តុលាការបារាំងជំនុំជម្រះជាលើកទីមួយ ជនសង្ស័យប្រល័យពូជសាសន៍ នៅរវ៉ាន់ដា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២២
ចាប់ពីថ្ងៃអង្គារទី ៤ ដល់ថ្ងៃទី ២៨ មីនា តុលាការបារាំង ក្នុងទីក្រុងប៉ារីស បានបើកសវនាការជំនុំជម្រះលើសំណុំរឿងប្រល័យពូជសាសន៍ ដែលបានកើតឡើង កាលពី២០ឆ្នាំ មុន នៅ ប្រទេសរវ៉ាន់ដា។ ជនសង្ស័យ Pascal Simbikangwa ជាតិរវ៉ាន់ដា ត្រូវតុលាការបារាំងចោទប្រកាន់ពីបទផ្សំគំនិត ឲ្យមានអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានសម្លាប់ប្រជាជនរវ៉ាន់ដា មកពីជាតិពិន្ធុទុតស៊ីស ៨សែននាក់ តែក្នុងរយៈពេល ១០០ថ្ងៃ។
Pascal Simbikangwaជាអតីតប្រធានឯកភាពស៊ើបការណ៍ សម្ងាត់របស់លោកប្រធានាធិបតី មកពីជាតិពិន្ធុអូទូ។ Pascal Simbikangwa ជនជាតិអូទូ ជាស្ថាបនិកម្នាក់នៃវិទ្យុជាតិ រវ៉ាន់ដា ដែលកាលពីខែមេសា ឆ្នាំ ១៩៩៤ បានអំពាវនាវឲ្យមាន ការប្រមាញ់ សម្លាប់ក្រុមប្រជាជនទុតស៊ីស។ អំពើហិង្សាសម្លាប់រង្គាលទៅលើក្រុមជាតិពិន្ធុទុតស៊ីស បានកើតឡើង បន្ទាប់ពីមានអំពើភេរវកម្មបំផ្ទុះយន្តហោះ ដែលសម្លាប់លោកប្រធានាធិបតី មកពីជាតិពិន្ធុអូទូ។
Pascal Simbikangwaក្នុងបទផ្សំគំនិតបង្កើតឲ្យមានអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ តាមការស៊ើបអង្កេតរបស់តុលាការ នៅក្នុងពេលមានអំពើហិង្សា កាលពីឆ្នាំ ១៩៩៤ Pascal Simbikangwa បានចែកចាយអាវុធ និងចេញបញ្ជាឲ្យសម្លាប់ប្រជាជនទុតស៊ីស។
២០ឆ្នាំក្រោយអំពើប្រល័យពូជសាសន៍ នៅរវ៉ាន់ដា បារាំង បានបើកសវនាការជាលើកទីមួយ កាត់ទោសជនសង្ស័យប្រល័យពូជសាសន៍ នៅរវ៉ាន់ដា។
ហេតុអ្វីបានជាបារាំងកាត់ទោសPascal Simbikangwaដែលជា ជនជាតិរវ៉ាន់ដា ហើយបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលតុលាការបានចោទ បានកើតមាននៅ ប្រទេសរវ៉ាន់ដា?
តុលាការបារាំងអាចបើកសវនាការកាត់ទោស Pascal Simbikangwaដោយសារតែជនសង្ស័យប្រព្រឹត្តអំពើប្រល័យពូជសាសន៍ រូបនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួនបាន នៅក្នុងទឹកដីបារាំង។
បន្ទាប់ពីអំពើហិង្សា Pascal Simbikangwa ក៏ដូចជាប្រជាជនរវ៉ាន់ដា មកពីជាតិពិន្ធុអូទូ បានលួចរត់គេចចេញពីប្រទេសដោយសារតែខ្លាចការសម្លាប់សងសឹកពីក្រុមទុតស៊ីសដែលបានប្រយុទ្ធឈ្នះចូលកាន់អំណាច។ Pascal Simbikangwa បានរត់ទៅជ្រកពួន នៅបណ្តាប្រទេសអាហ្វ្រិកមួយចំនួន មុននឹងមករស់នៅដោយសុខស្រួល នៅកោះ ម៉ាយូត របស់បារាំង នៅឆ្នាំ ២០០៥។ ទើបតែនៅឆ្នាំ ២០០៨ ដែល Pascal Simbikangwaត្រូវបានអាជ្ញាធរបារាំងចាប់ខ្លួន ក្រោមឈ្មោះ បន្លំ Safari ពីបទជួញដូរអត្តសញ្ញាណបណ្ណ។ Pascal Simbikangwaត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក បួនឆ្នាំ។ ប៉ុន្តែ ដោយសារតែឈ្មោះ Pascal Simbikangwaត្រូវបានស្វែងរកប៉ូលិសអន្តរជាតិ Interpol ទើបចៅក្រមស៊ើបអង្កេតបារាំងសម្រេចបើកសំណុំរឿងស៊ើបអង្កេតលើអំពើប្រល័យពូជសាសន៍ដែល Pascal អាចចូលរួមផ្សំគំនិត។
ថ្វីត្បិតថា បទឧក្រិដ្ឋមិនបានកើតមាន នៅក្នុងប្រទេសបារាំង ហើយប្រជាជនបារាំង ក៏មិនមែនជាជនរងគ្រោះ ប៉ុន្តែ បារាំងបានប្រើដែនយុត្តាធិកាសកល Compétence universelle នៃតុលាការក្នុងស្រុក ដើម្បីអាចជំនុំជម្រះលើសំណុំរឿងប្រល័យពូជសាសន៍ ហើយដែលជនសង្ស័យ កំពុងស្ថិតនៅក្នុងទឹកដីបារាំង។
នេះជាលើកទីមួយ និងជាប្រវត្តិសាស្រ្ត ដែលបារាំង បើកសវនាការប្រភេទនេះ។ ប៉ុន្តែ បារំាងមិនមែនជាប្រទេសតែមួយដែលប្រើដែនយុត្តាធិការសកលនេះទេ។ អាល្លឺម៉ង់ ប៊ែលហ្សិក អេស្ប៉ាញ កាណាដា អ៊ីស្រាល ឬស៊ុយអែដជាដើមសុទ្ធតែបានលើកយកដែនយុត្តាធិការសកលនេះមកប្រើប្រាស់។ ជាក់ស្តែង ប្រទេសស៊ុយអែដទើបតែប្រើដែនយុត្តាធិការសកលនេះ កាល ពីពាក់កណ្តាលឆ្នាំ មុន ដើម្បីកាត់ទោសជនជាតិរវ៉ាន់ដាម្នាក់ពី បទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
បើតាម សមាគមជនរងគ្រោះរវ៉ាន់ដា គេបានដាក់ពាក្យបណ្តឹងជាង២០ ប្រឆាំងនឹងជនជាតិរវ៉ាន់ដា ដែលរស់នៅនៅប្រទេសបារាំង។ ពួកគេទាំងនោះបានចូលរួមប្រព្រឹត្តអំពើប្រល័យពូជសាសន៍ សម្លាប់មនុស្ស នៅរវ៉ាន់ដា ប៉ុន្តែ តុលាការបារាំងមិនព្រមចាត់ការទាល់តែសោះ។
នៅក្រោយអំពើហិង្សា កាលពីឆ្នាំ ១៩៩៤ ជនជាតិរវ៉ាន់ដា ជាច្រើន ដែលសង្ស័យថា បានប្រើអំពើហិង្សាសម្លាប់ប្រជាជនទុតស៊ីស ដូចជាភរិយាម៉េម៉ាយរបស់អតីតប្រធានាធិបតីអូទូជាដើម បានរត់មកសុំសិទ្ធិជ្រកកោននៅបារាំង។ ប៉ុន្តែ បារាំងមិនដែលនឹកនាចង់បើកសវនការ ផ្តន្ទាទោសទៅលើជនជាតិអូទូទាំងនោះទេ។ នៅមុន ពេល និងក្នុងពេលដែលអំពើហិង្សា និងសកម្មភាពសម្លាប់រង្គាលទៅលើប្រជាជនទុតស៊ីស បានផ្ទុះនៅទូទាំងប្រទេស កងទ័ពបារាំងបាននៅឈរនៅខាងភាគីរដ្ឋាភិបាលអូទូ ដែលជាអ្នកពន្យុះឲ្យសម្លាប់ប្រជាជនទុតស៊ីស។
ជំហរនេះបានធ្វើឲ្យបារាំង និងប្រជាជនរវ៉ាន់ដានៅតែមើលមុខគ្នាមិនចំ។ កាលពីប៉ុន្មានឆ្នាំមុននេះ គណៈកម្មការរវ៉ាន់ដាបានបង្ហាញរបាយការណ៍ដែលបានចោទទម្លាក់ការទទួលខុសត្រូវទៅលើប្រទេសបារាំង ពីរឿងប្រល័យពូជសាសន៍ ដោយថា បារាំងបានដឹងជាមុន ឬចូលរួមក្នុងផែនការសម្លាប់រង្គាលប្រជាជនទុតស៊ីស កាលពីឆ្នាំ ១៩៩៤។ តាមអ្នកជំនាញខ្លះ គេនៅតែឃើញ ជំហរការពាររបស់បារាំងទៅលើជនសង្ស័យប្រព្រឹត្តអំពើប្រល័យពូជសាសន៍រវ៉ាន់ដា។ ជាក់ស្តែង បារាំងបានបដិសេធមិនធ្វើបត្យាប័ន បញ្ជូនជនសង្ស័យរវ៉ាន់ដា ទៅឲ្យតុលាការនៅរវ៉ាន់ដាកាត់ទោស ទៅតាមការស្នើរបស់សមាគមជនរងគ្រោះទេ។ រហូតមក អាជ្ញាធរបារាំងអះអាងថា គេមិនអាចធ្វើបត្យាប័ន ដោយសារតែគេមិនសូវជឿទុកចិត្តលើអព្យាក្រិតភាពរបស់តុលាការក្នុងស្រុករវ៉ាន់ដា។ មេធាវីរបស់ក្រុមអូទូ វាយតម្លៃថា កូនក្តីរបស់ខ្លួន ប្រាកដជាមិនបានទទួលយុត្តិធម៌ ក្នុងតុលាការក្នុងស្រុករវ៉ាន់ដា ទេ ព្រោះតុលាការនោះ បង្កើតដោយក្រុមជនរងគ្រោះទុតស៊ីស។
បារាំងបាននិយាយការពារខ្លួន ពីរឿងពន្យារពេល មិនបើកជំនុំជម្រះ កន្លងមក។ ទីមួយទាក់ទងនឹងភាពស្មុគស្មាញនៃសំណុំរឿងផ្ទាល់។ តាមអាជ្ញាធរបារាំង ដោយសារតែបទល្មើសកើតឡើង ២០ឆ្នាំមកហើយ នៅរវ៉ាន់ដា ហើយ គ្មានភស្តុតាងជាឯកសារទៀតនោះ គេពិបាកនឹងបើកការស៊ើបអង្កេត ប្រឆាំងនឹងជនសង្ស័យរវ៉ាន់ដា នៅប្រទេសបារាំង។ ក្នុងករណីជនសង្ស័យ Pascal Simbikangwa សវនការនឹងប្រព្រឹត្តទៅគ្មានឯកសារជា ភស្តុតាង។ គឺជាសវនកាដែលមានការសួរតទល់គ្នា រវាងជនជាប់ចោទ និងសាក្សី ដែលជាជនរងគ្រោះ ឬអ្នកជិតខាងរបស់Pascal Simbikangwa ដែលនឹងធ្វើដំណើរដោយផ្ទាល់ពីរវ៉ាន់ដា។ យ៉ាងណាក៏ដោយ បទចោទប្រកាន់របស់តុលាការទៅលើ Pascal Simbikangwa ហាក់មានលក្ខណៈស្រាល ដោយសារតែ តុលាការគ្រាន់តែបានចោទ Pascal Simbikangwa ថាបានផ្សំគំនិតឲ្យមានអំពើប្រល័យពូជសាសន៍ ប៉ុន្តែមិនមែនជាជនដៃដល់ មេឃាតករ ក្នុងពេលដែលPascal Simbikangwa ក្នុងក្រសែភ្នែករបស់ប្រជាជនរវ៉ាន់ដា ជាឧក្រិដ្ឋជនសម្លាប់មនុស្ស ឈាមត្រជាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ