អានតួអត្ថបទ
អាល្លុឺម៉ង់

បោះឆ្នោត​សភា​អាល្លឺម៉ង់៖ លោកស្រី​មែរគែល ​សង្ឃឹម​ឈ្នះ​អាណត្តិ​ទី៤

នៅថ្ងៃ​អាទិត្យ ​ទី​ ២៤ ​កញ្ញា​នេះ ​ប្រជាជន​អាល្លឺម៉ង់ ​ប្រមាណ​ជា​៦១​លាន​នាក់ ​នឹង​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ ជ្រើសរើស​សមាជិក​សភា​ជាន់​ទាប​ អាល្លឺម៉ង់។ គណបក្ស​ដែល​ទទួល​បាន​សម្លេង​ភាគច្រើន ​ក្នុង​សភា​នេះ ​នឹង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល ​ហើយ​ជ្រើសរើស​អធិការបតី​ថ្មី។ លោកស្រី ​អង់ហ្គេឡា មែរគែល ​មក​ពី​បក្ស​អភិរក្ស​និយម ​កំពុង​សង្ឃឹម​ឈ្នះ ​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​សម្រាប់​អាណត្តិ​ទី​៤​បន្ត​ទៀត។

លោកស្រី Angela Merkel នៅថ្ងៃឃោសនាចុងក្រោយ ថ្ងៃទី ២៣ ​កញ្ញា ២០១៧
លោកស្រី Angela Merkel នៅថ្ងៃឃោសនាចុងក្រោយ ថ្ងៃទី ២៣ ​កញ្ញា ២០១៧ REUTERS/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

លោកស្រី ​អង់ហ្គេឡា ​មែរគែល​ ​ដែល​មក​ពី​គណបក្ស​អភិរក្ស​និយម​ CDU ​(Union Chrétienne-Démocrate) ​ត្រូវ​ប្រជែង ​ជាមួយ​នឹង​លោក ​ Martin Schulz ​មក​ពី​គណបក្ស​សង្គម​និយម​ប្រជាធិបតេយ្យ ​SPD។ បើតាម​ការ​ស្ទៀបស្ទង់​មតិ ​ គណបក្ស​លោកស្រី​អង់ហ្គេឡា ​មែរគែល ​ អាច​នឹង​ទទួល​បាន​សម្លេង​ឆ្នោត​ បាន​ចន្លោះ​ពី​ ៣៤ ​ទៅ​ ៣៦% ​ចំណែក​គណបក្ស​លោក​ ម៉ាកតាំង ​ហ្ស៊ូលស៍ ​អាច​នឹង​បាន​សម្លេង​ឆ្នោត​ប្រហែល ​២១ ​ទៅ ​២២%។

តែអ្វី​ដែល​គេ​កំពុង​ភ្ញាក់ផ្អើល ​នោះ​ គឺ​ការ​កើនឡើង ​នូវ​ប្រជាប្រិយភាព ​របស់​គណបក្ស​ស្តាំនិយម​ជ្រុល ​​AfD។ យោង​តាម​តួលេខ​ស្ទាបស្ទង់​មតិ​ គឺ​គណបក្ស​នេះ​អាច​នឹង​បាន​សម្លេង​ឆ្នោត​ លំដាប់​ទីបី ​ហើយ​ឈាន​ទៅ​អាច​មាន​កៅអី ​នៅក្នុង​សភា​ជាន់​ទាប​អាល្លឺម៉ង់។ អ្នក​វិភាគ​នយោបាយ​អាល្លឺម៉ង់ ​យល់​ថា ​ការ​កើនឡើង​កំលាំង​នៃ​គណបក្ស​ស្តាំនិយម​ជ្រុល​នេះ​ គឺ​ជា​ការ​ព្រួយ​បារម្ភ​បំផុត​ ដែល​សង្គម​អាល្លឺម៉ង់​ អាច​ធ្លាក់​ទៅ​ក្នុង​ទ្រឹស្តី​រើសអើង​ប្រកាន់​ពូជសាសន៍ ​ដូច​កាល​ពី​អតីតកាល។

គណបក្ស​នេះ ​ត្រូវបាន​គេ​ដឹងថា ​បាន​ប្រើប្រាស់​ទ្រឹស្តី​ស្អប់ខ្ពើម​ជន​បរទេស ​ជា​អាវុធ​ដើម្បី​ឃោសនា។ អ្នក​ខ្លះ​ហ៊ាន​ទៅដល់​សន្និដ្ឋាន​ថា ​វា​គឺ​ជា​ទំនោរ​ទ្រឹស្តី​ របស់​អតីត​ក្រុម​ណាហ្ស៊ីស​ទៀតផង។ គឺ​គណបក្ស ​AfD​ នេះ​ហើយ ​ដែល​បាន​ចោទ​លោកស្រី ​ អង់ហ្គេឡា មែរគែល ​ថា​ក្បត់ជាតិ ​នៅពេល​ដែល​លោកស្រី​សម្រេច​បើក​ទ្វារ​ព្រំដែន​ទទួល​យក​ជនភៀសខ្លួន​ដោយ​សង្រ្គាម​ មក​ពី​តំបន់​ដើមបូព៌ា ​និង​អាហ្វ្រិក។

សូម​បញ្ជាក់​ថា ​នេះ​គឺ​ជា​ការ​បោះឆ្នោត​សភា​ជាន់ទាប​អាល្លឺម៉ង ​រឺដែល​ហៅ​ថា ​Bundestag។ សភា​Bundestag ​មាន​អាសនៈ​ចំនួន​៥៩៨។ ការ​បោះឆ្នោត​នេះ​ មាន​លក្ខណៈ​ស្មុគស្មាញ ​ដោយសារ ​សមាជិក​សភា​នេះ​ត្រូវ​ចែក​ជា​ពីរ​ក្រុម ដែល​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​ជ្រើសរើស​ខុសគ្នា ​ហើយ​ប្រជាជន​ម្នាក់ៗ​ ក៏មាន​សម្លេង​ឆ្នោត​ពីរ​ដែរ។ ទីមួយ​ គឺ​សមាជិក​សភា ​ចំនួន​២៩៩​នាក់ ​តំណាង​ឲ្យ​មណ្ឌល​ ទាំង​២៩៩​ (Land) នៅ​អាល្លឺម៉ង់។ ប្រជាជន ​នៅតាម​មណ្ឌល​ទាំង​នេះ​ ត្រូវ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ម្នាក់ ​ដែល​ខ្លួន​ពេញ​ចិត្ត។​ ចំណែក​អាសនៈ​២៩៩​ផ្សេង​ទៀត ​គឺ​ប្រជាជន​ត្រូវ​បោះឆ្នោត ​ឲ្យ​ទៅ​បញ្ជី​បេក្ខជន​ របស់​បក្ស​ដែល​ខ្លួន​ពេញចិត្ត ​ដោយ​អាសនៈ​ ត្រូវ​គិត​តាម​ប្រព័ន្ធ​សមាមាត្រ។

សូម​បញ្ជាក់​ថា ​អស់រយៈ​ពេល​១២​ឆ្នាំ​ហើយ​ ដែល​លោកស្រី ​អង់ហ្គេឡា មែរគែល ​បាន​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់។ ស្ថិត​ក្នុង​វ័យ​ ៦៣​ ឆ្នាំ ​ លោកស្រី ​នៅតែ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ​សម្រាប់​ប្រជាជន​អាល្លឺម៉ង់ ​ទូទៅ។ បច្ចុប្បន្ន ​អាល្លឺម៉ង់ ​គឺ​ជា​កម្លាំង​ចលករ​សេដ្ឋកិច្ច​ ធំ​បំផុត ​នៅ​សហភាព​អឺរ៉ុប។ ​បើ​តាមការ​ស្ទាបស្ទង់​មតិ ​ថ្វីបើ​គណបក្ស​របស់​លោកស្រី​ អង់ហ្គេឡា មែរគែល ​មាន​សង្ឃឹម​ឈ្នះមែន​ តែ​នៅតែ​មិន​ឈ្នះ​ដាច់​ទេ។​លោកស្រី ​នឹងត្រូវ​តែ​ពិចារណា ​សហការ​ជាមួយ​បក្ស​ណាមួយ​ផ្សេង​ទៀត ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចំរុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ