ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អឺរ៉ុប

មហាសេដ្ឋី​៦២​នាក់​មាន​ទ្រព្យសម្បត្តិ​ស្មើ​នឹង​មនុស្ស​ពាក់កណ្តាល​ផែនដី

media  
ភូមិ​អ្នកក្រីក្រ​នៅក្បែរ​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ហ្សាការតា AFP/Bay Ismoyo

នៅតែ​ពីរថ្ងៃ​មុន ពិភពលោក​បើក​វេទិកា​សេដ្ឋកិច្ច នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស៊្វីស អង្គការ​អង់គ្លេស Oxfam បាន​បញ្ចេញ​របាយការណ៍​ដែល​បរិហារ គម្លាត​មហាសែន​ធំ រវាង​អ្នកមាន និង​អ្នកក្រ នៅ​លើ​ផែនដី។ តាម​របាយការណ៍​របស់​អង្គការ​Oxfam ចេញផ្សាយ​នៅថ្ងៃ​ចន្ទ ទី ១៨​មករា ២០១៦ មនុស្ស​ប្រមាណ​តែ ៦២​នាក់​ប៉ុណ្ណោះ នៅលើ​ផែនដី មាន​ទ្រព្យសម្បត្តិ​ស្មើ​នឹង​មនុស្ស​ដែល​ក្រីក្រ​បំផុត ដែល​មាន​សរុប ៣ពាន់ ៥រយលាន​នាក់។

 

តួលេខ​ផ្តល់​ដោយ​អង្គការ​Oxfam បង្ហាញ​នៅក្នុង​របាយការណ៍ កាលពី​ថ្ងៃ​ចន្ទ អាច​ធ្វើ​ឲ្យ​គេ​រន្ធត់ នឹកស្មាន​មិនដល់ ប៉ុន្តែ វា​ជា​តួលេខ​ដែល​មាន​ពិតប្រាកដ និង​ដែល​កំពុង​កើត​មាន នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ។ តាម​អង្គការ​ Oxfam ក្នុង​រយៈពេល តែ ១៥​ឆ្នាំ​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ពាក់កណ្តាល​ផែនដី ដែល​រស់នៅក្នុង​ភាពក្រីក្រ បាន​ថយចុះ ប្រមាណ ១ពាន់ ពាន់ លាន​ដុល្លារ ប៉ុន្តែ នៅក្នុង​ពេល​ដដែលនោះ ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី ៦២ ដែល​មាន​លុយច្រើន​ជាងគេ​ក្នុង​លោក បាន​កើនឡើង ទៅវិញ ប្រមាណ ៥០០ ពាន់​លាន​ដុល្លារ។

 
តួលេខ​នេះ​បង្ហាញ​ថា វិបត្តិ​សេដ្ឋកិច្ច​សកល​បាន​បង្កើត​វិសមភាព គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ ក៏ពិត​មែនហើយ ប៉ុន្តែ វា​មិន​បាន​ប៉ះពាល់​ទាល់សោះ ក្រុម​អ្នក​ដែល​មានគ្រាក់ៗ ផ្ទុយទៅ​វិញ គឺ​មាន​តែ​ជួយ​ចម្រើន​ក្រុមមនុស្ស​ទាំង​នោះ​ទៅវិញ។ សម្រាប់​អង្គការ​Oxfam ដែល​ធ្វើការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ភាពក្រីក្រ និង​អយុត្តិធម៌ ក្នុង​ពិភពលោក ក្រុមអ្នកមាន​តែមួយក្រុមនោះ បង្កើន​ទ្រព្យសម្បត្តិ​របស់ខ្លួន ដោយសារ​វិធីសាស្រ្ត​លួចគេច មិន​បង់ពន្ធ​រដ្ឋ។ ជាក់ស្តែង គេ​រកឃើញ​មាន​លុយ​គេចពន្ធ​ប្រមាណ​៧៦០០ ពាន់ លាន​ដុល្លារ ដែល​គេ​លួច ដាក់ទុក នៅធនាគារ​បរទេស។

តាម​Oxfam មធ្យោបាយ​សំខាន់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការកើនឡើង​នៃ​វិសមភាព គឺ​ការទប់ស្កាត់​ការលួច​គេច​ពន្ធ ដែល​តាមពិត​ជាដើមហេតុ​មួយ ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូលជាតិ ដែល​គេ​អាច​យក​ទៅប្រើ​ដើម្បី​វិនិយោគ​ក្នុង​វិស័យ​អប់រំ និង​សុខភាព​សម្រាប់​ប្រជាជន​ក្រីក្រ។ មួយវិញទៀត ការណ៍​ដែល​អង្គការ​Oxfam​ចេញផ្សាយ​របាយកាណ៍​នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស ដែល​ត្រូវបើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ពី​ថ្ងៃ​ពុធទី ២០​ដល់​ថ្ងៃ​សៅរ៍ ទី ២៣​មករា គឺ​មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ។

អង្គការ​Oxfam ចង់​ក្រើនរំលឹក​ឲ្យរដ្ឋាភិបាល និង​ម្ចាស់​ក្រុមហ៊ុន​នានា​គិតគូរ ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​និន្នាការ​រត់គេចពន្ធ​នេះ។ Oxfam ដែល​សិក្សា​ទៅលើ​ក្រុមហ៊ុន​អន្តរជាតិ បាន​រកឃើញថា ក្រុមហ៊ុន៩ ក្នុង​ចំណោម​ក្រុមហ៊ុន ១០ ដែល​ជា​ដៃគូ​យុទ្ធសាស្រ្ត​ក្នុង​វេទិកាសេដ្ឋកិច្ច​ពិភពលោក​ដាវ៉ូស មានជាប់ពាក់ព័ន្ធ​នឹង​ការរត់គេច មិន​បង់ពន្ធ​រដ្ឋ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ