អានតួអត្ថបទ
ក្រិក

នាយករដ្ឋមន្ត្រីក្រិកសុំឲ្យសភាបោះឆ្នោតគាំទ្រផែនការត្បិតត្បៀតទីពីរ

លោក​ Georges Papandréou ​នាយករដ្ឋមន្ត្រី​ក្រិក​នៅថ្ងៃចន្ទ​ទី២៧​មិថុនា​ឆ្នាំ២០១១​ម្សិលមិញ​ ​ បាន​សុំ​សមាជិក​សភា​ដែល​ធ្លាប់​គាំទ្រ​រដ្ឋាភិបាល​ឲ្យ​បោះឆ្នោត​គាំទ្រ​ផែនការ​ត្បិតត្បៀត​ទីពីរ​ ​ ដើម្បី​ជួយ​បញ្ចៀស​ប្រទេស​ក្រិក​ឲ្យ​គេចផុត​ពី​ធនក្ស័យ។

លោក​ Georges Papandréou ​នាយករដ្ឋមន្ត្រី​ក្រិក
លោក​ Georges Papandréou ​នាយករដ្ឋមន្ត្រី​ក្រិក © Reuters
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃចន្ទ​ទី២៧​មិថុនា​ឆ្នាំ២០១១​ម្សិលមិញ​ ​ មួយថ្ងៃ​មុន​ការធ្វើ​កូដកម្ម​ទូទៅ​ដ៏​ធំធេង​មួយ​នៅ​ប្រទេស​ក្រិក​ដែល​មាន​រយៈពេល​៤៨ម៉ោង​ ​ ដើម្បី​សម្តែង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការប្រឆាំង​ទល់នឹង​ការដំឡើង​ពន្ធដារ​ ​ ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ទៅលើ​សហគ្រាស​សំខាន់ៗ​របស់​រដ្ឋក្រិក​ ​ លោក​ Georges Papandréou ​នាយករដ្ឋមន្ត្រី​ក្រិក​បាន​ខិតខំ​បញ្ចុះ​បញ្ចូល​សមាជិក​សភា​ដែល​ធ្លាប់​គាំទ្រ​រដ្ឋាភិបាល​ ​ ហើយដែល​បច្ចុប្បន្ននេះ​មាន​១៥៥អាសនៈ​លើ៣០០​នៅក្នុង​សភាក្រិក​ ​ ឲ្យ​បោះឆ្នោត​គាំទ្រ​ផែនការ​ត្បិតត្បៀត​ទីពីរ​ ​ ដើម្បី​ជួយ​ស្រោច​ស្រង់​ប្រទេស​ក្រិក​ឲ្យ​ចៀសផុត​ពី​ធនក្ស័យ។

 
សភាក្រិក​ត្រូវ​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ពី​បញ្ហា​នេះ​ពី​ថ្ងៃចន្ទ​ទី២៧​ដល់​ថ្ងៃព្រហស្បតិ៍​ទី៣០​មិថុនា​ឆ្នាំ២០១១​នៅក្នុង​បរិយាកាស​មួយ​ដ៏​ពុះ​កញ្ជ្រោល។​ ចរន្ត​អគ្គិសនី​ត្រូវគេ​កាត់ផ្តាច់​ ​ ការដឹក​ជញ្ជូន​និង​សេវា​សាធារណៈ​ជួបនឹង​ការ​គាំងស្ទះ។​ នៅថ្ងៃ​អង្គារ​នេះ​ ​ ក្រុមហ៊ុន​អាកាសចរណ៍​ក្រិក​ឈ្មោះ​ Olympic Air​ បានលុប​ចេញ​ការ​ហោះហើរ​ជាច្រើន​របស់​ខ្លួន​ ​ ក្រោយពី​មាន​ការ​អំពាវនាវ​ឲ្យ​ចូលរួម​ធ្វើ​កូដកម្ម​ប្រឆាំង​ទល់នឹង​ផែនការ​ត្បិតត្បៀត​ទីពីរ។

ចំណែកឯ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃទី​៣កក្កដា​ឆ្នាំ២០១១​ខាងមុខនេះ​ ​ ដើម្បី​អនុញ្ញាត​ឲ្យ​គេ​ផ្តល់​ប្រាក់កម្ចី​វគ្គទី៥​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​នៅ​ខែឧសភា​ឆ្នាំ២០១០។​ ប្រាក់​កម្ចី​នេះ​មាន​សារៈ​សំខាន់​ណាស់​ ​ សម្រាប់​យកមក​បើក​ប្រាក់ខែ​ជូន​មន្ត្រី​រដ្ឋការ​និង​ជូន​អ្នកចូល​និវត្តន៍​ ​ ហើយនិង​យកមក​ជួយ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដើម្បី​ជួយ​រុញច្រាន​សេដ្ឋកិច្ច​ក្រិក​ឲ្យ​​មាន​ដំណើរ​ស្ទុះ​ទៅមុខ​ឡើងវិញ។

គួរកត់​សម្គាល់ថា​ ​ ដោយហេតុ​តែ​ទីក្រុង​ព្រុចសែល​មាន​ការ​បារម្ភ​ខ្លាចក្រែង​សភាក្រិក​ ​ ពុំបោះឆ្នោត​គាំទ្រ​ផែនការ​ត្បិតត្បៀត​ទីពីរ​ ​ ទើប​​អ្នកទទួល​ខុសត្រូវ​អឺរ៉ុប​បាន​រៀបចំ​ឲ្យ​មាន​ជាស្រេច​នូវ​ ​ ផែនការ​ត្បិតត្បៀត​ទីពីរ​ “ស្ទួន”​ ​ សម្រាប់​ជួយ​បញ្ចៀស​កុំឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថានភាព​ហិរញ្ញវត្ថុ​ក្រិក​ជួបនឹង​ការ​គាំងស្ទះ។

សូមបញ្ជាក់ថា​ ​ ផែនការ​ត្បិតត្បៀត​ទីពីរ​នេះ​មាន​ល័ក្ខខ័ណ្ឌ​តឹងរ៉ឹង​ជាង​ផែនការ​ត្បិតត្បៀត​ទីមួយ​ ​ ដោយ​ហេតុថា​គេកត់​សម្គាល់​ឃើញមាន​ ៖

-​កម្មវិធី​ឯកជន​ភាវូបនីយកម្ម​ដ៏​ធំធេង​ទៅលើ​សហគ្រាស​របស់​រដ្ឋក្រិក​សំខាន់ៗ​ដែល​តម្រូវ​ឲ្យ​ប្រមូល​បាន​ប្រាក់​ប្រមាណ​៥០ពាន់លាន​អឺរ៉ូ។

-​កាត់​បន្ថយ​ប្រាក់​សោធននិវត្តន៍​។

-​កាត់បន្ថយ​ប្រាក់​ជំនួយ​សម្រាប់​អ្នក​ឥត​ការងារធ្វើ។

-​ដំឡើង​អត្រា​ពន្ធ​លើ​តម្លៃ​បន្ថែម​ពី​១៣%​ទៅ​២៣%។

-​ ដំឡើង​អត្រា​ពន្ធ​សាមគ្គី​ពី១%​ទៅ៥%​សម្រាប់​អ្នក​មាន​ប្រាក់​ចំណូល​លើសពី​១២ ០០០អឺរ៉ូ។

ទាំងនេះ​ ​ រដ្ឋាភិបាល​ក្រិក​សង្ឃឹមថា​ ​ នឹងអាច​ប្រមូល​បាន​ប្រាក់ចំណូល​បន្ថែម​ទៀត​ប្រមាណ​២៨ពាន់លាន​អឺរ៉ូ​ចាប់ពីពេល​នេះ​ទៅទល់​ឆ្នាំ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ