អានតួអត្ថបទ
កូសូវ៉ូ ស៊ែរប៊ី

តុលាការ​យុតិ្តធម៌​អន្តរជាតិ​សម្រេច​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​ប្រកាស​ឯករាជ្យ​របស់​កូសូវ៉ូ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២២ កក្កដា ឆ្នំា ២០១០ តុលាការ​យុតិ្តធម៌​អន្តរជាតិ​ចេញ​សេចក្តី​សម្រេច​ស្តីពី​ភាព​ស្រប​ច្បាប់​នៃ ​ការ​ប្រកាស​ឯករាជ្យ​របស់​ដែនដី​កូសូវ៉ូ កាល​ពី​ថ្ងៃទី ១៧ កក្កដា ឆ្នំា ២០០៨។ សេចក្តី​សម្រេច​ដែល​គ្មាន​លក្ខណៈ​បង្ខិតបង្ខំ​ឡើយ។ ទំាង​រដ្ឋអំណាច​ស៊ែរប៊ី និង​កូសូវ៉ូ​សុទ្ធ​តែ​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​រៀងៗ​ខ្លួន។តើ​ដើម​រឿង​នៅ​កូសូវ៉ូ​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ ?

តុលាការ​យុតិ្តធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់
តុលាការ​យុតិ្តធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ © Wikimédia)
ផ្សាយពាណិជ្ជកម្ម

07:50

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

កាល​ពី​ដើម​ឡើយ កូសូវ៉ូ​គឺ​ជា​ខេត្ត​មួយ​របស់​ប្រទេស​ស៊ែរប៊ី។ កូសូវ៉ូ​មាន​ផ្ទៃដី​ទំហំ​មួយ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា មាន​ប្រជាជន​​រស់​នៅ​ប្រមាណ ២លាននាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​អាល់បានី។ នៅ​ក្នុង​សម័យ​សហភាព​យូកូស្លាវី ស៊ែរប៊ី​ជា​រដ្ឋ​សមាជិក​មួយ រីឯ​កូសូវ៉ូ​គឺ​ជា​រដ្ឋ​ស្វ័យ័ត។ ប៉ុន្តែ​ក្រោយ​ពី​យូកូស្លាវី​បាន​ដួល​រលំ​ទៅ រដ្ឋ​ជា​សមាជិក​ក៏​បាន​បែក​ខ្ញែក​គ្នា​ទៅ​ជា​រដ្ឋឯករាជ្យ​រៀងៗ​ខ្លួន។ កាល​ណោះ ប្រទេស​យូកូស្លាវី​ថ្មី​ដែល​មាន​លោក​ស្លូបូដាន មីឡូសេវិក ជា​ប្រធានាធិបតី បាន​ច្បាម​យក​ដែនដី​កូសូវ៉ូ​មក​គ្រប់​គ្រង។ តែ​ប្រជាជន​កូសូវ៉ូ​មិន​យល់​ព្រម ក៏​នំា​គ្នា​ងើប​បះបោរ បង្កើត​ចេញ​ជា​សង្រ្គាម។ សង្រ្កាម​ដែល​កាល​ណោះ ទាហាន​យូកូស្លាវី​របស់​លោក ស្លូបូដាន មីឡូសេវិក បាន​សម្លាប់​រង្គាល​ជនជាតិ​អាល់បានី រហូត​ដល់​មាន​អន្តរាគមន៍​ពី​អង្គការ​អូតង់​ដណ្តើម​មក​កាន់​កាប់​វិញ។

ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩ មក ដែនដី​កូសូវ៉ូ​ក៏​បាន​ស្ថិត​​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អង្គការសហប្រជាជាតិ។ ខណៈ​នោះ ដែនដី​កូសូវ៉ូ​មិន​ទាន់​មាន​លក្ខន្តិកៈ​អ្វី​ច្បាស់​លាស់​ទេ ជា​រដ្ឋ​ចំណុះ​ឲ្យ​ប្រទេស​ណា​មួយ​ក៏​គ្មាន ជា​រដ្ឋ​ស្វយ័ត​ក៏​មិន​មែន ឬ​ជា​រដ្ឋ​ឯករាជ្យ​មួយ​ក៏​មិន​ទាន់។ គឺ​ទើប​តែ​នៅ​ថ្ងៃ​ទី ១៧ កក្កដា ឆ្នំា ២០០៨ ទើប​ដែនដី​កូសូវ៉ូ​បាន​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង។ ដំបូង​ឡើយ មាន​តែ ២២​ប្រទេស​ប៉ុណ្ណោះ​ដែល​បាន​ប្រកាស​ទទួល​ស្គាល់​ឯករាជ្យភាព​របស់​កូសូវ៉ូ តែ​គិត​មក​ទល់​ថ្ងៃ​នេះ មាន​រហូត​ដល់​ទៅ ៦៩​ប្រទេស​ឯណោះ ក្នុង​នោះ​មាន​ទំាង​សហរដ្ឋអាមេរិក និង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២២​ក្នុង​ចំណោម​ប្រទេស​សមាជិក​ទំាង ២៧​ប្រទេស។ តែ​ប្រទេស​ស៊ែរប៊ី​មិន​បាន​ទទួល​ស្គាល់​ឯករាជ្យភាព​របស់​ដែនដី​កូសូវ៉ូ​ទេ និង​បន្ត​ចាត់​ទុក​ដែនដី​កូសូវ៉ូ​ជា​ខេត្ត​មួយ​របស់​ខ្លួន។

ហេតុ​អ្វី បាន​ជា​មាន​ការ​ប្តឹងផ្តល់​គ្នា​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ?

គឺ​ការ​ដែល​ប្រទេស​ស៊ែរប៊ី​មិន​ព្រម​ទទួល​ស្គាល់​ការ​ប្រកាស​ឯករាជ្យ​របស់​ដែនដី​កូសូវ៉ូ​កាល​ពី​ថ្ងៃ​ទី ១៧ កក្កដា ឆ្នំា ២០០៨​នោះ​ឯង ដែល​សំណុំរឿង​នេះ​បាន​ធ្លាក់​ដល់​ដៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ នៅ​ថ្ងៃ​ទី ៨ តុលា ឆ្នំា ២០០៨ ពោល​គឺ ៣​ខែ​ក្រោយ​ពី​ការ​ប្រកាស​ឯករាជ្យ​របស់​ដែនដី​កូសូវ៉ូ ប្រទេស​ស៊ែរប៊ី​បាន​ទទួល​ការ​យល់​ព្រម​ពី​អង្គការ​សហប្រជាជាតិ ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពិនិត្យ​មើល​ពី​ភាពស្រប​ច្បាប់​នៃ​ការ​ប្រកាស​ឯករាជ្យ​របស់​កូសូវ៉ូ។

តើ​សេចក្តី​សម្រេច​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ​អាច​នឹង​ធ្វើ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ដែរ ឬ​ទេ ?

ប៉ុន្មាន​ថ្ងៃ​មុន​ការ​សម្រេច​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ ភាគី​ស៊ែរប៊ី ក៏​ដូច​ជា​ភាគី​កូសូវ៉ូ សុទ្ធ​តែ​បាន​បង្ហាញ​ពី​សុទិដ្ឋនិយម​រៀងៗ​ខ្លួន។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ ចំា​បាច់​ត្រូវ​តែ​ធ្វើ​ការ​សម្រេច ដោយ​ផ្អែក​លើ​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​សហប្រជាជាតិ។ ទីមួយ៖ គឺ​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្រេចចិត្ត​អំពី​ជោគវាសនា​អនាគត​ដោយ​ខ្លួន​ឯង​របស់​ប្រជាជន​កូសូវ៉ូ និង​ទីពីរ៖ គឺ​ការ​គោរព​អធិបតេយ្យ និង​បូរណភាព​ដែនដី​ដែល​ការពារ​ដោយ​ប្រទេស​ស៊ែរប៊ី។

រដ្ឋអំណាច​កូសូវ៉ូ​តែង​តែ​បាន​ព្យាយាម​លើក​ឡើង​ថា កូសូវ៉ូ​ជា​អតីត​ដែនដី​យូកូស្លាវី​ដូច​ដែល​រដ្ឋ​មួយ​ចំនួន​ទៀត។ អ៊ីចឹង ខ្លួន​មាន​ក៏​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទាមទារ​លក្ខន្តិកៈ​មួយ​ច្បាស់​លាស់​ដែរ។ ចំណែក​ឯ​រដ្ឋអំណាច​ស៊ែរប៊ី​វិញ​បាន​ព្យាយាម​ពន្យល់​បកស្រាយ​ថា បើ​គេ​ទុក​បណ្តោយ​ឲ្យ​ដែនដី​កូសូវ៉ូ​ទទួល​ឯករាជ្យ​តាម​ការ​ប្រកាស​ផ្តាច់​ខ្លួន​ដោយ​ខ្លួន​ឯង វា​អាច​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​រដ្ឋ​មួយ​ចំនួន​ទៀត​ក្នុង​លោក ដែល​ចង់​ទាមទារ​ផ្តាច់​ទឹកដី។

សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នឹង​គ្មាន​លក្ខណៈ​បង្ខិតបង្ខំ​

ដើម្បី​កុំ​ឲ្យ​ភាគី​ណា​មួយ​អាម៉ាស់​មុខ តុលាការ​យុត្តិធម៌​អន្តរជាតិ​ត្រូវ​តែ​សម្រេច​យក​ផ្លូវ​កណ្តាល ដោយ​គ្មាន​លក្ខណៈ​បង្ខិតបង្ខំ​ឡើយ។ ការ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​មិន​ព្រម​អារកាត់​ឲ្យ​ដាច់​ស្រេច គឺ​ដើម្បី​ចៀសវាង​ផលវិបាក​ដែល​អាច​កើត​មាន​នៅ​ពេល​ក្រោយ។ បញ្ហា​ដែនដី​កូសូវ៉ូ ជា​បញ្ហា​មួយ​យ៉ាង​ស្មុគស្មាញ​អស់​រយៈពេល​ជាង ១០​ឆ្នំា​មក​ហើយ។

តាម​ពិត​ទៅ ផែនការណ៍​ដើម​របស់​អង្គការសហប្រជាជាតិ គឺ​ផ្តល់​ឯករាជ្យ​ដល់​កូសូវ៉ូ តាមរយៈ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា សេចក្តី​សម្រេច​ហ្នឹង​មិន​អាច​អនុម័ត​បាន​ទេ​ ព្រោះ​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ែរប៊ី​បាន​ជំទាស់។ យើង​ដឹង​ហើយ​ថា រុស្ស៊ី​គឺ​ជា​សមាជិក​អចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​មាន​សិទ្ធិ​វ៉េតូ។ អ៊ីចឹង តែ​រុស្ស៊ី​ជំទាស់​ហើយ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ក៏​មិន​អាច​ចេញ​រួច​ដែរ។

ឃើញ​ថា បើ​សិន​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ហ៊ាន​សម្រេច​ទទួល​ស្គាល់​ថា ការ​ប្រកាស​ឯករាជ្យ​របស់​រដ្ឋអំណាច​កូសូវ៉ូ​ពិត​ជា​ត្រឹមត្រូវ​តាម​ច្បាប់​អន្តរជាតិ។ បន្ទាប់​មក​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ជា​អ្នក​អនុម័ត​ចុង​ក្រោយ​នោះ រុស្ស៊ី​នឹង​ពិត​ជា​ប្រើ​សិទ្ធិ​វ៉េតូ​ជា​មិន​ខាន។

ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជ្រើសរើស​យក​ផ្លូវ​កណ្តាល ដោយ​មិន​ឲ្យ​អ្នក​ណា​មួយ​ឈ្នះ​នោះ វា​អាច​ជា​ចំណុច​ចាប់​ផ្តើម​ថ្មី​នៃ​ការ​ចរចា​រវាង​ភាគី​ដែល​ពាក់ព័ន្ធ ពិសេស ភាគី​ជម្លោះ​ទំាង​ពីរ ស៊ែរប៊ី និង​កូសូវ៉ូ។ មិន​មែន​ចរចា​ពី​រឿង​លក្ខន្តិកៈ​នៃ​ដែនដី​កូសូវ៉ូ​ទេ តែ​ចរចា​ពី​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ដូច​យ៉ាង ការ​ទទួល​ស្គាល់​លេខ​ឡាន​រវាង​គ្នា​ទៅ​វិញ ទៅ​មក ការ​បញ្ជូន​ក្រុម​គ្រួសារ​ឲ្យ​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ ច្បាប់​កម្មសិទ្ធិ និង​ការ​ធ្វើ​ចរាចរ​ទំនិញ​ដោយ​សេរី​រវាង​គ្នា​ជា​ដើម។ សុទ្ធ​សឹង​ជា​បញ្ហា​ដែល​នៅ​សល់ នា​មុន​ដែល​កូសូវ៉ូ​បាន​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង​ក្នុង​ឆ្នំា ២០០៨។

ចំណុច​មួយ​ទៀត ការ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​សម្រេច​ជ្រើស​យក​ផ្លូវ​កណ្តាល អាច​ជា​ជោគជ័យ​របស់​កូសូវ៉ូ​រួច​ទៅ​ហើយ ព្រោះ​ថា​ចង់ មិន​ចង់ ទោះ​បី​ជា​ការ​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង​របស់​កូសូវ៉ូ​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ក៏​ដោយ ក៏​មក​ទល់​ពេល​នេះ មាន​ប្រទេស​ចំនួន ៦៩​ហើយ ក្នុង​ចំណោម​ប្រទេស​ទំាង ១៩ បាន​ទទួល​ស្គាល់​កូសូវ៉ូ ជា​រដ្ឋឯករាជ្យ​មួយ។ មួយ​វិញ​ទៀត ជា​មួយ​ការ​សម្រេច​ជ្រើស​យក​ផ្លូវ​កណ្តាល​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពេល​នេះ​ទៀត អាច​នឹង​ជម្រុញ​ឲ្យ​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​នៅ​រារែក​ពី​ពេល​មុន​មក សម្រេច​ចិត្ត​ទទួល​ស្គាល់​ឯករាជ្យភាព​របស់​កូសូវ៉ូ​នៅ​ពេល​​នេះ​តែ​ម្តង។

ប៉ុន្តែ​នៅ​ក្នុង​ករណី​ណា​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​សម្រេច​មិន​ទទួល​ស្គាល់​ភាព​ស្របច្បាប់​នៃ​ការ​ប្រកាស​ឯករាជ្យ​របស់​ដែនដី​កូសូវ៉ូ កាលពី​ថ្ងៃទី ១៧ កក្កដា ឆ្នំា ២០០៨​នោះ អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​មាន​ការ​អាម៉ាស់​មុខ​មិន​តិច​ទេ ក្នុង​នោះ មាន​ទំាង​សហរដ្ឋអាមេរិក​ផង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ