អានតួអត្ថបទ
បារាំង

កំណែទម្រង់​ប្រព័ន្ធចូល​និវត្តន៍​បារាំង​ស្វែងរក​តុល្យភាព​នៅឆ្នាំ២០១៨​

នៅ​ថ្ងៃពុធ​ទី១៦​មិថុនា​នេះ​រដ្ឋមន្ត្រី​ ក្រសួង​ការងារ​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​ និវត្តន៍​បារាំង​ដែល​កំពុង​ខិតខំ​ស្វែងរក​តុល្យភាព​ឲ្យ​បាន​នៅ​ឆ្នាំ២០១៨​ ខាង​មុខនេះ។​ តុល្យភាព​ដែល​អាច​នឹង​ស្វែងរក​បាន​ដោយសារ​តែ​មាន​ការ​ជំរុញ​អាយុ​ចូល​ និវត្តន៍​ស្របច្បាប់​ពី​៦០ឆ្នាំ​ទៅ​៦២ឆ្នាំ។​ ហើយនិង ​រយៈ​កាល​​នៃ​ការ​បង់​ភាគទាន​ទៅក្នុង​ហិប​ប្រាក់​នៃ​ប្រព័ន្ធ​ចូលនិវត្តន៍​ នឹង​ត្រូវ​រុញ​ឲ្យ​កើន​ឡើង​ដល់​៤១ឆ្នាំ​កន្លះ​នៅរវាង​ឆ្នាំ២០២០​ទល់​នឹង​ ៤០ឆ្នាំ​កន្លះ​បច្ចុប្បន្ន​នេះ​ ហើយ​និង​៤១ឆ្នាំ​នៅ​ឆ្នាំ២០១២។

លោករដ្ឋមន្ត្រី​ក្រសួងការងារ​បារាំង​ Eric Woerth​ នាឱកាស​សន្និសីទ​កាសែត
លោករដ្ឋមន្ត្រី​ក្រសួងការងារ​បារាំង​ Eric Woerth​ នាឱកាស​សន្និសីទ​កាសែត ©Reuters
ផ្សាយពាណិជ្ជកម្ម

05:21

បទវិភាគរបស់​ សៀក​ សារិន

កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍​បារាំង​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​សន្សឹមៗ​។​ រដ្ឋាភិបាល​បារាំង​ស្នើ​ជំរុញ​អាយុ​ចូល​និវត្តន៍​ស្របច្បាប់​ឲ្យ​កើន​ឡើង​ដល់​៦២ឆ្នាំ​នៅ​ឆ្នាំ២០១៨​ទល់​នឹង​អាយុ​៦០ឆ្នាំ​បច្ចុប្បន្ន​នេះ​ ដោយ​គោរព​​តាម​ចង្វាក់​កើនឡើង​ទៅមុខ​ក្នុង​ល្បឿន​៤ខែ​សម្រាប់​រយៈកាល​១ឆ្នាំ។​ ទាំងនេះ​គិត​ចាប់​តាំង​ពី​ថ្ងៃទី១​កក្កដា​ឆ្នាំ២០១១​ទៅ។​ នេះ​ជា​ការគូស​បញ្ជាក់​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​បារាំង​នាឱកាស​សន្និ​សីទ​កាសែត។​ ការ​ជំរុញ​អាយុ​ចូល​និវត្តន៍​ស្របច្បាប់​ឲ្យ​កើន​ឡើង​ដល់​៦២ឆ្នាំ​នៅ​ឆ្នាំ២០១៨​ទល់​នឹង​អាយុ​៦០ឆ្នាំ​បច្ចុប្បន្ន​នេះ​នឹង​ធ្វើឲ្យ​ហិប​ប្រាក់​​នៃ​ប្រព័ន្ធ​ចូល​និវត្តន៍​បារាំង​សន្សំ​សំចៃ​បាន​ជិត​១៩ពាន់​លាន​អឺរ៉ូ​នៅ​ឆ្នាំ២០១៨។​ ហើយ​កំណែ​ទម្រង់​ទៅលើ​ប្រព័ន្ធ​ចូល​និវត្តន៍​នេះ​ក៏​នឹង​ធ្វើឲ្យ​ប្រជាជន​បារាំង​ចាប់​មាន​ទំនុកចិត្ត​កក់ក្តៅ​ទៅលើ​ហិប​ប្រាក់​នៃ​ប្រព័ន្ធ​ចូល​និវត្តន៍​របស់​ខ្លួន​ផងដែរ។

បើ​យោង​តាម​គម្រោង​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍​បារាំង​ រយៈ​កាល​​នៃ​ការ​បង់​ភាគទាន​ទៅក្នុង​ហិប​ប្រាក់​នៃ​ប្រព័ន្ធ​ចូលនិវត្តន៍​នឹង​ត្រូវ​រុញ​ឲ្យ​កើន​ឡើង​ដល់​៤១ឆ្នាំ​កន្លះ​នៅរវាង​ឆ្នាំ២០២០​ទល់​នឹង​៤០ឆ្នាំ​កន្លះ​បច្ចុប្បន្ន​នេះ​ ហើយ​និង​៤១ឆ្នាំ​នៅ​ឆ្នាំ២០១២។​ ចំណែកឯ​អាយុ​ចូល​និវត្តន៍​ស្រប​ច្បាប់​នៃ​របប​ចូល​និវត្តន៍​ពិសេស​សម្រាប់​អ្នក​ធ្វើការ​ប្រើ​កម្លាំង​កាយ​នឿយហត់​ច្រើន​នឹង​ត្រូវ​ធ្វើការ​រុញ​ច្រាន​ឲ្យ​កើន​ទៅមុខ​ចាប់​ពី​ថ្ងៃទី១​មករា​ឆ្នាំ២០១៧​ទៅ។

សូម​គូស​បញ្ជាក់​ថា​ គម្រោង​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍​បារាំង​ស្វែងរក​តុល្យភាព​នៅ​ឆ្នាំ២០១៨​ដែល​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ក៏​បាន​គ្រោង​ផង​ដែរ​នឹង​ធ្វើការ​រុញ​ច្រាន​បន្តិច​ម្តងៗ​អាយុ​សម្រាប់​ចូល​និវត្តន៍​ស្រប​ច្បាប់​ពី​៦៥ឆ្នាំ​ទៅ​៦៧ឆ្នាំ​ចាប់​ពី​ពេលនេះ​ទៅ​ទល់​ឆ្នាំ២០១៨​សម្រាប់​ជនណា​ដែល​ចង់​ទទួល​ឲ្យ​បាន​នូវ​ប្រាក់​សោធន​និវត្តន៍​គ្រប់​ពេញ​លេញ​ ដោយ​មូលហេតុ​ពុំ​បាន​បង់​ភាគទាន​ឲ្យ​បាន​គ្រប់​៤១ឆ្នាំ​ឬ​៤១ឆ្នាំ​កន្លះ​នៅ​ពេល​ដែល​ខ្លួន​ឈាន​ចូល​និវត្តន៍។

ក្រៅពីនេះ​រដ្ឋាភិបាល​បារាំង​គ្រោង​ស្នើ​ផង​ដែរ​ជំរុញ​ឲ្យ​ការ​បង់​ភាគទាន​សម្រាប់​ប្រព័ន្ធ​ចូល​និវត្តន៍​របស់​អ្នក​រដ្ឋការ​មាន​កម្រិត​ស្មើ​នឹង​ការ​បង់​ភាគទាន​សម្រាប់​ប្រព័ន្ធ​ចូល​និវត្តន៍​របស់​អ្នក​ធ្វើការ​នៅក្នុង​ឯកជន។​ ទាំងនេះ​ក្នុង​រយៈកាល​១០ឆ្នាំ។​ គួរ​កត់​សម្គាល់​ថា​ បច្ចុប្បន្ននេះ​អត្រា​នៃ​ការ​បង់​ភាគទាន​សម្រាប់​ប្រព័ន្ធ​ចូល​និវត្តន៍​របស់​អ្នក​ធ្វើការ​នៅក្នុង​ឯកជន​មាន​កម្រិត​១០,៥៥%​នៃ​ប្រាក់​បៀវត្សរ៍​ដុល។​ រីឯ​អ្នក​រដ្ឋការ​បារាំង​វិញ​ គេ​បង់តែ​៧,៨៥%​ប៉ុណ្ណោះ។​ ហើយ​បន្ថែម​ពីលើ​នេះ​ រដ្ឋាភិ​បាល​បារាំង​គ្រោង​ដក​ពន្ធ​១%​បន្ថែម​ទៀត​ទៅ​លើ​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ថ្នាក់​ខ្ពស់​ជាង​គេ​ ដើម្បី​យក​មក​ជួយ​ដោះ​ស្រាយ​បញ្ហា​ឧនភាព​ប្រព័ន្ធ​ចូល​និវត្តន៍​បារាំង។

មិន​តែ​ប៉ុណ្ណោះ​រដ្ឋាភិបាល​បារាំង​គ្រោង​ដក​ពន្ធ​១%​ទៀត​ទៅ​លើ​ប្រាក់​ចំណូល​បាន​មក​ពី​វិស័យ​ហិរញ្ញវត្ថុ​ឬ​មូលធន។​ ហើយ​រដ្ឋាភិបាល​បារាំង​ក៏​បាន​គ្រោង​ផង​ដែរ​ប្រើ​ប្រាស់​ប្រាក់​ដែល​មាន​នៅ​ក្នុង​មូលនិធិ​បម្រុង​ទុក​សម្រាប់​ប្រព័ន្ធ​ចូល​និវត្តន៍​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឧនភាព​នៃ​របប​ចូល​និវត្តន៍​ទូទៅ​ចាប់​ពី​ពេល​នេះ​ទៅ​ទល់​ឆ្នាំ២០១៨។

បើ​វិធានការ​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍​បារាំង​សម្រេច​បាន​ជោគ​ជ័យ​មែន​ នោះ​ប្រព័ន្ធ​ចូល​និវត្តន៍​បារាំង​លែង​មាន​បញ្ហា​ឧនភាព​ទៀត​ហើយ។​ បើ​យោង​តាម​តារាំង​ដែល​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា​ កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍​នឹង​អាច​អនុញ្ញាត​ឲ្យ​ឧនភាព​នៃ​ប្រព័ន្ធ​ចូល​និវត្តន៍​បារាំង​ធ្លាក់​មក​នៅ​ត្រឹម​៧ពាន់​៨រយ​លាន​​អឺរ៉ូ​នៅ​ឆ្នាំ២០១៥​ទល់នឹង​១៦ពាន់​៨រយ​លាន​អឺរ៉ូ​ដែល​គ្រោង​មាន​នៅ​ឆ្នាំ​២០១០​ ហើយ​នៅ​ទី​បំផុត​គឺ​ ប្រព័ន្ធ​ចូល​និវត្តន៍​បារាំង​អាច​មាន​តុល្យភាព​នៅ​ឆ្នាំ២០១៨។

សូម​បញ្ជាក់​ថា​ បើ​គេ​ពុំ​ខិតខំ​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ចូលនិវត្តន៍​ទេ​ នៅ​ឆ្នាំ២០២០​ ប្រព័ន្ធ​ចូល​និវត្តន៍​បារាំង​អាច​មាន​ឧនភាព​ប្រមាណ​៥០ពាន់​លាន​អឺរ៉ូ​ក្នុង​១ឆ្នាំៗ​ ហើយ​នៅ​ឆ្នាំ២០៥០​ ប្រព័ន្ធ​ចូល​និវត្តន៍​បារាំង​អាច​មាន​ឧនភាព​ដល់​ទៅ​១០០ពាន់​លាន​អឺរ៉ូ​ក្នុង​១ឆ្នាំៗ​ទល់​នឹង​២ពាន់​២រយ​លាន​អឺរ៉ូ​បច្ចុប្បន្ននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ