អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងគ្រី​បោះឆ្នោត​ប្រជាមតិ មិន​ទទួល​យក​ជនភៀស​ខ្លួន ដែល​អឺរ៉ុប​កំណត់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអាទិត្យ​ទី២ ​តុលា​នេះ ​ប្រជាជន​ហុងគ្រី ​ត្រូវ​ទៅ​បោះឆ្នោត​ប្រជាមតិ ​ដើម្បី​សម្រេច​ថា​តើ​រដ្ឋាភិបាល​ខ្លួន​ត្រូវ​​ទទួល​យក​ជនភៀស​ខ្លួន ​ដែល​សហភាព​អឺរ៉ុប​បាន​កំណត់​បែងចែក​ដែរ​រឺទេ។​ យោង​តាម​តួលេខ​ផ្លូវការ​ ឆ្នាំ​២០១៥​កន្លងទៅ ​ជនភៀសខ្លួន​ដែល​បាន​ចុះ​បញ្ជី​សុំសិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប​ មាន​ចំនួន​១៦​ម៉ឺននាក់ ​ហើយ​ដែល​សហភាព​អឺរ៉ុប ​បាន​សម្រេច​ធ្វើការ​បែកចែក​ឲ្យ​ប្រទេស​សមាជិក​និមួយៗ​ ទទួល​យក​ទៅ​ស្នាក់​នៅ។ ដោយឡែក​រដ្ឋាភិបាល​ហុងគ្រី​បាន​ប្រឆាំង​ដាច់ខាត ​ មិនព្រម​ទទួល​យក​ជនភៀស​ខ្លួន​ទេ។ ការធ្វើ​ប្រជាមតិ​នេះ ​គឺ​ជា​ការ​រៀបចំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ​ហុងគ្រី ​​Viktor Orban ​ដែល​កំពុង​អនុវត្ត​នយោបាយ​ជ្រុលនិយម ​ ឃោសនា​បំភិត​បំភ័យ​ប្រជាពលរដ្ឋ ​ឲ្យ​ស្អប់​ជន​ភៀស​ខ្លួន។

លោក Viktor Orban នាយករដ្ឋមន្ត្រី​ហុងគ្រី នៅថ្ងៃ​បោះឆ្នោត​ប្រជាមតិ​ថ្ងៃ​ទី​២ តុលា ២០១៦
លោក Viktor Orban នាយករដ្ឋមន្ត្រី​ហុងគ្រី នៅថ្ងៃ​បោះឆ្នោត​ប្រជាមតិ​ថ្ងៃ​ទី​២ តុលា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

ព្រមរឺមិនព្រមឲ្យហុងគ្រី ទទួលយកជនភៀសខ្លួន?

ថ្ងៃអាទិត្យ​ទី២ ​តុលា​នេះ ​ប្រជាជន​ហុងគ្រី​ប្រមាណ​ជា​៨លាន​៣សែន​នាក់​ ដែល​ត្រូវ​ទៅ​បោះឆ្នោត​ប្រជា​មតិ។ តាម​ធម្មតា​បោះឆ្នោត​ប្រជាមតិ ​គឺ​មាន​ន័យ​ថា​ប្រជាជន​ត្រូវ​សម្រេច​ ព្រម​ ​រឺ​មិន​ព្រម ​ទៅ​តាម​សំណួរ​ដែល​ចោទ​ឡើង ​នៅលើ​សន្លឹក​ឆ្នោត។

សំណួរ​ដែលគេ​សួរ​ឲ្យ​ប្រជាជន​ឆ្លើយ​ គឺ៖ “​តែ​អ្នក​ព្រម​ឲ្យ​សហភាព​អឺរ៉ុប​ ដាក់​កំហិត​ប្រទេស​អ្នក ​ឲ្យ​ព្រម​ទទួល​យក​មនុស្ស​ដែល​មិនមែន​ជា​ជនជាតិ​ហុងគ្រី ​មក​រស់នៅ​ក្នុង​ប្រទេស​អ្នក ​ ដោយ​គ្មាន​ការ​សម្រេច​យល់ព្រម​ពី​រដ្ឋសភា​ របស់​ប្រទេស​អ្នក​ដែរ​រឺ​ទេ?” ។ បើ​យើង​សរុប​ន័យទៅ​ គឺ​មាន​ន័យ​ថា ​តើ​ប្រជាជន​ហុងគ្រី​ព្រម​ទទួល​យក​ជនភៀស​ខ្លួន ​ដែល​សហភាព​អឺរ៉ុប​បាន​កំណត់​កូតា​បែងចែក​ដែរ​រឺទេ?

គំនិត​នៃ​ការ​ធ្វើ​ប្រជាមតិ​នេះ ​ គឺ​បាន​ចាប់ផ្តើម​ឡើង​នៅ​ខែ​កុម្ភៈ​ដើម​ឆ្នាំ​នេះ ​ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​នាយករដ្ឋមន្ត្រី​ហុងគ្រី​ផ្ទាល់​តែម្តង​ គឺ​លោក​ Viktor Orban។​ លោក ​ម្នាក់នេះ ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​មក​ពី​គណបក្ស​ស្តាំ​អភិរក្ស​និយម ​ ហើយ​ដែល​តែងតែ​ប្រឆាំង​សឹងតែ​គ្រប់​សេចក្តី​សម្រេច​រួម​នានា ​របស់​សហភាព​អឺរ៉ុប។ ក្នុង​កាលៈទេសៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​ជួប​វិបត្តិ ​ ដោយសារ​ជនភៀសខ្លួន​នាំគ្នា​សម្រុក​ធ្វើ​ដំណើរ​មក​សុំសិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប ​ លោក​Viktor Orban ​នាយករដ្ឋមន្ត្រី​ហុងគ្រី​នេះ ​បាន​ធ្វើ​នយោបាយ​យ៉ាង​ចេញ​មុខ ​ ដើម្បី​ប្រឆាំង​នឹង​ជន​ភៀសខ្លួន ​ហើយ​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​ ដែល​មាន​បំណង​កំណត់​ឲ្យ​ប្រទេសសមាជិក​ទាំង​២៨ ​ជួយ​ទទួល​យក​ជនភៀស​ខ្លួន​ម្នាក់​បន្តិចៗ។

សម្លេង​មិន​ព្រម​ អាចឈ្នះ៖
ដូចយើង​ដឹង​ហើយ​ថា ​ ហុងគ្រី​ដែល​ជា​ប្រទេស​ដែល​ជន​ភៀសខ្លួន​ នាំ​គ្នាធ្វើ​ដំណើរ​ឆ្លងកាត់ ​ដើម្បី​បាន​មក​ដល់​អឺរ៉ុប​ខាង​លិច​នោះ ​ បាន​ធ្វើ​របង​ដាក់​បន្លា​លួស ​ដើម្បី​បិទ​ផ្លូវ​កុំឲ្យ​ជនភៀសខ្លួន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ខ្លួន​ទៀត​ផង។ ហើយ​ការ​ធ្វើ​ប្រជាមតិ​នៅ​ថ្ងៃ​នេះ​ ​គឺ​​វា​ស្តែង​ចេញ​យ៉ាង​ច្បាស់​អំ​ពី​នយោបាយ​ឃោសនា ​ ញុះញ៉ង់ឲ្យ​ប្រជាជន​ហុងគ្រី ​ភ័យខ្លាច ​ហើយ​នាំគ្នា​ស្អប់​ជន​ភៀសខ្លួន។ ហើយ​មួយ​វិញ​ទៀត ​ ​វា​ក៏​បង្ហាញ​ពី​ភាព​អត្មានិយម​របស់​មេដឹកនាំ​ហុងគ្រី​ ដែល​មិនព្រម​សាមគ្គី​ជាមួយ​ប្រទេស​សហភាព​អឺរ៉ុប​ផ្សេងទៀត ​ក្នុង​ការ​ជួយ​សង្រ្គោះ​ជន​ភៀស​ខ្លួន។

យោង​តាម​ការ​ស្ទាបស្ទង់​ស្ថិតិ ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​គឺ​សម្លេង​មិន​ព្រម​ នឹង​ឈ្នះ​យ៉ាង​លើសលប់។ មានន័យ​ថា ​គឺ​សម្លេង​មិន​ព្រម​ទទួល​យក​ជន​ភៀសខ្លួន​ នឹង​ឈ្នះ។ បើតាម​ការ​ប្រកាស​ឃោសនា​របស់​រដ្ឋាភិបាល​ហុងគ្រី ​គឺ​បើ​សិន​ជា​សម្លេង​មិន​ព្រម​បាន​ជោគជ័យ ​ គឺ​មាន​ន័យ​ថា ​ ប្រទេស​ហុងគ្រី ​គ្មាន​កាតព្វកិច្ច​អ្វី​ត្រូវ​ទៅ​ធ្វើ​តាម​  សហភាពអឺរ៉ុបទេ។ យ៉ាងណាមិញ ​រហូត​មក​ដល់​ពេល​នេះ ​ស្រប​ពេល​ដែល​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ​ ដូច​ជា​បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី ​ដែល​គេ​ខំដុត​ដៃដុត​ជើង ​រៀប​ចំ​កន្លែង​ស្នាក់នៅ ​ដើម្បី​ទទួល​យក​ជនភៀសខ្លួន​ រាប់ពាន់​គ្រួសារ ​ តែ​ចំណែក​ហុងគ្រី​ឯណោះ ​សូម្បី​តែ​បន្ទប់​មួយ​សម្រាប់​ទទួល​ជនភៀស​ខ្លួន​ម្នាក់ ​ ក៏​គ្មាន​ផង។

ឃោសនា​ប្រជាភិថុត​ បំភ័យ​ប្រជាជន៖
ប្រជាជន​ហុងគ្រី ​បោះឆ្នោត​មិន​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន ​ គឺ​ដោយជឿ​ទៅតាម​ការ​ឃោសនា​របស់​រដ្ឋាភិបាល​លោក ​Viktor Orban។ លោក ម្នាក់នេះ ​មិនខ្លាច​នឹង​បំប៉ោង​តួលេខ ​ដើម្បី​បំភ័យ​ប្រជាជន​ទេ។ ហើយ​ពាក្យ​ឃោសនា​ចោទ​ប្រកាន់​ទៅ​លើ​ជន​ភៀស​ខ្លួន​ខ្លះ ​ គឺ​ជា​ការ​និយាយ​តែ​ផ្តេសតែផ្តាស ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ​ពោល​គឺ​ធ្វើ​យ៉ាង​ណាឲ្យ​ប្រជាជន​យល់​ថា ​ជន​ភៀសខ្លួន​មក​ពី​ប្រទេស​ផ្សេង ​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់។ នេះ​ហើយ​ដែល​គេ​ហៅ​ថា ​ នយោបាយ​ប្រជាភិថុត។

ជាក់ស្តែង​ រដ្ឋាភិបាល​ហុងគ្រី​បាន​ស្រែក​ក្តែងៗ​ថា ​ ភេរវកម្ម​នៅ​ប៉ារីស​ប៉ុន្មាន​ដង​ គឺ​សុទ្ធ​តែ​ជា​ស្នាដៃ​ជន​ភៀសខ្លួន​ ដែល​នេះ​គឺ​ជា​ពាក្យ​ប្រឌិត​កុហក​សុទ្ធសាធ។ ហើយ​គេ​ថា​ទៀត​ថា ​ជនភៀសខ្លួន​អ៊ីស្លាម ​សុទ្ធ​តែ​ជា​ពួក​ភេរវកម្ម។ ពាក្យ​ឃោសនា​បែប​នេះ ​ ​គឺ​ជា​ការ​ប្រឌិត​បំភិត​បំភ័យ​មនុស្ស​ដែល​ខ្វះ​ការ​ពិចារណា។ រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ច្រើន​ណាស់ ​ក្នុង​ការ​ឃោសនា ​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ។ ការ​ឃោសនា​មាន​គ្រប់​រូបភាព ​មាន​បដា​ធំៗ​ សរសេរ​ចោទ​ប្រកាន់​ថា​ជនភៀស​ខ្លួន​សុទ្ធ​តែ​ជា​ចោរ ​ ថា​ជនភៀស​ខ្លួន​មក​ដណ្តើម​ការងារ​ធ្វើ​ ​ ​គឺ​ថា​មាន​បិទ​នៅគ្រប់​ទី​កន្លែង។ ហើយ​ពួក​មន្ត្រី​រដ្ឋាភិបាល ​បាន​ចុះទៅ​បំផុសបំផុល​ប្រជាជន​ដល់​ផ្ទះ​ទៀតផង។

តែយ៉ាង​ណាក៏​ដោយ ​សកម្មជន​អង្គការ​នានា ​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​នយោបាយ​ស្អប់​ជន​បរទេស​របស់​រដ្ឋាភិបាល​ហុងគ្រី​ បាន​អំពាវនាវ​កុំឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ។ តាម​ច្បាប់​ បើ​សិន​ជា​អ្នក​ទៅ​បោះឆ្នោត​មាន​មិនគ្រប់​៥០% ​នៃ​ចំនួន​អ្នក​ចុះឈ្មោះ​សរុប​ទេ ​ គឺ​លទ្ធផល​ត្រូវ​ទុក​ជា​មោឃៈ។
 

ជនភៀសខ្លួន​លូន​បន្លាលួស​ ឆ្លងព្រំដែន​ពី​ស៊ែប៊ី ទៅ​ហុងគ្រី ( រូបភាពឯកសារ)
ជនភៀសខ្លួន​លូន​បន្លាលួស​ ឆ្លងព្រំដែន​ពី​ស៊ែប៊ី ទៅ​ហុងគ្រី ( រូបភាពឯកសារ) REUTERS/Bernadett Szabo/File photo

បំផុស​ប្រជាជន​ឲ្យគិត​តែ​ពី​រឿង​ជនភៀសខ្លួន ​ហើយ​ភ្លេច​ពី​បញ្ហា​សង្គម​ និង​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​គ្មាន​សមត្ថភាព​ដោះស្រាយ៖
នៅ​ពីក្រោយ​ហេតុផល ​ ដែល​ថា​សហភាព​អឺរ៉ុប​មិន​អាច​សម្រេច​អ្វី​តាម​តែ​ចិត្ត ​មក​ដាក់​កំហិត​ប្រទេស​ហុងគ្រី ​ គឺ​មាន​ហេតុផល​មួយ​ទៀត​ដែល​ជា​ហេតុផល​នយោបាយ​សុទ្ធសាធ។ ក្នុងរយៈ​ពេល​២ឆ្នាំ​មក​នេះ ​ វេទិកា​សង្គម ​ជជែក​ដេញដោល​នានា​នៅ​ហុងគ្រី​ គឺ​រដ្ឋាភិបាល​សំរុក​និយាយ​តែ​ពី​រឿង​ជន​ភៀសខ្លួន​មួយ​គត់។ ថ្ងៃណា​ក៏​ឮ​ ទៅណា​ក៏​ឮ ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ភ្លេចគិត​ពី​បញ្ហា​សេដ្ឋកិច្ច ​ បញ្ហា​សង្គមកិច្ច ​ ដែល​រដ្ឋាភិបាល​លោក ​ Viktor Orban​គ្មាន​លទ្ធភាព​ដោះស្រាយ។ ផ្ទុយ​ទៅ​វិញ ​គិតតែ​ពី​បន្ទោស​ជន​ភៀសខ្លួន​ថា​ចង់​មក​បំផ្លាញ​សេដ្ឋកិច្ច ​និង​វប្បធម៌​ហុងគ្រី។ នេះ​គេហៅ​ថា ​នយោបាយ​បំភាន់​ភ្នែក ​ធ្វើ​យ៉ាងណា​កុំ​ឲ្យប្រ​ជាជន ​ឃើញ​ចំណុច​អសកម្ម​ផ្សេងទៀត​របស់​ខ្លួន។

អ្វីដែល​គួរ​ឲ្យសង្វេក​គឺ​ នយោបាយ​នេះ​បាន​ហុច​ផ្លែផ្កា ​ដល់​លោក ​Viktor OrbanViktor Orban ​កាន់តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង ​ហើយ​ប្រជាប្រិយភាព​នេះ ​ ​​គឺ​បាន​មក​ពី​ពាក្យ​ឃោសនា​បំប៉ោង​ឲ្យ​ប្រជាជន​ក្តៅ​ក្រហាយ ​ខឹង​សហភាព​អឺរ៉ុប ​ ហើយ​ស្អប់​ជន​បរទេស​នេះឯង។ តាមពិត​ទៅ ​គេ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ប្រជាជន ​ដែល​ងាយ​ច្រលោត ​ងាយ​ទន់ជ្រាយ​ តែ​កាល​ណា​និយាយ​ពី​រឿង​ជន​អន្តោប្រវេសន៍ ​ជនភៀសខ្លួន​អី​ជាដើម ​ព្រោះ​ក្នុង​ពាក្យ​ឃោសនា​របស់​គេ ​ គឺ​គេ​ចាក់​បញ្ចូល​ខ្លឹមសារ​ដែល​ធ្វើ​ឲ្យ​ជន​ភៀសខ្លួន​ សុទ្ធតែ​ជា​មនុស្ស​អាក្រក់ ​សុទ្ធ​តែ​ជា​ចោរ ​សុទ្ធ​តែ​ជា​ពួក​ភេរវកម្ម។

គោលបំណង​ចុង​ក្រោយ​មួយ​ទៀត​របស់​រដ្ឋាភិបាល​ហុងគ្រី ​គឺ​យក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​សភា​ នៅ​ឆ្នាំ​២០១៨​ ម្តង​ទៀត។ ដោយ​កេង​ចំណេង​ជា​មួយ​ប្រជាប្រិយភាព​របស់​លោក ​Viktor Orban ​ក្នុង​ពេល​នេះ ​គឺ​មាន​ន័យ​ថា ​ជ័យជំនះ​សម្រាប់​អាណត្តិ​ទីបី ​របស់​បក្ស​ស្តាំ​អភិរក្ស​និយម​ជ្រុល​ហុងគ្រី ​គឺ​វា​ងាយ​ស្រួល​ដូច​បក​ចេក​អញ្ចឹង។

សម្រាប់សហភាព​អឺរ៉ុប ​ហុងគ្រី​នៅតែ​មាន​កាតព្វកិច្ច​គោរព​ការសម្រេច​របស់​សហភាព​អឺរ៉ុប៖
ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​បាន​ត្រឹមតែ ​និយាយ​ថា ​លទ្ធផល​ប្រជាមតិ​នេះ ​គឺ​គ្មាន​អ្វី​ប៉ះពាល់​ទៅ​ដល់​ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ទេ។ ពោល​គឺ ​ទោះ​ហុងគ្រី​ព្រម​រឺ​មិនព្រម ​ សហភាព​អឺរ៉ុប​មាន​សិទ្ធិ​ដាក់​កំហិត​ឲ្យ​ប្រទេស​សមាជិក​ទាំងអស់​គោរព។ យ៉ាងណា​មិញ​លោក ​ Jean-Claude Juncker ​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​សមាជិក​ទាំងអស់ ​ មាន​កាតព្វកិច្ច​អនុវត្ត​ដោយ​ស្មើភាព​គ្នា ​ នូវ​រាល់​សេចក្តី​សម្រេច ​ដែល​ដាក់​ចេញ​ដោយ​សហភាព​អឺរ៉ុប។ ការ​បែងចែក​ជនភៀសខ្លួន​ចំនួន​១៦​ម៉ឺន​នាក់​នោះ ​គឺ​ត្រូវ​បាន​សហភាព​អឺរ៉ុប​សម្រេច​រួច​ទៅហើយ ​ដូច្នេះ ​បើ​មិន​គោរព​មាន​ន័យ​ថា ​សហភាព​អឺរ៉ុប​មាន​សិទ្ធិ​ដាក់​ទណ្ឌកម្ម ​ទៅ​លើ​ហុងគ្រី។

តែយ៉ាង​ណាក៏​ដោយ ​ បញ្ហា​នេះ ​ កំពុង​ចោទ​ឡើង​ ដែល​វា​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​កាន់តែ​រង្គោះរង្គើរ ​និង​ផុយ​ស្រួយ។ សួរថា​ ​ តើ​បើ​រាល់​សេចក្តី​សម្រេច​នានា​របស់​សហភាព​អឺរ៉ុប ​ ហើយ​ប្រទេស​សមាជិក​មិនពេញ​ចិត្ត​ ត្រូវ​ធ្វើ​ប្រជាមតិ​តែ​រាល់​លើក​របៀប​អញ្ចឹង ​ សួរថា​តើ​អំណាច​សហភាព​អឺរ៉ុប​វា​ទៅ​យ៉ាងណា? សហភាព​អឺរ៉ុប​មិន​អាច​ធ្វើ​អ្វី​ចេញ​ទៀត​ទេ ​ ក្នុង​ករណី​នេះ ​ព្រោះ​សម្រេច​អ្វី​លែង​បាន​ ទៀត​ហើយ។ ដូចប្តី​ប្រពន្ធ​អញ្ចឹង​  តែ​ចាប់ដៃ​គ្នា ​គឺ​សន្យា​តស៊ូ​ជាមួយ​គ្នា ​ទោះ​គ្រា​ក្រ​គ្រា​លំបាក​ក៏ដោយ។ ដូចគ្នា​ដែរ​ ក្នុង​នាម​ជា​ប្រទេស​សមាជិក​ដូច​គេ​ដូច​ឯង​ ហុងគ្រី ​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ ​រួម​ចំណែក​ទទួល​ផល​ល្អ​ នៅ​ពេល​សេដ្ឋកិច្ច​អឺរ៉ុប​រីក​ចំរើន ​តែ​ក៏ត្រូវ​ចូលរួម​សាមគ្គី​ជា​មួយ​គេ​ជាមួយ​ឯង ​នៅពេល​អឺរ៉ុប​ជួប​វិបត្តិ​ដែរ​  ​ដូច​ករណីរនេះ​ គឺត្រូវ​ជួយ​ទទួល​យក​ជន​ភៀសខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ