អានតួអត្ថបទ
អេស្ប៉ាញ

អេស្ប៉ាញ៖ ប្រជាជន​កាតាឡូញ៉ា​រាប់ម៉ឺន​នាក់ ដង្ហែរ​ក្បួន​ប្រឆាំង​នឹងការ​​ទាមទារ​បំបែក​ទឹក​ដី​

នៅ​ទីក្រុង​បាសេឡូណា តំបន់កាតាឡូញ៉ា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ទី២៩តុលា​  មានការដង្ហែរក្បួនដ៏ធំមួយ ដោយមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់ ដើម្បីជាការតវ៉ា ប្រឆាំងនឹងការទាមទារផ្តាច់ខ្លួន ចេញពីទឹកដីអេស្ប៉ាញ។ ការជួបជុំនេះ ធ្វើឡើង ក្រោយពេលដែលរដ្ឋសភា​ និងរដ្ឋបាលតំបន់ស្វយ័តកាតាឡូញ៉ា បានធ្វើការប្រកាសឯករាជ្យជាឯកតោភាគី កាលពីថ្ងៃសុក្រ ទី ២៧តុលា។ ប្រជាជនដែលមកជួបជុំតវ៉ា បានបរិហារថា ការទាមទារឯករាជ្យកាតាឡូញ៉ា នេះ មិនបានស្តែងចេញពីឆន្ទៈរបស់ប្រជាជនតំបន់កាតាឡូញ៉ាទាំងស្រុងទេ។

បាតុករគាំទ្រ​ការ​បង្រួប​បង្រួម​ជាតិ​អេស្ប៉ាញ នៅទីក្រុង​​ Barcelona ​ថ្ងៃទី ​២៩​ តុលា ​២០១៧
បាតុករគាំទ្រ​ការ​បង្រួប​បង្រួម​ជាតិ​អេស្ប៉ាញ នៅទីក្រុង​​ Barcelona ​ថ្ងៃទី ​២៩​ តុលា ​២០១៧ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

បើយោងតាមតួលេខរបស់សមត្ថកិច្ចកាតាឡូញ៉ា  នៅរសៀលថ្ងៃអាទិត្យ ទី២៩តុលា  មានមនុស្សយ៉ាងហោចណាស់៣០ម៉ឺននាក់​ ដែលបានមកចូលរួមដើរដង្ហែរក្បួន​ ដើម្បីការបង្រួបបង្រួមជាតិអេស្ប៉ាញ។ ប៉ុន្តែបើយោងតាម អ្នករៀបចំកម្មវិធី គឺមានអ្នកចូលរួម​ប្រមាណជា១លាននាក់ ដែលមកពីគ្រប់ច្រកល្ហក នៃតំបន់កាតាឡូញ៉ា ដើម្បីសំដែងពីការមិនសុ​ខចិត្តរបស់ពួកគេ ប្រឆាំងទៅនឹងការប្រកាសឯករាជ្យ ផ្តាច់ខ្លួនចេញពីអេស្ប៉ាញ។

ហ្វូងមនុស្សបានលើកទង់ជាតិអេស្ប៉ាញឡើងព្រោងព្រាត ហើយមានអ្នកខ្លះបានស្រែកថា លោក Carles Puigdemont មេដឹកនាំកាតាឡូញ៉ា ត្រូវតែចូលគុក។ បាតុករខ្លះលើកឡើងថា ក្រុមអ្នកនយោបាយកាតាឡូញ៉ា ដែលទាមទារចង់បានឯករាជ្យ​ កំពុងតែដេកស្រម៉ៃ ដាច់ឆ្ងាយពីការពិតពេកហើយ។

លោក Alex Ramos អ្នកដឹកនាំការជួបជុំនេះ  បានពន្យល់ថា ការប្រកាសឯករាជ្យ​ ដែលក្រុមបក្សពួករបស់លោក Carles Puigdemont បានធ្វើកាលពីថ្ងៃសុក្រ គឺជាអំពើខុសច្បាប់ ព្រោះវាមិនបានសម្តែងចេញពី​ឆន្ទៈ​ របស់ប្រជាជនកាតាឡូញ៉ា ទាំងស្រុងទេ។ ក្រុមអ្នកនយោបាយចង់បានឯករាជ្យនេះ​ ចេះតែ រំលើកថា ខ្លួនធ្វើនេះក្នុងនាមប្រជាជនកាតាឡូញ៉ា​ទាំងមូល  តែធាតុពិត មានប្រជាជនតំបន់កាតាឡូញ៉ា តែ៤៧% ប៉ុណ្ណោះ ដែលបានបោះឆ្នោតឲ្យបក្សនយោបាយនេះ កាលពីឆ្នាំ២០១៥។ ចំណែកលទ្ធផលប្រជាមតិ លកាលពីថ្ងៃទី ១តុលា ក៏បង្ហាញថា មានប្រជាជនមិនដល់៥០%ទេ ដែលបានទៅបោះឆ្នោតគាំទ្រ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រទី ២៧តុលា ភ្លាមៗក្រោយសភា និងរដ្ឋបាលតំបន់កាតាឡូញ៉ា ប្រកាសឯករាជ្យ រដ្ឋាភិបាលអេស្ប៉ាញ បានសម្រេចរំលាយសភា និងរដ្ឋបាលតំបន់កាតាឡូញ៉ាចោល។ លោក Carles Puigdemont ត្រូវបានដកហូតតំណែង ហើយកំពុងប្រឈមមុខ នឹងទោសធ្វើសកម្មភាពបះបោរបំបែកទឹកដី។​ ដោយឡែក នៅថ្ងៃអាទិត្យ ម្សិលមិញ អ្នកនយោបាយបែលហ្សិក ឈ្មោះ Theo Francken មកពីបក្សនិយមឯករាជ្យតំបន់ហ្វ្លាម៉ង់ដ៍ ម្នាក់ បានលើកឡើងថា​ បែលហ្សិក អាចពិចារណា ផ្តល់សិទ្ធិជ្រកកោនឲ្យលោក Carles Puigdemont។

រដ្ឋាភិបាលអេស្ប៉ាញ នឹងរៀបចំការបោះឆ្នោតតំបន់កាតាឡូញ៉ា នៅថ្ងៃទី ២១ ធ្នូខាងមុខ។ ហើយបើយោងតាមលទ្ធផលនៃការស្ទាបស្ទង់មតិចុងក្រោយ នៅថ្ងៃអាទិត្យ​ម្សិលមិញ បង្ហាញថា គណបក្ស​ឯករាជ្យនិយមរបស់លោក Carles Puigdemont​ អាចនឹងបាត់បង់អាសនៈសភា នៅសល់តែ ៦៥អាសនៈប៉ុណ្ណោះ ក្នុងចំណោម ១៣៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ