អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រជាជន​​អេស្ប៉ាញ​ ចុះផ្លូវ​ទូទាំង​​ប្រទេស ​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​ និង​ ​តំបន់​កាតាឡូញ៉ា ​ចរចាគ្នា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​តំបន់​កាតាឡូញ៉ា​ ប្រទេស​អេស្ប៉ាញ​ នៅតែ​ជាប់គាំង​ ពុំទាន់​មាន​ដំណោះស្រាយ​នៅឡើយ។ ប្រជាជន​អេស្ប៉ាញ​បាន​អំពាវនាវ ​តាម​បណ្តាញ​សង្គម​ ឲ្យនាំ​គ្នា​ចុះ​ផ្លូវ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​បរិហារ​ពី​ភាព​អសមត្ថភាព ​របស់​អ្នក​នយោបាយ​អេស្ប៉ាញ ​មិន​ថា​នៅក្នុង​រដ្ឋាភិបាល ​ឬ​នៅក្នុង​រដ្ឋបាល​តំបន់​ស្វយ័ត​កាតាឡូញ៉ា ​ដែល​នៅ​តែ​មិន​អាច ​ស្វែងរក​ដំណោះស្រាយ ​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ។

ប្រជាជនអេស្ប៉ាញ ​ស្លៀកសពាក់ស អំពាវនាវ​ឲ្យមានការ​ចរចា បង្រួប​បង្រួម​ជាតិ​។ ទីលាន​ក្រុង បាសេឡូណា​ថ្ងៃ ទី ៧ តុលា ២០១៧
ប្រជាជនអេស្ប៉ាញ ​ស្លៀកសពាក់ស អំពាវនាវ​ឲ្យមានការ​ចរចា បង្រួប​បង្រួម​ជាតិ​។ ទីលាន​ក្រុង បាសេឡូណា​ថ្ងៃ ទី ៧ តុលា ២០១៧ REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

ចុះ​ផ្លូវ​​បរិហារ​ ពីភាព​អសត្ថភាព ​របស់​ថ្នាក់ដឹក​នាំអេស្ប៉ាញ

ជិត​មួយ​សប្តាហ៍ ​ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ ដោយ​ខុសច្បាប់ ​នៅ​តំបន់​កាតាឡូញ៉ា ​និង​បន្ទាប់​ពី​មាន​បាតុកម្ម ​របស់​ប្រជាជន​តំបន់​កាតាឡូញ៉ា ​ដែល​ចង់​បាន​ឯករាជ្យ​នោះ​ នៅ​ថ្ងៃ​សៅរ៍​នេះ ​គឺដល់​វេន​ប្រជាជន​អេស្ប៉ាញ​ទូទាំង​ប្រទេស​តែម្តង ​ដែល​បាន​អំពាវនាវ ​ធ្វើ​បាតុកម្ម។ បាតុកម្ម​របស់​ប្រជាជន​អេស្ប៉ាញ ​នៅ​ទូទាំង​ប្រទេស​ដែល​គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​នេះ ​គឺ​ដើម្បី​ជំរុញ ​ឲ្យ​ថ្នាក់ដឹកនាំ​នយោបាយ​អេស្ប៉ាញ​ទាំង​អស់​ ស្វែងរក​វិធី​ចរចា​គ្នា​ដោយ​សន្តិវិធី​ ជាមួយ​នឹង​ក្រុមទាម​ទារឯករាជ្យ​នៅ​តំបន់​កាតាឡូញ៉ា។

គឺ​ជា​ការ​ចុះផ្លូវ​ ដើម្បី​បរិហារ ​អំពី​ភាព​អសមត្ថភាព ​របស់​អ្នក​នយោបាយ​អេស្ប៉ាញ ​ទាំងអស់​ ដែល​បាន​បណ្តែត​បណ្តោយ ​បញ្ហា​តំបន់​កាតាឡូញ៉ា ​ឲ្យ​ធ្លាក់​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នេះ។ សកម្មជន​ម្នាក់ ​លើក​ឡើង​ថា ​មក​ដល់​ដំណាក់​កាល​ដ៏​ធ្ងន់ធ្ងរ​នេះ ​អ្នក​នយោបាយ​អេស្ប៉ាញ ​មិន​ថា​ភាគី​រដ្ឋាភិបាល ​មិន​ថា​ភាគី​តំបន់​កាតាឡូញ៉ា ​សុទ្ធតែ​ជា​មនុស្ស​គ្មាន​ការ​ទទួល​ខុសត្រូវ​ នៅតែ​មិន​ព្រម​ពិចារណា ​រកវិធី​ចរចា​គ្នា​ទេ ​បែរ​ជា​គំរាម​គ្នា​ទៅវិញ​ទៅមក ​ធ្វើឲ្យ​ប្រជាជាតិ​អេស្ប៉ាញ​កាន់តែ​បែកបាក់។

ការអំពាវនាវ​ ឲ្យ​ប្រជាជន​អេស្ប៉ាញ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​នេះ ​គឺ​ផ្តួចផ្តើម​ឡើង ​ដោយ​ក្រុម​សកម្មជន​ ដែល​គាំទ្រ ​ការ​ផ្សះផ្សា​ចរចា​គ្នា។ បន្ទាប់​មក​សម្លេង​អំពាវនាវ​នេះ ​បាន​រីក​សាយ​ភាយ​ភ្លាម ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​នានា។ ញត្តិ​អំពាវនាវ​មួយ ​នៅ​លើ​គេហទំព័រ ​Change.org ​មាន​មនុស្ស​ចុះហត្ថលេខា​ ដល់​ទៅ​៩០០០​នាក់ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ការ​ជួបជុំ​គ្នា​នេះ ​គ្រោងធ្វើ​នៅ​ខាង​មុខ​សាលា​ឃុំ ​ឬ​សាលាក្រុង ​ទូទាំង​ប្រទេស​អេស្ប៉ាញ​តែម្តង។ គេ​អំពាវនាវ​ឲ្យ ​ប្រជាជន​អេស្ប៉ាញ ​ចូលរួម​ ឲ្យបាន​ច្រើន ​ទូទាំង​ប្រទេស ​ដោយ​ត្រូវ​ស្លៀក​ពាក់​ពណ៌​ស ​ចំណែក​ប្រជាជន​មាន​ផ្ទះ​នៅ​តាម​ផ្លូវ​ ត្រូវ​យក​ក្រណាត់​ស ​មក​ចង​នៅ​មុខផ្ទះ​ ដើម្បី​ជា​សញ្ញា​នៃ​ការ​គាំទ្រ ​ឲ្យមាន​ការ​សម្រុះសម្រួស​គ្នា​ ដោយ​សន្តិវិធី ​ដើម្បី​ដោះស្រាយ​វិបត្តិ ​តំបន់​កាតាឡូញ៉ា​នេះ។

ប្រកាស​ឯករាជ្យ​ដោយ​ឯកតោភាគី ​ដូច​បិទផ្លូវ​ចរចា​ទាំង​ស្រុង

លោក ​Cales Puigdemont ​ដែល​ជា​មេក្រុម​ទាមទារ​ឯករាជ្យ​នោះ ​ នៅ​តែ​អះអាង​ថា ​គេនឹង​ប្រកាស​ឯករាជ្យ​តំបន់​កាតាឡូញ៉ា ​ដោយ​ឯកតោភាគី ​ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។ ក៏​ប៉ុន្តែ ​គេ​សង្កេត ​ឃើញ​ថា​ លោក ​Puigdemont ​បាន​បន្ទន់​ឥរិយាបថ​បន្តិច​ បន្ទាប់​ពី​មេដឹកនាំ​ទាមទារ​ឯករាជ្យ​រូប​នេះ ​ បាន​ប្រកាស​លើក ​ពេល​អន្តរាគមន៍​នៅ​មុខ​សភា​កាតាឡូញ៉ា ​ពី​ថ្ងៃ​ចន្ទ ទៅថ្ងៃ​អង្គារ​វិញ។ បើ​តាម​ការ​គ្រៀងទុក​​ ​គឺ​ក្នុង​ពេល​អន្តរាគម​មុខ​សភា​នេះ​ហើយ ​ដែល​គេ​នឹង​ប្រកាស​ឯករាជ្យ។

តែ​យ៉ាងណា ​អ្នក​វិភាគ​ខ្លះ ​លើកឡើង​ថា ​ការ​លើក​ថ្ងៃ​ប្រកាស​ឯករាជ្យ​នេះ ​អាច​ជា​វិធី ​ដើម្បី​ស្វែងរក​ពេលវេលា​ឲ្យ​បាន​យូរ​បន្តិច​ ដើម្បី​ចរចា​គ្នា ​នៅក្នុង​ផ្ទៃក្នុង​របស់​ក្រុម​ទាមទារ​ឯករាជ្យ។ អ្នក​វិភាគ​លើកឡើង​ថា ​នៅ​ក្នុង​សភា​តំបន់​កាតាឡូញ៉ា ​ក៏មាន​អ្នក​ជំទាស់ ​និង​ការ​ធ្វើ​ប្រជាមតិ​ផ្តាច់​ខ្លួន​នេះ​ដែរ។​ ហើយបើ​ទោះ​សមាជិក​សភា​ខ្លះ ​គាំទ្រ​ការ​ធ្វើ​ប្រជាមតិ ​ក៏មាន​អ្នក​ខ្លះ​ មិន​គាំទ្រ​ ការ​ប្រកាស​ឯករាជ្យ​ដោយ​ឯកតោ​ភាគី​ បែប​នេះ​ដែរ។​ បើ​ប្រកាស​ឯករាជ្យ ​គឺមាន​ន័យថា​ បិទ​ផ្លូវ​ចរចា​ ជាមួយ​នឹង​រដ្ឋាភិបាល​អេស្ប៉ាញ​ទាំងអស់​តែម្តង។

ក្នុង​ករណីនេះ​ គឺ​មិន​ខុស​ពី​ប្រកាស​សត្រូវ​ជា​ចំហ ​ជាមួយ​នឹង​រដ្ឋាភិបាល​អេស្ប៉ាញ។ ដូច្នេះ​ហើយ ​ទើប​រដ្ឋាភិបាល​អេស្ប៉ាញ  ​បាន​គំរាម​តប​វិញ​ ថា​នឹង​អនុវត្ត​មាត្រា ​១៥៥ ​នៃ​រដ្ឋ​ធម្មនុញ្ញ។ មាត្រា ​នេះ ​អនុញ្ញាត​ ឲ្យ​រដ្ឋាភិបាល​ ច្បាម​យក​មក​គ្រប់គ្រង​ជា​បណ្តោះអាសន្ន​ នូវ​តំបន់​ស្វយត័​ណា ​ដែល​បាន​ធ្វើ​បំពាន ​ឬ​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ ​ដល់​ផល​ប្រយោជន៍​ជាតិ។

រដ្ឋាភិបាល​អេស្ប៉ាញ ​គួរ​បោះដៃ​ទៅរក​មុន

ជារួម ​ក្នុង​តំណាក់កាល​នេះ ​ ភាគី​ទាំង​សងខាង ​កំពុង​រងចាំ​មើល​គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​ប្រុង​ប្រយ័ត្ន។ តែ​យ៉ាងណា ​អ្នក​វិភាគ​ ក៏ដូច​ជា​អ្នក​នយោបាយ​អេស្ប៉ាញ​ខ្លះ ​បាន​លើក​ឡើង​ថា ​មាន​តែ​រដ្ឋាភិបាល​អេស្ប៉ាញ ​តែ​ម្នាក់​គត់​ ដែល​ត្រូវ​បោះដៃ​ ទៅរក​ក្រុម​ទាមទារ​ឯករាជ្យ​មុន។​ ពោលគឺ​ រដ្ឋាភិបាល​នេះ ​ត្រូវ​បង្ហាញ​ជំហ​ ថា​ខ្លួន​ចង់​អង្គុយ​និយាយ​គ្នា​ដោយ​ស្ងប់ស្ងាត់​ មិនមែន​គិត​តែ​ស្រែក​ប្រកាស ​ថ្កោល​ទោស​​ ការ​ធ្វើ​ប្រជាមតិ​នេះ​ទេ។

ចង់មិន​ចង់ ​បើ​ស្ថានការណ៍​ក្លាយ​ជា​ធ្ងន់​បែបនេះ ​ក៏​ដោយសារ​តែ​ថ្នាក់ដឹក​នាំ​របស់​រដ្ឋាភិបាល​អេស្ប៉ាញ ​កន្លង​មក​ មិនបាន​ធ្វើ​អ្វី​សោះ ​ដើម្បី​រំងាប់​ទឹកចិត្ត​ទាមទារ​ឯករាជ្យ​​ របស់​តំបន់​កាតាឡូញ៉ា​នេះ។ ដូច្នេះ​វា ​ដល់​ពេល​ហើយ ​ដែល​អេស្ប៉ាញ ​គួរ​សិក្សា ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ  ​​ថា​ត្រូវ​ផ្លាស់ប្តូរ​យ៉ាង​ណា ​ដើម្បី​ឲ្យ​តំបន់​តាឡាឡូញ៉ា ​អាច​បន្ត​រួមរស់​ ក្នុង​រង្វង់​ប្រជាជាតិ​អេស្ប៉ាញ ​ដោយ​សុខ​សន្តិភាព។

ផល​ប៉ះពាល់​ផ្នៃក​សេដ្ឋកិច្ច

ផល​អាក្រក់ ​ចាប់ផ្តើម​ចេញ​រូបរាង​មក​ជា​បណ្តើរៗ​ហើយ។ កាល​ពី​ថ្ងៃ​សុក្រ​  ធនាគារ​ដ៏​ធំ​បំផុត​ចំនួន​២ របស់​តំបន់​កាតាឡូញ៉ា ​គឺ​ធនាគារ ​Sabadell​ និង​ ធនាគារ ​Caixa ​បាន​សម្រេច ​ប្តូរ​ទីតាំង ​ស្នាក់ការ​កណ្តាល​របស់​គេ ​ទៅកាន់​តំបន់​ផ្សេងទៀត ​នៅ​អេស្ប៉ាញ។ ចំណុច​នេះ ​បង្ហាញ​ថា ​គេ​លែង​មាន​ទំនុកចិត្ត​ស្តី​ពី​សន្តិសុខ​ និង​នយោបាយ​របស់​តំបន់​កាតាឡូញ៉ា​ទៀត​ហើយ។ ក្រុមហ៊ុន​ធំៗ​ផ្សេងទៀត ​ក៏​ចាប់​ផ្តើម​ព្រួយ​បារម្ភ​ដែរ។

កន្លង​មក​ក្រុម​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា​នេះ ​មិនដែល​ខ្វល់ ​ថា​នឹង​អាច​មាន​រឿង​ដូច្នេះ​ទេ ​ព្រោះគេ​អួត​ថា ​សេដ្ឋកិច្ច​តំបន់​កាតាឡូញ៉ា ​មាន​ទំងន់​ធ្ងន់​ណាស់ ​បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ឯទៀត ​នៅ​អេស្ប៉ាញ។ ពោលគឺ​ ក្រុម​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា​នេះ​ មាន​អំនួត​ណាស់។ តែ​ជា​មួយ​នឹង​សញ្ញាណ​អាក្រក់​ ជះ​លើ​វិស័យ​សេដ្ឋកិច្ច​ ដោយសារ​តែ​ប្រជាមតិ​ផ្តាច់ខ្លួន​ នា​ពេល​នេះ ​គឺ​ជឿថា​ ក្រុមនេះ​បាន​ភ្លឺ​ភ្នែក​បន្តិច។​

ការ​ប្រកាស​ឯករាជ្យ ​វា​មិនមែន​ថា​ហើយ ​ចេះតែ​ធ្វើ​ទៅបាន​ដោយ​ងាយស្រួល ​ដូច​ដែល​ក្រុម​នេះ ​ធ្លាប់​បាន​អួត​កន្លង​មក​ទេ។ ជាក់​ស្តែង​ក្រុម​នេះ ​អួតថា​ នឹង​បាន​សម្លេង​គាំទ្រ​ច្រើន​លើសលប់​ ពី​ប្រជាជន​កាតាឡូញ៉ា ​ក្នុង​ពេល​ធ្វើ​ប្រជាមតិ។ តែ​ដល់​មែនទែន ​មាន​មនុស្ស​ទៅ​បោះឆ្នោត​ តែ​ ​៤៣% ​ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ ​ហើយ​បាន​ជា​គេ​ឃើញ​ក្រុមទាម​ទារ​ឯករាជ្យ​នេះ ​កំពុង​សំងំ​បង្អន់​ជំហាន​បន្តិច​វិញ ​ដើម្បី​សិក្សា​ពី​ ផ្លូវ​ដើរ​ និង​ផលវិបាក​ឲ្យ​បាន​ល្អិតល្អន់  ​មុន​នឹង​អ្វីៗ​ហួស​ពេល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ