អានតួអត្ថបទ
អេស្ប៉ាញ

រដ្ឋាភិបាល​អេស្ប៉ាញ​ ​ផ្តើម​​នីតិវិធី​ព្យួរ​ស្វ័យភាព​របស់​កាតាឡូញ៉ា ដើម្បី​រៀបចំ​ការ​បោះឆ្នោត​

២០ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ ​ នៅ​តំបន់​កាតាឡូញ៉ា ​រដ្ឋាភិបាល​អេស្ប៉ាញ ​ទើប​បាន​ប្រកាស​ជា​ផ្លូវការ​ថា ​គេ​នឹង​ចាប់​ផ្តើម​នីតិវិធី​ព្យួរ​ស្វ័យភាព​ នៃ​តំបន់​កាតាឡូញ៉ា​នេះ ​ដោយ​គោរព​ទៅ​តាម​ការ​អនុញ្ញាតិ ​របស់​រដ្ឋ​ធម្មនុញ្ញ។ ជាមួយ​នឹង​ការ​ច្បាម​យក​តំបន់​នេះ ​មក​កាន់កាប់​ជា​បណ្តោះ​អាសន្ន ​រដ្ឋាភិបាល​អេស្ប៉ាញ ​នឹង​រៀបចំ​ការ​បោះឆ្នោត ​មុន​ពេល​កាល​កំណត់​មួយ ​នៅ​រវាង​ដើម​ឆ្នាំ​២០១៨​ ដើម្បី​ជ្រើស​តាំង​ថ្នាក់​ដឹកនាំ​ថ្មី ​សម្រាប់​តំបន់​ស្វយ័ត​កាតាឡូញ៉ា។

លោក​នាយករដ្ឋមន្ត្រី ​អេស្ប៉ាញ​ Mariano Rajoy
លោក​នាយករដ្ឋមន្ត្រី ​អេស្ប៉ាញ​ Mariano Rajoy REUTERS/Sergio Perez
ផ្សាយពាណិជ្ជកម្ម

ទីបំផុត​​ កាល​ពី​ថ្ងៃ​សុក្រ ​ទី​ ២០​តុលា ​រដ្ឋាភិបាល​អេស្ប៉ាញ ​បាន​សម្រេច ​បើក​នីតិវិធី ​ព្យួរ​ស្វ័យភាព ​របស់​តំបន់​កាតា​ឡូញ៉ា ​ដោយ​យោង​ទៅ​តាម​មាត្រា ​១៥៥ ​នៃ​រដ្ឋធម្មនុញ្ញ​អេស្ប៉ាញ។ នេះជា​លើក​ទីមួយ​ហើយ ​ដែល​គេ​អនុវត្ត​មាត្រា​នេះ។ មាត្រា​នេះ ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​កណ្តាល​របស់​អេស្ប៉ាញ ​គ្រប់គ្រង​ដោយ​ផ្ទាល់​ ជា​បណ្តោះ​អាសន្ន​សិន ​ទៅ​លើ​រដ្ឋបាល ​និង​ស្ថាប័ន​នៅ​តំបន់​ស្វយ័ត​កាតាឡូញ៉ា ​មុននឹង​វិល​ត្រលប់​មក​រក​ស្ថិរភាព​វិញ។

បើតាម​ការ​ប្រកាស ​របស់​រដ្ឋាភិបាល​អេស្ប៉ាញ ​សភា​តំបន់​កាតាឡូញ៉ា ​និង​ត្រូវ​រំលាយ​ចោល ​ហើយ​នឹង​មាន​ការ​បោះឆ្នោត​មួយ​ នៅ​ខែ​មករា​ ​ឆ្នាំ​២០១៨​ ដើម្បី​ជ្រើសរើស​សមាជិក​សភា ​និង​រដ្ឋបាល​គ្រប់គ្រង​ថ្មី​សម្រាប់​តំបន់​កាតាឡូញ៉ា។ ទោះ​បី​ជា​យ៉ាងណា ​រដ្ឋាភិបាល​អេស្ប៉ាញ ​មិន​ទាន់​បាន​បង្ហាញ​កាលវិភាគ​លំអិត ​ស្តីពី​ការ​អនុវត្ត​នីតិវិធី​នេះ​នៅ​ឡើយ​ទេ។ បើតាម​ការ​រំពឹង​ទុក​ នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ​លោក​ Mariano Rajoy​ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ ​និង​បើក​អង្គ​ប្រជុំ​គណ​រដ្ឋមន្ត្រី​វិសាមញ្ញ​មួយ ​ដើម្បី​សម្រេច​លំអិត​ អំពី​នីតិវិធី​ដ៏​កម្រ​នេះ។

សូម​រំលឹក​ថា ​តំបន់​កាតាឡូញ៉ា ​បាន​ធ្វើ​ប្រជាមតិ​ទាមទារ​ឯករាជ្យ ​កាលពី​ថ្ងៃ​ទី​១ ​តុលា ​ដោយ​បំពាន​ការ​ហាម​ឃាត់ ​របស់​រដ្ឋាភិបាល ​ព្រមទាំង​សេចក្តី​សម្រេច ​របស់​តុលាការ​ធម្មនុញ្ញ​អេស្ប៉ាញ។ បន្ទាប់​ពី​សន្យា​ថា ​នឹង​ប្រកាស​ឯករាជ្យ​ លោក ​Carles Puigdemont​ ប្រធាន​រដ្ឋបាល​តំបន់​ស្វយ័ត​នេះ ​បាន​ដក​ថយ​មួយ​ជំហាន​វិញ​ ដើម្បី​ចរចា​ជាមួយ​រដ្ឋាភិបាល។ លោក​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ ​បាន​ដាក់​ឱសានុវាទ ​រហូត​ដល់ថ្ងៃ​ព្រហស្បតិ៍​ទី ​១៩​តុលា ​ឲ្យ​រដ្ឋបាល​តំបន់​កាតាឡូញ៉ា ​ធ្វើការ​បញ្ជាក់​ជា​ផ្លូវការ ​ថា​ខ្លួន​មិន​បាន​ប្រកាស​ឯករាជ្យ​ទេ។

ដោយ​គ្មាន​ការ​បញ្ជាក់​ពី​តំបន់​កាតាឡូញ៉ា ​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ បាន​សម្រេច​ផ្តើម​នីតិវិធី​តាម​មាត្រា​១៥៥ ​នៃ​រដ្ឋធម្មនុញ្ញ។ យ៉ាងណា​ក៏​ដោយ ​ដើម្បី​បង្ហាញ​ពី​ឯកភាព​ជាតិ ​លោក​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ បាន​ព្យាយាម​ទាល់តែ​បាន​សម្រេច​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ ​ពី​សមាជិក​សភា ​មក​ពី​គណបក្ស​ប្រឆាំង ​មុន​នឹង​សម្រេច​បើក​នីតិវីធី​នេះ ​ជា​ផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ