អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិកចាប់​ផ្តើម​ដាក់​ទណ្ឌកម្ម នៅ​ពេល​អឺរ៉ុប​មិន​ចង់​ឲ្យ​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​ វិបត្តិ​នៅ​អ៊ុយក្រែន ការចរចា​ការទូត​បាន​បរាជ័យ​ជាថ្មី នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក។ នៅក្រោយ​ជំនួប​រវាង​ប្រមុខការបរទេស​រុស្ស៊ី និង​សហភាព​អឺរ៉ុប គេ​នៅតែ​រក​មិន​ទាន់ឃើញ​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​វិបត្តិ​រុស្ស៊ី អ៊ុយក្រែន។ ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​ចោទ​រុស្ស៊ី​ថា បាន​ដាក់ឱសានវាទ​ឲ្យ​ទាហាន​អ៊ុយក្រែន នៅ​គ្រីមេ​ទម្លាក់អាវុធ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ អាមេរិក​បាន​សម្រុក​ដាក់​គំនាប​ ទៅលើ​រុស្ស៊ី ដោយ​មិន​ផាត់ចោល​ទេ​ទណ្ឌកម្ម​ការទូត និង​សេដ្ឋកិច្ច ដើម្បី​ឲ្យ​រុស្ស៊ី​ដកទ័ព​ចេញ​ពី​អ៊ុយក្រែន។ ប្រមុខការបរទេស​អាមេរិក​ធ្វើដំណើរ​ទៅទីក្រុង​គៀវ នៅថ្ងៃ​អង្គារ​ទី ៤ មីនា ដើម្បី​បញ្ជាក់​ការគាំទ្រ និង​ជំនួយ​សេដ្ឋកិច្ច​ដល់​រដ្ឋាភិបាល​ថ្មី​អ៊ុយក្រែន នៅពេល​ដែល​ប្រមុខ​ការបរទេស​រុស្ស៊ី​បាន​ចាត់ទុក​ទណ្ឌកម្ម​របស់​អាមេរិក​ថា ជា​សកម្មភាព​គ្មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​រុស្ស៊ី​ដូរជំហរ​ស្តីពី​អ៊ុយក្រែន។

​ក្នុង​វិបត្តិ​អ៊ុយក្រែន រុស្ស៊ី អង់គ្លេស​មិន​ចង់​ឲ្យមាន​ទណ្ឌកម្ម​សេដ្ឋកិច្​លើ​រុស្ស៊ី ក្នុងពេល​ដែល​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ថ្លែងថា រុស្ស៊ី​នៅមាន​ពេល​រក​ដំណោះស្រាយ​ឲ្យ​អ៊ុយក្រែន
​ក្នុង​វិបត្តិ​អ៊ុយក្រែន រុស្ស៊ី អង់គ្លេស​មិន​ចង់​ឲ្យមាន​ទណ្ឌកម្ម​សេដ្ឋកិច្​លើ​រុស្ស៊ី ក្នុងពេល​ដែល​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ថ្លែងថា រុស្ស៊ី​នៅមាន​ពេល​រក​ដំណោះស្រាយ​ឲ្យ​អ៊ុយក្រែន ©REUTERS/Andrew Winning
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សុន្ទរកថា​របស់ខ្លួន​ជាលើក​ទីមួយ​ស្តីពី​អ៊ុយក្រែន លោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀរ ពូទីន​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​នេះ ថា រស្ស៊ី​នៅតែ​ទទួល​ស្គាល់​លោក​យ៉ានូកូវិច​ថា ជា​ប្រធានាធិបតី​ស្របច្បាប់ ហើយ​អ៊ុយក្រែន​បាន​ជួប​រដ្ឋប្រហារ ដោយ​ក្រុមប្រដាប់​អាវុធ​បាន​ប្លន់​យកអំណាច ដែល​ខុស​ពី​រដ្ឋធម្មនញ្ញ​អ៊ុយក្រែន។

 
លោកប្រធានាធិបតី​អាមេរិក​បាន​វាយតម្លៃថា រុស្ស៊ី​កំពុង​ឈរ​នៅ​ផ្នែក​អាក្រក់​នៃ​ប្រវត្តិសាស្រ្ត ដោយសារ​តែ​បាន​ចូល​ទៅ​រំលោភ​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន។ លោក​អូបាម៉ា​បាន​ព្រមាន​ថា បើសិន​ជា​រុស្ស៊ី​នៅតែ​ដើរ​លើ​ផ្លូវខុស តទៅទៀត នោះ អាមេរិក​នឹង​ពិចារណា​ផងដែរ ដើម្បី​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត ទៅលើ​រុស្ស៊ី គឺ​ធ្វើយ៉ាងម៉េច​ដើម្បី​ឲ្យ​រុស្ស៊ី​ស្ថិតនៅ​ឯកោ។

 ►សូមអាន៖ លោក​ពូទីន​ទទួល​មែន ភ្លើង​ខៀវ​ពី​ព្រឹទ្ធសភា​ឲ្យ​គាត់​ប្រើ​កងទ័ព​រុស្ស៊ី នៅ​អ៊ុយក្រែន

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ទីក្រុង​វ៉ាស៊ីនតោន បាន​សម្រេច​ផ្អាក ព្យួរ​ទំនាក់ទំនង​យោធា​ជាមួយ​រុស្ស៊ី។ តាមមន្ទីរ​បញ្ចកោណ​អាមេរិក អាមេរិក​បាន​សម្រេច​ផ្អាក​សមយុទ្ធ រួមគ្នា និង​ការប្រជុំ​ទ្វេភាគី​ជាមួយ​រុស្ស៊ី។ ការចុះចត​នាវា របស់​អាមេរិក នៅតាម​កំពង់ផែ​រុស្ស៊ី និង​លែង​មានតទៅទៀត សន្និសីទ​ដើម្បី​ពិភាក្សា​លើ​ផែនការ​យោធា​រវាង​រុស្ស៊ី និង​អាមេរិក។

អាមេរិក​ប្រើ​សេដ្ឋកិច្ច​ជាអាវុធ​ប្រឆាំង​រុស្ស៊ី
តាមប្រភព​ពី​មន្រ្តី​អាមេរិក ក្នុងចំណាត់ការ​ដាក់​ទណ្ឌកម្ម គេ​មាន​និយាយ​ពី​ការហាម​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​រុស្ស៊ី​ដែល​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ទ័ព​ទៅ​គ្រីមេ។ ទណ្ឌកម្ម​​នឹង​អាច​រីករាលដល់​អ្នកទទួល​ខុសត្រូវ​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​រុស្ស៊ី។ ក្រៅតែ​ពី​គំនាប​ការទូត អាមេរិក​ចង់​យក​សេដ្ឋកិច្ច​មក​ធ្វើ​ជា​អាវុធ​សំខាន់​ដើម្បី​ដាក់សម្ពាធ​លើ​រុស្ស៊ី។ ទណ្ឌកម្ម​សេដ្ឋកិច្ច​អាច​មាន​រាប់​បញ្ចូល​តាំង​ពី​ការដក​រុស្ស៊ី​ចេញពីក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់ G ៨ ការដក ផាត់ចោល​ធានាគារ​រុស្ស៊ី​ចេញ​ពី ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក ការផ្អឹប​ទ្រព្យសម្បត្តិ​របស់​លោក​ប្រធានាធិបតី​ពូទីន ឬ​កាត់បន្ថយ​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។ នៅឆ្នាំ​២០១៣ ទំនាក់ទំនង​ពាណិជកម្ម​រុស្ស៊ី​អាមេរិក​មាន​តម្លៃ ៣៨​ពាន់​លាន​ដុល្លារ។ ទំហំ​វិនិយោគ​ដោយ​ផ្ទាល់​​របស់​ក្រុមហ៊ុន​អាមេរិកកាំង នៅ​រុស្ស៊ី​មាន​តម្លៃ ១៤​ពាន់​លាន​ដុល្លារ។ ដើម្បី​រក្សា​លំនឹង​សេដ្ឋកិច្ច​របស់ខ្លួន រុស្ស៊ី​ត្រូវការជាចាំបាច់​ការវិនិយោគ។

ដើម្បី​ឲ្យ​សេដ្ឋកិច្ចរុស្ស៊ី​​កាន់តែ​រងគ្រោះ អាមេរិក​គ្រោង​នឹង​ជួយ​សេដ្ឋកិច្ច​អ៊ុយក្រែន ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​សេដ្ឋកិច្ច​របស់​រុស្ស៊ី។ ហើយ​ទៅ​ទៅថ្ងៃ​អនាគត អាមេរិក​គ្រោង​នឹង​រំដោះ​សហភាព​អឺរ៉ុប​ឲ្យ​ចេញផុត​ពី​ការពឹងផ្អែក​ទៅលើ​ឧស្ម័ន​រុស្ស៊ី។ សមាជិក​អាមេរិក​បាន​លើកឡើង​ពី​សំណើ​ចង់​ឲ្យ​អាមេរិក​បញ្ជូន​លក់​ឧស្ម័ន​ទៅ​អឺរ៉ុប។

ជារួម តាម​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ឲ្យ​ការដាក់ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី មាន​ប្រសិទ្ធិភាព ពោល គឺ​ការដាក់សម្ពាធ​ខ្លាំង​រហូត​ដល់​រុស្ស៊ី​យល់ព្រម​ដកទ័ព​ចេញ​ពី​អ៊ុយក្រែន បាន លុះណា​តែ​អាមេរិក​មាន​ជំនួយ​គាំទ្រ​ពី​សហភាព​អឺរ៉ុប។ អាមេរិក​ចង់បញ្ជាក់ទៅ​ភាគី​អឺរ៉ុបថា រុស្ស៊ី​នឹង​មិន​ផ្លាស់ប្តូរ​ជំហរ​ទេ បើ​​អាមេរិក​តឹងរ៉ឹង​តែម្នាក់​ឯង ចំណែក​សហភាព​អឺរ៉ុប​នៅ​ធូរលុង និង​បើកទ្វារ​សេដ្ឋកិច្ច​សម្រាប់​រុស្ស៊ី​នោះ។

ដោយសារ​ផលប្រយោជន៍ អឺរ៉ុប​មិនចង់​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី
សហភាព​អឺរ៉ុប​មាន​២៨​ប្រទេស គឺ​មិនងាយ​នឹង​អាច​រក​ឃើញ​ឯកភាព​គ្នា បាន​ឆាប់​ទេ។ ថ្វីត្បិត​តែ​អឺរ៉ុប​ជាទូទៅ​ថ្កោលទោស​ទៅលើ​សកម្មភាព​ឈ្លានពាន​ទ័ព​របស់​រុស្ស៊ី លើទឹកដី​អ៊ុយក្រែន ប៉ុន្តែ សមាជិក​ទាំង​២៨​របស់​សហភាព​អឺរ៉ុប​នៅ​ខ្វែង​គំនិត មិន​ទាន់​យល់ស្រប​គ្នា ពី​រឿង​ដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី។ នៅក្នុង​កិច្ចប្រជុំ​នៅទីក្រុង​ព្រុចស៊ែល កាលពី​ថ្ងៃ​ម្សិលមិញ អឺរ៉ុប បាន​ត្រឹម​ព្រមាន​សម្រេច​ផ្អាក​ការចរចា​ស្តី​ពីការផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​រុស្ស៊ី និង​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​សហប្រតិបត្តិការ​រវាង​រុស្ស៊ី និង​សហភាព​អឺរ៉ុប។

អាល្លឺម៉ង់​វិញ ដែល​ចូលរួម​ជួយ​បន្ថយ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អ៊ុយក្រែន មិន​ទាន់​បាន​និយាយ​ដល់​ការដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ីទេ។ សម្រាប់​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ វានៅមិនទាន់​ហួសពេលទេ រុស្ស៊ី​នៅមាន​ពេល​ដើម្បី​បន្ថយ​ភាពតានតឹង និង​រក​ដំណោះស្រាយ​នយោបាយ​ឲ្យ​វិបត្តិ​នៅ​អ៊ុយក្រែន។

រហូតមកដល់​ពេលនេះ អឺរ៉ុប​អាច​មូលមតិ​គ្នា​ដើម្បី​ដាក់ទណ្ឌកម្ម​ផ្នែក​ការទូត ប៉ុន្តែ សមាជិក​ភាគច្រើន​របស់​សហភាព​អឺរ៉ុប​មិន​ចង់​ឲ្យ​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ីទេ។ មូលហេតុ គឺ​មកពី ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន ​កំពុង​បោះទុន​វិនិយោគ ក្នុង​ទឹកដី​រុស្ស៊ី ឬ​កំពុង​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី។ អង់គ្លេស ជាឧទាហរណ៍​ស្រាប់។ ឯកសារ​មួយ ដែល​ទូរទស្សន៍​BBC បាន​ផ្សាយ កាលពីថ្ងៃ​ម្សិលមិញ​បាន​បង្ហាញថា សម្រាប់ពេលនេះ អង់គ្លេស​មិន​អាច​គាំទ្រ​ការដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​ទៅលើ​រុស្ស៊ី​បានទេ។ ពោល​គឺ​ទីក្រុង​ឡុងស៍ មិន​ចង់​បិទ​ទ្វារ​ធនាគារ​របស់ខ្លួន ដល់​ក្រុមវិនិយោគ​រុស្ស៊ី​នោះ​ទេ។

ជំហរ​របស់​អង់គ្លេស ដែល​ជា​សម្ព័ន្ធមិត្តរបស់​អាមេរិក​នឹង​អាច​ធ្វើ​ឲ្យ​អាមេរិក​ខកចិត្ត ព្រោះមិន​បាន​ការគាំទ្រ​១០០​ភាគរយ​ពី​ដៃគូ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ដើម្បី​កុំ​ឲ្យ​អាមេរិក​ថ្នាំងថ្នាក់ចិត្ត​ខ្លាំង អង់គ្លេស​បាន​បញ្ជាក់ថា ខ្លួន​កំពុង​គ្រោង​រឹតបន្តឹង​លើ​ការផ្តល់​ទិដ្ឋាការ និង​ការផ្លាស់ទី​របស់​អ្នកទទួល​ខុសត្រូវ​រុស្ស៊ី ក្នុង​ទឹកដី​អង់គ្លេស។

ប្រទេស​អឺរ៉ុប​ផ្សេងទៀត ក៏​​មិនសូវ​គាំទ្រ​ឲ្យ​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី ដោយសារ​តែ​ឧស្ម័ន​មួយភាគ​បួន​របស់​អឺរ៉ុប​នាំ​ចូល​មក​ពី​រុស្ស៊ី ដោយ​ឆ្លងកាត់​ទឹកដី​អ៊ុយក្រែន។ ប្រទេស​អឺរ៉ុប​ភាគច្រើន ដូចជា​បារាំង​ជាដើម នៅ​ត្រូវការ​ឧស្ម័ន រុស្ស៊ី ចំណែក​ថាមពល​របស់​ប្រទេសខ្លះ ដូចជា​លីតូនី អេស្តូនី ត្រូវ​ពឹងផ្អែក​១០០​ភាគរយ​តែម្តង​ទៅលើ​ឧស្ម័ន​រុស្ស៊ី។
 

ប្រធានាធិបតី​ពូទីន នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ទី ៤ មីនា ២០១៤
ប្រធានាធិបតី​ពូទីន នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ទី ៤ មីនា ២០១៤ © REUTERS/Alexei Nikolskiy/RIA Novosti/Kremlin

ពូទីន​បញ្ជា​ឲ្យ​ទ័ព​ដែល​ធ្វើសមយុទ្ធ​ត្រលប់​ចូល​បន្ទាយវិញ
នៅលើ​ផ្នែកនយោបាយ​ការទូត គេ​មិន​ដឹងច្បាស់​ទេ​ពី​ប្រសិទ្ធិភាព​នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។ គេ​ក៏​មិន​ប្រាកដ​ទេដែរ​ថា តើ​លោក​ពូទីន​ដែល​បាន​បញ្ជា​ឲ្យ​ទ័ព​ដែល​ធ្វើ​សមយុទ្ធ​នៅ​តាម​ព្រំដែន អ៊ុយក្រែន ចូល​ក្នុង​បន្ទាយវិញ នោះ កំពុង​អាច​បន្ទន់ជំហរ​ដោយសារ​តែ​គំនាប​របស់​អាមេរិក។

ប៉ុន្តែ នៅ​លើ​ទីផ្សារ​ភាគហ៊ុនវិញ គេ​មើលឃើញ​យ៉ាងច្បាស់ ថា យុទ្ធសាស្រ្ត​របស់អាមេរិក​ដើម្បី​ដាក់​រុស្ស៊ី​នៅ​ឯកោ​បាន​ផ្តល់​លទ្ធផល​ជា​ផ្លែផ្កា។ តាំងពី​ប៉ុន្មាន​ថ្ងៃ​មកហើយ គឺ​ចាប់តាំង​ពី​មាន​ការគំរាម​ដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី ទីផ្សារ​ភាគហ៊ុន​របស់​រុស្ស៊ី​បាន​ដាំក្បាល​ធ្លាក់ចុះ។ កាលពីថ្ងៃ​ម្សិលមិញ ទីផ្សារ​ភាគហ៊ុន​រុស្ស៊ី​បាន​ធ្លាក់ចុះ​ខ្លាំង ដល់​ទៅ ១៣ភាគរយ។ លុយ​រូប្ល​ក៏ធ្លាក់ចុះ​ខ្លាំ បើ​ប្រៀបធៀប​នឹង​លុយ​ដុល្លារ និង​លុយ​អឺរ៉ូ។ ដំណឹង​នេះ មិន​មែនជា​ដំណឹង​ល្អ​សម្រាប់​សេដ្ឋកិច្ច​រុស្ស៊ី ដែល​កំពុង​ប្រឈមមុខ​នឹង​ចលនា​លំហូរ​ទុន ចេញ​ទៅ​ក្រៅប្រទេស។ ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ រុស្ស៊ី​រងគ្រោះ​ខ្លាំង​ដោយសារ​លំហូរ​ទុន​ទៅបរទេស ប្រមាណ ៦០​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ។ ទុន​វិនិយោគ​ហូរ​ចេញ​ទៅក្រៅប្រទេស ដោយសារ​តែ​អ្នកវិនិយោគ​មិនជឿទុកចិត្ត​លើ​ស្ថិរភាព​នយោបាយ​​របស់​រដ្ឋាភិបាល រុស្ស៊ី។

រុស្ស៊ី​វិញ​មិនបាន​ព្រងើយកន្តើយ​នឹង​ការដាក់​គំនាប​ពី​អាមេរិក​ដែរ។ នៅថ្ងៃ​នេះ ទីប្រឹក្សា​រដ្ឋាភិបាល​ម្នាក់​បាន​ព្រមានថា រុស្ស៊ី​នឹង​កាត់បន្ថយ​ការពឹងផ្អែក​សេដ្ឋកិច្ច​របស់ខ្លួន ទៅលើ​អាមេរិក ឲ្យ​មក​នៅ​ចំណុចសូន្យ នោះ​បើ​សិន​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​រុស្ស៊ី។

ជំហរ​នេះ​ត្រូវ​បាន​កែប្រែមកវិញ ដោយ​ក្រេមឡាំង​បញ្ជាក់ថា នោះ​គ្រាន់តែ​គំនិត​មតិ​ផ្ទាល់ខ្លួន​របស់​ទីប្រឹក្សា​ខាងលើ ប៉ុន្តែ វា​មិន​បាន​ស្តែង​ពី​ជំហរ​ពិតប្រាកដ​របស់​រុស្ស៊ីទេ។ លោកប្រធានាធិបតី​ពូទីន ដែល​បាន​ចេញ​មុខ​ថ្លែងការណ៍​នៅថ្ងៃនេះ ជាលើកទីមួយ​ទៅលើ​វិបត្តិ​អ៊ុយក្រែន​បាន​និយាយថា ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​រុស្ស៊ី​គឺ​ជា​សកម្មភាព​បន្ទុចបង្អាក់ ប្រឆាំង​នឹងការរីកចម្រើន។ ប្រមុខរដ្ឋ​រុស្ស៊ី​បញ្ជាក់ដែរ​ថា គាត់​នឹងនៅតែ​រៀបចំ​កិច្ចប្រជុំ​G​៨​ដដែល​នៅទីក្រុង​សុតឈី។ ហើយបើ​មេដឹកនាំ​ផ្សេងៗ​មិន​មក​ចូលរួម គឺ​ស្រេចតែ​ចិត្ត​របស់ពួកគេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ