ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT

អាកាសធាតុ៖ អង្គការ​៤ រួមគ្នា​ប្តឹង​រដ្ឋ​បារាំង ពី​ “ភាព​យឺតយ៉ាវ និង​ភាព​អសកម្ម”

អាកាសធាតុ៖ អង្គការ​៤ រួមគ្នា​ប្តឹង​រដ្ឋ​បារាំង ពី​ “ភាព​យឺតយ៉ាវ និង​ភាព​អសកម្ម”
 
តំណាងអង្គការដើមបណ្តឹង 'L'Affaire du siecle'កាន់​បដា "អាកាសធាតុ៖ ពេលណាទើប​មានចម្លើយ​ត្រឹមត្រូវ?" នៅ​មុខ​តុលាការ​​រដ្ឋបាល​ ក្រុងប៉ារីស​ ថ្ងៃ​ទី​​១៤ ​មីនា ​២០១៩ Christophe ARCHAMBAULT / AFP

អង្គការបរិស្ថានចំនួន៤ បានរួមគ្នាដាក់ពាក្យប្តឹង ទៅតុលាការរដ្ឋបាលបារាំង ដើម្បីប្តឹងរដ្ឋបារាំង ដោយ​ចោទ​ពីភាពយឺតយ៉ាវ និងភាពអសកម្មរបស់រដ្ឋបារាំង ក្នុងកិច្ចការពារ​បរិស្ថាន ព្រមទាំងការទប់ស្កាត់ នូវបម្រែបម្រួលអាកាសធាតុ។ គួរកត់សំគាល់ថា នេះជាលើកទីមួយហើយ ដែលរដ្ឋបារាំ តំណាងឲ្យដោយរដ្ឋាភិបាល របស់លោកអេម៉ានុយអែល ម៉ាក្រុង ត្រូវបានអង្គការសមាគម ប្តឹងឡើងតុលាការ ស្តីពីបញ្ហាអាកាសធាតុនេះ។ សម្រាប់អង្គការ ដែលជាដើមបណ្តឹង គឺរដ្ឋបារាំង មិនបានគោរពកាតព្វកិច្ចខ្លួន ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ និងការការពារសុខមាលភាព របស់ប្រជាជន ឲ្យបានត្រឹមត្រូវ​ទេ។

“បណ្តឹងប្រចាំសតវត្ស”

បណ្តឹងនេះ ត្រូវបានគេដាក់ងារហៅថា “បណ្តឹងប្រចាំសតវត្ស-Affaire du siècle”។ អង្គការទាំង៤ ដែលជាម្ចាស់ដើមបណ្តឹង គឺ មូលនិធិនីកូឡា អ៊ុយឡូ ដើម្បីបរិស្ថាននិងមនុស្ស អង្គការ​Greenpeace បារាំង អង្គារ Notra affaire à tous និងអង្គការ Oxfamបារាំង។ ដើមដំបូង អង្គការ​ទាំង៤នេះ បានផ្តួ​ចផ្តើមគំនិតធ្វើញត្តិមួយ ដាក់ទៅរដ្ឋាភិបាលបារាំង ស្តីពីកង្វល់នានា ទាកទិននឹងបំរែបំរួលអាកាសធាតុ ផែនដីឡើងកំដៅ ព្រមទាំង​ផលវិបាកនានា ដែលជះទៅលើជីវភាព និងសុខមាលភាពរបស់ប្រជាជន។​ ញត្តិដែលបានផ្សព្វផ្សាយនៅបណ្តាញអ៊ីនធើនែត បានទទួលការចុះហត្ថលេខាគាំទ្រ ដល់ទៅ​២លាន១សែននាក់ ពីសំណាក់ប្រជាជនបារាំង។ វាជាចំនួនហត្ថលេខាដ៏ច្រើន ដែលមិនធ្លាប់មានទេ សម្រាប់ការផ្តួចផ្តើមធ្វើញត្តិកន្លងមក។ មានន័យថា បញ្ហានេះគឺប្រជាជនយកចិត្តទុកដាក់ និងមានកង្វល់ច្រើន។

ក្រោយពីបានប្រគល់ញត្តិនេះទៅឲ្យរដ្ឋាភិបាលបារាំង លោក François de Rugy រដ្ឋមន្ត្រីបរិស្ថានបារាំង បានផ្ញើរលិខិតតបទៅអង្គការទាំង៤នេះវិញ ដោយបានបដិសេធចោលទាំងអស់ នូវការចោទប្រកាន់ ដែលថា រដ្ឋាភិបាលបារាំង មានកំហុសដោយយឺតយ៉ាង ឬអសកម្ម ទាក់ទិននឹងបញ្ហាអាកាសធាតុនេះ។ ក្រសួងបរិស្ថាន បានរៀបរាប់ នូវចំនុចជាង១០ ស្តីពីវិធានការរបស់រដ្ឋាភិបាលបារាំង ក្នុងការប្រយុទ្ធប្រឆាំង និងបញ្ហាអាកាសធាតុនេះ។ គឺបន្ទាប់ពីការបដិសេធចោលទាំងស្រុងនេះហើយ ទើបអង្គការទាំង៤នេះ បានសម្រេចដាក់ពាក្យប្តឹងរដ្ឋាភិបាល នៅចំពោះមុខតុលាការរដ្ឋបាលក្រុងប៉ារីស តែម្តងនាពេលនេះ

“រដ្ឋបារាំង មិនបានបំពេញកាតព្វកិ​ច្ចខ្លួន”

សម្រាប់អង្គការដែលជាម្ចាស់ដើមបណ្តឹង គឺរដ្ឋបារាំងពុំបានគោរពនូវកាតព្វកិច្ចរបស់ខ្លួនទេ នៅក្នុងបញ្ហាអាកាសធាតុនេះ។ យោងតាមការពន្យល់ របស់លោកមេធាវី Clément Capdebos មេធាវីតំណាង​ឲ្យអង្គការ Greenpeace បានឲ្យដឹងថា ក្នុងក្របខណ្ឌនៃបេសកកម្ម​គំព៌ាអាយុជីវិតមនុស្ស និងបរិស្ថាន គឺរដ្ឋមានកាតព្វកិច្ចទូទៅ  ក្នុងការប្រយុទ្ធប្រឆាំង និងបម្រែបម្រួលអាកាសធាតុ។ ក្នុងន័យនេះ គឺមាន​ន័យថា​ រដ្ឋ​មានតួនាទី​ ដាក់ចុះនូវវិធានការ​ចាំបាច់ ឲ្យបានរហ័ស និងមានប្រសិទ្ធភាព ក្នុងការ​ការពារបរិស្ថាន ធនធាន​ធម្មជាតិ កាត់បន្ថយនូវគ្រោះថ្នាក់ ឬផលប៉ះពាល់ ដែលកើតចេញពីកត្តាអាកាសធាតុនេះ។

ចំណែក លោកស្រី Marine Fleury សាស្ត្រាចារ្យច្បាប់ផ្នែកនីតិរដ្ឋធម្មនុញ្ញា ដែលបានចូលរួមក្នុងពាក្យបណ្តឹងនេះដែរ បានលើកឡើងថា រដ្ឋមានកាតព្វកិច្ច ក្នុងការកាត់បន្ថយនូវឧស្ម័នពុល ឬឧស្ម័នផ្ទះកញ្ចក់ ដែលជាប្រភពចំបងនៃការកើនឡើងកម្តៅ​ផែនដី ព្រមទាំងកាតព្វកិច្ច ក្នុងការលើកកម្ពស់ និងកែលម្អ នូវប្រភព​ថាមពល ដែលមិនបញ្ចេញផ្សែងពុល។ លោកស្រីពន្យល់ថា ប៉ុន្តែ អ្វីដែលគេសង្កេតឃើញ គឺរដ្ឋាបារាំង មានភាព​អសកម្ម​ច្រើន ហើយម្តងហើយម្តងទៀត ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។

អង្គការដើមបណ្តឹង បានលើកយករបាយការណ៍មួយ នៃក្រុមអ្នកជំនាញអន្តររដ្ឋាភិបាល ស្តីពីដំណើរវិវឌ្ឍន៍ នៃបញ្ហាបរិស្ថាន (GIEC)។ របាយការណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី​៨តុលា ឆ្នាំ២០១៨នេះ បានបង្ហាញ​នូវទិន្ន័យវិទ្យាសាស្ត្រ ថ្មីៗ ចុងក្រោយបំផុត ទាក់ទិន​នឹង​បញ្ហា​បម្រែបម្រួលអាកាសធាតុ។ ហើយយោងតាមទិន្ន័យនេះ គឺគ្មានអ្វីប្រសើរទេ ផ្ទុយទៅវិញ គឺវាកាន់តែធ្ងន់ធ្ងរ។

ទាក់ទិននឹងបង្អែកផ្លូវច្បាប់ គឺពាក្យបណ្តឹងបានផ្អែកទៅលើអត្ថបទគតិយុត្តិមួយចំនួន មានដូចជាកតិ្តកាសញ្ញាបារាំង ស្តីពីបរិស្ថាន អនុម័តនៅឆ្នាំ២០០៥ ក្រិត្យច្បាប់របស់សហភាពអឺរ៉ុប ព្រមទាំងសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សរបស់អឺរ៉ុប។ ក្រៅពីនេះ នៅមានសន្ធិសញ្ញាអន្តរជាតិមួយចំនួន ដែលបារាំងជាប្រទេសហត្ថលេខី មានដូចជាសន្ធិសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៩២ ហើយចុងក្រោយនេះ គឺកិច្ចព្រមព្រៀងទីក្រុងបារីសឆ្នាំ២០១៥ ស្តីពីអាកាសធាតុ ដែលបារាំងមិនមែនត្រឹមតែជាប្រទេសហត្ថលេខីទេ តែជាប្រទេសរៀបចំផ្តួចផ្តើមទៀតផង។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុនេះ ពុំមានកំណត់ជាកាតព្វកិច្ចដោយផ្ទាល់ពិតមែន តែគេបានសរសេររៀបរាប់​ អំពីកម្មវត្ថុ អំពីអនុសាសន៍ នូវអ្វីដែលរដ្ឋត្រូវតែធ្វើ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុនេះ។

បណ្តឹងដាស់ពញ្ញាក់ស្មារតី ដល់រដ្ឋាភិបាល

មេធាវីដើ​មបណ្តឹង បានអះអាង ថា បណ្តឹងនេះ មិនមែនជាបណ្តឹង ដែលមានចេតនា ប្រឆាំងនឹងរដ្ឋាភិបាលបារាំងទេ។ តែជាបណ្តឹង ដែលមានន័យ ដាស់តឿន ក្រឿនរំលឹក។ ដំណាក់កាលនេះ ជាដំណាក់កាលអាសន្ន ដែលគ្រប់គ្នាត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីជួយជំរុញ ឲ្យរដ្ឋាភិបាល ត្រូវតែស្វាហាប់ ក្នុងការកាត់បន្ថយការកំដៅផែនដី និងការពារសុខមាលភាព របស់ប្រជាជន។

អ្វីដែលអង្គការដើមបណ្តឹងចង់បាន គឺចង់ឲ្យចៅក្រមនៃតុលាការ​រដ្ឋបាល ចេញសាលក្រមមួយ ដែលមានខ្លឹមសារ​ ចាប់បង្ខំឲ្យរដ្ឋបារាំង ត្រូវតែធ្វើការងារនេះ ឲ្យរហ័ស និងមានប្រសិទ្ធិភាព។ តួយ៉ាង ទាក់ទិនការកាត់បន្ថយកំណើននៃកម្តៅផែនដី  និងវិធានការទូទៅនានា ស្តីពីការអភិវឌ្ឍន៍វិស័យថាមពលដោយចីរភាព ការកាត់បន្ថយនូវបញ្ហាប្រឈម​របស់អាយុជីវិត មនុស្សសត្វ ដោយសារកត្តាអាកាសធាតុ នេះជាដើម។

លោកម៉ាក្រុង ប្រធានាធិបតីបារាំង កំពុងតែមានវត្តមាន នៅឯប្រទេសកេនយ៉ា ដើម្បីចូលរួម ក្នុងវេទិកាកំពូល « One Planet Summit »។ កន្លងមកលោកម៉ាក្រុង ត្រូវបានគេសង្កេត​ឃើញនៅលើឆាកអន្តរជាតិ ថាគឺជាមេដឹកនាំ ដែលស្វាហាប់ជាងគេ​​ ក្នុងបញ្ហាអាកាសធាតុនេះ។ ប៉ុន្តែក្នុងស្រុកបារាំងវិញ ប្រជាជនបារាំងយល់ឃើញថា រដ្ឋាភិបាលគាត់ និយាយច្រើនជាងធ្វើ។

រដ្ឋមានឧបសគ្គច្រើន ព្រោះចង់ដាក់វិធានការការពារអាកាសធាតុ គឺវាត្រូវប៉ះទង្គិច និងកត្តាសេដ្ឋកិច្ច ថាមពល និងជីវភាពរបស់ប្រជាជន។ វាជាដំណាក់កាលអន្តរកាល ដែលត្រូវផ្លាស់ប្តូរគំរូសេដ្ឋកិច្ច និងសង្គម ហើយបញ្ហានេះហើយបង្កជារនាំង ធ្វើឲ្យដំណើរការទៅមុខ មិនលឿនដូចការចង់បាន របស់អង្គការសមាគមនានា ដែលខ្វល់ខ្វាយខ្លាំងតែពីបញ្ហាអាកាសធាតុ។

យ៉ាងណាក៏ដោយ នៅឯវេទិកា One Planet Summit ក្នុងប្រទេសកេនយ៉ា នៅថ្ងៃទី​១៤មីនា លោកម៉ាក្រុង បានថ្លែងថា លោកសន្យាថា៖ បារាំងនិងធ្វើឲ្យបានល្អ ឲ្យបានច្រើនជាងនេះ ក្នុងសំណុំរឿងអាកាសធាតុនេះ។ តែដូចយើងដឹងហើយថា បញ្ហាអាកាសធាតុ ជាបញ្ហារួម មិនមែនរដ្ឋាភិបាលបារាំង តែម្នាក់ឯង អាចដោះស្រាយចេញនោះទេ។

​ពលរដ្ឋសាមញ្ញចូលរួមឈឺឆ្អាលកាន់តែខ្លាំង ប្រឈមនឹងភាពសកម្មរបស់ថ្នាក់ដឹកនាំ

មិនមែនមាននៅតែបារាំងទេ ដែលអង្គការសមាគម និងសកម្មជនបរិស្ថាន ភ័យបារម្ភខ្លាំង។ ជាក់ស្តែង ការប្តឹងរដ្ឋអំណាច​ នៅមុខតុលាការនេះ ក៏មាននៅប្រទេសកូឡុំប៊ី ប្រទេស​ហូឡង់ និងប្រទេសប៉ាគីស្ថាន។ បច្ចុប្បន្ននេះ មានបណ្តឹងយ៉ាងហោច ១០៧០​ករណី នៅទូទាំងពិភពលោក ដោយគ្រាន់តែនៅសហរដ្ឋអាមេរិក មាន៨០០ករណីទៅហើយ។

អង្គការសង្គមស៊ីវីល ព្រមទាំងប្រជាជនសាមញ្ញ នាំគ្នាចេញធ្វើសកម្មភាពកាន់តែច្រើន ដោយសារតែពួកគេសង្កេតឃើញថា រដ្ឋអំណាច មិនសូវអើរពើ ឬក៏មានភាពយឺតយ៉ាវអសកម្ម។ ជាក់ស្តែង យុវតីជនជាតិស៊ុយអ៊ែត ឈ្មោះGrieta Thunberg បានធ្វើគេចាប់អារម្មណ៍ ដោយសារយុវតីសិស្សវិទ្យាល័យរូបនេះ បានផ្តើមគំនិតធ្វើកូដកម្មមិនចូលរៀន ដើម្បីទាមទារឲ្យរដ្ឋាភិបាលគិតគូពីបញ្ហាអាកាសធាតុ។ យ៉ាងណាមិញ តាមដំណឹងទើបទទួលបាន គណកម្មបានរង្វាន់ណូបែល បានសម្រេចបញ្ជូនឈ្មោះយុវតី Grieta Thunberg ជាបេក្ខភាព​ ដើម្បីទទួលបានពានរង្វាន់ណូបែល ឆ្នាំ២០១៩នេះទៀងផង។

ការផ្តួចផ្តើមរបស់យុវតីអាយុ១៦ឆ្នាំនេះ មានការគាំទ្រច្រើនណាស់។ នៅថ្ងៃសុក្រ​ទី១៥​មីនា​នេះ នឹងមានការធ្វើកូដកម្មទូទាំងពិភពលោក របស់សិស្សសាលា ដើម្បីដាស់ស្មារតីថ្នាក់ដឹកនាំ ឲ្យគិតគូពីអនាគតរបស់ពួកគេ។ អនាគត ដែលរំពឹងទាំងស្រុង លើបញ្ហាអាកាសធាតុ។បញ្ហាអាកាសធាតុ បរិស្ថាន គឺជាបញ្ហារួម គឺជាអាយុជីវិត របស់មនុស្សសត្វ លើភពផែនដីយើង៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ