អានតួអត្ថបទ
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​

ការបង្ហាញ​ខ្លួនជាលើក​ទីមួយ​របស់​ Ratko Mladic ​នៅមុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​

អតីត​ប្រមុខ​យោធា​ស៊ែរប៊ី​នៅ​បូស្នី​ Ratko Mladic ​បច្ចុប្បន្ន​នេះ​ប្រហែលជា​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៃ​ពន្ធនាគារ​នៃ​តុលាការ​ ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី​នៅ​ទីក្រុង​ឡាអេ។​ បើ​យោង​តាម​មេធាវី​របស់​ Ratko Mladic​ ​ ការបង្ហាញ​ខ្លួន​ជាលើក​ទីមួយ​របស់​ Ratko Mladic ​នៅ​មុខ​តុលាការ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃសុក្រ​ទី៣​មិថុនា​នេះ។ អតីត​ប្រមុខ​យោធា​ស៊ែរប៊ី ​ត្រូវ​ឆ្លើយ​​​​ទៅនឹង​ការចោទ​ប្រកាន់​ពីបទ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ សង្គ្រាម​ ​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ​ ហើយនិង​ការ​​ប្រល័យ​ពូជសាសន៍។

អតីត​ប្រមុខ​យោធា​ស៊ែរប៊ី​នៅ​បូស្នី ​Ratko Mladic ​
អតីត​ប្រមុខ​យោធា​ស៊ែរប៊ី​នៅ​បូស្នី ​Ratko Mladic ​ © Reuters
ផ្សាយពាណិជ្ជកម្ម

នាឱកាស​នៃ​ការបង្ហាញ​ខ្លួន​ជាលើក​ទីមួយ​របស់​ Ratko Mladic ​នៅ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី​នេះ​ ​ Ratko Mladic ​នឹង​ត្រូវ​គេ​សួរ​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ខ្លួន។​ អតីត​ប្រមុខ​យោធា​ស៊ែរប៊ី​នៅ​បូស្នី​ត្រូវ​ឆ្លើយ​បញ្ជាក់​ប្រាប់​ចៅក្រម​ថា​ ​ ខ្លួន​ពិតជា​ឈ្មោះ​​ Ratko Mladic ។​ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នា​ឱកាស​សវនាការ​នេះ​គឺ​ ការអាន​ការចោទ​ប្រកាន់​ចំនួន​១១ប្រការ​ពាក់ព័ន្ធ​នឹង​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ ​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ​ ហើយនិង​ការ​​ប្រល័យ​ពូជសាសន៍។

 
ថ្ងៃនេះ​ ជនជាប់ចោទ​​ Ratko Mladic​ អាច​សុំ​ឲ្យ​ចៅក្រម​អានឲ្យ​ខ្លួន​ស្តាប់​នូវ​​ការចោទ​ប្រកាន់​ដែលមាន​ទាំងអស់​ចំនួន​៦២ទំព័រ។​ ការចោទ​ប្រកាន់​ដែល​សង្ខេប​ពី​សង្គ្រាម​ដែលមាន​រយរៈ​ពេល​៤ឆ្នាំ​នៅ​បូស្នី​ ​ ហើយ​ដែល​ Ratko Mladic​បាន​ត្រូវ​គេ​តែងតាំង​ជា​ ប្រមុខ​យោធា​ស៊ែរប៊ី​នៅ​បូស្នី​នៅ​ខែឧសភា​ឆ្នាំ១៩៩២​ ​ ពោលគឺ​១ខែ​ក្រោយ​ពីមាន​ជម្លោះ។

Ratko Mladic​ ត្រូវ​ឆ្លើយ​ទៅនឹង​ការ​ចោទប្រកាន់​ពី​ការ​ប្រល័យ​ពូជសាសន៍​នៅ​Srebrenica ​ នៅ​Priedor​ ​ នៅ​Sanski Most ​ហើយនិង​ការឡោមព័ទ្ធ​នៅ​ទីក្រុង​Sarajevo​ ​ បន្ទាប់​មក​ពី​ការ​ចាប់​ពួក​មួកខៀវ​នៃ​អ ស ប ​ធ្វើជា​ចំណាប់​ខ្មាំង​ ​ ហើយនិង​ការ​បោសជម្រះ​ពូជសាសន៍​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំរំ​ដូចជា​នៅ​Omarska។

នៅពេល​ដែល​សវនាការ​ត្រូវ​បិទ​បញ្ចប់​ ​ Ratko Mladic​ត្រូវ​ឆ្លើយ​ប្រាប់​តុលាការ​ថា​ ​ ខ្លួន​យល់​ព្រម​ទទួលស្គាល់​ទោសកំហុស​ ឬ​ខ្លួន​ជា​អ្នក​គ្មាន​ទោស​កំហុស​ពុំបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។​ ឬមួយក៏​ Ratko Mladic​ធ្វើការ​បដិសេធ​ដូច​Slobodan Milosevic ពុំ​ព្រម​ឆ្លើយ​អ្វី​ទាំងអស់​ ​ ដោយ​ហេតុតែ​ខ្លួន​ពុំ​ទទួល​ស្គាល់​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី​នៅ​ទីក្រុង​ឡាអេ។​ ឬមួយក៏​ធ្វើ​ដូច​Radovan Karadzic ដោយ​សុំ​ពន្យារពេល​៣០ថ្ងៃ​មុន​នឹង​ឲ្យ​ចម្លើយ​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ