អានតួអត្ថបទ
:រុស្ស៊ី-វេណេស៊ុយអេឡា

លោក​ពូទីន​ទទួល​ជួប​ប្រធានាធិបតី​ វេណេស៊ុយអេឡា​ដោយ​ផ្តោត​លើ​តម្លៃប្រេង​

 តាម​ដែល​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យ​ដឹង​ក្នុង​ជំនួប​ថ្ងៃ​ព្រហស្បត៏​នេះ លោក ប្រធានាធិបតី​រុស្ស៊ី​វ៉្លាឌីមៀរ ពូទីន លើក​យក​ទៅ​ពិភាក្សា​ជាមួយ​សមភាគី​វេណេស៊ុយអេឡា លោក Nicolas Maduro ជាពិសេស​គឺ​បញ្ហា​បណ្តាល​មកពី​ការ​បន្ត​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេងឆៅ លើ​ទីផ្សារ​ពិភពលោក​ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​ខ្ទង់​ចំណូល​ប្រទេស​ទាំង​ពីរ ជា ប្រទេស​នាំ​ចេញ​យ៉ាង​ច្រើន​នូវ​វត្ថុធាតុ​ដើម​នេះ។ 

ប្រធានាធិបតីពូទីន
ប្រធានាធិបតីពូទីន REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

 

វិមានក្រេមឡាំង លំអិតថា​ប្រមុខ​រដ្ខ​ទាំងពីរ​ក៏​យកចិត្តទុកដាក់ ទៅ​លើ​ភារកិច្ច​បច្ចុប្បន្ន​ខាង​បំផុសបំផុល​សហប្រតិបត្តិការ​ទ្វេភាគី​បូក​ទាំង​ការបំពេញ​ឲ្យ​កើត​ចេញ ជាផ្លែផ្កា​មែន​នូវ​គម្រោង​ធំៗ​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​ថាមពល កសិកម្ម និង ឧស្សាហកម្ម។

ស្របនឹង​ប្រភព​ដដែល ការ​ផ្លាស់​ប្តូរយោបល់គ្នា ជុំវិញ​ស្ថានការណ៍​ដែល​កើតឡើង​សព្វថ្ងៃ នៅ​ទីផ្សារ​ប្រេងពិភពលោក ប្រាកដជា ចោទ​ក្នុង​របៀបវារៈ​ប្រចាំ​ថ្ងៃ​នៃ​ជំនួប​កំពូល។

ដោយ​ឥតមាន​ប្រកាស​ឲ្យ​ដឹង​ជាមុន ទស្សនកិច្ច​លោក​ប្រធានាធិបតី វេណេស៊ុយអេឡា Nicolas Maduro បាន​ចាប់​ផ្តើម​ថ្ងៃ​នេះ​នៅ​ម៉ូស្គូ​គឺ​បន្ទាប់ពី​គាត់​បាន​ទៅ​កាន់ ៣​ប្រទេស​ទៅ​ហើយ​សុទ្ធតែ​ជា​ប្រទេស​ល្បី​ខាង​នាំប្រេង​ចេញ​គឺ អាល់ហ្សេរី អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត ជាទី​ដែល​គាត់​បាន​ធ្វើ​កិច្ចចរចា​ជុំវិញ​វិបត្តិ​តម្លៃ​ប្រេង។

ក្នុង​ឋានៈ​ជា​សមាជិក​នៃ​“អង្គការ​បណ្តា​ប្រទេស​ខាង​នាំ​ប្រេង​ចេញ” ហៅថា OPEP វេណេស៊ុយអេឡា ដូច​រុស្ស៊ី អញ្ចឹង​រងទុក្ខ​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​មាសខ្មៅ នេះ លុះរហូតដល់​ក្រោម ៥០ ដុល្លារ​ក្នុង​មួយ​បារីល ឫ មួយ​ធុង​ដែល​ចំណុះ ១៥៩ លីត្រ។

សូម្បី វេណេស៊ុយអេឡា ដក់​ជាប់​ដោយ​កំណប់​ប្រេងឆៅ​ដ៏​សម្បូណ៌​ក្តី ក៏​ស្ថានភាព​ហិរញ្ញវត្ថុ ប្រទេស​នេះ​ស្រាប់តែ​យ៉ាប់យ៉ឺន​ទេ​តើ​ដ្បិត​វា​អាស្រ័យ​ខ្លាំង​នឹង ការលក់ប្រេង​ដែល​ពាំនាំ​ដល់ ទៅ​៩៦% នៃ​ខ្ទង់​ចំណូល​រូបិយវត្ថុ​សម្រាប់​ថវិកាជាតិ។

ចំណែក​នៅ​រុស្ស៊ី ទន្ទឹម​នឹង​សម្ពាធ​នៃ​ទណ្ឌកម្ម​បស្ចិមលោក ការ​ធ្លាក់ចុះ​គួរ​ឲ្យ​វិលមុខ តាំងពី កណ្តាល​ឆ្នាំ​មុន​មក​នៃ​តម្លៃប្រេង​ដែល​រួម​ជាមួយ​ឧស្ម័ន តែង​បាន​នាំ​ចំណូល​ជារូបិយវត្ថុ ដល់ ទៅ ជាង​៥០% ដល់​ថវិកាជាតិ​គឺ​បាន​ញ៉ាំង​ឲ្យ​អត្រា​ប្រាក់​រូប្ល​ចុះ​ដាំដូង ពី​១​ដុល្លារ​ស្មើ​នឹង​៣៣​រូប្ល​កាលពី​ដើម​ឆ្នាំ​មុន​លុះ​រហូត​ដល់​១​ដុល្លារ ស្មើ​នឹង​៦៦ រូប្ល​ទៅ​ហើយ យប់មិញ។

តាមការ​ប្រមាណ​ឃើញ​ម្សិលមិញ នៃ​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុរុស្ស៊ី Anton Siluanov បើ​ពេញ​មួយ​ឆ្នាំ​២០១៥​នេះ តម្លៃ​ប្រេង​មិន​ឡើង​ហួស​ពី ៥០​ដុល្លារ​ក្នុង​១​បារីល​ទេ នោះ ថវិការ​ជាតិ​រុស្ស៊ី​នឹង​បាត់បង់​អស់​ទឹកប្រាក់ ស្មើ​នឹង ៣៩.០០០​លាន​អឺរ៉ូ ឯណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ