ការសួរចម្លើយឧត្តមសេនីយRatko Mladic អតីតប្រមុខយោធាស៊ែរប៊ីដោយតុលាការពិសេសនៅទីក្រុងBelgradeពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមបានត្រូវផ្អាកពន្យារពេលកាលពីថ្ងៃព្រហស្បតិ៍ទី២៦ឧសភាឆ្នាំ២០១១ ក្រោយពីមានការចាប់សួរចម្លើយបានតែប៉ុន្មាននាទីប៉ុណ្ណោះ ដោយហេតុតែមានបញ្ហាសុខភាព។ ក្រោយពីមានការពិនិត្យមើលដោយវេជ្ជបណ្ឌិតបានឲ្យដឹងថា ឧត្តមសេនីយRatko Mladicមានបញ្ហាសុខភាពផ្លូវកាយនិងផ្លូវចិត្ត។
បើយោងតាមលោកMilos Saljic មេធាវីរបស់ អតីតប្រមុខយោធាSerbieបានឲ្យដឹងថា ឧត្តមសេនីយRatko Mladicពុំអាចឆ្លើយនឹងសំណួររបស់ចៅក្រមMilan Dilparic បានឡើយ ដោយហេតុតែបញ្ហាសុខភាព។ បើយោងតាមប្រភពខ្លះបានឲ្យដឹងថា ដៃម្ខាងរបស់ Ratko Mladicពុំអាចកម្រើកបានឡើយ ក្រោយពីRatko Mladicបានទទួលរងគ្រោះដាច់សរសៃឈាមនៅក្បាល នាពេលថ្មីៗកន្លងទៅនេះ។
សវនាការនៅមុខតុលាការពិសេសនេះបានអនុញ្ញាតឲ្យ Ratko Mladicដឹងពីមូលហេតុនៃការចោទប្រកាន់ទៅលើរូបខ្លួន។ នេះគឺជាជំហានទីមួយនៃនិតិវិធីក្នុងការបញ្ជូនខ្លួនRatko Mladicទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅទីក្រុងឡាអេសម្រាប់ជម្រះក្តីពាក់ព័ន្ធនឹងអតីតប្រទេសយូហ្គោស្លាវី។
បើយោងតាមអាជ្ញាធរស៊ែរប៊ី និតិវិធីក្នុងការបញ្ជូនខ្លួនRatko Mladicទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅទីក្រុងឡាអេនេះ ត្រូវការពេលវេលាយ៉ាងច្រើនមួយសប្តាហ៍ លើកលែងតែមានការធ្វើឲ្យអាក់ខានដោយហេតុតែបញ្ហាសុខភាពរបស់មេឃាតករ Ratko Mladic អតីតប្រមុខយោធាSerbie៕