ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/03 12h00 GMT
អឺរ៉ុប

អង់គ្លេស និង​អូស្ត្រាលី ចោទ​រុស្ស៊ី ថា​នៅ​ពីក្រោយ​សកម្មភាព​វាយប្រហារ​តាម​អ៊ីនធើនែត

media លំហរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា គឺជា​ច្រកទ្វារ​ដ៏ធំ​ទូលាយ ដែល​អាច​រងគ្រោះ​​គ្រប់ពេល​ដោយ​​ការ​វាយ​ប្រហារ REUTERS/Kacper Pempel

រដ្ឋាភិបាលអង់គ្លេស និងអូស្ត្រាលី បានរួមគ្នាធ្វើការចោទប្រកាន់ ទៅលើអង្គភាពចារកិច្ច របស់កងទ័ពរុស្ស៊ី ថាជាអ្នកនៅពីក្រោយ សកម្មភាពវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា ជាច្រើនករណី នៅទូទាំងពិភពលោក។ មិនថាស្ថាប័ននយាបាយ ស្ថាប័នកីឡា ក្រុមហ៊ុនឯកជន ឬបណ្តាញសារព័ត៌មាន នោះទេ គឺសុទ្ធសឹងតែធ្លាប់រងគ្រោះ ដោយសកម្មភាពវាយប្រហារទាំងនេះ ពីសំណាក់ក្រុមចារកិច្ចកងទ័ពរុស្ស៊ី។

បើតាមការអះអាង របស់​ក្រសួងការបរទេសអង់គ្លេស បានឲ្យដឹងថា មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង និងការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យារបស់អង់គ្លេស បានស្រាវជ្រាវដឹងថា អង្គភាពចារកិច្ចនៃកងទ័ព​រុស្ស៊ី គឺជាអ្នកនៅពីក្រោយ សកម្មភាពវាយប្រហារជាច្រើន នៅទូទាំងពិភពលោក។ ប្រភពនេះ អះអាងថា ចារកិច្ចកងទ័ពរុស្ស៊ី ធ្វើសកម្មភាព វាយប្រហារ ដោយមិនរើសមុខ និងដោយមិនអត់ឱន អ្វីទាំងអស់។

ក្នុងចំណោមសកម្មភាពវាយប្រហារ ដែលអង្គភាពរបស់រុស្ស៊ីបានធ្វើ មានជាអាថទិ៍ ដូចជាការចូលទៅបំផ្លាញប្រព័ន្ធព័ត៌មានវិទ្យា របស់គណបក្សប្រជាធិបតេយ្យអាមេរិក ការចូលទៅលួច និងទំលាយឯកសារសំខាន់ៗ របស់ទីភ្នាក់ងារពិភពលោក ប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុប៉ូវកម្លាំងក្នុងវិស័យកីឡា ព្រមទាំងការវាយប្រហារ ទៅលើប្រព័ន្ធកុំព្យូទ័រ របស់អាកាសយានដ្ឋានOdessa នៅអ៊ុយក្រែន ជាដើម។

បើតាមប្រភពដដែល គឺចារកិច្ចរុស្ស៊ីបានប្រើប្រាស់ចោរព័ត៌មានវិទ្យា ដែលមានសមត្ថភាព​ខ្ពស់ ជាច្រើនក្រុម មានដូចជា ឈ្មោះ « Fancy Bear » « Sandworm » «Strontium » « APT 28 » « CyberCaliphate » « Sofacy » « BlackEnergy Actors » ជាដើម។ ហើយជាទូទៅ ក្រុមខ្លះមានឈ្មោះច្រើន តែធាតុពិតជាក្រុមតែមួយ​ ដែលស៊ីឈ្នួលឲ្យរុស្ស៊ី។

លោក Jeremy Hunt រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយថា សកម្មភាពទាំងនេះ គឺស្តែងឲ្យឃើញពីអត្តចរិក បែបយូកូងរបស់ចារកិច្ចរុស្ស៊ី ដែលធ្វើប្រតិបត្តិការ ដោយមិនគិតខ្វល់ពីច្បាប់ និងបទដ្ឋានអន្តរជាតិអ្វីទាំងអស់។ លោកបន្តថា ជាមួយនិងសម្ព័ន្ធមិត្តផ្សេងទៀត អង់គ្លេស នឹងបន្តនិយាយការពិត ព្រមធ្វើការឆ្លើយតបវិញ នូវរាល់សកម្មភាពស្មោគគ្រោក របស់អង្គភាពចារកិច្ចរុស្ស៊ី ដែលសំដៅបំផ្លាញ​ស្ថិរភាពសកលលោក។

យ៉ាងណាមិញ សេចក្តីសន្និដ្ឋានរបស់រដ្ឋាភិបាលអង់គ្លេសនេះ ក៏បានទទួលការគាំទ្រ និងយល់ស្រប ពី​រដ្ឋា​ភិបាល​អូស្រ្តាលីដែរ។ រដ្ឋាភិបាលអូស្ត្រាលី បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី៤តុលានេះថា រុស្ស៊ី ត្រូវតែគោរពបទដ្ឋានច្បាប់អន្តរជាតិជាធរមាន ស្តីពីការគ្រប់គ្រងលំហរបច្ចេកវិទ្យាព័ត៌មានវិទ្យា មិនអាចបន្តធ្វើសកម្មភាពហារយ បែបច្បាប់ព្រៃ ដូចនេះ​បានទៀតទេ។

ដោយឡែក លោកMalcom Chalmers តំណាងវិទ្យាស្ថានជាតិអង់គ្លេសដើម្បីការសិក្សាសន្តិសុខ បានលើកឡើង​ថា សកម្មភាព​របស់​អង្គភាព​ចារកិច្ច​រុស្ស៊ី​បច្ចុប្បន្ន​នេះ គឺ​មិនមែន​គ្រាន់តែ​ជា​សកម្មភាព​ស៊ើបការណ៍សំងាត់ធម្មតាទេ តែជាប្រតិបតិ្តការដែលមានចេតនាអាក្រក់ សំដៅបំផ្លាញ និងធ្វើឲ្យប្រព័ន្ធ​ប្រជាធិបតេយ្យ​តាម​ប្រទេស​ផ្សេង ​មាន​បញ្ហា ​ដែល​នេះ​ គឺ​វា​បង្ក​ឲ្យ​មាន​អស្ថិរភាព​សង្គម៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ