អានតួអត្ថបទ
អាល្លឺម៉ង់-ជនភៀសខ្លួន

អាល្លឺម៉ង់៖ ជោគជ័យ​ដ៏ផុយស្រួយ​ របស់​លោកស្រី​មែរគែល​ ក្នុងការ​រក្សា​រដ្ឋាភិបាល​ចំរុះ​កុំ​ឲ្យ​រលំ

បន្ទាប់ពីបានប្រជុំបន្ទាន់ កាលពីល្ងាចថ្ងៃចន្ទ ទី២កក្កដា ម្សិលមិញ ទីបំផុតទៅ លោកស្រីមែរគែល បានសម្រេច​ចិត្ត ធ្វើសម្បទាន លើវិធានការចាត់ចែងបញ្ហាជនអន្តោប្រវេសន៍ ដើម្បីស្រោចស្រង់រដ្ឋាភិបាលចំរុះរបស់លោកស្រី កុំឲ្យរលំ។ សូមបញ្ជាក់ថា​ការយល់ព្រមធ្វើសម្បទាននេះ គឺបន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានគំរាមដើរចេញពីរដ្ឋាភិបាលចំរុះ បើសិនជាលោកស្រីមែរគែល មិនយល់ព្រម​ ចាប់បញ្ជូនជនអន្តោប្រវេសន៍ចេញពីអាល្លឺម៉ង់ទេនោះ។

​លោកស្រី​Angela Merkel បោះដៃ​ចាប់​​លោក​ Horst Seehofer ក្នុង​កិច្ច​ប្រជុំ​រវាងបក្ស CDU និងបក្សCSU។ ក្រុងប៊ែកឡាំង ថ្ងៃទី​៣ មិថុនា២០១៨
​លោកស្រី​Angela Merkel បោះដៃ​ចាប់​​លោក​ Horst Seehofer ក្នុង​កិច្ច​ប្រជុំ​រវាងបក្ស CDU និងបក្សCSU។ ក្រុងប៊ែកឡាំង ថ្ងៃទី​៣ មិថុនា២០១៨ REUTERS/Hannibal Hanschke
ផ្សាយពាណិជ្ជកម្ម

លោកស្រីអង់ហ្គេឡា មែរគែល បានសុខចិត្តបោះបង់គំនិត បើកចំហរទ្វារទទួល​ជនភៀស​ខ្លួន ដោយបានយល់ព្រមធ្វើសម្បទាន ទៅតាមការទាមទាររបស់ លោក Horst Seehofer រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងជាមេបក្ស CSU បក្សស្តាំអភិរក្សនិយម ដែលមកចូលរួមបង្កើតរដ្ឋាភិបាលចំរុះ។ ដោយការធ្វើសម្បទានរបស់លោកស្រីមែរគែលនាពេលនេះ រដ្ឋាភិបាលចំរុះអាល្លឺម៉ង់ ដែលបានចាប់បដិសន្ធិឡើង យ៉ាងត្រដាប​​ត្រដួស​នោះ អាចបន្តមានជីវិតទៅមុខទៀតបាន។ តែយ៉ាងណា កាសែត Bild របស់អាល្លឺម៉ង់ បានសរសេរ​ថា បរិយាកាសក្នុងរដ្ឋាភិបាលនេះ ពោរពេញដោយក្តីអួរអាប់ តឹងតែងបំផុត។

គួររំលឹកថា លោក Horst Seehofer បានដាក់ឱសានុវាទ ឲ្យលោកស្រីមែរគែល ត្រូវតែកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ ដោយត្រូវតែចាប់បញ្ជូនចេញ ទៅប្រទេសអឺរ៉ុបទីមួយ ដែលជនអន្តោប្រវេសន៍បានចុះឈ្មោះមុនគេបង្អស់។ ពុំនោះទេ ប្រធានបក្សស្តាំអភិរក្សនិយមនេះ នឹងដើរចេញពីរដ្ឋាភិបាល ទុកឲ្យរដ្ឋាភិបាលចំរុះនេះ ត្រូវបាក់ស្លាបម្ខាង។

ពីដំបូង លោកស្រីមែរគែល ហាក់មិនចង់ធ្វើសម្បទាន ដោយឈរលើគោលការណ៍ ថាបញ្ហាជនអន្តោប្រវេសន៍ គឺជាបញ្ហារួមរបស់អឺរ៉ុប ហើយអាល្លឺម៉ង់ មិនអាចចាប់បញ្ជូនចេញ យករួចខ្លួនម្នាក់ឯងបានទេ។ តែទីបំផុតទៅ លោកស្រីមែរគែល បានបង្ខំចិត្តធ្វើតាមបក្សស្តាំអភិរក្សនិយម ដោយសុខចិត្ត បង្កើតឲ្យមានមណ្ឌលបណ្តោះអាសន្ន ដើម្បី​យក​ជន​អន្តោ​ប្រវេសន៍ទៅទុក មុននឹងបញ្ជូនទៅកាន់ប្រទេសអឺរ៉ុបមួយទៀត ដែលជនអន្តោប្រវេសន៍នោះ បានចុះបញ្ជីនៅទីនោះ ហើយបានឆ្លងកាត់ មុនមកដល់អាល្លឺម៉ង់។

តែយ៉ាងណា ការធ្វើសម្បទានរបស់លោកស្រី មែរគែលនាពេលនេះ គឺជាជោគជ័យ មួយដ៏ផុយស្រួយ។ អ្នកនយោបាយខ្លះ មកពីគណបក្ស SPD ដែលជាគណបក្សទីបី ចូលរួមបង្កើតរដ្ឋាភិបាលចំរុះនេះដែរ បានរិះគន់ថា មណ្ឌលបង្ឃាំងជនភៀសខ្លួននេះ គឺមិនខុស​ពី​គុក​បង្ឃាំង​ជនជាតិជ្វីហ្វ ក្នុងជំនាន់អ៊ីត្លែណាហ្សីសនោះទេ។ គេកំពុងរងចាំតាមដាន​ ថាតើ គណបក្សSPDនេះ ព្រមអនុម័តទទួលយកគំនិតនេះដែរ ឬទេ។ បើមិនព្រមមានន័យ​ថា រដ្ឋាភិបាលចំរុះរបស់លោកស្រីមែរគែលនេះ នឹងរញ្ជួយសាជាថ្មី។

គួរកត់សំគាល់ថា ជនភៀសខ្លួន ដែលធ្វើដំណើរចូលអាល្លឺម៉ង់ គឺភាគច្រើន ចូលមកតាមច្រកអ៊ីតាលី មុននឹងមកដល់អូទ្រីស ហើយឆ្លងចូលអាល្លឺម៉ង់។ បើសិនជារដ្ឋាភិបាល​អាល្លឺម៉ង់ សម្រេចចាត់វិធានការបែបនេះមែន មានន័យថា គេនឹងបង្កើតមណ្ឌល​បង្ឃាំង​ជនភៀសខ្លួន នៅតាមព្រំដែនអូទ្រីស។ តាមគោលការណ៍ ប្រទេសមួយមិនអាចចាប់បញ្ជូន​ជនភៀសខ្លួន ទៅកាន់ប្រទេសមួយទៀតទេ បើសិនជាគ្មានការយល់ព្រមពីប្រទេសនោះ។ អូទ្រីស បានប្រកាសឲ្យដឹងហើយ ថាគេមិនទទួលជនភៀសខ្លួន ដែល​អាល្លឺម៉ង់ បញ្ជូនមកវិញទេ។ បើសិនជាអាល្លឺម៉ង់ នៅតែបណ្តេញមក គេនឹងចាប់បញ្ជូនបន្ត ទៅឲ្យអ៊ីតាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ