អានតួអត្ថបទ
កម្ពុជា

មេដឹកនាំ​​ពិភពលោក ​និង​​អង្គការ​សហប្រជាជាតិ​​ចូល​រួម​​កិច្ច​ប្រជុំ ​ស្តី​ពី​​កង្វះ​​អាហារូបត្ថម្ភ នៅ​ក្រុង​រ៉ូម

មេដឹកនាំ​នយោបាយ​មកពី​ជុំវិញ​ពិភពលោក​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ចូលរួម​សន្និសីទ​អង្គការសហប្រជាជាតិ ស្តីពី​ក​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ សម្រាប់​រយៈពេល​បី​ថ្ងៃ ដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​ជាស​កល ហើយ​ដែល​អាច​នឹង​កើតមាន​ទៅលើ​ទាំង​អ្នកក្រ​និង​អ្នក​មានបាន​ដូចគ្នា។

កូនង៉ែត​រងគ្រោះ​ដោយ​កង្វះអាហារូបត្ថម្ភ​នៅ​ប្រទេស​ហ្វីលីពីន នៅក្រោយ​ការវាយបំផ្លាញ​របស់​ខ្យល់ព្យុះ​ហៃយ៉ាន់
កូនង៉ែត​រងគ្រោះ​ដោយ​កង្វះអាហារូបត្ថម្ភ​នៅ​ប្រទេស​ហ្វីលីពីន នៅក្រោយ​ការវាយបំផ្លាញ​របស់​ខ្យល់ព្យុះ​ហៃយ៉ាន់ © REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

តំណាង​មកពី​បណ្តា​ប្រទេស​ចំនួន១៩០ នៅ​ទូទាំង​ពិភពលោក នឹងត្រូវ​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​​ស្តីពី​អាហារូបត្ថម្ភ​លើក​ទី២ ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​អាហារ​អង្គការ​សហប្រជាជាតិ​​ ហៅ​កាត់​ថា (FAO) និង​អង្គការ​សុខភាព​ពិភពលោក (WHO) ហើយក៏​មាន​ការ​​ចូលរួម​​ពី​មេដឹកនាំ​សាសនា​កា​តូ​លី​ក សម្តេច​សង្ឃ ប៉ាប ហ្វ្រ​ង់​ស័​រ​ផងដែរ។

លោកស្រី Leslie Amoroso អ្នកជំនាញ​អាហារូបត្ថម្ភ​របស់​អង្គការ FAO បាន​ប្រាប់​អ្នក​សារព័ត៌មាន​​មុន​កិច្ចប្រជុំ ដែលមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​សុខាភិបាល​និង​កសិកម្ម​ជាង​១០០​នាក់​​នោះ​ថា យើង​កំពុងតែ​សិក្សា​រាល់​កម្រិត​នៃ​ជំងឺ​ខ្វះ​អាហារូបត្ថម្ភ​នេះ​នៅ​ទូទាំង​ពិភពលោក។

លោកស្រី​បាន​បន្តថា មនុស្ស​ដែល​កើត​ជំងឺ​ខ្វះ​អាហារូបត្ថម្ភ គឺមាន​កម្រិត​ខ្ពស់​ណាស់។ មនុស្ស​​ចំនួន ៨០៥លាន​នាក់ កើតមាន​ជំងឺ​ស្គមស្គាំង ខ្វះ​ជីវជាតិ ហើយ​កុមារ​ចំនួន ១៦១​លាន​​នាក់ មានការ​លូតលាស់​យឺត។ កត្តា​នេះ ទាមទារ​ឲ្យ​មានការ​សហការគ្នា​ពី​គ្រប់ផ្នែក​ទាំង​អស់។​

ទន្ទឹមនឹង​បញ្ហា​នេះ មានកា​រវិ​ឌ្ឍ​ន៍​ជាច្រើន នៅក្នុង​រយៈពេល​ពី​រទ​ស​វត្ស​ចុង​ក្រោយនេះ ដោយ​ចំនួន​អ្នកជំងឺ​ស្គមស្គាំង​និង​ខ្វះ​ជីវជាតិ គឺមាន​ការធ្លាក់ចុះ ពី១ពាន់​លាន​នាក់ នៅក្នុង​ឆ្នាំ ១៩៩២ នៅពេលដែល​សន្និសីទ​អន្តរជាតិ​អាហារូបត្ថម្ភ​លើក​ទី១ ត្រូវបាន​ធ្វើឡើង ហើយ​នៅ​ឆ្នាំ ២០១៤​នេះ មាន​ចំនួន ៨០៥លាន​នាក់។

ប៉ុន្តែ​ជំងឺ​ក​ខ្វះ​អាហារូបត្ថម្ភ​មិនមែន​ត្រឹមតែ​ជា​ភាពអត់ឃ្លាន​នោះទេ។ មនុស្ស២ពាន់​លាន​នាក់ បានទទួល​រង​នូវ​ការខ្វះ​សារធាតុចិញ្ចឹម​ដែលមាន​ដូចជា វិ​តា​មីន A សារធាតុ​ដែក និង​ស័ង្កសី​ជាដើម នៅ​ខណៈដែល​កុមារ ហើយ​និង​មនុស្សពេញវ័យ ៥០០លាន​នាក់ កើត​ជំងឺ​ធាត់ ឬក៏​ដុះពោះ។

តំណាង​ចូលរួម​ទាំងអស់​និង​អនុវត្តតាម​សេចក្តីថ្លែងការណ៍​ស្តីពី​អាហារូបត្ថម្ភ​ក្រុង​រ៉ូម និង​គម្រោង​ដើម្បី​ចាត់វិធានការ​ទៅលើ​បញ្ហា​នេះ ដែល​អង្គការ FAO បាន​និយាយថា គម្រោង​នេះ​គឺ​ផ្នែក​ទៅលើ​ការឯកភាព​ពី​រដ្ឋាភិបាល​ជាតិ​ចំនួន ជាង ២០០ បន្ទាប់ពី​ប្រឹក្សា​ជាមួយនិង​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​រួចមក។

នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ស​ង្គ​ត់​ធ្ងន់​ថា អាហារ​គួរ​មិនត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​ដើម្បី​ដាក់​គំនាប​នយោបាយ និង​សេដ្ឋកិច្ច​នោះទេ។ ជាងនេះទៅទៀត​កិច្ចប្រជុំ​នេះ ក៏បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ទាំងអស់ ធានា​ឲ្យ​បាន​នូវ​ការប្រើប្រាស់​ទឹកស្អាត និង​ការពារ​កុមារ​ពី​ជំងឺ​ឆ្លង​ផ្សេងៗ​ ដូចជា​ជំងឺរាគ គ្រុនចាញ់ និង​ជំងឺ​ដង្កូវ​ក្នុង​ពោះវៀន ដែលមាន​ដូចជា​ព្រូន អៀន និង​តេន​ញ៉ា​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ