អានតួអត្ថបទ
ភេរវកម្ម-ស៊ុយអែត

ភេរវកម្ម​នៅ​ស្តុកខូម៖ ​ចាប់​បាន​ជន​សង្ស័យ​ម្នាក់ ​ តែ​គ្មាន​ការ​ប្រកាស​ទទួលពី​ក្រុម​ជីហាត​ណា​មួយ

កាល​ពី​ថ្ងៃ​សុក្រ​ទី​ ៧​មេសា ​ម្សិលមិញ ​ទីក្រុង​ស្តុកខូម​រាជធានី​ស៊ុតអែត ​បាន​រង​នូវ​ការ​វាយ​ប្រហារ​ភេរវកម្ម ​ ដោយ​ជន​ដៃដល់​បាន​បើក​រថយន្ត​បុក​សម្លាប់​មនុស្ស ​យ៉ាង​ហោច​ណាស់​៤នាក់ ​ និង​១៥​នាក់​ រង​របួស​ធ្ងន់។ ប៉ុន្មាន​ម៉ោង​ក្រោយ​កើត​ហេតុ ​ ជន​សង្ស័យ​ម្នាក់ ​ដែល​គេ​ជឿថា​ ជា​ជន​ដៃ​ដល់​បើក​រថយន្ត​នោះ ​ត្រូវ​បាន​ចាប់​ខ្លួន។ យ៉ាងណា​ក៏​ដោយ ​មក​ទល់​ពេល​នេះ ​នៅ​មិន​ទាន់​មាន​ក្រុម​ភេរវកម្ម​ជីហាត​ណាមួយ ​ចេញ​មុខ​មក​ទទួល​ខុសត្រូវ ​ថា​ជា​អំពើ​ភេរវកម្ម ​បញ្ជា​ដោយ​ក្រុម​ខ្លួន​នៅ​ឡើយ​ទេ។

កម្លាំងទាហ៊ានស៊ុយអែត កំពុងយាម​កន្លែងកើតហេតុ​ភេរវកម្ម ថ្ងៃទី​៧ មេសា ២០១៧
កម្លាំងទាហ៊ានស៊ុយអែត កំពុងយាម​កន្លែងកើតហេតុ​ភេរវកម្ម ថ្ងៃទី​៧ មេសា ២០១៧ REUTERS/Daniel Dikson
ផ្សាយពាណិជ្ជកម្ម

នៅ​ក្រោយ​ហេតុការណ៍​ភេរវកម្ម​ កណ្តាល​រាជធានី​ស្តុកខូម ​កាល​ពី​រសៀល​ថ្ងៃសុក្រ​ទី​៧​មេសា ​ជន​សង្ស័យ​ម្នាក់ ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​តំបន់​Mästa ​មិន​ឆ្ងាយ​ប៉ុន្មាន ​ខាង​ជើង​ក្រុង​ស្តុកខូម ​កាលពី​វេលា​យប់​ថ្ងៃ​សុក្រ​ដដែល។ ព្រះ​រាជ​អាជ្ញា​ស្តុកខូម ​មិនបាន​បញ្ជាក់​អ្វី​លំអិត​ច្រើន​ទេ ​អំពី​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​ដែល​គេ​ឃាត់​ខ្លួន ​ គ្រាន់តែ​បញ្ជាក់ថា ​ជន​នេះ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​នីតិវិធី​ព្រហ្មទណ្ឌ ​ខ្ពស់​បំផុត​ នៃ​បទ​ល្មើស​ឃាតកម្ម ​ដែល​មាន​លក្ខណៈ​ ជា​អំពើ​ភេរវកម្ម។

 
ដោយឡែក ​បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ស៊ុយអែត ​បានឲ្យ​ដឹង​ថា ​ ជន​សង្ស័យ ​ដែល​ត្រូវ​គេ​ឃាត់ខ្លួន​ គឺជា​បុរស ​ជនជាតិ​អ៊ូសបេកគីស្ថាន ​ មាន​អាយុ​៣៩​ឆ្នាំ ​ហើយ​គឺ​ជា​អ្នក​និយម​គាំទ្រ ​ទ្រឹស្តី​អ៊ីស្លាម​ផ្តាច់ការ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ កាលពី​យប់​ថ្ងៃ​សុក្រ​ដែរ​ ទូរទស្សន៍​ជាតិ​ស៊ុយអែត ​បាន​ផ្សាយ​ថា ​នៅ​ក្នុង​រថយន្ត​បង្ក​ហេតុ​ គេ​បាន​រកឃើញ​គ្រាប់​ផ្ទុះ​ជា​ច្រើន​គ្រាប់។

សមត្ថកិច្ច​ស៊ុយអែត​ បាន​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ តែ​ទៅ​លើជន​សង្ស័យ​ម្នាក់នេះ​តែ​ប៉ុណ្ណោះ។ គេ​កំពុង​ស្រាវជ្រាវ​បន្ថែម​ទៀត ​ បើ​សិន​ជា​ជន​នេះ ​ មាន​បក្ស​ពួក​ ដែល​បាន​ចូលរួម​រៀបចំ​សកម្មភាព​ភេរវកម្ម​នេះ។ យ៉ាងណា​ក៏​ដោយ ​ មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​បណ្តាញ​ភេរវកម្ម​ណា​មួយ ​ ចេញមុខ​មក​អះអាង​ទទួល​ខុសត្រូវ​ឡើយ។

សូម​រំលឹក​ថា​ ជន​ដៃដល់ ​បាន​បើក​រថយន្ត​កាមីញ៉ុង​ មួយ​គ្រឿង ​ដែល​ខ្លួន​បាន​លួច ​ ហើយ​បើក​សំដៅ​បុក​មនុស្ស​ជាច្រើន​នាក់ ​នៅតាម​ផ្លូវ​ស្ថិត​នៅ​ក្នុង​ទីប្រជុំ​ជន​ធំ​បំផុត ​ កណ្តាល​ក្រុង​ស្តុកខូម។ បន្ទាប់​ពី​បាន​បុក​រះ​មនុស្ស​ជា​ច្រើន​នាក់ ​ ឃាតករ​បាន​បើក​ទៅ​បំបុក​នឹង​កញ្ចក់​ហាង​ទំនិញ ​បន្ទាប់​មក៏​រត់​គេច​ខ្លួន។ មាន​អ្នក​ស្លាប់​៤នាក់​ក្នុង​ហេតុការណ៍​នេះ ​ហើយ​ក្នុង​ចំណោម​អ្នក​របួស​១៥​នាក់ ​ មាន​៩នាក់​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

គួរ​បញ្ជាក់​ដែរ​ថា ​ ភេរវកម្ម​បើក​រថយន្ត​បុករះ​មនុស្ស​នេះ ​ មាន​លក្ខណៈ​ស្រដៀង​នឹង​ភេរវកម្ម​ នៅ​ទីក្រុង​នីស ​ នៅ​ទីក្រុង​ឡុង ​និង​នៅ​ទីក្រុង​ប៊ែកឡាំង។ ភេរវកម្ម​នៅ​ទីក្រុង​ស្តុកខូម​នេះ ​គឺ​ជា​ភេរវកម្ម​លើក​ទី​បី​ហើយ ​ដែល​កើត​មាន​នៅ​អឺរ៉ុប ​ក្នុង​រយៈពេល​មិន​ដល់​៣អាទិត្យ​ផង ​ បន្ទាប់ពី ​ភេរវកម្ម​នៅ​ទីក្រុង​ឡុងដ៍ ​និង​​នៅ​ទីក្រុង​សាំងប៉េតេសបួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ