ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/11 12h00 GMT
អឺរ៉ុប

ស្ថាប័ន​វិហារ​កាតូលិក​​ហូឡង់​ត្រូវ​រញ្ជួយ ក្រោយការ​ទំលាយ​រឿង​អាស្រូវ​ផ្លូវភេទ​លើ​កុមារ

media  
សង្ឃកាតូលិក ដែល​ប្រព្រឹត្តិ​អំពើ​អនាចារ​លើ​កុមារ អាចជាប់ទោស​ពន្ធនាគា​​១២ឆ្នាំ Godong/UIG via Getty Images

ស្ថាប័នវិហារកាតូលិក នៅក្នុងប្រទេសហូឡង់ កំពុងជួបរឿងអាស្រូវធ្ងន់ធ្ងរ ក្រោយការចុះផ្សាយ របស់កាសែតក្នុងស្រុកមួយ ដែលបានលើកឡើងថា សង្ឃនិងអាចារ្យកាតូលិកជាងពាក់កណ្តាលនៅក្នុងប្រទេសនេះ សុទ្ធតែបានដឹងឮ ពីសកម្មភាពបំពារបំពានផ្លូវភេទទៅលើកុមារ ធ្វើឡើងដោយសង្ឃនិងអាចារ្យកាតូលិក។ តំណឹងនេះ បានដាក់បន្ទុកបន្ថែម ឲ្យកាន់តែធ្ងន់ ទៅលើស្ថាប័នកាតូលិក បុរីវ៉ាទីកង់មួយទាំងមូល ដែលកំពុងរងការរិះគន់កាន់តែខ្លាំង ថាបានធ្មេចភ្នែក មិនដោះស្រាយបញ្ហានេះ។

សារព័ត៌មាន NRC ដែលជាសារព័ត៌មានដ៏ធំមួយនៅហូឡង់ បានចុះផ្សាយ អត្ថបទស៊ើបអង្កេតមួយ ដោយបានលើកឡើងថា ក្នុងចំណោមមន្ត្រីសង្ឃ និងអាចារ្យកាតូលិកទាំងអស់ ដែលធ្វើការចន្លោះពីឆ្នាំ១៩៤៥ ដល់ឆ្នាំ២០១០ យ៉ាងហោចណាស់ មានជាងពាក់កណ្តាល ដែលដឹងឮរឿងរ៉ាវ ដែលមន្ត្រីសង្ឃ​កាតូលិក បានបំពារបំពានផ្លូវភេទទៅលើកុមារ។ មិនត្រឹមតែប៉ុណ្ណោះ កាសែតនេះបានលើកឡើងថា គណសង្ឃកាតូលិកហូឡង់ ដឹងរឿង បានជួយលាក់ ហើយបានបញ្ជូនសង្ឃកាតូលិកដែលប្រព្រឹតិ្តរឿងរ៉ាវនោះ ឲ្យទៅធ្វើការកន្លែងផ្សេង។ ការធ្វើបែបនេះ​ គឺមិនខុសពីបញ្ជូនជនទាំងនោះ ឲ្យទៅធ្វើបាបកុមារ នៅទីកន្លែងថ្មីនោះទេ។

បើតាមប្រភពចុះផ្សាយដោយកាសែតហូឡង់ខាងលើ បានឲ្យដឹងថា មានសង្ឃ​កាតូលិក​ហូឡង់ យ៉ាងហោច​២០នាក់​ ក្នុងចំណោម៣៩នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងករណីបំពារបំពានផ្លូវភេទលើកុមារ។ ក្នុងចំណោមនោះ មាន៤នាក់ គឺជាជនដៃដល់ផ្ទាល់ និង​១៦នាក់​ផ្សេងទៀត គឺជាអ្នកជួយលាក់បំពួន ផ្អិបចោលសំណុំរឿង។

តំណាងស្ថាប័នវិហារកាតូលិកហូឡង់ បានឆ្លើយបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានAFP ថា ស្ថាប័នខ្លួនទទួលស្គាល់អ្វីដែលមានចុះផ្សាយខាងលើនេះមួយផ្នែក ចំណែកផ្នែកខ្លះ គឺសូមបដិសេធចោល ព្រោះថាវា​បាន​មកពីប្រភព​ដែលមិនច្បាស់លាស់ មិនអាចយកជាការបាន។ ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យស្ថាប័នវិហារកាតូលិកហូឡង់ បានលើកឡើងថា សង្ឃកាតូលិក ដែលមានឈ្មោះក្នុងរឿងអាស្រូវនេះ មួយចំនួនធំ បានស្លាប់ទៅហើយ ហើយអ្នកដែលនៅរស់ ក៏បានចូលនិវត្តន៍ដែរ។

គួរកត់សំគាល់ថា មួយរយៈចុងក្រោយនេះ វិហារកាតូលិកនៅទូទាំងអឺរ៉ុប និងអាមេរិក​ឡាទីន កំពុងរំជើបរំជួលជាខ្លាំង ដោយសារមានរឿងអាស្រូវផ្ទុះឡើងផ្ទួនៗគ្នា ស្តីពីសកម្មភាពរំលោភបំពានផ្លូវភេទលើកុមារ បង្កឡើងដោយសង្ឃកាតូលិក។ ស្ថាប័នវិហារកាតូលិក ត្រូវបានគេរកឃើញថា បានបិទខ្ទប់បញ្ហា ហើយថែមទាំងបានផ្ទេរសង្ឃជាប់ចោទ ទៅទីកន្លែងផ្សេង គេចចេញពីការតាមចោទប្រកាន់ទៀតផង។ ថ្វីបើសម្តេចប៉ាបហ្វ្រង់ស័រ បានដាក់ជាអាទិភាពលើបញ្ហានេះ ដោយបានបង្កើតគណកម្មការពិសេសដើម្បីតាមដានអង្កេត តែការពិត គ្មាននរណាមានជំនឿចិត្ត ថាស្ថាប័នកាតូលិក មានចេតនាពិតប្រាកដ ក្នុងការដោះស្រាយនោះទេ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ