ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អឺរ៉ុប

អាមេរិក​និង​អឺរ៉ុប​ប្រណាំង​គ្នា​លក់​យន្តហោះ

media  
Boeing 787 Dreamliner របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Qatar Airways នៅ​ក្នុង​ពិព័រណ៍​ Bourget​ ថ្ងៃទី​១៧​មិថុនា ២០១៣ REUTERS/Pascal Rossignol

ការ​តាំងពិព័រណ៍​​យន្ត​ហោះ​ពិភពលោក លើក​ទី​៥០​ បាន​ចាប់​ផ្តើម​បើក​ទ្វារ ពី​ថ្ងៃ​ចន្ទ​ទី ១៧ ដល់​ថ្ងៃអាទិត្យ​ទី ២៣​មិថុនា​ ឆ្នាំ​២០១៣​នៅ​ជាយ​ទីក្រុង​ប៉ារីស។ ជា​ឱកាសដែល​ក្រុមហ៊ុន​ផលិត​យន្ត​ហោះ​​ទាំង​អស់​នាំ​គ្នា​មក​បង្ហាញ​ផលិតផល​ថ្មីៗផង​ (ជា​យន្តហោះ​ ដឹក​អ្នក​ដំណើរ ឬ​យន្តហោះ​យោធា​) និង​ស្វែង​រក​អតិថិជន​ផង។​ ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក Boeing និង​ក្រុមហ៊ុន​​អឺរ៉ុប​ Airbus ប្រកួត​ប្រជែង​គ្នា​ជាង​ពេល​ណាៗ​ទាំងអស់។

 

វិស័យ​អាកាសចរណ៍​មិន​ស្គាល់​វិបត្តិ​ទេ ! តាំង​ពី​ថ្ងៃ​ចន្ទ​​រហូត​ដល់​ថ្ងៃ​អាទិត្យ​ នៅ​Bourget ជាយ​ទីក្រុង​ប៉ារីស មាន​ប្រព្រឹត្ត​ទៅ ពិព័រណ៍​​យន្តហោះ​ពិភពលោក លើក​ទី​៥០។

អ្វី​ដែល​គេ​រង់​ចាំ​បំផុត​ក្នុង​ឱកាស​នេះ យន្តហោះ​Airbus A350 ដែល​ជា​ផលិតផល​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ផលិត​យន្ត​ហោះ​អឺរ៉ុប ទើប​ចេញ​កាលពី​ចុង​សប្តាហ៍​មុន។ ចំណែក​អាមេរិក ក៏​បានសម្រេចចិត្ត​ យន្ត​ហោះ Dreamliner B787-10 ដែល​ជា​​យន្តហោះ​ប្រជែង​ជាមួយ​នឹង​យន្តហោះ​អ៊ែរបូស A350​ មក​បង្អួតដែរ។ ប៉ុន្តែ​អាមេរិក​គ្មាន​វត្តមាន​នៅ​ប៉ារីស​​លើ​​ផ្នែក​យន្តហោះ​ចម្បាំង​ទេ​លើក​នេះ ព្រោះ​វិបត្តិ​ថវិកា ទុក​ឱកាស​ឱ្យ​យន្តហោះ​ចម្បាំង​រុស្ស៊ី​បង្អួត​ខ្លួន​ ពេញ​លើ​ផ្ទៃ​អាកាស​បារាំង​នាពិព័រណ៍​​លើក​ទី​៥០​នេះ មាន​ទាំង​យន្តហោះ​ប្រដេញ​​ Sukhoï-35 Super-Flanker ឧទ្ធម្ភាគចក្រចម្បាំង​ និង​យន្តហោះបង្វឹក Yak-130

​​​រដូវ​ប្រមូល​ផលបាន​ចាប់​ផ្តើម​ហើយ !

នៅ​ក្នុង​ថ្ងៃ​ទី​ពីរ​ ក៏​ដូច​ជា​ថ្ងៃទី​មួយ ក្រុមហ៊ុន​​អឺរ៉ុប​ Airbus បាន​ប្រកាស​ចុះ​កិច្ច​សន្យា​បឋម​លក់​យន្ត​ហោះ​ ប្រភេទ A320 ចំនួន​៣៥​គ្រឿង និង​A320neo ចំនួន​១០០​គ្រឿង​ជាមួយ​នឹង​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​ EasyJet។ A320 ទាំង​៣៥ នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​អ្នក​ទិញ​នៅ​រវាង​ឆ្នាំ​ ២០១៥-២០១៧ និង​១០០​គ្រឿង​ទៀត​នៅ​រវាង​ឆ្នាំ​២០១៧-២០២២។ ម្សិលមិញ ក្រុមហ៊ុន​អឺរ៉ុប​​Airbus បាន​ទទួល​ការ​បញ្ជាទិញ យន្តហោះ​ប្រភេទ A380 ចំនួន​២០​គ្រឿង ពី​ក្រុមហ៊ុន​អាកាសចរណ៍ leasing Doric Airway និង​ A320 ពី​ក្រុមហ៊ុន​អាកាសចរណ៍​Lufthansa ចំនួន​១០០​គ្រឿង ក្នុង​ទឹកប្រាក់​សរុប​ប្រមាណ​ ១០ពាន់​លាន​ដុល្លារ។

ចំណែក​គូ​ប្រជែង​អាមេរិក Boeing វិញ ក៏​មិន​អន់​ដែរ​។ ម្សិលមិញ ក្រុមហ៊ុន​អាកាសចរណ៍​ កាតារ​បាន​បញ្ជាទិញ Boeing b777-300 ចំនួន​៩​គ្រឿង Boeing 787 ចំនួន​១០​គ្រឿង​ពី​ក្រុមហ៊ុនGecas និង​បួន​គ្រឿង​B737 ពីក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ Skymark។ ហើយ​នៅ​ថ្ងៃ​ទីពីរ ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក បាន​ទទួល​ការ​បញ្ជាទិញ​ យន្តហោះ​ប្រភេទ Dreamliner B787-10 ដែល​ជា​​យន្តហោះ​ប្រជែង​ជាមួយ​នឹង​យន្តហោះ​អ៊ែរបូស A350​របស់​អឺរ៉ុប បន្ថែម​ចំនួន ១០២​គ្រឿង​ ពី​អតិថិជន​មក​ពី​៥​ក្រុមហ៊ុន។ នេះ​មិន​រាប់​បញ្ចូល​ការ​បញ្ជា​ទិញ​ ៥០​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Singapore Airlines ផង។ ​អាមេរិក​មិន​បាន​ប្រកាស​អំពី​ទឹកប្រាក់​នៃ​កិច្ច​សន្យា​ទិញ​យន្ត​ហោះ​ទាំង​នោះ​ទេ៕

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ