អានតួអត្ថបទ

អាមេរិកប្រកាស​ដកខ្លួន ចេញពី​សន្ធិសញ្ញា​ដក​អាវុធនុយ​ក្លេអ៊ែរ​កម្លាំង​មធ្យម ព្រោះ​រុស្ស៊ី​មិន​គោរព

រដ្ឋាភិបាលអាមេរិក តាមរយៈលិខិតប្រកាស ចុះហត្ថលេខាដោយលោកដូណាល់ ត្រាំ បានប្រកាសថា នឹងដកខ្លួន ចាប់ពីថ្ងៃទី​២កុម្ភៈនេះ ចេញពីសន្ធិសញ្ញា​ ដកអាវុធនុយក្លេអ៊ែរ​កម្លាំង​មធ្យម ដែលខ្លួនបានចុះហត្ថលេខា ជាមួយរុស្ស៊ី។ រដ្ឋាភិបាលអាមេរិក បានចោទរុស្ស៊ី ថាបាន​រំលោភ​សន្ធិសញ្ញា​​នេះ តាម​រយៈ​ការដាក់តាំង អាវុធមីស៊ីលជាច្រើនគ្រឿង នៅតាមព្រំដែន។

អ្នកកាសែតសួរតំណាងកងទ័ពរុស្ស៊ី ស្តីពីមីស៊ីលឆ្លងទ្វីបថ្មី SSC-8/9M729។ ក្រុងម៉ូស្គូ ថ្ងៃទី​២៣ មករា ២០១៩
អ្នកកាសែតសួរតំណាងកងទ័ពរុស្ស៊ី ស្តីពីមីស៊ីលឆ្លងទ្វីបថ្មី SSC-8/9M729។ ក្រុងម៉ូស្គូ ថ្ងៃទី​២៣ មករា ២០១៩ REUTERS/Maxim Shem
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិតប្រកាស របស់សេតវិមានអាមេរិក ដែលចុះហត្ថលេខា ដោយលោក​ដូណាល់ ត្រាំ មានសរសេរថា ចាប់ពីថ្ងៃទី២កុម្ភៈទៅ សហរដ្ឋអាមេរិក នឹងព្យួរទុក នូវកាតព្វកិច្ច​ទាំងអស់​ ដែលមានចែងក្នុងកិច្ចសន្ធិសញ្ញាដកអាវុធនុយក្លេអ៊ែរកម្រិតមធ្យម (INF)។ លិខិតដដែល បញ្ជាក់ថា នីតិវិធីដកខ្លួនចេញជាស្ថាពរ នឹងត្រូវចំណាយពេលប្រមាណ ៦ខែ។

សូមបញ្ជាក់ថា សន្ធិសញ្ញា​ដកអាវុធនុយក្លេអ៊ែរ កម្រិតមធ្យម ត្រូវបានចុះហត្ថលេខា​ ដោយសហរដ្ឋអាមេរិក និងសហភាពសូវៀត កាលពីឆ្នាំ១៩៨៧។ កិច្ចព្រមព្រៀងនេះ មាន​ខ្លឹមសារដាក់កំហិត មហាអំណាចនុយក្លេអ៊ែរទាំងសងខាង ថាត្រូតែបំផ្លាញចោល នូវអាវុធមីស៊ីលនុយក្លេអ៊ែរ ដែលអាចហោះបាន​រយៈចំងាយចន្លោះ ពី៥០០ ទៅ​៥៥០០​គីឡូម៉ែត្រ។

គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០១៨ លោកដូណាល់ ត្រាំ បានប្រកាសជាលើកដំបូង អំពីចេតនារបស់លោក ក្នុងការដកខ្លួនចេញ ឈប់គោរពសន្ធិសញ្ញានេះ​ ដោយលោកបានចោទថា រុស្ស៊ីបានរំលោភបំពានកាតព្វកិច្ចខ្លួន ជាច្រើនដង។ បន្ទាប់មកទៀត នៅដើមខែធ្នូ​​ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយនៅទីក្រុងព្រុចសែលថា អាមេរិក​ទុកពេល ៦០ថ្ងៃ ឲ្យរុស្ស៊ី ដកសម្ភារៈមីស៊ីល ចេញពីតាមព្រំដែនជាបន្ទាន់។ ពុំនោះទេ អាមេរិក នឹងដកខ្លួនចេញពីសន្ធិសញ្ញា។

សម្រាប់ភាគីរុស្ស៊ីវិញ គេបានច្រានចោលជានិច្ច ថាការចោទប្រកាន់របស់អាមេរិក គឺជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានត្រឹមត្រូវ។ រុស្ស៊ី បានក្រឿនរំលឹកផងដែរ អំពីគ្រោះថ្នាក់ប្រឈមទាក់ទិននឹងបញ្ហាសន្តិសុខ នៅអឺរ៉ុប បើសិនជាអាមេរិក ហ៊ានដកខ្លួន ចេញពីសន្ធិសញ្ញដកអាវុធនុយក្លេអ៊ែរកម្រិតមធ្យមនេះ។ យ៉ាងណាមិញ ថ្មីៗនេះ លោកពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយគំរាមថា បើអាមេរិកដកខ្លួនចេះពីសន្ធិសញ្ញានេះ នោះ​រុស្ស៊ី​ នឹងចាប់ផ្តើមធ្វើការអភិវឌ្ឍន៍ មីស៊ីលបាលីស្ទីកចំងាយមធ្យម។

ទោះយ៉ាងណាក៏ដោយ លោក Mike Pompeo បានអះអាងនៅថ្ងៃសុក្រទី១កុម្ភៈថា អាមេរិក ត្រៀមខ្លួននិយាយជាមួយរុស្ស៊ីជានិច្ច ទាក់ទិននឹងបញ្ហាអាវុធនុយក្លេអ៊ែរនេះ។ ប៉ុន្តែ សម្រាប់លោកEugene Rumer អតីមន្ត្រីស៊ើបការណ៍សំងាត់របស់អាមេរិក យល់ឃើញថា បច្ចុប្បន្ននេះ ទាំងអាមេរិក ទាំងរុស្ស៊ី គ្មាននរណាមានចេតនា ចង់ថែររក្សាសន្ធិសញ្ញា ដែលមានចំណាស់ជិត៤០ឆ្នាំនេះទៀតទេ។ ម្នាក់ៗសុទ្ធតែមានហេតុផលរៀងៗខ្លួន មកចោទគ្នា។ ដូច្នេះ យកល្អ គួរតែពិចារណា រៀបចំឲ្យមានបទដ្ឋានច្បាប់អន្តរជាតិថ្មី ដើម្បីឆ្លើយតបនឹងស្ថានការណ៍បច្ចុប្បន្ននេះវិញ វាប្រសើរជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ