អានតួអត្ថបទ
អង់គ្លេស- Wikileaks

លោកជូលៀន អាសាញ់ជ៍ កំពុង​ជាប់គុក Wikileaks បន្ត​ចុះផ្សាយ​ឯកសារ​សម្ងាត់

លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) ស្ថាបនិក​វែបសៃត៍ Wikileaks បាន​ស្គាល់​គុក​ក្នុង​ប្រទេស​អង់គ្លេស​មួយ​យប់​ហើយ បន្ទាប់​ពី​ប៉ូលីស​អង់គ្លេស​បាន​ឃាត់​ខ្លួន​លោក​នៅ​ថ្ងៃ​អង្គារ ទី៧ ធ្នូ​ម្សិលមិញ។ លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) សុំ​បង់ប្រាក់​តម្កល់​ដើម្បី​ស្ថិត​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន តែ​ត្រូវ​បាន​តុលាការ​អង់គ្លេស​បដិសេធ។ វែបសៃត៍ Wikileaks ដែល​មាន​ជំនាញ​ខាង​ចុះផ្សាយ​ឯកសារ​សម្ងាត់។ ថ្មីៗ​នេះ គឺ​ការ​ចុះផ្សាយ​ឯកសារ​សម្ងាត់​ទាក់ទង​នឹង​កិច្ចសន្ទនា​រវាងមន្រ្តី​ការទូត​ អាមេរិក និង​មន្រ្តី​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត។

លោកជូលៀន អាសាញ់ជ៍ កំពុង​ជាប់គុក Wikileaks បន្ត​ចុះផ្សាយ​ឯកសារ​សម្ងាត់
លោកជូលៀន អាសាញ់ជ៍ កំពុង​ជាប់គុក Wikileaks បន្ត​ចុះផ្សាយ​ឯកសារ​សម្ងាត់ ©Reuters
ផ្សាយពាណិជ្ជកម្ម

06:22

បទអន្តរាគមន៍​​របស់​គួច គន្ធារ៉ា​

គួច គន្ធារ៉ា

កន្លង​មក​យើង​បាន​ដឹង​ថា តំាង​ពី​ក្រោយ​វែបសៃត៍ Wikileaks បាន​ចុះផ្សាយ​ឯកសារ​សម្ងាត់​ទំាង​អម្បាលម៉ាន​ទាក់ទង​នឹង​សហរដ្ឋអាមេរិក មាន​ទំាង​សំណុំរឿង​សង្រ្គាម​នៅ​អៀរ៉ាក់ នៅ​អាហ្វហ្កានីស្តង់ និង​ចុង​ក្រោយ សំណុំរឿងការទូត​អាមេរិក​មក លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) ដែល​ជា​ស្ថាបនិក​វែបសៃត៍ Wikileaks បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ប៉ូលីស​ប្រមាណ​ជា ១៨៨​នាក់​ក្នុង​លោក​តាម​រក​ចាប់​ខ្លួន។ ទីបំផុត​ទៅ​នៅ​ថ្ងៃ​អង្គារ ទី៧ ធ្នូ​ម្សិលមិញ លោក​ជូលៀន​ អាសាញ់ជ៍​បាន​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប៉ូលីស​អង់គ្លេស។ ភ្លាមៗ ប៉ូលីស​អង់គ្លេស​ក៏​បាន​ចាប់​លោក ជូលៀន​ អាសាញ់ជ៍ (Julian Assange) ដាក់​គុក។ ក៏​ប៉ុន្តែ ការ​ឃាត់​ខ្លួន​លោក​ជូលៀន​ អាសាញ់ជ៍​នេះ មិន​មែន​ទាក់ទង​នឹង​ការ​ចុះផ្សាយ​ឯកសារ​សម្ងាត់​ទំាង​ជាង ២៥ម៉ឺន​ឯកសារ​ស្តីពី​នយោបាយ​ការបរទេស​អាមេរិកំាង​នោះ​ទេ។

តាម​ពិត​ទៅ ស្ថាបនិក​វែបសៃត៍ Wikileaks រូប​នេះ​បាន​ស្ថិត​ក្រោម​​ដីកា​ចាប់ខ្លួន​អន្តរជាតិ​របស់​តុលាការ​ប្រទេស​ស៊ុយអែដ​អស់​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ។ តុលាការ​ស៊ុយអែដ​ដែល​បាន​ចោទ​លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) ពី​បទល្មើស​ផ្លូវភេទ។ ជា​បទល្មើស​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​សីហា​កន្លង​ទៅ បន្ទាប់​ពី​មាន​ក្មេងស្រី​ពីរ​រូប​បាន​សារភាព​ថា ត្រូវ​បាន​លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) ចាប់​រំលោភ និង​គំរាម​រួមភេទ។

ខណៈនេះ តុលាការ​អង់គ្លេស​មាន​ពេល ២១​ថ្ងៃ​ដើម្បី​សម្រេច​ថា តើ​ត្រូវ​បញ្ជូន ឬ​មិន​ត្រូវ​បញ្ជូន​លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) ទៅ​ឲ្យ​តុលាការ​ស៊ុយអែដ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តុលាការ​អង់គ្លេស​បាន​សម្រេច​រួច​ហើយ​ថា នឹង​បន្ត​ឃុំ​លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) រហូត​ដល់​ថ្ងៃទី ១៤ ធ្នូ។

រដ្ឋមន្រ្តី​ក្រសួងការពារជាតិ លោក Robert Gates
រដ្ឋមន្រ្តី​ក្រសួងការពារជាតិ លោក Robert Gates ©Reuters

តើ​ការ​ចាប់ខ្លួន​លោក​ជូលៀន​ អាសាញ់ជ៍ជា​ល្បិចកល​របស់​សហរដ្ឋអាមេរិក ឬ ?

គេ​មិន​អាច​ដឹង​ទេ​ថា តើ​ការ​ចាប់​ខ្លួន​លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) ដោយ​ដីកា​អន្តរជាតិ​របស់​តុលាការ​ស៊ុយអែដ​ពេល​នេះ ជា​កលល្បិច​របស់​អាមេរិក ឬ​យ៉ាង​ណា​នោះ។ គេ​បាន​ដឹង​ហើយ​ថា អ្វី​ដែល​វែបសៃត៍ Wikileaks បាន​ចុះផ្សាយ​ឯកសារ​សម្ងាត់​អាមេរិក​កន្លង​មក បាន​ធ្វើ​ឲ្យ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ក្តៅ​ក្រហាយ​មិន​តិច​ទេ ពិសេស ឯកសារ​សម្ងាត់​ទាក់ទង​នឹង​កិច្ចសន្ទនា​រវាងមន្រ្តី​ការទូត​អាមេរិក និង​មន្រ្តី​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

តំាង​ពី​ពេល​នោះ​មក អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ថា គេ​​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​​ការ​លេចធ្លាយ​បែកការ​ឯកសារ​សម្ងាត់​ដោយ​វែបសៃត៍ Wikileaks ។ តែ​គ្មាន​ព័ត៌មាន​ជា​ផ្លូវការ​ណា​មួយ​ដែល​បញ្ជាក់​ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ចេញ​ដីកា​តាម​រក​ចាប់​ខ្លួន​លោក​អាសាញ់ជ៍​នោះ​ទេ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ និង​អាច​ថា​ជា​រឿង​មួយ​ចៃដន្យ​ក៏​ថា​បាន ស្រាប់​តែ​តុលាការ​នៅ​​ប្រទេស​ស៊ុយអែដ​បែរ​ជា​បាន​ចេញ​ដីកា​អន្តរជាតិ​តាម​រក​ចាប់​លោក​អាសាញ់ជ៍​នៅ​ក្នុង​សំណុំរឿង​បទល្មើស​ផ្លូវភេទ​ទៅ​វិញ។

ពិតណាស់​ថា ទោះបី​ជា​ការ​ចាប់​ខ្លួន​លោក​អាសាញ់ជ៍​ពេល​នេះ មិន​មាន​ទាក់ទង​នឹង​ការ​ចុះផ្សាយ​ឯកសារ​សម្ងាត់​អាមេរិក​ក៏​ដោយ ក៏​មាន​មន្រ្តី​អាមេរិក​មួយ​ចំនួន​ញញឹម បិទមាត់​មិន​ជិត​ទេ មុន​គេ​គឺ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ លោក Robert Gates។ លោក Robert Gates ដែល​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក​អាសាញ់ជ៍​ ថា​ជា​ដំណឹង​ល្អ​មួយ។

គេហទំព័រ Wikileaks
គេហទំព័រ Wikileaks AFP/Nicholas Kamm

លោក​ជូលៀន​ អាសាញ់ជ៍​កំពុង​ជាប់គុក Wikileaks បន្ត​ការងារ​ប្រចំាថ្ងៃ

លោក​អាសាញ់ជ៍​ផ្ទាល់​ក៏​ធ្លាប់​បាន​ទទួល​ការ​គំរាម​សម្លាប់។ ឥឡូវ​នេះ​ទៀត គណនី​របស់​វែបសៃត៍ Wikileaks នៅ​ធនាគារ​ស្វីស​ត្រូវ​បាន​គេ​បិទ​ចោល ឈប់​ឲ្យ​ប្រើប្រាស់។ គឺ​តាម​រយៈគណនី​នេះ​ហើយ ដែល​វែបសៃត៍ Wikileaks បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន​ដែល​ជួយ​គំាទ្រ​ការងារ​របស់​លោក​អាសាញ់ជ៍។ សេវា​បង់ប្រាក់​តាម​ប្រព័ន្ធ Internet របស់​អាមេរិកំាង​ឈ្មោះ Paypal និង​ក្រុមហ៊ុន Mastercard ក៏​បាន​បិទ​សេវា​បញ្ជូន​ប្រាក់​ទៅ​ឲ្យ​វែបសៃត៍ Wikileaks ដោយ​លើក​ហេតុផល​ថា សកម្មភាព​របស់​វែបសៃត៍ Wikileaks ជា​សកម្មភាព​ខុសច្បាប់។ ទន្ទឹម​គ្នា​នេះ គេហទំព័រ Wikileaks ក៏​ទទួល​រង​ការ​វាយប្រហារ​ពី​គ្រប់​ទិសទី​ដែរ។

ទោះ​បី​ជា​មេ​របស់​ខ្លួន​កំពុង​ជាប់​ឃុំ​ក៏​ដោយ ក៏​សហការី​របស់​លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) មិន​បញ្ឈប់​ការងារ​របស់​គេ​ដែរ។ « គ្រប់​សកម្មភាព​ដែល​សំដៅ​ប្រឆំាង​នឹង​ប្រធាន​របស់​យើង​នា​ពេល​នេះ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​យើង​ទេ »  នេះ​ជា​សារ​ដែល​សរសេរ​នៅ​ក្នុង​ប្លុក Twitter របស់​វែបសៃត៍ Wikileaks។ លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) ក៏​ធ្លាប់​បាន​ព្រមាន​រួច​ហើយ​ថា លោក​នឹង​ចុះផ្សាយ​ឯកសារ​សម្ងាត់​សំខាន់ៗ​ជា​ច្រើន​ទៀត ប្រសិន​បើ​គ្រប់​គ្នា​ហ៊ាន​ចាត់​វិធានការ​ចាស់ដៃ​លើ​វែបសៃត៍ Wikileaks។

លោកជូលៀន អាសាញ់ជ៍ (Julian Assange) ស្ថាបនិក​វែបសៃត៍ Wikileaks
លោកជូលៀន អាសាញ់ជ៍ (Julian Assange) ស្ថាបនិក​វែបសៃត៍ Wikileaks REUTERS/Luke MacGregor

តើ​ជោគវាសនា​អនាគត​របស់​លោក​ជូលៀន​ អាសាញ់ជ៍នឹង​ទៅ​ជា​យ៉ាង​ណា ?

នេះ​ជា​សំណួរ​ដែល​ទំាង​អស់​គ្នា​កំពុង​ចង់​ដឹង ព្រោះ​ថា អ្វី​ដែល​បាន​និង​កំពុង​កើត​មាន​លើ​រូប​លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) នា​ពេល​នេះ ប្រហែល​គ្រាន់​តែ​ជា​ជំហាន​ដំបូង​នៃ​ការ​ប្រឈម​មុខ​នឹង​តុលាការ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ចំពោះមុខ និង​អ្វី​ដែល​ក្រុមមេធាវី​របស់​លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) ព្យាយាម​ចៀស​ឲ្យ​ផុត​នោះ គឺ​ការ​ចាប់​បញ្ជូន​កូនក្តី​របស់​ខ្លួន​ទៅ​ឲ្យ​រដ្ឋអំណាច​ប្រទេស​ស៊ុយអែដ។ ចំណែក​ក្តីបារម្ភ​ផ្ទាល់​របស់​លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) វិញ គឺ​ការ​ចាប់​បញ្ជូន​ខ្លួន​លោក​ទៅ​ឲ្យ​សហរដ្ឋអាមេរិក ដែល​នៅ​ទី​នោះ លោក​នឹង​ត្រូវ​ឆ្លើយ​នៅ​ចំពោះ​មុខ​តុលាការ​អាមេរិកំាង​ពី​បទ​ចុះផ្សាយ​ឯកសារ​សម្ងាត់​យោធា និង​ការទូត។ យើង​មិន​ដឹង​ថា តើ​ជោគវាសនាអនាគត​លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) នឹង​ទៅ​ជា​យ៉ាង​ណា​ទេ អ្វី​ដែល​យើង​ដឹង ជូលៀន​ អាសាញ់ជ៍​ត្រូវ​បាន​អាមេរិក​ចាត់ទុក​ជា​សត្រូវ​ម្នាក់​ដែល​ត្រូវ​កំចាត់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ