អានតួអត្ថបទ
ស៊ុយអ៊ែដ-ជនភៀសខ្លួន

ស៊ុយអ៊ែដក៏​មាន​អំពើ​ហឹង្សា​លើស្រ្តី​ បង្ក​ឡើង​ដោយ​ជនបរទេស ​ដូច​នៅ​អាល្លឺម៉ង់​ដែរ

ជាង​មួយ​សប្តាហ៍ ​បន្ទាប់​ពី​ហេតុការណ៍​បំពារបំពាន​ផ្លូវភេទ​លើ​ស្រ្តី ​នៅ​ទីក្រុង​កូឡូញ​ប្រទេស​អាល្លឺម៉ង់​ កំពុងតែ​ក្តៅ​គគុក​ នៅ​ថ្ងៃ​ចន្ទ​ទី ​១១​មករា​ នគរបាល​ប្រទេស​ស៊ុយអ៊ែដ ​បាន​ប្រកាស​ទទួល​ស្គាល់​ថា ​ប្រទេស​ខ្លួន​ក៏​មាន​ករណី​បំពារបំពាន​ផ្លូវភេទ​លើ​ស្រ្តី ​ជា​ច្រើន​ករណី​ផង​ដែរ​ នា​ពេល​កន្លង​មក​ ក៏​ប៉ុន្តែ​នគរ​បាន​មិន​បាន​ផ្សព្វផ្សាយ​តួលេខ ​និង​ព័ត៌មាន​នេះ​ទេ។ ដូចគ្នា​នឹង​ករណី​នៅ​អាល្លឺម៉ង់​ដែរ​ គឺ​ជន​សង្ស័យ​ក្នុង​ករណី​ទាំងនេះ ​គឺ​ភាគច្រើន​សុទ្ធសឹង​ជា​ជន​បរទេស​ទាំងអស់។

អ្នកនាំពាក្យ​នគរបាល​ជាតិ​ស៊ុយអ៊ែដ ធ្វើសន្និសីទ​កាសែត ថ្ងៃចន្ទទី ១១​មករា បញ្ជាក់​ពី​ករណី​បំពារបំពាន​ផ្លូវភេទលើស្ត្រី ដែលបង្កឡើង​ដោយមនុស្សប្រុុស​ដើមកំណើត​បរទេស
អ្នកនាំពាក្យ​នគរបាល​ជាតិ​ស៊ុយអ៊ែដ ធ្វើសន្និសីទ​កាសែត ថ្ងៃចន្ទទី ១១​មករា បញ្ជាក់​ពី​ករណី​បំពារបំពាន​ផ្លូវភេទលើស្ត្រី ដែលបង្កឡើង​ដោយមនុស្សប្រុុស​ដើមកំណើត​បរទេស REUTERS/Henrik Montgomery/ TT News AgencyATTENTION EDITORS
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ជន​ភៀសខ្លួន​កំពុង​ធ្វើ​ឲ្យ​មាន​វិវាទ​ ជុំវិញ​ករណី​អំពើ​ហឹង្សា​បំពារបំពាន​ផ្លូវភេទ​ធ្វើ​ទៅ​លើ​ស្រ្តី​ នៅ​តាម​បណ្តា​ប្រទេស​ដែល​ទទួល​ពួកគេ​។ បន្ទាប់​​ពី​រឿង​អាស្រូវ​នេះ ​បាន​ផ្ទុះ​ឡើង​នៅ​អាល្លឺម៉ង់​ ពេល​នេះ​នគរបាល​ស៊ុយអ៊ែដ​ ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា​ប្រទេស​ខ្លួន ​ក៏ជួប​ករណី​ដូចគ្នា​យ៉ាង​សន្ធឹកសន្ធាប់​ គ្រាន់តែ​នគរបាល​មិន​បាន​ផ្សព្វផ្សាយ​ពី​ដំណឹង​នេះ។

 
អ្នក​នាំពាក្យ​នគរបាល​ស៊ុយអ៊ែដ ​បាន​បញ្ជាក់​ថា​ ករណី​បំពារបំពាន​លើ​ស្រ្តី​នៅ​ស៊ុយអ៊ែដ​ ចំនួន​១៥​ករណី ​គឺ​កើតឡើង​ក្នុង​ឱកាស​មហោស្រព​សិល្បៈ​តន្ត្រី​យុវវ័យ​មួយ ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ស្តុកខុម ​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៥​កន្លង​ទៅ។ នរគបាល​បាន​ចាប់ឃាត់​ខ្លួន ​ជន​សង្ស័យ​ចំនួន​ជាង​១០០​នាក់ ​ដែល​ជា​មនុស្ស​ប្រុស ​ហើយ​ភាគច្រើន​លើស​លប់​ ​គឺ​សុទ្ធសឹង​តែ​ជា​ជន​បរទេស។ ការ​ប្រកាស​របៀប​នេះ ​ បាន​ធ្វើឡើង​ស្រប​ពេល​ដែល​អាល្លឺម៉ង់ ​កំពុង​តែ​ស៊ើបអង្កេត​ ទៅ​លើ​ករណី​បំពារបំពាន​ផ្លូវភេទ​ របៀប​ដូចគ្នា​នេះ​ដែរ។

សូម​រំលឹក​ថា ​យោង​តាម​របាយការណ៍​ចុងក្រោយ ​ របស់​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ ​គិត​មក​ត្រឹម​ពេល​នេះ ​មាន​បណឹ្តង​ចំនួន​ជាង​៥០០​បណ្តឹង​ ដែល​បាន​ធ្លាក់​ទៅ​ដល់​ដៃ​នគរបាល ​ជុំវិញ​ហេតុការណ៍ ​ដែល​បាន​កើតឡើង​ក្នុង​យប់​ថ្ងៃ​ឆ្លងឆ្នាំ​សកល ​នៅ​ទីក្រុង​កូឡូញ ​ភាគ​ខាង​លិច​អាល្លឺម៉ង់។ ក្នុង​ចំណោម​បណ្តឹង​ទាំង​នោះ ​មាន​៤០%​ គឺ​ជា​បណ្តឹង​បំពារបំពាន​ផ្លូវភេទ​ទៅ​លើ​នារី​ជនជាតិ​អាល្លឺម៉ង់ ​ដែល​ដើរ​កម្សាន្ត​ក្នុង​យប់​ឆ្លងឆ្នាំ។ របាយការណ៍​​ដដែល​បញ្ជាក់​ថា ​ ជនដៃដល់​ស្ទើរតែ​ទាំងអស់ ​គឺ​សុទ្ធតែ​ជា​ជន​បរទេស​ ដើម​កំណើត​មក​​ពី​ប្រទេស​តំបន់​អារ៉ាប់​ និង​ទ្វីប​អាហ្វ្រិក​ខាង​ជើង។

ក្នុង​ចំណោម​ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ មាន​អ្នក​ខ្លះ​ជា​ជនភៀស​ខ្លួន ​ដែល​ទើប​បាន​ធ្វើ​ដំណើរ​មក​ដល់​អាល្លឺម៉ង់​​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ។ នគរបាល​ក្រុង​កូឡូញ​ បាន​ធ្វើការ​ឃាត់ខ្លួន​ មនុស្ស​ចំនួន ​១៩នាក់​ ហើយ​ក្នុង​នោះ​១៤​នាក់ ​គឺជា​មនុស្ស​ប្រុស​មក​​ពី​ប្រទេស​ម៉ារ៉ុក ​និង​អាល់ហ្សេរី។ យ៉ាង​ណា​ក៏ដោយ ​អាជ្ញាធរ​អាល្លឺម៉ង់​ ក៏​ដូច​ជា​ស៊ុយអ៊ែដ ​ បាន​អំពាវនាវ​កុំឲ្យ​ប្រជាជន​ទូទៅ ​ធ្វើការ​ទំលាក់​កំហុស ​ទៅ​លើ​ជនភៀសខ្លួន​ទាំង​អស់។

ប៉ុន្តែ​ទោះ​ចង់​មិន​ចង់ ​ ករណី​បំពារបំពាន​ផ្លូវភេទ​លើ​ស្រ្តី ​រាប់រយ​ករណី​ក្នុង​ពេល​តែមួយ​យប់​បែប​នេះ ​វា​បាន​ធ្វើឲ្យ​មតិ​សាធារណៈ​អាល្លឺម៉ង់ ​មាន​ការ​កើតទុក្ខ​មិន​សុខចិត្ត​ ហើយ​ចាប់​ផ្តើម​ស្អប់​ខ្ពើម​ជន​ភៀស​ខ្លួន។ នៅ​តាម​បណ្តាញ​សង្គម ​ដូចជា​Facebook​ ជាដើម ​មាន​ការ​អំពាវនាវ​ពី​ក្រុម​ជ្រុល​និយម ​ឲ្យ​នាំគ្នា​ធ្វើ​បាតុកម្ម​ បណ្តេញ​ជន​ភៀស​ខ្លួន​ទាំងអស់​ចេញ​ពី​ទឹកដី​អាល្លឺម៉ង់។ ឆ្នាំ​២០១៥​ កន្លងទៅ​នេះ ​អាល្លឺម៉ង់​បាន​បើក​ទ្វារ​ទទួល​ជន​ភៀសខ្លួន ​ចំនួន​ជាង​១លាន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ