ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/06 12h00 GMT

អាល្លឺម៉ង់៖ ជញ្ជីង​ពាណិជ្ជកម្ម​ឆ្នាំ​២០១៧ ​វិជ្ជមាន​ខ្ពស់​លើស​គេ ​តែ​អាច​បង្កប់​នូវ​ចំណុច​ខ្សោយ

អាល្លឺម៉ង់៖ ជញ្ជីង​ពាណិជ្ជកម្ម​ឆ្នាំ​២០១៧ ​វិជ្ជមាន​ខ្ពស់​លើស​គេ ​តែ​អាច​បង្កប់​នូវ​ចំណុច​ខ្សោយ
 
លោកស្រី Angela Merkel REUTERS/Christian Mang

មិនមែនតែនៅក្នុងសហភាពអឺរ៉ុបទេ គឺទូទាំងពិភពលោកតែម្តង ដែលគ្មានប្រទេសណាមួយ អាចសម្រេចបាន នូវជញ្ជីងពាណិជ្ជកម្ម ដែលមានកំរិតវិជ្ជមាន​ បានខ្ពស់ល្អដូចជាអាល្លឺម៉ង់។​​ សូម្បីតែចិន ដែលគ្រប់គ្នា តែងតែលាន់មាត់ថា មានកំណើនសេដ្ឋកិច្ចល្អ នាំចេញទំនិញទៅក្រៅ ច្រើនជាងនាំចូលទំនិញនោះ ក៏មិនអាចស្មើនឹងអាល្លឺម៉ង់ដែរ។ ក៏ប៉ុន្តែ ទន្ទឹមនឹងជញ្ជីងពាណិជ្ជកម្ម ដ៏ល្អរបស់អាល្លឺម៉ង់នេះ ធ្វើឲ្យរដ្ឋាភិបាល​សប្បាយក្អាកក្អាយ  មានអ្នកជំនាញសេដ្ឋកិច្ចមួយចំនួនធំ បានក្រើនរំលឹកថា ចំនុចវិជ្ជមានកំពុង​តែ​បិទបាំង​នូវ​ចំនុចខ្សោយ របស់សេដ្ឋកិច្ចអាល្លឺម៉ង់ ដែលរដ្ឋាភិបាល ត្រូវតែប្រញ៉ាប់ ដោះស្រាយ​ជា​បន្ទាន់មុននឹងហួសពេល។

ក្នុងឆ្នាំ​២០១៧ នរណាខ្លះ ដែលភ័យខ្លាចសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារតែវិបត្តិ ចាកចេញ​ពីសហភាពអឺរ៉ុប​របស់អង់គ្លេស និងក្រោយការឡើងកាន់តំណែងរបស់លោក ដូណា​ល់ ត្រាំ? សម្រាប់អាល្លឺម៉ង់ សេដ្ឋកិច្ចឆ្នាំ២០១៧ មានតែដើរទៅមុខយ៉ាងល្អ។ ជញ្ជីង​ពាណិជ្ជកម្ម​របស់អាល្លឺម៉ង់ ល្អលើសចិនទៅទៀត។ នៅថ្ងៃទី ៨កុម្ភៈនេះ វិទ្យាស្ថានស្ថិតិ​អាល្លឺម៉ង់ និងចេញផ្សាយនូវតួលេខផ្លូវការ ស្តីពីជញ្ជីងពាណិជ្ជកម្មនេះ។

តែបើតាមតួលេខរបស់វិទ្យាស្ថានសេដ្ឋកិច្ច ក្រុងមុយនិច ដែលចុះផ្សាយកាលពីដើមខែមករា បានបង្ហាញថាឆ្នាំ២០១៧​ បើគេយកចំនួនទឹកប្រាក់នៃការនាំចេញ ទៅដក នឹងទឹកប្រាក់នៃការនាំចូល គឺមានសល់ដល់ទៅ ២៥៧ពាន់លានអឺរ៉ូ។ មានន័យថា អាល្លឺម៉ង់ នាំផលិតផលខ្លួនចេញទៅក្រៅ លើសការនាំចូលផលិតផលបរទេស ដល់ទៅជាង២រយពាន់លានអឺរ៉ូ ពោលគឺស្មើនឹង ៧%នៃ ផលិតផលដុលក្នុងស្រុកសរុប។

នរណាមិនទទួលស្គាល់ ផលិតផល Made in Germany ? ប៉ុន្តែស្របគ្នា ជាមួយនឹងមោទនភាព​នេះ សហគ្រិនអាល្លឺម៉ង់ ក៏ដូចជាអ្នកជំនាញវិភាគសេដ្ឋកិច្ចជាច្រើន ចាប់ផ្តើម ព្រួយបារម្ភ និងចោទសួរ ថា តើមានអ្វីខ្លះ ដែលជាផលអវិជ្ជមាន នៃជញ្ជីងពាណិជ្ជកម្ម ដ៏ល្អរបស់អាល្លឺម៉ង់នេះ?

កន្លងមក បញ្ហានេះ ត្រូវបានគេធ្លាប់លើកយកមកនិយាយ នៅក្នុងក្របខណ្ឌ មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារកណ្តាលរបស់អឺរ៉ុប ក៏ដូចជាពីសំណាក់រដ្ឋាភិបាលសហរដ្ឋ​អាមេរិក។ លោក Mario Draghi ទេសាភិបាលធនាគាកណ្តាលអឺរ៉ុប ធ្លាប់បានបន្ទោសរដ្ឋាភិបាល​អាល្លឺម៉ង់ថា ជញ្ជីងពាណិជ្ជកម្មរបស់អាល្លឺម៉ង់ ដែលផ្អៀងខ្លាំង និងជាប្រចាំ ម្តងហើយម្តងទៀត ទៅរកតែខាងការនាំចេញ គឺវានឹងជះផលអាក្រក់ ​មកលើប្រព័ន្ធ ម៉ាក្រូសេដ្ឋកិច្ច អន្តរជាតិ ទាំងមូល។ លោកបន្ថែមថា រដ្ឋាភិបាលអាល្លឺម៉ង់​​ ដូចជាមិនសូវប្រឹប្រែង ក្នុងការកាត់បន្ថយភាពខុសគ្នានេះណាស់។ លោកបន្តថា រដ្ឋាភិបាលអាល្លឺម៉ង់ គួរតែចាប់ផ្តើម​ អភិវឌ្ឍន៍ បន្ថែមការបោះទុនសាធារណៈរបស់រដ្ឋ ជំរុញឲ្យមានការវិនិយោគឯកជន ឬក៏តំឡើងប្រាក់ខែដល់បុគ្គលិក ដើម្បីឈានទៅតំឡើងអំណាចទិញរបស់ប្រជាជន និងជំរុញឲ្យមានការនាំចូលកាន់តែច្រើន។

ជានិច្ចជាកាល តំណាងក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ តែងតែឆ្លើយតបមកវិញថា គេមិនអាចធ្វើអ្វី ឲ្យបានលើសនេះទេ ក្នុងការកាត់បន្ថយគំលាត នៃជញ្ជីងពាណិជ្ជកម្ម។ ធ្វើយ៉ាងម៉េចទៅ​ បើផលិតផលអាល្លឺម៉ង់ កំពុងត្រូវប៉ាន់ និងលក់ដាច់ម្លឹងៗ? ការនាំចេញរបស់​អាល្លឺម៉ង់ បានកើនឡើង ក៏ដោយសារតែតម្លៃប្រាប់អឺរូបានថយចុះ។ ក្រៅពីនេះ នៅមានអត្រា​ការប្រាក់​ចុះថោក ព្រមជាមួយនឹងតម្លៃប្រេងដែលចុះផងដែរនោះ ធ្វើឲ្យតម្លៃផលិត ក៏កាន់តែចុះទៅតាមនោះ។ ទាក់ទិននឹងការតំឡើងប្រាក់ខែបុគ្គលិក រដ្ឋាភិបាលគ្មានតួនាទី​អ្វីទេ។ គឺដៃគូ ក្នុងវិស័យការងារ រវាងតំនាងនយោជក និងសហជីពតំណាង​នយោជិក ទេ​ ដែលត្រូវរួមគ្នាដោះស្រាយរឿងនេះ។

ជាការពិត អំណះអំណាងដោះសារទាំងអស់នេះ គឺវាមិនខុសទាំងស្រុងទេ។ ក៏ប៉ុន្តែ វាក៏បានបង្ហាញថា រដ្ឋាភិបាល​អាល្លឺម៉ង់ មិនមានសមត្ថភាព និងមិនមានឆន្ទៈ ក្នុងការដោះស្រាយវា។ ឬអាចហៅថាជាការធ្វេសប្រហែសក៏ថាបាន។​ អ្នកជំនាញសេដ្ឋកិច្ចខ្លះ ដូចជាលោក ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចក្រុងប៊ែរឡាំង បាននិយាយថា រាប់ឆ្នាំមកហើយ ដែលរដ្ឋអាល្លឺម៉ង់ មិនសូវយកចិត្តទុកដាក់ ចំណាយប្រាក់វិនិយោគទេ។ រដ្ឋអាល្លឺម៉ង់ ភ័យបារម្ភណាស់ ខ្លាចតែចាយលុយហួសកំរិត កើតទៅជាបំណុលសាធារណៈ។ វិធានច្បាប់រិតត្បិតការចំណាយថវិការដ្ឋ ដែលបានបញ្ជូលទៅក្នុងរដ្ឋធម្មនុញ្ញនៅឆ្នាំ​២០០៩ ក្រោយវិបត្តិហិរញ្ញវត្ថុសកលលោកនោះ បានធ្វើឲ្យអាជ្ញាធររដ្ឋអាល្លឺម៉ង់ គ្រាប់ជាន់ថ្នាក់ ត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវចាយប្រាក់ដោយខ្ជះខ្ជាយឡើយ។

ផលវិបាកនៃការរិតត្បិតការចំណាយនេះ គឺធ្វើឲ្យការវិនិយោគសាធារណៈ មានកាន់តែតិចទៅៗ។ សម្ភារៈសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ផ្លូវដែក សាលារៀន មន្ទីរពេទ្យ នៅតាមតំបន់ខ្លះ កំពុងត្រូវពុកផុយ ដោយសារតែរដ្ឋមិនចង់ចំណាយប្រាក់ មកជួសជុល ឬទិញថ្មីដាក់។ មិនត្រឹមតែប៉ុណ្ណោះទៀត ហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាញ​អ៊ីនធ័រនែត ដែលចាំបាច់បំផុត ក្នុងវិស័យសេដ្ឋកិច្ចបច្ចេកវិទ្យា ក៏អាល្លឺម៉ង់ នៅតែយឺតយ៉ាវដែរ។

បច្ចុប្ប​ន្ននេះ កង្វះនៃការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ តែងតែត្រូវគេលើកមកនិយាយ។ សហព័ន្ធនយោជកឧស្សហកម្មអាល្លឺម៉ង់ ធ្លាប់បានលើកឡើងថា បើសិនជាធ្វេសប្រហែស  អាល្លឺម៉ង់ និងដើរក្រោយគេ មិនអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងបានទេ។ ជាក់ស្តែងការបោះទុន ទៅលើបណ្តាញអ៊ីនធ័រនែតល្បឿនលឿន ទូទាំងប្រទេស ដែលគេចង់ធ្វើឲ្យបានចប់នៅឆ្នាំ២០២៥នោះ គឺជាគំរោងដែលុំមិនគ្រប់គ្រាន់ទេ។ ទំរាំដល់ឆ្នាំ២០២៥ ក្រុមហ៊ុនគេរត់ចេញទៅបោះទុនរកស៊ី នៅប្រទេសផ្សេងអស់បាត់ទៅហើយ។

ទាក់ទិននឹងច្បាប់ការងារ ក៏ដូចជាប្រាក់បៀរវត្ស៍បុគ្គលិក កាលពីសប្តាហ៍មុន គ្រប់គ្នាមានការភ្ញាក់ផ្អើល ជាខ្លាំង ដោយឃើញបុគ្គលិក របស់សហគ្រាសអាល្លឺម៉ង់ ជាង២៥០ក្រុមហ៊ុន បាននាំគ្នាធ្វើបាតុកម្មមិនចូលធ្វើការ។ បុគ្គលិក បានទាមទារ ឲ្យសហគ្រាស គួរចាប់ផ្តើមគិតគូរតំឡើងប្រាក់ខែ ព្រមទាំងសម្រួលក្ខខណ្ឌការងារឲ្យពួកគេ ខណៈដែរ​ផលចំណេញនៃសេដ្ឋកិច្ចអាល្លឺម៉ង់ មានកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។

គួរកត់សម្គាល់ថា សេដ្ឋកិច្ចអាល្លឺម៉ង់ បានដើរយ៉ាងល្អ មានកំណើន និងរដ្ឋគ្មានបំណុលសាធារណៈ ខុសពីប្រទេសដ៏ទៃ ក៏ដោយសារតែគោលនយោបាយ បែបរិតត្បិតខ្លាំងនេះឯង។​ វាគឺជាគោលនយោបាយ របស់លោកស្រី អង់ហ្គេឡា មែរគែល ដែលអ្នកប្រឆាំងលោកស្រីខ្លះ បានដាក់ងារឲ្យថា ជាមេគំរិះ រិតត្បិតការចំណាយរដ្ឋ កាត់បន្ថយសេវាសាធារណៈ​ ធ្វើបាបតែអ្នកក្រ។

ការរិតត្បិតការចំនាយរដ្ឋ គឺមានន័យថា ប្រជាជនតូចតាចសាមញ្ញ ជាអ្នកធ្វើពលីកម្ម ជាអ្នកស៊ូទ្រាំខាំមាត់។ តើប្រជាជនអាល្លឺម៉ង់ អាចស៊ូទ្រាំដល់ពេលណា? ​លទ្ធផលនៃការបោះឆ្នោតសភា កាលពី៤ខែមុន នបានបង្ហាញឲ្យយើងដឹងហើយ ថា​គោលនយោបាយបែបគំរិះ របស់លោកស្រីមែរគែល​ លែងមានមនុស្សគាំទ្រច្រើនដូចមុនទៀតហើយ។ លោកស្រី ឈ្នះឆ្នោតមែន តែឈ្នះដោយមិនគ្រប់ ដើម្បីបង្កើតរដ្ឋាភិបាល តែម្នាក់ឯងបាន។ ៤ខែ មកហើយ ដែលលោកស្រីមែរគែល ប្រឹងប្រែងចរចា ដើម្បីស្វែងរកដៃគូ មកចូលរូមបង្កើត រដ្ឋាភិបាលចំរុះ។

ជាចុងបញ្ចប់ កាលពីថ្ងៃពុធ ទី ៧កុម្ភៈនេះ គណបក្សសង្គមប្រជាធិបតេយ្យ ដែលមានលោក Martin Shultz ជាក្បាលម៉ាស៊ីន  បានសុខចិត្តចុះហត្ថលេខា លើកិច្ចសន្យាបង្កើតរដ្ឋាភិបាលចំរុះ ជាមួយលោកស្រីមែរគែល។ ក៏ប៉ុន្តែ លោកស្រីមែរគែល បានសុខចិត្ត ធ្វើសម្បទានយ៉ាងច្រើន។ បើតាមការឲ្យដឹង ក្រសួងធំចំនួន៣ នឹងត្រូវធ្លាក់ ទៅក្នុងដៃគណបក្ស​សង្គមប្រជាធិបតេយ្យ របស់លោក Martin Shulz ក្នុងនោះមានក្រសួងហិរញ្ញវត្ថុ ក្រសួងការបរទេស និងក្រសួងសង្គមកិច្ចការងារ។ យើងរងចាំមើល  ថាតើ លោក Martin Shulz ដែលតែងតែរិះគន់លោកស្រី មែរគែល មករហូតនោះ តើនឹងអាចធ្វើអ្វីបានខ្លះ ឲ្យលើសលោកស្រី មែរគែលទៅ?


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ជិតបួនខែ​ក្រោយ​ការបោះឆ្នោត អាល្លឺម៉ង់​ទើប​រកឃើញ​ពន្លឺ​បង្កើត​រដ្ឋាភិបាលចេញ

    ស្វែងយល់បន្ថែម

  • តួកគី-អាល្លឺំម៉ង់

    រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ និង​តួកគី​ជួបគ្នា ​ដើម្បី​ស្តារ​ទំនាក់ទំនង​ ផ្សះផ្សា​គ្នាវិញ​

    ស្វែងយល់បន្ថែម

  • អាល្លឺម៉ង់

    លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បរាជ័យ ក្នុង​ការចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះ

    ស្វែងយល់បន្ថែម

  • ពរ​​ឆ្នាំថ្មី​ ២០១៨​

    ថ្នាក់​ដឹកនាំ​​ប្រទេស​​ធំៗ​​​ជូនពរ​​​​ទៅ​​កាន់​​ប្រជាជាតិ​​នាឱកាស​​ប្រារព្ធ​​ពិធី​​បុណ្យ​​ចូលឆ្នាំ​​ថ្មី​​២០១៨​​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ