អានតួអត្ថបទ
កាហ្សាក់ស្តង់

លោក Nazarbaiev ​ដែល​កាន់​អំណាច​២០​ឆ្នាំ​មក​ហើយ​ ឈ្នះ​ឆ្នោត​ជា​ថ្មី

គ.ជ.ប. កាហ្សាក់ស្តង់.ទើប​បាន​ប្រកាស​ជា​ផ្លូវការ ​លទ្ធផល​​នៃ​ការ​បោះឆ្នោត​មុន​កាលកំណត់​ដែល​បាន​ប្រព្រឹត្ត​ទៅ​ម្សិលមិញ ថា ដោយ​សំឡេង​គាំទ្រ​ដល់​ទៅ​៩៥,៥% ប្រធានាធិបតី​សព្វថ្ងៃ លោក Nazarbaiev អាយុ​៧០​ឆ្នាំ ឈ្នះ​ឆ្នោត​សំរាប់​មួយ អាណត្តិ​ថ្មី​ទៀត ដែល​ជា អាណត្តិ​លើក​ទី​៤​ទៅ​ហើយ ទាំង​វ៉ា​ដាច់​ឆ្ងាយ លើ​គូ​ប្រជែង​៣​នាក់​ទៀត។ តើ​ហេតុ​អ្វី​បាន​ជា​គាត់​មាន​ប្រជាប្រិយភាព​ម៉្លឹងៗ ទោះបី​បក្ស​ប្រឆាំង​ចោទ​គាត់​ថា​កាន់​អំណាច​ផ្តាច់ការ​ក្តី។

លោក​ប្រធានា​ធិបតី កាហ្សាក់ស្តង់  Nazarbaiev ដែល​​កាន់​អំណាច​២០​ឆ្នាំ​មក​ហើយ​ ឈ្នះ​ឆ្នោត​ជា​ថ្មី
លោក​ប្រធានា​ធិបតី កាហ្សាក់ស្តង់ Nazarbaiev ដែល​​កាន់​អំណាច​២០​ឆ្នាំ​មក​ហើយ​ ឈ្នះ​ឆ្នោត​ជា​ថ្មី © Reuters
ផ្សាយពាណិជ្ជកម្ម
02:21

សេចក្តី​រាយការណ៍​របស់ កែវ ឆាយាពីទីក្រុង ម៉ូស្គូ

កែវ ឆាយា

គឺ​ក្នុង​ន័យ​ផ្គើន​ឲ្យ”បក្សសង្គម-ប្រជាធិបតេយ្យ” ជា​បក្ស​ប្រឆាំង​ធំ​បំផុត ដែល​ខំ​អំពាវនាវ​ប្រជាជន​​ឲ្យ​ធ្វើ​ពហិការ​កុំ​ទៅ​បោះឆ្នោត​អី ​ដែល​គ.ជ.ប. បាន​ប្រកាស​ថា មាន ដល់​ទៅ ៩០% ឯណោះ ពី​ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន​ជិត​៩​លាន​២​សែន​បាន​ទៅ​កាន់​ហិបឆ្នោត។

ការ​នេះ​បាន​ញ៉ាំង​ទីប្រឹក្សា​លោក​ប្រធានាធិបតី​ Nazarbaiev ឲ្យ​ថ្លែង​ប្រកប​ដោយ​មោទនភាព ថា ការ​បោះឆ្នោត​លើក​នេះ គឺ​ល្អ​ឥតខ្ចោះ ក្នុង​ប្រវត្តិ​ទាំង​មូល​របស់​កាហ្សាក់ស្តង់។ ប៉ុន្តែ​​ព្រឹកមិញ​ “អង្គការដើម្បីសន្តិសុខ​និង សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប” OSCE​ដែល​មាន​ភារៈ​ខាង​តាម​ដាន​អំពី​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ទាំង​៥៦ ជា​សមាជិក ខ្លួន បាន​ថ្លែង​ថា ការ​បោះឆ្នោត​​​ម្សិលមិញ នៅ កាហ្សាក់ស្តង់ បាន​ប្រព្រឹត្ត​ទៅ ក្នុង​កម្រិត​នៅ​ទាប​ជាង ស្តង់ដារ​ដែល​តម្រូវ។

តាមពិត អាណត្តិ​លោក​ Nazarbaiev​ត្រូវ​ផុត​លុះ​២​ឆ្នាំ​ទៀត គឺ​នៅ​ដំណាច់​ឆ្នាំ​២០១២​ឯណោះ​ប៉ុន្តែ​កាលពី​ដើម​ឆ្នាំ​នេះ រដ្ឋសភា កាហ្សាក់ស្តង់ ដោយ​យោង​ទៅ​លើ​ហត្ថលេខា អង្គាស​បាន​ដោយ​អ្នក​ស្រុក​ដល់​ទៅ​៥​លាន​នាក់ ដែល​ចង់​ឃើញ រូប​គាត់ ក្នុង​ឋានៈ​ជា”បិតាជាតិ” នៅ​ជា ប្រមុខ​រដ្ឋ​ដដែល ស្រាប់តែ បាន​អនុម័ត​សេចក្តី​សម្រេច ឲ្យ​ធ្វើ​ប្រជាមតិ ពន្យារ​អាណត្តិ​គាត់​រហូត​ដល់​ឆ្នាំ​២០២០​ទៅ ដោយ​មិន​បាច់​ឆ្លងកាត់​ការ​បោះឆ្នោត​អ្វី​ណា​ទេ។

ប៉ុន្តែ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​សន្និដ្ឋាន​គម្រោង​ធ្វើ​ប្រជាមតិ​នោះ​ថា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ទេតើ។ ឃើញ​ដូច្នេះ លោក Nazarbaiev ដែល​តែង​ចាត់​ទុក​ខ្លួន​ឯង ជា​អ្នក​ប្រជាធិបតេយ្យ ដែល​មិន​ចង់​បាន​អំណាច​ដោយ​ឯងៗ និង​ដែល​ព្យាយាម​កសាង នីតិរដ្ឋ​នៅ កាហ្សាក់ស្តង់ ក៏​បាន ប្រកាស​ ធ្វើ​ការ​បោះឆ្នោត​មុន​កាល​កំណត់​ទៅ​ដើម្បី​បញ្ជាក់​ពី​អាណត្តិ​ខ្លួន។

តាម​យោបល់ ពួក​អ្នក​សង្កេតការណ៍ លោក Nazarbaiev​ដែល​ត្រូវ​អ្នក​ស្រុក​បន្ត​គាំទ្រ​ប្តូរ​ផ្តាច់ គឺ​ដោយសារ​សមិទ្ធិផល នៃ​នយោបាយ​គាត់ ទាំង​ក្នុង​ប្រទេស​ទាំង​ក្រៅ​ប្រទេស៖
--ក្នុង​ប្រទេស គឺ គាត់​ចេះ​ធានា​ឲ្យ​មាន​ស្ថិរភាព មាន​សន្តិសុខ និង​ការ​អភិវឌ្ឍន៍​យ៉ាង​ផុសផុល​នៃ​សេដ្ឋកិច្ច ទាល់តែ​ក្រុមហ៊ុន​បស្ចិមលោក នាំ​គ្នា​បោះទុន​យ៉ាង​ក្រាស់ក្រែល ទៅ​ក្នុង​វិស័យ​ឧស្ម័ន​និង​ប្រេងកាត​នៃ​ដែនដី​នេះ ដែល​កាល​ពីមុន ជា​តំបន់​ចុងកាត់​មាត់ញក​សោះ​របស់ សហភាពសូវៀត​នៅ​ភូម៌ភាគ​អាស៊ី​កណ្តាល។

--លើ​ឆាក​អន្តរជាតិ ពេញ​១​ឆ្នាំ​២០១០​កន្លង​ទៅ កាហ្សាក់ស្តង់​ក្លាយ ជា​រដ្ឋ​ទី​១​នៃ​អតីត​សហភាព​សូវៀត ដែល​បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​ប្រធាន​ផ្លាស់​វេន របស់ អង្គការ OSCE៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ