អានតួអត្ថបទ
អាមេរិក

ការឡើង​កំដៅ​នៅ​​​អាក់ទិក​អាច​ជា​កត្តា​ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែប្រួល នៅ​អាមេរិកខាងជើង និង​អឺរ៉ុប​

ការឡើង​កំដៅ​នៅ​មហាសមុទ្រ​ទឹកកក​អាក់ទិក នៅ​ប៉ូល​ខាងជើង​អាច​បន្ថយ​កម្លាំង​ខ្យល់បក់​Jet-Stream។ នៅក្នុង​របាយការណ៍​ស្តីពី​អាកាសធាតុ ដែល​ត្រូវ​គេ​លើក​មក​បង្ហាញ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ អ្នកស្រាវជ្រាវ​អាមេរិកាំង បាន​បង្ហាញ ថា Jet-Stream​ដែល​ជា​ប្រព័ន្ធ​កំណត់​អាកាសធាតុ នៅ​អាមេរិកខាងជើង និង​អឺរ៉ុប កំពុង​មាន​ការប្រែប្រួល។

សហរដ្ឋ​អាមេរិក​ស្គាល់​រដូវត្រជាក់ខ្លាំង​និង​វែង​មិន​ធ្លាប់​មាន​ពីមុនមក
សហរដ្ឋ​អាមេរិក​ស្គាល់​រដូវត្រជាក់ខ្លាំង​និង​វែង​មិន​ធ្លាប់​មាន​ពីមុនមក ©REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

អាមេរិក​ខាងជើង​ស្គាល់​រដូវ​ត្រជាក់​វែង និង​រងគ្រោះ​ដោយ​ព្យុះទឹកកក ចំណែក ព្យុះទឹកភ្លៀង នៅ​បន្ត​ជន់លិច​អង់គ្លេស។ នៅទីក្រុង​Chicago អ្នកស្រាវជ្រាវ​អាមេរិក​ទំនង​អាច​រកឃើញ​មូលហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​តំបន់​ភាគខាងជើង​នៃ​ភពផែនដី​មាន​ការប្រែប្រួល។

 
តាម​សាស្រ្តាចារ្យ​​Jennifer Francis មក​ពី​សកលវិទ្យាល័យ New Jersey ដែល​ជា​ម្ចាស់​របាយការណ៍​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​ការឡើង​កំដៅ​នៅ​ប៉ូល​ខាងជើង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្យល់បក់​Jet Stream ដែល​កន្លង​មកជា​អ្នកកំណត់​លក្ខខណ្ឌ​អាកាសធាតុ​នៅ​តំបន់​ខាងជើង នោះ មាន​ការប្រែប្រួល។

តាមនិយមន័យ Jet Stream​គឺ​ជា​ខ្យល់​បក់ខ្លាំង​ពី​លិច​ទៅ​កើត នៅក្នុង​រយៈកំពស់​ខ្ពស់។ ប្រសិន​បើ​កម្រិត​សីតុណ្ហភាព​រវាង​អាក់ទិក និង​រយៈកំពស់​មធ្យម​ចុះខ្សោយ នោះ ខ្យល់​ Jet Stream​ក៏ចុះខ្សោយដែរ។ ខ្យល់ Jet Stream​ដែល​ចុះខ្សោយ​នឹង​រីកទំហំ​របស់វា និង​ផ្លាស់ប្តូរ​ ទិសដៅ គោលចរណ៍​របស់​វា​យ៉ាងស្រួល។ ជា​លទ្ធផល បាតុភូតិ​អាកាសធាតុ​ដែល​មាន​រយៈពេល​យូរ​នឹង​កើតឡើង។

ក្នុង​ឧទាហរណ៍​ជាក់ស្តែង អាមេរិក​កំពុង​ជួប​រដូវ​ត្រជាក់ ខ្លាំង និង​មាន​រយៈពេលវែង។ តំបន់​ទៅរក​ភាគខាងលិច និង​ខាងត្បូង​អាមេរិក​រង​ការធ្លាក់ទឹកកក​សំឡី ច្រើន នៅពេល​ដែល​តំបន់​អាឡាស្កា ស្ថិតនៅ​ភាគខាងជើង ដែល​ធ្លាប់​តែ​ស្គាល់​ទឹកកក​ក្រាស់ក្រែល បែរ​ជា​ស្គាល់​អាកាសធាតុ​ត្រជាក់​ល្មមទៅវិញ។

នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ អ្នកវិទ្យាសាស្រ្ត​បាន​តាមដាន​កត្តាប្រែប្រួល​អាកាសធាតុ ដោយ​សង្កត់​ធ្ងន់​ទៅលើ​ភាពរាំងស្ងួត ​នៅ​អាមេរិក និង​សីតុណ្ហភាព​ក្តៅខ្លាំង​នៅ​អូស្រា្តលី។ អ្នកជំនាញ​កំពុង​ចោទសួរ​ថា តើ​បាតុភូត​ទាំងនោះ អាច​កើតមក​ពីការប្រែប្រួល​នៃ​អាកាសធាតុ​ធម្មជាតិ ឬ​បណ្តាល​មកពី​ការឡើង​កំដៅ​នៃ​ភពផែនដី ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​របស់​មនុស្ស​លោក។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្ត​អះអាង​ថា បច្ចុប្បន្ននេះ វា​ឆាប់លឿន​ពេក​ក្នុង​ការសន្និដ្ឋាន​ថា ការប្រែប្រួល​ខ្យល់​ Jet Stream នៅ​ប៉ូល​ខាងជើង អាច​បង្ក​ឡើង​ដោយ​ការឡើង​កំដៅ​នៃ​ភពផែនដី ដែល​បង្ក​ដោយ​មនុស្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ