អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​ដាក់​ឱសានុវាទ​៦០ថ្ងៃ ឲ្យ​Total​ចរចា​ឲ្យបាន ​ការ​លើកលែង​ទណ្ឌកម្ម​ពី​អាមេរិក

រដ្ឋាភិបាលអ៊ីរ៉ង់ បានដាក់ឱសានុវាទ រយៈពេល៦០ថ្ងៃ ឲ្យក្រុមហ៊ុនTotal របស់បារាំង ចរចាជាមួយនឹងរដ្ឋាភិបាលអាមេរិក ដើម្បីទទួលបាននូវការលើកលែងទណ្ឌកម្មសេដ្ឋកិច្ច ពុំនោះទេក្រុមហ៊ុនTotalនេះ មិនអាចបន្តចូលរួម ក្នុងគំរោងផលិត និងនាំចេញឧស្ម័នធម្មជាតិ នៅអ៊ីរ៉ង់ទៀតបានទេ។ គួរបញ្ជាក់ថា ការដាក់ឱសានុវាទនេះ គឺនៅក្រោយពេលដែលរដ្ឋាភិបាលអាមេរិក បានសម្រេចដកខ្លួន​ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើអ៊ីរ៉ង់ និងមកលើក្រុមហ៊ុនអន្តរជាតិទាំងអស់ ដែលរកស៊ីជាមួយអ៊ីរ៉ង់។

ទង់​ក្រុមហ៊ុនTotal
ទង់​ក្រុមហ៊ុនTotal Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់ពីពេលនេះទៅ Total មានពេល២ខែ ដើម្បីចរចាជាមួយនឹងរដ្ឋាភិបាលអាមេរិក។ រដ្ឋាភិបាលបារាំង ក៏អាចចូលរួមជួយចរចាជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជួយឲ្យក្រុមហ៊ុនរបស់ខ្លួន អាចបន្តរកស៊ី នៅអ៊ីរ៉ង់តទៅទៀត។ នេះគឺជាសំដីរបស់លោករដ្ឋមន្ត្រីក្រសួងថាមពល របស់អ៊ីរ៉ង់ ដែលទីភ្នាក់ងារសារព័ត៌មាន Shana បានស្រង់មកចុះផ្សាយ។

សូមបញ្ជាក់ថា ក្នុងកិច្ចសន្យាចុះកាលពីខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុនTotal របស់បារាំង បានចូលរួមសហការភាគហ៊ុនចំនួន ៥០,១% ដែលគិតជាទឹកប្រាក់ស្មើនឹង ៤,៨ពាន់លានដុល្លារ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័​ន្ធ ផលិតនិងបង្ហូរឧស្ម័នធម្មជាតិ នៅភាគខាងត្បូងអ៊ីរ៉ង់។ ចំណែកក្រុមហ៊ុនចិន CNPC មានភាគហ៊ុនចំនួន៣១% និងនៅសល់១៩,៩%ទៀត គឺជាភាគហ៊ុនរបស់ក្រុមហ៊ុន Petroparc របស់អ៊ីរ៉ង់។

ក៏ប៉ុន្តែ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលមានន័យថា សហរដ្ឋអាមេរិក នឹងបន្តដាក់ទណ្ឌកម្ម មកលើអ៊ីរ៉ង់។ មិនត្រឹមតែប៉ុណ្ណោះ លោកដូណាល់ ត្រាំ បានទាំងប្រកាសថា​ទណ្ឌកម្មរបស់អាមេរិក នឹងត្រូវអនុវត្តទៅលើក្រុមហ៊ុនអន្តរជាតិទាំងអស់​ ដែលមានជំនួញរកស៊ីជាមួយអ៊ីរ៉ង់។ លោកដូណាល់ ត្រាំបានដាក់ឱសានុវាទ រហូតដល់ថ្ងៃទី៤ខែ វិច្ឆិកា​ ឲ្យក្រុមហ៊ុនទាំងអស់ ឈប់រកស៊ីជាមួយអ៊ីរ៉ង់។ ក្រោយការប្រកាសនេះ ក្រុមហ៊ុន Total ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ខ្លួនអាចនឹងដកខ្លួនចេញពី​អ៊ីរ៉ង់ ដើម្បីកុំឲ្យជាប់ពិន័យរបស់អាមេរិក ហើយភាគហ៊ុនរបស់ខ្លួននៅអ៊ីរ៉ង់ នឹងត្រូវផ្ទេរទៅឲ្យក្រុមហ៊ុនចិន។

តែយ៉ាងណា ខាងភាគីអ៊ីរ៉ង់ មិនបានផ្តល់ការពន្យល់ណាមួយ ថាហេតុអ្វីបាន Total នៅសល់រយៈពេលត្រឹមតែ៦០ថ្ងៃ ដើម្បីចរចាសុំការលើកលែង ពីអាមេរិក ខណៈដែលឱសានុវាទរបស់អាមេរិក ផុតនៅដើមខែវិច្ឆិកាឯណោះ។ ទោះយ៉ាងនេះក្តី បើពិនិត្យមើលលើលទ្ធភាពជាក់ស្តែង គេពិបាកនឹងសង្ឃឹមណាស់ ថារដ្ឋាភិបាលអាមេរិក ព្រមធ្វើសម្បទាន​ សុខចិត្តលើកលែងឲ្យក្រុមហ៊ុនTotal បើទោះបីជាមានការជ្រោមជ្រែង ​ពីរដ្ឋាភិបាលបារាំង ឬសហភាព​អឺរ៉ុប​ក៏ដោយ។

គួររំលឹកថា កិច្ចសន្យាផលិតថាមពលឧស្ម័នធម្មជាតិនេះ គឺជានិម្មិតរូបសំខាន់បំផុតសម្រាប់អ៊ីរ៉ង់ ក្នុងការបើកទ្វារសេដ្ឋកិច្ច បន្ទាប់ពីខ្លួនបានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយមហាអំណាចផ្សេងទៀត។ ក្រៅពីធនធានប្រេងកាតដ៏មហាសាល អ៊ីរ៉ង់មានធនធានឧស្ម័នធម្មជាតិធំបំផុត លំដាប់ទី២បន្ទាប់ពីរុស្ស៊ី។

យ៉ាងណាមិញ​ អ្នកវិភាគមួយចំនួននៅអឺរ៉ុប បានសង្ស័យថា ការដែលលោកដូណាល់ ត្រាំ បាន​សម្រេច​ដក​អាមេរិក ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ គឺដោយសារលោកដូណាល់ ត្រាំ មិនចង់ឲ្យអ៊ីរ៉ង់ វាយលុកទុក​ផ្សារ​ប្រេងកាត​របស់អារ៉ាប៊ីសាអូឌីត ដែលជាមិត្តរបស់ខ្លួន ថែមទាំងមិនចង់ឲ្យអ៊ីរ៉ង់ក្លាយជាគូប្រជែង ក្នុងការនាំចេញឧស្ម័នធម្មជាតិ ជាមួយអាមេរិក​ខ្លួនឯងទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ