អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេស្ប៉ាញ៖ បោះឆ្នោត​សភា​ជាថ្មី ក្រោយ​គាំង​នយោបាយ​៦ខែ

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​នយោបាយ​អេស្ប៉ាញ ​បាន​នៅ​ជាប់​គាំង​អស់​រយៈពេល​៦ខែ ​ក្រោយ​ពេល​ដែល​លទ្ធផល​បោះឆ្នោត​សភា ​កាល​ពីខែ​ធ្នូ​កន្លង​ទៅ ​មិន​បាន​ប្រគល់​ជ័យជំនះ​សម្លេង​ភាគច្រើន ​ទៅ​ឲ្យ​គណបក្ស​ណាមួយ។ ៦ខែ​ ដែល​គណបក្ស​នយោបាយ​ មិន​អាច​ចរចា​ ត្រូវ​រូវ​គ្នា ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ នៅ​ថ្ងៃ​អាទិត្យទី​ ២៦​មិថុនា​នេះ​ ប្រជាជន​អេស្ប៉ាញ​ ត្រូវ​ទៅ​គូស​សន្លឹកឆ្នោត​ជាថ្មី ​ដើម្បី​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ចង់​ឲ្យ​ដឹកនាំ​ប្រទេស។ សមាជិក​មួយរូប​ក្នុង​សហភាព​អឺរ៉ុប​ នយោបាយ ​និង​សេដ្ឋកិច្ច​អេស្ប៉ាញ ​ក៏​កំពុងតែ​រញ្ជួយ ​ ដោយសារ​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ របស់​អង់គ្លេស​ដែរ។

ប្រជាជនអេស្ប៉ាញ តំរង់ជួរ​ត្រៀម​ទំលាក់​សន្លឹក​ឆ្នោត​​ទៅក្នុង​ហឹប ថ្ងៃទី​២៦ មិថុនា ២០១៦
ប្រជាជនអេស្ប៉ាញ តំរង់ជួរ​ត្រៀម​ទំលាក់​សន្លឹក​ឆ្នោត​​ទៅក្នុង​ហឹប ថ្ងៃទី​២៦ មិថុនា ២០១៦ REUTERS/Jon Nazca
ផ្សាយពាណិជ្ជកម្ម

ដើម្បី​យល់​ពី​វិបត្តិ​នយោបាយ​អេស្ប៉ាញ ​យើង​ត្រូវ​បក​ក្រោយ​ទៅ​ស្វែង​យល់​ ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥។ ដូច​យើង​ដឹង​ហើយ​ថា ​អេស្ប៉ាញ​ជា​ប្រទេស​អឺរ៉ុប​មួយ​ ដែល​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង​ ទោះ​មិន​ដល់​ថ្នាក់​ដូច​ក្រិក​ក៏​ដោយ​ តែ​វិបត្តិ​សេដ្ឋកិច្ច​ បញ្ហា​អត់​ការងារ​ធ្វើ​ បំណុល​សាធារណៈ​របស់​អេស្ប៉ាញ​ មាន​ច្រើនណាស់។ បញ្ហា​ទាំងអស់​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​កកើត ​ នូវ​ចលនា​នយោបាយ​ថ្មី​​ដែល​កើត​ចេញ​ពី​កម្លាំង​ប្រជាពលរដ្ឋ​ ព្រោះ​ពួកគេ​មាន​អារម្មណ៍​ថា ​កន្លង​មក​ពួក​អ្នក​នយោបាយ​ចាស់​គំរិត ​ពុករលួយ ​មិន​ស្តាប់ ​មិន​ខ្វល់​ពី​ការ​ត្អូញត្អែរ​របស់​ប្រជាជន​ទេ។ ចលនា​នយោបាយថ្មី​នេះ ​ មាន​ពីរ​ ដែល​មាន​ឈ្មោះថា​ Podemos ​និង ​Cuidadanos

 
៦ខែ ​មិនអាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន៖
លទ្ធផល​នៃការ​បោះឆ្នោត​សភា​កាល​ពី​ខែធ្នូ ​ឆ្នាំ​ទៅ ​បាន​បង្ហាញ​ពី​បរាជ័យ​របស់​គណបក្ស​ចាស់​ធំៗ​ពីរ​ ដែល​ធ្លាប់​កាន់​អំណាច​នៅ​អេស្ប៉ាញ។ ទីមួយ​គឺ​គណបក្ស​ស្តាំ​និយម ​ឈ្មោះ​គណបក្ស​ប្រជាប្រិយ ​(PP) បាន​បាត់បង់​សម្លេង​ភាគច្រើន​ក្នុង​សភា ​នៅសល់​តែ​២៨,៧%​ប៉ុណ្ណោះ។ ឯទីពីរ​គឺ​គណបក្ស​ឆ្វេងនិយម​ ឈ្មោះ​សង្គម​និយម​ពលករ​អេស្ប៉ាញ (PSOE) ដែល​បាន​សម្លេង​ឆ្នោត​លំដាប់​ទីពីរ។ យ៉ាងណា​ក៏ដោយ ​ គណបក្ស​ទាំងពីរ​នេះ​ មិន​ត្រូវ​គ្នា​ទេ ​ ហើយ​ក៏​គ្មាន​នរណា​មួយ​ត្រូវគ្នា​ជា​មួយ​នឹង​គណបក្ស​ថ្មី​ពីរ​ទៀត ​ ដែល​បាន​សម្លេង​ឆ្នោត​គួរ​សម​ក្នុង​សភា​ដែរ។
 

លោក Mariano Rajoyនាយករដ្ឋមន្ត្រី​អេស្ប៉ាញ​បច្ចុប្បន្ន មកពី​គណបក្ស​​ស្តាំនិយម PP
លោក Mariano Rajoyនាយករដ្ឋមន្ត្រី​អេស្ប៉ាញ​បច្ចុប្បន្ន មកពី​គណបក្ស​​ស្តាំនិយម PP REUTERS/Jon Nazca

គណបក្សថ្មី​ទាំងពីរ ​បាន​បដិសេធ ​មិន​ចូល​រួម​ធ្វើ​រដ្ឋាភិបាល​ចម្រុះ ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ​Mariano Rajoy ​ ដែល​មក​ពី​គណបក្ស​ស្តាំ​និយម​ទេ ​ ដោយ​ពួកគេ​ចោទ​ថា ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ ​ ប្រលាក់​ប្រឡូស​ទៅ​ដោយ​អំពើ​ពុក​រលួយ​ ហើយ​នៅ​ក្រោម​ឃ្លៀក​សហភាព​អឺរ៉ុប​ពេក។

ដូច្នេះ​ហើយ ​វិបត្តិ​នយោបាយ​បាន​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ។ ព្រះ​មហាក្សត្រ​អេស្ប៉ាញ ​បានចេញ​សេចក្តី​ប្រកាស ​ដើម្បី​រៀបចំ​បោះឆ្នោត​សារជាថ្មី​ ព្រោះ​ថា​វិបត្តិ​នេះ​ត្រូវ​តែ​រក​ច្រកចេញ។ ៦ខែ​មក​នេះ ​ គឺ​រដ្ឋាភិបាល​ចប់​អាណត្តិ​របស់​លោក ​Mariano Rajoy ​នៅ​បន្ត​គ្រប់គ្រង​បណ្តោះអាសន្ន ​ ក៏​ប៉ុន្តែ​ពុំ​មាន​សិទ្ធិ​ធ្វើអ្វី​ច្រើន​ទេ ​ តួយ៉ាង​ដូច​ជា​ការ​សម្រេច​ធ្វើ​កំណែទម្រង់​ ​រឺ​ក៏​បន្ថែម​ខ្ទង់​ចំណាយ​របស់​រដ្ឋ​ ​ក៏​មិន​អាច​ធ្វើ​បាន​ដែរ។ ចំណុចនេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច ​ព្រមទាំង​គម្រោង​នានា​នៅ​​អេស្ប៉ាញ ​ស្ថិត​នៅ​ទ្រឹង​មួយ​កន្លែង។

ចំនួន​អ្នក​មិន​មក​បោះឆ្នោត​អាចមាន​ច្រើន​ ហើយ​បក្សស្តាំ​និយម​អាច​បាន​ជោគជ័យ៖
ប្រជាជន​អេស្ប៉ាញ ​ដែល​គ្រប់​អាយុ​បោះឆ្នោត​មាន​ប្រមាណ​ជា​ជាង​៣៦​លាន​នាក់ ​ ​តែ​បើ​តាម​ការ​ប៉ាន់ស្មាន ​ អាច​មាន​អ្នក​មិន​ទៅ​បោះឆ្នោត​ច្រើន​ណាស់។ ទីមួយ​ដោយសារ​ ​ខែ​នេះ​ជា​ខែ​ក្តៅ​ មនុស្សម្នា​ចាប់​ផ្តើម​ចេញ​ទៅ​សម្រាក ​លំហែរ​កាយ​អស់​ច្រើន​នាក់​ហើយ។ មួយវិញ​ទៀត ​ជាមួយ​នឹង​ភាព​រកាំរកូស ​រវាង​គណបក្ស​នយោបាយ​អេស្ប៉ាញ ​គឺ​អាច​ធ្វើ​ឲ្យ​ប្រជាជន​នឿយណាយ ​ លែងចង់​ទៅ​បោះឆ្នោត​តែម្តង។

ហើយ​បើ​តាម​ការ​សន្និដ្ឋាន ​ របស់​វិទ្យាស្ថាន​ស្ថិតិ​ជាច្រើន​នៅ​អេស្ប៉ាញ ​បាន​ពន្យល់​ថា ​ជាទូទៅ ​អ្នក​ដែល​មិន​សូវ​ទៅ​បោះឆ្នោត​គឺ​ប្រជាជន​អ្នក​គាំទ្រ​ខាង​គណបក្ស​ឆ្វេង​និយម។ អញ្ចឹង​មាន​ន័យ​ថា ​ អ្នក​ដែល​អាច​បាន​ប្រយោជន៍ ​ ហើយ​អាច​បាន​សម្លេង​ឆ្នោត​លើស​គេ​ច្រើន ​ គឺ​គណបក្ស​ស្តាំនិយម​ របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ដដែល។

តាមពិតទៅ ​គណបក្ស​សង្គម​និយម​ពលករ​អាស្ប៉ាញ ​និង​គណបក្ស ​Podemos ​គួរណាតែ​ចាប់ដៃ​សាមគ្គី​គ្នា​ ព្រោះ​ជា​គណបក្ស​ឆ្វេង​និយម​ដូចគ្នា។ តែ​ផ្ទុយទៅវិញ​ ​គណបក្ស​ទាំងពីរ​នេះ​ ប្រយុទ្ធ​គ្នា​ស្លាប់រស់​ ដែល​ធ្វើ​ឲ្យ​បែកបាក់​សម្លេង​គាំទ្រ។ ហើយ​បើ​តាម​ការ​ស្មាន​ អ្នក​ដែល​ចាញ់​ធ្ងន់​ជាង​គេ​ ​ ក្នុង​ការ​បោះឆ្នោត​លើកនេះ​គឺ ​គណបក្ស​សង្គមនិយម​ពលករ​អេស្ប៉ាញ​ នេះ​តែម្តង។ ចំណែក​គណបក្ស​ Podemos ​បាន​ចាប់​ដៃគ្នា​ជាមួយ​គណបក្ស​ឆ្វេង​និយម​ផ្សេង​ទៀត។

ដូច្នេះ ​បើ​សរុប​មក ​ការបោះឆ្នោត​លើកនេះ ​ គឺ​ជា​ការ​ប្រកួត​រវាង​ពីរ​ក្រុម ​ គឺ​រវាង​ក្រុម​ស្តាំនិយម​របស់​នាយករដ្ឋមន្ត្រី ​Mariano Rajoy ​និង​ក្រុម​ឆ្វេង​និយម​ជ្រុល​ដែល​ដឹកនាំ​ដោយ​បក្សPodemos។ តែយ៉ាងណា ​ គ្មាន​នរណាម្នាក់​ហ៊ាន​សង្ឃឹម​ថា ​មាន​ក្រុម​ណាមួយ ​នឹង​ឈ្នះ​សម្លេង​ដាច់ទេ។ ដូច្នេះ ​ក្រោយ​លទ្ធផល ​បើសិន​ជា​អ្នក​ឈ្នះ​ទាំង​ប៉ុន្មាន ​ មិនព្រម​ចុះ​សម្រុង​គ្នា ​ បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គ្នា ​ មាន​ន័យ​ថា​វិបត្តិ​នយោបាយ​នេះ ​នឹង​នៅ​តែ​បន្ត​ដដែល។

ប្រយ័ត្ន ​កុំដើរតាម​ដាន Brexit៖
ការផ្តាច់ខ្លួន​របស់​អង់គ្លេស ​ចេញ​ពី​សហភាព​អឺរ៉ុប​ បាន​ជះឥទ្ធិពល​ច្រើន ​ទៅដល់​ដំណើរ​ការ​ឃោសនា​បោះឆ្នោត ​នៅ​អេស្ប៉ាញ។ បញ្ហា​នេះ​ ត្រូវ​បាន​គណបក្ស​ស្តាំនិយម ​យកទៅ​ធ្វើ​ជា​កម្មវត្ថុ​នយោបាយ​របស់ខ្លួន ​ ក្នុង​ការ​ឃោសនា ​ដើម្បី​ចោទ​គណបក្ស ​Podemos តែម្តង។ ហេតុអ្វី?​ ព្រោះថា ​គណបក្ស​ Podemos ​គឺជា​ចលនា​ឆ្វេង​និយម​ដែល​ស្អប់​អឺរ៉ុប​ មិន​ចង់​ឲ្យ​អឺរ៉ុប ​ដាក់​គំនៀប​ហិរញ្ញវត្ថុ​លើ​អេស្ប៉ាញ។
 

លោក Pablo Iglesias  មេដឹកនាំគណបក្ស Podamos
លោក Pablo Iglesias មេដឹកនាំគណបក្ស Podamos REUTERS/Jon Nazca

គួរ​រំលឹក​ថា ​គណបក្ស​ស្តាំនិយម​របស់​លោក ​Mariano Rajoy ​ដែល​ដឹកនាំ​អេស្ប៉ាញ​តាំងពី​ឆ្នាំ​២០១១​មក​ បាន​ធ្វើ​តាម​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ ដោយ​បាន​អនុវត្ត​ទៅ​តាម​កម្មវិធី​កំណែទម្រង់​ការ​ចំណាយ ​ និង​ការ​សង​បំណុល​សាធារណៈ។ មាន​ន័យ​ថា ​រដ្ឋាភិបាល​អេស្ប៉ាញ ​បាន​កាត់​បន្ថយ​ជំនួយ​ ​ទៅ​ដល់​ប្រជាជន​ក្រីក្រ។ ថ្វីត្បិតតែ​ឆ្នាំ​២០១៥​កន្លង​ទៅ ​អេស្ប៉ាញ​មាន​កំណើន​សេដ្ឋកិច្ច​បន្តិច​វិញ ​តែ​ចំនួន​អ្នក​អត់​ការងារធ្វើ​នៅតែ​ខ្ពស់​ដដែល ​គឺ​២១% ​ហើយ​ប្រជាជន​២២% ​កំពុង​ប្រឈមមុខ​នឹង​ភាព​ក្រីក្រ​បំផុត។

ដូច្នេះ​ហើយ ​ទើប​កន្លងមក​ គឺ​ក្រុម​​ Podemosនេះហើយ ​ ដែល​ទាមទារ​ចង់ឲ្យ​អេស្ប៉ាញ ​ធ្វើ​ប្រជាមតិ​ ដើម្បី​ដើរចេញ​ពី​សហភាព​អឺរ៉ុប​ ​ ឈប់​នៅ​ក្រោម​បង្គាប់​អឺរ៉ុប​តទៅទៀត។ ក៏ប៉ុន្តែ​ជា​មួយ ​លទ្ធផល​ប្រជាមតិ​របស់​អង់គ្លេស ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​មេដឹកនាំ​បក្ស ​Podemos គឺ​លោក ​Pablo Iglesias ​បាន​ប្តូរ​សម្តី​ឃោសនា ​បន្តិចវិញ​ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​សាមគ្គី​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ហើយ​រក​វិធី​កសាង​អឺរ៉ុប​ថ្មី ​ដែល​គិត​ប្រយោជន៍រួម​របស់​ប្រជាជន​និង​សិទ្ធិ​សង្គម​ ជាជាង​គិតតែ​ពី​ប្រយោជន៍​ពួក​នាយទុន។

នៅមាន​ចំណុច​មួយ​ទៀត ​ដែល​គណបក្ស​ស្តាំនិយម ​ បាន​លើកឡើង​មក​ធ្វើ​ជា​កម្មវត្ថុ​នៃ​ការ​ឃោសនា ​ហើយ​ដែល​ជា​លទ្ធផល​នៃ​ការ​ដើរចេញ​ពី​អឺរ៉ុប ​របស់​អង់គ្លេស ​គឺ​បញ្ហា​តំបន់Gibralta។ តំបន់ ​Gibralta ​នេះ​ជា​ច្រក​សមុទ្រ​មេឌីទែរ៉ាណេ ​ដ៏សំ​ខាន់ ​ជាប់ខាងត្បូង​ទឹកដី​អេស្ប៉ាញ ​តែ​បែរ​ជា​នៅ​ក្រោម​ការ​កាន់កាប់​របស់​ចក្រភព​អង់គ្លេស ​ទៅវិញ។ ក្រុម​ស្តាំនិយម ​ចង់ឲ្យ​តំបន់​ Gibraltaក្លាយ​ជា​របស់​អេស្ប៉ាញ​វិញ​  ហើយ​អង់គ្លេស​មិន​អាច​បន្ត​ដាក់​អាណានិគម ​តទៀតទេ​ ព្រោះ​ប្រជាជន​ទាំង​៣ម៉ឺន​នាក់ ​ស្ទើរតែ​ទាំងអ​ស់ ​នៅ​ទីនោះ ​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​បន្ត​​នៅ​ក្នុង​សហភាព​អឺរ៉ុប​តទៅ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ