៀសវាង​ការ​បែកបាក់​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង។

សមាហរណកម្ម​បន្ថែម​ រឺក៏​ផ្អាក​សិន?
អង់គ្លេស ​មិនទាន់​ដើរចេញ​ផង​ ផ្ទៃក្នុង​អឺរ៉ុប​កំពុង​ជជែក​គ្នា​តឹង​សរសៃក​រួច​ទៅ​ហើយ ​ស្តីពី​អនាគត​អឺរ៉ុប។ តើអឺរ៉ុប​ ត្រូវ​បន្ត​ដើរ​តាម​ផ្លូវចាស់ ​ ​រឺ​ត្រូវ​ពិចារណា​រក​វិធី​ធ្វើ​សមាហរណកម្ម​ថ្មី​បន្ថែម ​ដើម្បី​ឲ្យ​សមាជិក​ដែល​នៅ​សេសសល់ កា​ន់តែ​មាន​សម្ព័ន្ធ​នឹងគ្នា​ជាង​នេះ​ទៀត? ត្រង់​បញ្ហានេះ ​ ថ្នាក់ដឹកនាំ​អាល្លឺម៉ង់ ​និង​បារាំង ​ហាក់​ដូច​ជា​មាន​ជំហ​មិន​ស្របគ្នា​ទេ។

សម្រាប់​អាល្លឺម៉ង់ ​គេ​មិន​អាច​ធ្វើ​អ្វី​ឲ្យ​លើស​នេះ​បាន​ទេ ​សម្រាប់​ពេល​នេះ ​ព្រោះវា​មិនខុស​ពី​យក​សាំង​ទៅចាក់​លើ​ភ្លើង​ទេ។ មតិ​សាធារណៈ​ទូទៅ​នៅ​អឺរ៉ុប​ កំពុង​តែ​មិន​ពេញ​ចិត្ត​នឹង​នយោបាយ​របស់​អឺរ៉ុប​ស្រាប់​ទៅ​ហើយ ​ ដូច្នេះ ​អឺរ៉ុប​មិន​អាច​ទៅ​សម្រេច​អ្វីមួយ ​ដើម្បី​ចាប់​បង្ខំ​ប្រទេស​មាជិក ​ឲ្យ​ធ្វើ​សម្បទាន​សមាហរណកម្ម​លើស​នេះ​ទៀត​ទេ។ ប៉ុន្តែ​សម្រាប់​បារាំង ​ លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា ​សហភាព​អឺរ៉ុប​ នៅ​មាន​លទ្ធភាព​អាច​ធ្វើ​សមាហរណកម្ម​លើ​សនេះ​ទៀត ​ជា​ពិសេស​ទាក់ទិន​ទៅ​នឹង​វិស័យ​សន្តិសុខ ​និង​ការពារ​ជាតិ។

ជា​ការពិត ​សហភាព​អឺរ៉ុប​ មាន​គម្រោង​បង្កើត​ជា​ទី​បញ្ជាការ​កងទ័ព​រួមមួយ ​ដែល​មាន​ទីតាំង​នៅ​ព្រុចសែល ​ដើម្បីធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​យោធា ​និង​សន្តិសុខ ​មាន​ប្រសិទ្ធិ​ភាព។ តែ​កន្លង​មក​គម្រោង​នេះ​ ​ តែងតែ​ត្រូវ​បាន​អង់គ្លេស​បដិសេធ​ជានិច្ច។ ចុះបើ​សិន​ជា​អង់គ្លេស ​ដើរចេញ ​ លែង​ជា​សមាជិក​អឺរ៉ុប​ទៀត ​ តែ​គម្រោង​នេះ ​អាច​ចេញ​ទៅ​រួចដែរ​រឺទេ?

អង់គ្លេស​អត្មានិយម ​ចង់​ចូល​ចង់​ចេញ​ស្រេចតែ​នឹងចិត្ត៖
បើក្នុង​ករណី​ដែល​អង់គ្លេស​បោះឆ្នោត ​ថា​នឹង​នៅ​បន្ត​ក្នុង​មហា​គ្រួសារ​អឺរ៉ុប​ ​ក៏​អឺរ៉ុប​នៅ​តែ​ពិបាក​ចិត្ត​ដដែល។ កែវ​វា​បាន​ប្រេះស្រាំ​ទៅ​ហើយ។ ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​ និង​រដ្ឋាភិបាល​អង់គ្លេស ​នឹង​លែង​ដូច​មុន​ទៀត​ហើយ។ ហើយ​ក៏​មិនមែន​មាន​ន័យថា​ពី​ពេល​នេះទៅ​ សហភាព​អឺរ៉ុប​ត្រូវ​តែ​ថ្នមចិត្ត​អង់គ្លេស ​ដើម្បី​កុំឲ្យ​អង់គ្លេស​មាន​បំណង​ដើរ​ចេញ​ម្តង​ទៀត ​នោះក៏​ទេ​ដែរ។

សម្រាប់​មតិ​សាធារណៈ ​ដែល​នឿយណាយ​នឹង​ចរិក​ក្រអឺតក្រទម​របស់​អង់គ្លេស ​ គេ​និយាយថា​សហភាព​អឺរ៉ុប​មិនមែន​ជា​របស់​អង់គ្លេស​តែ​ម្នាក់​ឯង​ទេ។ បើ​អង់គ្លេស​អត្មានិយម ​ចង់​ដើរ​ចេញ​ក៏​ចេញ​ទៅ​ចុះ។ ចូរ​កុំ​ភ្លេច​ថា​ កាល​ពី​ដំបូង​ ដោយ​ឃើញ​ផល​ប្រយោជន៍​របស់​ទីផ្សារ​រួម​អឺរ៉ុប ​នៅ​ចុង​ទសវត្ស​ឆ្នាំ​៦០ ​គឺ​អង់គ្លេស​ទេ​ដែល​សុំ​អង្វរ​ទទូច​ ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ ម្តង​ជា​ពីរ​ដង ​ទម្រាំ​គេ​សម្រេច​ឲ្យចូល។ អង់គ្លេស​តែងតែ​ទាមទារ​លក្ខន្តិកៈ​ពិសេស​សម្រាប់​ខ្លួន​ជានិច្ច។ អង់គ្លេស ​វាយឫក ​មិន​ព្រម​ចាយ​លុយ​អឺរ៉ូ ​ដូច​ប្រទេស​ដ៏ទៃ​ទេ។ នៅមាន​ផែនការ​អឺរ៉ុប​ច្រើនទៀត ​ ដែល​ត្រូវ​ធ្លាក់ទឹក ​ ដោយសារ​តែ​អង់គ្លេស​មិនព្រម។ ចេញរឺ​មិន​ចេញ ​គឺ​វា​ជាការ​សម្រេចចិត្ត ​និង​ការ​ទទួល​ខុសត្រូវ​របស់​ប្រជាជន​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ