អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អង់គ្លេស៖ God save The United Kingdom

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ​ទាំង​២៧ ​បាន​យល់​ស្រប​គ្នា ​ទុក​ពេល​វេលា ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស ​ក្នុង​ការ​ត្រៀមរៀប​ចំ​ខ្លួន ​ មុន​នឹង​ចាប់​ផ្តើម​សម្រេច​ធ្វើ​នីតិវិធី​ផ្តាច់ខ្លួន​ជាស្ថាពរ។​ ទុកពេល​វេលា ​តែ​មិន​មាន​ន័យ​ថា ​វាត្រូវ​អូស​បន្លាយ​ទៅ​រាប់ខែ​នោះ​ទេ។ នេះ​ជា​គោល​ជំហរ​ដ៏​រឹងមាំ ​របស់​សហភាព​អឺរ៉ុប ​ដែល​មិនចង់​ដាក់​សម្ពាធ​ខ្លាំង​លើ​អង់គ្លេស​នា​ពេល​នេះ ​តែ​ក៏​គេ​មិនចង់​ឲ្យ​អង់គ្លេស​ធ្វើ​ផ្គរធ្វើ​ភ្លៀង​ស្រេចតែ​នឹង​ចិត្ត​ដែរ។ ចំណែក​ផ្ទៃក្នុង​នយោបាយ​របស់​អង់គ្លេស​ឯណោះវិញ ​កំពុងតែ​រង្គោះរង្គើរ​ជាខ្លាំង។ គណបក្ស​ប្រឆាំង​អង់គ្លេស ​កំពុង​ផ្ទុះ​បែក ​ ឯចំណែក​គណបក្ស​កាន់​អំណាច​របស់​លោក​ ដាវីដ ខាមឺរ៉ុន ​ក៏​កំពុងតែ​ប្រកែក​គ្នា ​រក​អ្នក​មក​ធ្វើ​នាយករដ្ឋ​មន្ត្រី​មិនបាន។ អង់គ្លេស​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ ​ដ៏សែន​គ្រោះ​ថ្នាក់។

លោក​ David Cameron នៅចំពោះមុខ​កិច្ចប្រជុំ​កំពូល​​សហភាព​អឺរ៉ុប​ ថ្ងៃទី២៨ មិថុនា​ ២០១៦
លោក​ David Cameron នៅចំពោះមុខ​កិច្ចប្រជុំ​កំពូល​​សហភាព​អឺរ៉ុប​ ថ្ងៃទី២៨ មិថុនា​ ២០១៦ REUTERS/Phil Noble
ផ្សាយពាណិជ្ជកម្ម

ដេវីដ ខាមឺរ៉ុន ​លេបបាយទាំង​​ទទឹង​ក៖

លោក​ដេវីដ ខាមឺរ៉ុន ​បាន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៃ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​អង្គារ ​ទី​២៨​មិថុនា ​ ជាលើក​ចុងក្រោយ។ វា​ជា​ការ​ចូលរួម​ដ៏​សែន​ទើសទ័ល​​ ដែល​ទាមទារ​ឲ្យ​លោក ​ដាវីដ ខាមឺរ៉ុន ​ត្រូវ​ធ្វើ​មុខ​ឲ្យ​​ក្រាស ​ព្រោះ​ត្រូវ​ប្រឈម​មុខ​នឹង​សំណួរ ​ ដេញដោល​របស់​មេដឹកនាំ​អឺរ៉ុប​ផ្សេងទៀត ​ ក៏​ដូច​ជា​សំណួរ​របស់​អ្នក​សារព័ត៌មាន។ អ្នក​កាសែត​ម្នាក់ ​បាន​ស្រែក​សួរថា ​តើ​លោក​ដាវីដ ខាមឺរ៉ុន ​មាន​ស្តាយក្រោយ​ទេ? លោក​ខាមឺរ៉ុន​ បាន​ខាំ​មាត់​ទប់​ចិត្ត​មិន​ឆ្លើយ​ ក្នុង​ទឹកមុខ​យ៉ាងមាំ។

សារព័ត៌មាន​ The Guardian ​បាន​សរសេរ​ថា  ​វា​មិនខុស​ពី​យើង​តែ​ម្នាក់ឯង ត្រូវ​អង្គុយ​ក្នុង​តុ​បាយ​ជាមួយ​មនុស្ស​២៧​នាក់​ផ្សេង​ទៀត ​ដែល​គេ​គ្រប់គ្នា ​ដឹង​យ៉ាង​ច្បាស់ ​អំពី​កំហុស​ និង​​ទង្វើ​ល្ងង់ខ្លៅ​របស់​យើង ​ សួរថា​តើ​យើង​មាន​អារម្មណ៍​ បែបណា? តើ​លេប​បាយ​ចូល​ដែរ​រឺ​ទេ? តែ​យ៉ាងណា​ក៏ដោយ ​លោក​ប្រធានាធិបតី​បារាំង ​បាន​អះអាង​ថា ​ប្រទេស​សមាជិក​ផ្សេងទៀត ​មិន​បាន​ឆ្លៀត​ឱកាស​នេះ ​ទៅ​បន្ទោស​បង្អាប់ ​ ​រឺ​បំបាក់​មុខ​លោក​ដេវីដ ខាមឺរ៉ុន​ ទេ។ សមាជិក​គ្រប់គ្នា ​ដឹង​និង​យល់​ពី​សម្ពាធ ​ដែល​លោក​ខាមឺរ៉ុន​ ត្រូវ​ទទួល​រង​នា​ពេល​នេះ។

សភា​ចលាចល ​គ្មាន​លទ្ធភាព​រក​នាយករដ្ឋមន្ត្រី​ថ្មី៖

លោក Boris Johnson នៅខាងមុខ​ផ្ទះ​ត្រូវ​នរគបាល​​ការពារ ខ្លាចក្រែង​ប្រជាជន​ព្រួត​គ្នា​វាយ
លោក Boris Johnson នៅខាងមុខ​ផ្ទះ​ត្រូវ​នរគបាល​​ការពារ ខ្លាចក្រែង​ប្រជាជន​ព្រួត​គ្នា​វាយ REUTERS/Peter Nicholls

សម្ពាធ​ដ៏​សែន​ធ្ងន់​សម្រាប់​លោក ​ ដេវីដ ខាមឺរ៉ុន ​ក៏ដូច​ជា​រដ្ឋាភិបាល​អង់គ្លេស​នា​ពេល​នេះ ​ ​គឺ​ធ្វើ​យ៉ាងណា ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ផ្ទៃក្នុង ​ ហើយ​ឈាន​ទៅ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​មួយ​រូប​ឲ្យបាន​ ដើម្បី​ចាប់ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន ​ ចេញ​ពី​សហភាព​អឺរ៉ុប។ អឺរ៉ុប​បាន​បញ្ជាក់​យ៉ាង​រន្ធាន់​ថា ​អង់គ្លេស​ត្រូវ​តែ​ប្រញ៉ាប់ប្រញ៉ាល់ ​មិន​ត្រូវ​អូស​បន្លាយ​រាប់​ខែ​ទេ។

នៅ​ក្នុង​គណបក្ស​អភិរក្ស​និយម​របស់​លោក ​ខាមឺរ៉ុន ​គឺ​កំពុង​សម្លឹង​ ​ទៅលើ​បុគ្គល​ពីរ​រូប​ ដែល​អាច​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ​គឺ​ទីមួយ ​ លោក​ Boris Johnson ​អតីត​ចៅហ្វាយ​ក្រុងឡុងដ៍ ​នឹង​ជា​មេដឹកនាំ​ឃោសនា​ប្រឆាំង​អឺរ៉ុប​មួយរូប ​ និង​ទីពីរ​គឺ​លោកស្រី ​Theresa May ​ ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

លោក Boris Johnson​ គេច​មិន​ផុត​ពី​ការ​រិះគន់​ទេ។ ប៉ុន្មាន​ថ្ងៃនេះ ​ពេល​លោក​ចេញ​ពី​ផ្ទះម្តងៗ ​គឺ​មាន​មនុស្ស​រាប់រយ​នាក់ ​នៅ​ចាំ​ស្វាគមន៍​ ជាមួយ​ពាក្យ​ស្រែក​ជេរ​ប្រទេច​ផ្តាសា​ ព្រោះ​ពួកគេ​ចោទថា​ ប្រជាជន​ភាគច្រើន​បាន​បោះឆ្នោត​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប ​ គឺ​ដោយសារ​តែ​ពាក្យ​ឃោសនា​បោកប្រាស់ ​ប្រឌិត​បំភ័យ ​របស់​លោក​ Boris Johnson ​នេះឯង។ អ្នក​រិះគន់​បាន​លើកឡើង​ពី​ភាព​គ្មាន​ការ​ទទួលខុស​ត្រូវ​របស់​លោក ​Boris Johnson ​ដែល​អំពាវនាវ​ឲ្យ​បោះឆ្នោត​ចេញ​ពី​អឺរ៉ុប ​ក៏​ប៉ុន្តែ​មិន​បាន​សិក្សា ​និង​ត្រៀម​លក្ខណៈ​ដាក់​យុទ្ធសាស្ត្រ​ ធ្វើ​យ៉ាងណា​ ​ធានា​មិន​ឲ្យ​អង់គ្លេស​ជួបវិបត្តិ​ទេ។
 

REUTERS/Toby Melville

ចំណែក​គណបក្ស​ការងារ​ ដែល​ជា​បក្ស​ប្រឆាំង​ឯណោះ ​កំពុង​បែកបាក់​គ្នា​ជា​១០០​ចំរៀក។ លោក ​Jeremy Corbyn ​ប្រធានា​គណបក្ស​នេះ ​ត្រូវ​បាន​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ខ្លួន​១៧២​នាក់ ​ផ្តិត​មេដៃ​ទាមទារ​ឲ្យ​ចុះចេញ​ពី​តំណែង។ តែលោក​ម្នាក់នេះ​នៅ​តែ​ក្រាញ​មិន​ព្រម​ចុះ​ ខណៈ​ដែល​សមាជិក​ផ្សេងទៀត​ បាន​នាំគ្នា​លា​ឈប់​ជា​បន្ត​បន្ទាប់។ ចលាចល​មាន​ពេញ​ក្នុង​សភា​អង់គ្លេស។ តំណាងរាស្ត្រ​គ្រប់គ្នា ​កំពុង​វង្វេង​វង្វាន់ ​ រក​មេដឹកនាំ​មិន​បាន ​ ដើម្បី​ត្រៀម​ខ្លួន​រៀបចំ​រដ្ឋាភិបាល​ថ្មី។

 
ខឹងខុស ​ខឹង​ខាត៖
បើយើង​ចុះ​ទៅ​មើល​នៅតាម​ដងផ្លូវ​ឯណោះ​វិញ ​យើង​ឃើញ​មាន​បាតុកម្ម ​ការ​ស្រែក​តវ៉ា ​របស់​ប្រជាជន​ដែល​ទាមទារ​ចង់​ឲ្យ​លប់​ចោល​លទ្ធផល​ប្រជាមតិ ​ ដែល​បាន​នាំ​អង់គ្លេស​ឲ្យ​ធ្លាក់​ក្នុង​គ្រោះថ្នាក់។ កាល​ពីល្ងាច​ថ្ងៃ​ចន្ទ ​មាន​អ្នក​ចូលរួម​គាំទ្រ ​សុំ​ឲ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​ជា​ថ្មី ​ ចំនួន​ដល់​ទៅ ​៣លាន​៨សែន​នាក់។ ហើយអ្វី​ដែល​គួរ​កត់​សម្គាល់​ យោង​តាម​ស្ថិតិ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​២៣​មិថុនា ​ភាគច្រើន​នៃ​អ្នក​បោះឆ្នោត​ព្រម​ឲ្យ​អង់គ្លេស​ចេញ ​គឺ​សុទ្ធសឹង​តែ​មនុស្ស​វ័យ​ចំណាស់ ​ចាប់​ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ។ ផ្ទុយទៅ​វិញ​ យុវជន​វ័យក្មេង ​និង​វ័យ​កណ្តាល ​ពួកគេ​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ចាកចេញ​របស់​អង់គ្លេស។ នេះ​សបង្ហាញ​ពី​គម្លាត​គ្នា ​នៃ​ការ​យល់ឃើញ​របស់​ប្រជាជន​អង់គ្លេស ​រវាង​មនុស្ស​វ័យក្មេង ​និង​មនុស្ស​ចាស់។

ការ​សម្រេច​ចិត្ត​របស់​មនុស្សចាស់ ​គឺ​វា​បាន​លាយ​លំ​ទៅ​ដោយ​ទឹកចិត្ត​ស្រណោះ​អាល័យ ​ដល់​អតីតកាល​មហា​រុងរឿង ​ដែល​អង់គ្លេស​ធ្លាប់​ជា​ចក្រភព ​ដ៏​មាន​អំណាច​តែ​ឯង ​ ព្រមទាំង​អារម្មណ៍​ជាតិ​និយម​ជ្រុល ​ ចាស់​គំរិល ​ភ័យខ្លាច​បរទេស​មក​រស់នៅ​ក្នុង​ទឹកដី​កំណើត​ខ្លួន។ ចំណែក​យុវជន​វ័យ​ក្មេង​វិញ ​ ពួកគេ​មាន​ស្មារតី​បើក​ចំហរ​ទូលាយ ​ទទួល​យក​ការរួមរស់​ ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត។ សម្រាប់​យុវជន​ រួមរស់​ជាមួយ​អឺរ៉ុប​ គឺ​វា​មិនមែន​ជា​ជម្រើស​ទេ ​តែ​វា​ជា​ការ​ចាំបាច់ ​ ក្នុង​បរិបទ​សេដ្ឋកិច្ច​សកល​ភាវូបនីយកម្ម។

ស្កុតលែនដ៍​ចង់នៅ​ជាមួយ​អឺរ៉ុប ​ជាង​នៅ​ជាមួយ​អង់គ្លេស៖

រដ្ឋសមាជិក​​ទាំងបួន នៃ​ចក្រភព​អង់គ្លេស
រដ្ឋសមាជិក​​ទាំងបួន នៃ​ចក្រភព​អង់គ្លេស

វិបត្តិ​ដ៏ធ្ងន់​របស់​អង់គ្លេស​មួយទៀត ​ គឺ​គ្រោះថ្នាក់​នៃ​ការ​បះបោរ​ទាមទារ​ផ្តាច់​ខ្លួន​ របស់​រដ្ឋ​សមាជិក។ តំបន់ស្វ័យ័ត​ស្កុតលែនដ៍ ​បាន​ធ្វើ​ប្រជាមតិ​ម្តង​ទៅហើយ ​កាល​ពី​ឆ្នាំ​២០១៤ ​ដើម្បី​យក​ឯករាជ្យ​ផ្តាច់​ខ្លួន​ចេញ​ពីអំណាច​របស់​ទីក្រុង​ឡុងដ៍។ តែកាលនោះ​លទ្ធផល​ប្រជាមតិ ​បាន​ជ័យ​ជំនះ​ទៅ​ខាង​អ្នក​មិន​ព្រម។ ក៏​ប៉ុន្តែ​ជាមួយ​នឹង​កាលៈទេសៈ​ថ្មី ​ ដែល​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប ​គឺ​វា​នឹង​ធ្វើ​ឲ្យ​ប្រជាជន​តំបន់​ស្កុតលែនដ៍​ប្តូរ​ចិត្ត។

លទ្ធផល​ប្រជាមតិ​ថ្ងៃ​ទី​២៣​មិថុនា​បង្ហាញ​ថា ​នៅ​ស្កុតលែនដ៍ ​ប្រជាជន​ដល់​ទៅ​៦២%​ ដែលចង់​រួមរស់​ក្នុងអឺរ៉ុប។​ ហើយ​តាម​ការ​ស្ទាបស្ទង់​មតិ​របស់ ​Sunday Times ​ក៏បង្ហាញ​ថា ​ប្រជាជន​តំបន់​ស្កុតលែន​៥២% ​ចង់​ឲ្យ​តំបន់​ខ្លួន ​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ ​ហើយ​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​របស់​សហភាព​អឺរ៉ុប។ យ៉ាង​ណាមិញ ​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ លោកស្រី​នាយករដ្ឋមន្ត្រី​ស្កុតលែនដ៍ ​បាន​អញ្ជើញ​ទៅដល់​ក្រុង​ព្រុចសែល ​ដើម្បី​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​អឺរ៉ុប ​និយាយ​គ្នា​ដើម្បី​រកវិធី​ឲ្យ​តំបន់​ស្កុតលែនដ៍ ​អាច​បន្ត​នៅ​ក្នុង​សហភាព​អឺរ៉ុប​តទៅ​ទៀត។ ទោះ​បី​សម្រាប់​ពេល​នេះ​ វា​នៅ​​ឆាប់​រហ័ស​ពេក ​ ​តែ​យ៉ាងណា ​នេះ​ស​បញ្ជាក់​ពី​ចេតនា​របស់​ស្កុតលែនដ៍​ ដែល​ចង់​ឆក់​ឱកាស​នេះ ​វេច​បង្វិច​ចេញ​ពី​អង់គ្លេស។

ជំងឺចាស់​រើ​ឡើងវិញ៖ អៀរឡង់​ខាង​ជើង ​ទាមទារ​ឯករាជ្យ
រដ្ឋ​សមាជិក​មួយទៀត​ ដែល​អាច​បង្ករ​​ការ​ឈឺក្បាល​ដល់ ​អង់គ្លេស​ដែរ ​ ​គឺ​តំបន់​អៀរឡង់​ខាងជើង។ តំបន់​នេះ ​ត្រូវ​បាន​ចក្រភ័ព​អង់គ្លេស ​ទៅ​ដាក់​អាណានិគម ​និង​ច្រឹប​យក​មក​គ្រប់គ្រង ​ទុក​ឲ្យ​កោះ​អៀរឡង់ ​ត្រូវ​បែកខ្ញែក​ជា​ពីរ ​ខាង​ជើង​ ជា​របស់​ចក្រភព​អង់គ្លេស ​ឯ​ផ្នែក​ខាងត្បូង​ជា​រដ្ឋ​អៀរឡង់​ឯករាជ្យ។

រហូត​មក​ដល់​ពេល​នេះ ​ចលនា​បះបោរ​ប្រឆាំង​អង់គ្លេស​នៅ​អៀរឡង់​ខាងជើង ​បាន​ស្ងប់ស្ងាត់ ​ក៏​ដោយសារតែ​ ទាំង​ប្រទេស​អៀរឡង់ ​ទាំង​អង់គ្លេស​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​ដូចគ្នា។ ដូច្នេះ​ទោះ​ តំបន់​អៀរឡង់​ខាង​ជើង​ ស្ថិត​នៅ​ខាង​អៀរឡង់ ​រឺ​ខាង​អង់គ្លេស ​ក៏​មិន​សូវ​ជា​ខុសគ្នា​ប៉ុន្មាន​ដែរ ​ព្រោះ​ពុំ​មាន​ព្រំដែន​ មនុស្សម្នា​អាច​ធ្វើ​ដំណើរ ​ទៅ​ធ្វើការ ​រស់នៅ ​បាន​ដោយ​សេរី។ ប៉ុន្តែ​បើ​សិន​ពេល​នេះ ​ អង់គ្លេស​លែងជា​សមាជិក​អឺរ៉ុប​ នោះ​ប្រជាជន​កោះ​អៀរឡង់ ​នឹង​ត្រូវ​ជួប​ការ​លំបាក ​ដោយសារ​ព្រំដែន​នឹង​ត្រូវ​ដាក់​ឡើង​វិញ ​ដែល​ការ​នេះ ​វា​នឹង​ញាំង​ឲ្យ​អៀរឡង់​ខាងជើង​ រើបំរាស់ ​ ដើម្បី​បាន​ត្រលប់​មក​រួមរស់​ជាមួយ​នឹង​ប្រទេស​អៀរឡង់​ និង​សហភាព​អឺរ៉ុប​វិញ។

ទាំងអស់​នេះ ​យើង​នៅ​មិនទាន់​និយាយ​ទៅដល់​ការ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ​ចរាចរណ៍​ភាគហ៊ុន ​និង​ទំនិញ​ហិរញ្ញវត្ថុ ​ដែល​អង់គ្លេស​កំពុង​តែ​ចាប់​ផ្តើម​ខាត​ ទៅ​ហើយ ​នោះទេ។ ការ​សម្រេចចិត្ត​តែមួយ​ប៉ព្រិច​ភ្នែក​​ របស់​ប្រជាជន​ដែល​ខ្វះ​ការ​ពិចារណា ​ដោយ​ជឿទៅ​តាម​ពាក្យ​ឃោសនា​ប្រជាភិថុត ​របស់​អ្នក​នយោបាយ​ឆក់​ឱកាស ​គឺ​កំពុងតែ​នាំ​រាជាណាចក្រ​នៃ​ម្ចាស់ក្សត្រី​អេលីហ្សាបែត ​ឲ្យ​ស្ថិត​នៅ​មាត់​ជ្រោះ​មួយ​ ដ៏​សែន​គ្រោះថ្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ