អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មហាសម្ភាសន៍​ លោក​ប្រធានាធិបតី​ពូទីន ទៅ​ប្រជាជន​រុស្សី​ផ្ទាល់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នា​រសៀល​ថ្ងៃ​១៦​មេសា ​រដ្ឋធានីម៉ូស្គូ​​ បាន​ភ្ជាប់​តាម​ស្ពាន​ទូរទស្សន៍​ ទៅ​នឹង​បណ្តា ​ខេត្ត​រុស្ស៊ី ស្រប​នឹង ​កម្មវិធី”​សំនួរ-ចម្លើយ​ត្រង់​ផ្ទាល់”​ រវាង​លោក​ប្រធានាធិបតី​ពូទីន ​និង​ប្រជាពល​រដ្ឋរុស្ស៊ី។ ដោយ​ពន្យារ​ទៅ​អស់​ប្រមាណ​៤ម៉ោង​ លោក​ពូទីន ​ក្នុង​ឋានៈ​ជា​ តារា​ឯក ​នៃ ​កម្មវិធី​នេះ ​បាន​ឆ្លើយតប​នឹង​សំនួរ ​សរុប​ទៅ​ ចំនួន​ ៧៤។ គិត​តាំង​ពី​លើក​ទី១ ក្នុង​ឆ្នាំ​២០០១​មក ​លើក​នេះ ​ជា​លើក​ទី​១៣​ ដែល​ប្រមុខរដ្ឋ​រុស្ស៊ី ​បាន​អន្តរាគម ​តាម​ស្ពាន​ទូរទស្សន៍​បែប​នេះ។

ប្រធានាធិបតី​រុស្ស៊ី​ក្នុងពេល​ឆ្លើយសំណួរ នៅ​ថ្ងៃ​ទី ​១៦ មេសា ២០១៥
ប្រធានាធិបតី​រុស្ស៊ី​ក្នុងពេល​ឆ្លើយសំណួរ នៅ​ថ្ងៃ​ទី ​១៦ មេសា ២០១៥ REUTERS/Mikhail Klimentyev
ផ្សាយពាណិជ្ជកម្ម

ជា​ការ​កត់​សម្គាល់ ​គឺ​តាំង​ពី​ថ្ងៃ​៩​មេសា​ម៉្លេះ​ បាន​ន័យ​ថា ​១​សប្តាហ៏​មុន​ដល់ ​កម្មវិធី ​សំនួរ-​ចម្លើយ​ត្រង់​ផ្ទាល់​   ​ដែល​មជ្ឈមណ្ឌល​នៅ​ក្រុង​ម៉ូស្គូ ​ខាង​ទទួល​សំនួរ​ចោទ ​ដោយ​ប្រជាពលរដ្ឋ ​មក​ប្រធានាធិបតី​ខ្លួន ​បាន​ដាក់​ឲ្យ​ដំណើរ​ការ។ ក្នុង​រយៈ​ពេល​នេះ មាន​ទទួល​បាន ​សំនួរ​ ជាង​២​លាន​៤​សែន ​ចោទ​មក​តាម​ទូរស័ព្ទ,​ តាម ​SMS,​តាម ​E-mail ,​តាម​ MMS ​និង ​សំនួរ​ ផ្ញើ​មក​ជា​រូបភាព​វីដេអូ។ ហើយ​ពេល​ដែល​កម្មវិធី​នេះ​កំពុង​ប្រព្រឹត្ត​ទៅ ​មាន​ទទួល​បាន​សំនួរ​ ៦​សែន​ទៀត​ លុះ​ទាល់តែ​សំនួរ​ឡើង​ដល់​ចំនួន​៣​លាន​ ឯណោះ​ ដែល​ជា​ទូទៅំ ប៉ះ​លើ ​វិស័យ ​សង្គម-​សេដ្ឋកិច្ច ​ក្រោម​ចំហាយ​ទណ្ឌកម្ម​បស្ចិម​លោក ​វិស័យ​សន្តិសុខ ​វិស័យ​ការពារ​ប្រទេស ​វិស័យ​ធុរកិច្ច ​នយោបាយ​ក្នុង ​និង​ក្រៅ​ប្រទេស។ល។

 
ប្រាកដ​ណាស់​ ដែល​លោក​ពូទីន ​មិន​អាច​ឆ្លើយតប​នឹង​សំនួរ​ទាំង​៣​លាន​នោះ​ទេ។ ប៉ុន្តែ ​សំនួរ​ដែល​នៅ​សល់ ​គឺ​ត្រូវ​បាន​ចងក្រង​ទៅ​តាម​សាច់​រឿង​របស់​វា ​ហើយ​ត្រូវ​លោក​ពូទីន ​ផ្ទុក​ផ្តាក់​ទៅឲ្យ​ក្រសួង​មន្ទីរ​សម​ស្រប​ ផ្តល់​ចម្លើយ ​ហើយ​រាយការណ៍​ជូន​គាត់។ បើ​សំនួរ​ណា ​រំលេច​ឲ្យ​ឃើញ​ពី​ករណី​ប្រធាន​សក្តិ ​នោះ​គឺ​ត្រូវ​លោក​ពូទីន ​បញ្ជូន​បេសកជន​របស់​គាត់ ​ទៅ​តាម​ដាន​ពិនិត្យ​នៅ​ផ្ទាល់​កន្លែង​តែ​ម្តង។ តប​នឹង​សំនួរ​មួយ ​តើ​ហេតុអ្វី​បាន​ជា​គាត់​ចាត់ចែង​ឡើង​ ជា ​កម្មវិធី​បែប​នេះ ​លោក​ពូទីន ​ពន្យល់​បំភ្លឺ​ថា​ កម្មវិធី​នេះ ​មាន​ន័យ​ ជា​ការ​ស្ទង់​មើល​ ក្តី​កង្វល់​ ក្តី​ប្រាថ្នា​ចង់​បាន​ និង​តម្រូវ​ការ ​របស់​អ្នក​ស្រុក។

មួយ​ម៉ោង​ដំបូង​នៃ​បទ​អន្តរាគមន៍​ខ្លួន ​គឺ​ត្រូវ​លោក​ពូទីន​ឧទ្ទិស​ដល់​បញ្ហា​សេដ្ឋកិច្ច។ ​គាត់​បាន​ សារភាព​ថា ​ខ្ទង់​ចំណូល​របស់​ជន​រួម​ឈាម​រុស្ស៊ី​របស់​គាត់ ​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក ​ស្រុត​ចុះ​ខ្លះៗ ​ដោយ​មក​ពី​អតិផរណា ​និង​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​ទម្ងន់​ប្រាក់​រូប្ល។ ប៉ុន្តែ​ ៣​សប្តាហ៏​ចុង​ក្រោយ​ អត្រា​ប្រាក់​រូប្ល ​ស្រាប់​តែ​ស្ទុះ​ឡើង​វិញ ​លុះ​ទាល់​តែ​១​ដុល្លារ​ ដូរ​បាន​មិន​ដល់​ទាំង​៥០​រូប្ល​ផង។ កត្តា​នេះ ​បាន​ញ៉ាំង​ឲ្យ​លោក​ប្រធានាធិបតី​ពូទីន ​គូស​បញ្ជាក់​ថា “​ ប្រទេស​រុស្ស៊ី ​នឹង​ដក​ខ្លួន​ចេញ ​ផុត​ពី​វិបត្តិ ​យ៉ាង​យូរ​ណាស់ ​ក្នុង​២ឆ្នាំ​ទៀត។

តាម​លោក​ពូទីន ​បស្ចិម​លោក ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ​មិន​លុប​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ឡើយ។ ពី​ព្រោះ​ទណ្ឌកម្ម​នេះ ​មាន​លក្ខណៈ​នយោបាយ ​ដោយ​វា​ឥត​ពាក់ព័ន្ធ​នឹង ​អ៊ុយក្រែន​ឡើយ ​ហើយ​វា ​សំដៅ​ទប់​ដំណើរ​លូតលាស់​របស់​ប្រទេស​រុស្ស៊ី។ តាម​ប្រសាសន៍​លោក​ពូទីន​ “រុស្ស៊ី​ត្រូវ​តែ​ចេះ ​ឆ្លៀត​ប្រើ​ស្ថានការណ៍​ទណ្ឌកម្ម​នេះ ​ដើម្បី​ឈាន​ឡើង​ដល់​កំពស់​ថ្មី​ នៃ​ការ​អភិវឌ្ឍន៍​របស់​ខ្លួន”។

លោក​ពូទីន​អះអាង​ថា ​ការ​ដែល​រដ្ឋាភិបាល​បារាំង ​ដោយ​បំពេញ ​តាម​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ​មិន​ព្រម​ផ្ទេរ​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ធុន​ Mistral​ ពីរ​គ្រឿង​មក​ឲ្យ​រុស្ស៊ី ​គឺ​មិន​អាច​នាំឲ្យ​ខូច​ឡើយ ​ដល់​សមត្ថភាព​ការពារ​ប្រទេស​ របស់​រុស្ស៊ី។ ក្នុង​រឿង​នេះ ​រុស្ស៊ី​មិន​ដាក់​ពាក្យ​ប្តឹង ទល់​នឹង ​បារាំង​ឡើយ ​ដោយ​ជឿជាក់​ថា ​សាសន៍​បារាំង​ ល្បី​ខាង​ស្គាល់​ខុស​ស្គាល់​ត្រូវ ​ហើយ​គង់​នឹង​បង្វែរ ​មក​ឲ្យ​រុស្ស៊ី​វិញ​ នូវ​ប្រាក់​ដែល​រុស្ស៊ី​បាន​បង់​ទៅ​ឲ្យ​ក្រុង​ប៉ារីស​ទៅ​ហើយ ​ចំពោះ​នាវា​ទាំង​នោះ។

លោក​ពូទីន ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ ដែល​ថា ​រុស្ស៊ី ​ចង់​ស្តារ​ឡើងវិញ​ស្អីណា​នៅ​ទ្វីប​អឺរ៉ុប ​ជា ​ចក្រ​ភព​សូវៀត ​ដូច ​សម័យ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​ចប់​ទៅ ​កាល​ពី​ឆ្នាំ​១៩៤៥។ តាម ​ប្រសាសន៍​គាត់ ​សមាហរ័ណកម្ម​ ជា​ចរន្ត​ទូទៅ ​ដែល​កំពុង​កើត​មាន ​ឧទាហរណ៍ ​នៅ​ ទ្វីប​អឺរ៉ុប ​ផ្ទាល់ ​នៅ​ទ្វីប​អាមេរិក ​នៅ​ទ្វីប​អាស៊ី។ ហើយ​សមាហរ័ណកម្ម ក្នុង​លំហ​នៃ​អតីត​សហភាព​សូវៀត​ ក៏​ជា​បាតុភូត ​ប្រភេទ​នេះ​ដែរ។

លុះ​កន្លង​ផុត​១ម៉ោង​កន្លះ​ បន្ទាប់​ពី​គាត់​បាន​ចាប់ផ្តើម​បទ​អន្តរាគមន៍ ​ទើប​លោក​ពូទីន ​ឈាន ​ដល់​ សាច់​រឿង​អ៊ុយក្រែន។ តាម​សម្តី​គាត់ ​ក្រុង​គៀវ​ដែល​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​តំបន់ Donbass​ នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន ​គឺ​កាត់​ដែនដី​នេះ​ចេញ​ពី​រដ្ឋ​អ៊ុយក្រែន ​ដោយ​ដៃ​​ខ្លួន​ឯង​ផ្ទាល់ ​ចំណែក​រុស្ស៊ី ​គឺ​គ្មាន​ចេតនា​ធ្វើ​អន្តរាគមន៍​យោធា​អ្វី​ណា​ ​ចូល​ប្រទេស​អ៊ុយក្រែន​ឡើយ។ លោក ​ពូទីន​ថ្លែង​ថា ​សម្រាប់​ក្រុង​គៀវ ​ដើម្បី​ដក​ខ្លួន​ចេញ​ពី​ស្ថានការណ៍​បច្ចុប្បន្ន គឺ​ចាំ​បាច់​ត្រូវ​បំពេញ ​តាម​កិច្ច​ព្រមព្រៀង​ក្រុង​មិនស្ក៏ ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ ​ហើយ ​ត្រូវ​គោរព​ផល​ប្រយោជន៍ ​ស្រប​ច្បាប់ ​របស់​បណ្តា​ជន​ ដែល​និយាយ​ភាសា​រុស្ស៊ី។

តប​នឹង​សំនួរ​ស្ត្រី​ម្នាក់​ ខាង​បក្ស​ប្រឆាំង ​ដែល​ចង់​ឮ​ពី ​បបូរ​មាត់​លោក​ពូទីន​ផ្ទាល់ ៖ ​តើ​នៅ អ៊ុយក្រែន ​មាន ​ឫ​ គ្មាន ​កងទ័ព​រុស្ស៊ី ? លោក​ពូទីន ​ឆ្លើយ​ថា ៖​ គ្មាន​ទេ។

តប​នឹង​សំណូម​ពរ​សុំ​យោបល់​លោក​ពូទីន​ តើ​គាត់​យល់​ឃើញ​យ៉ាង​ណា​ដែរ ​អំពី​ដំណឹង​ដែល​ថា ​អ៊ីស្រាអែល ​នឹង​បញ្ជូន​អាវុធ​ទៅ​អ៊ុយក្រែន ​បើ​រុស្ស៊ី​នៅ​តែ​ប្តេជ្ញា​លក់​មីស៊ីលធុន​ S-300​ ទៅ​អ៊ីរ៉ង់ ​លោក​ពូទីន​ថ្លែង​ថា ​មីស៊ីល​នេះ ​គឺ​សម្រាប់​តែ​ការពារ​ប៉ុណ្ណោះ ​ហើយ​មិន​បង្កើត​ជា​គ្រោះ​ថ្នាក់​ អ្វី​ណា ​ដល់​អ៊ីស្រាអែល​ឡើយ។ ការ​លក់​មីស៊ីល​នេះ​ទៅ​អ៊ីរ៉ង់ ​អាច​ចាត់​ទុក​ជា​រង្វាន់​ម្យ៉ាង ​ចំពោះ ​ការ​ខំ​ប្រឹងប្រែង​ របស់​ក្រុង ​Teheran ​កាត់​បន្ថយ​ទំហំ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ហើយ​មីស៊ីល​នេះ ​នឹង​ជះ​ចំហាយ​ទៅ ​បន្សាប​ជម្លោះ​នៅ​ប្រទេស​យេម៉ែន។

លោក​ពូទីន​សង្កត់​ធ្ងន់​ថា ​ទំនាក់​ទំនង​រវាង​រុស្ស៊ី​និង​បស្ចិម​លោក ​អាច​រៀបរយ​មាន​ប្រក្រតីភាព​ វិញ ​លុះ​ណា​តែ​បស្ចិម​លោក ​ទទួល​ស្គាល់​ផល​ប្រយោជន៍​ជាតិ​ របស់​រុស្ស៊ី។  
ប្រធានាធិបតី​រុស្ស៊ី​ ដៀម​ដាម​ឲ្យ​ ស.រ.អា. ​ដែល​តែង​លើក​ខ្លួន​ឯង​ថា ​ឆើត​ដាច់​គេ​លើ​ពិភពលោក ​ត្រូវ​ការ​មាន ​គឺ​មិនមែន​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ទេ ​តែ​គឺ ​ប្រទេស​ដែល​ចំណុះ​អាមេរិក ​ហើយ​ រុស្ស៊ី ​គ្មាន​ត្រូវការ​ ភាព​ចំណុះ​បែប​នេះ​ទេ។

តប​នឹង​សំនួរ ៖ ​តើ​ប្រទេស​រុស្ស៊ី​បែប​ណា ​ដែល​គាត់​ចង់​ឃើញ ​លោក​ពូទីន​ឆ្លើយ​ថា៖ ​គឺ​ប្រទេស​ រុស្ស៊ី ​ដែល​ចម្រើន​រុងរឿង​ ជា​ទី​ដែល​ប្រជា​ពលរដ្ឋ​ មាន​សុភមង្គល​ជឿជាក់​ លើ​អនាគត​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ