អានតួអត្ថបទ
ស៊ែរប៊ី

ការសួរចម្លើយ​ Ratko Mladic ​អតីត​ប្រមុខយោធា​Serbie​ បានត្រូវ​ពន្យារពេល​ដោយ​បញ្ហា​សុខភាព​

ដោយហេតុតែ​មាន​បញ្ហា​សុខភាព​ ​ ការ​សួរ​ចម្លើយ​ឧត្តមសេនីយ​Ratko Mladic ​អតីត​ប្រមុខ​យោធា​Serbie ​បាន​ត្រូវ​ពន្យារ​ពេល។​ គេត្រូវ​រង់ចាំ​ការ​វិនិច្ឆ័យ​របស់​វេជ្ជបណ្ឌិត​នៅ​ថ្ងៃសុក្រ​ទី២៧​ឧសភា​នេះ​ដើម្បី​អាច​ដឹងថា​ ​ តើ​អតីត​ប្រមុខ​យោធា​Serbie​រូប​នេះ​អាចនឹង​ត្រូវ​គេ​បញ្ជូន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅទីក្រុង​ឡាអេ​ដែរឬទេ?​ ឧត្តមសេនីយ​Ratko Mladic​បាន​ត្រូវ​គេ​ចាប់​ឃុំខ្លួន​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ពី​បទ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ​ ប្រល័យ​ពូជសាសន៍​ ​ និងការ​សម្លាប់​រង្គាល​ទៅលើ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​ប្រមាណ​៨ ០០០នាក់​នៅ​តំបន់​Sebrenica​នៃ​ប្រទេស​បូស្នី​នៅ​ខែកក្កដា​ឆ្នាំ១៩៩៥។ 

​ឧត្តមសេនីយ ​Ratko Mladic អតីត​​ប្រមុខ​​យោធា​ស៊ែរប៊ី​​
​ឧត្តមសេនីយ ​Ratko Mladic អតីត​​ប្រមុខ​​យោធា​ស៊ែរប៊ី​​ ©​ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​សួរ​ចម្លើយ​ឧត្តមសេនីយ​Ratko Mladic អតីត​ប្រមុខ​យោធាស៊ែរប៊ី​ដោយ​តុលាការ​ពិសេស​នៅទីក្រុង​Belgrade​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​បាន​ត្រូវ​ផ្អាក​ពន្យារពេល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៦​ឧសភា​ឆ្នាំ២០១១​ ក្រោយពីមាន​ការ​ចាប់សួរ​ចម្លើយបាន​​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ​ ​ ដោយហេតុ​តែ​មាន​បញ្ហា​សុខភាព។​ ក្រោយ​ពី​មាន​ការ​ពិនិត្យ​មើល​ដោយ​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹងថា​ ​ ឧត្តមសេនីយ​Ratko Mladic​មាន​បញ្ហា​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត។

 
បើយោងតាម​លោក​Milos Saljic ​មេធាវី​របស់​ អតីត​ប្រមុខ​យោធា​Serbie​បាន​ឲ្យ​ដឹងថា​ ​ ឧត្តមសេនីយ​Ratko Mladic​ពុំ​អាច​ឆ្លើយ​នឹង​សំណួរ​របស់​ចៅក្រម​Milan Dilparic បាន​ឡើយ​ ​ ដោយហេតុតែ​បញ្ហា​សុខភាព។​ បើយោង​តាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ ​ ដៃម្ខាង​របស់​ Ratko Mladic​ពុំ​អាច​កម្រើក​បាន​ឡើយ​ ​ ក្រោយ​ពី​Ratko Mladic​បាន​ទទួល​រង​គ្រោះ​ដាច់​សរសៃឈាម​នៅក្បាល ​នា​ពេល​ថ្មីៗ​កន្លងទៅនេះ។

សវនាការ​នៅមុខ​តុលាការ​ពិសេស​នេះ​បាន​អនុញ្ញាត​ឲ្យ​ Ratko Mladic​ដឹងពី​មូលហេតុ​នៃ​ការចោទ​ប្រកាន់​ទៅលើ​រូបខ្លួន។​ នេះគឺ​ជា​ជំហាន​ទីមួយ​នៃ​និតិវិធី​ក្នុងការ​បញ្ជូន​ខ្លួន​Ratko Mladic​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅទីក្រុង​ឡាអេ​សម្រាប់​ជម្រះ​ក្តី​ពាក់ព័ន្ធ​នឹង​អតីត​ប្រទេស​យូហ្គោស្លាវី។

បើយោងតាម​អាជ្ញាធរ​ស៊ែរប៊ី​ ​ និតិវិធី​ក្នុងការ​បញ្ជូន​ខ្លួន​Ratko Mladic​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅទីក្រុង​ឡាអេ​នេះ​ ​ ត្រូវ​ការ​ពេលវេលា​យ៉ាង​ច្រើន​មួយ​សប្តាហ៍​ ​ លើកលែង​តែ​មាន​ការ​ធ្វើឲ្យ​អាក់ខាន​ដោយហេតុ​តែ​បញ្ហា​សុខភាព​របស់​មេឃាតករ​ Ratko Mladic ​អតីត​ប្រមុខ​យោធា​Serbie៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ