អានតួអត្ថបទ
បារាំង​

ក្រោយ​វិបត្តិ​ចំណាប់​ខ្មាំង​និង​ភេរវកម្ម​ ​​ បារាំង​ពង្រឹង​សន្តិសុខ​កាន់តែខ្លាំង​

តាំង​ពីព្រហាម​​ថ្ងៃ​សៅរ៍​​មក បើ​ទោះ​បី​ជា​ភេរវជន​ត្រូវ​បាន​សម្លាប់​​ វិបត្តិ​ចំណាប់​ខ្មាំង​បាន​ចប់​ក្តី ក៏​វិមាន​ប្រធានាធិបតី​នៅ​បន្ត​ពុះ​កញ្ជ្រោល​ដដែល ព្រោះ​ការ​គំរាម​កំហែង​ភេរវកម្ម​ នៅ​តែ​ខ្ពស់​ជានិច្ច។ ម្យ៉ាង​ទៀត នៅថ្ងៃ​អាទិត្យ​នេះ មាន​ការ​ជួប​ជុំ​ដ៏​មហាធំ​មួយ​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅទីក្រុង​ប៉ារីស ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​​ជន​រង​គ្រោះ​១៧នាក់​ បាត់បង់​ជីវិត​ដោយ​ស្នាដៃ​ពួក​ជីហាត។ ជាព្រឹត្តិការណ៍​ដែល​មាន​ទំហំ​ធំ មាន​ពលរដ្ឋ​​​ចូល​រួម​អាច​ដល់​លាន​នាក់ និងមាន​​មេ​ដឹកនាំ​បរទេស​ជាច្រើនរូប​​មក​អម​ដំណើរ​ប្រធានាធិបតី​បារាំង។ សូម​បញ្ជាក់​ថា បាតុកម្ម​សម្តែង​ការ​សាមគ្គី ​និងដើម្បីការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ​តែង​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​មាន​ហេតុការ​ណ៍​ភេរវកម្ម​ប្រឆាំង​កាសែត Charlie Hebdo មក។ ហើយ​នៅ​​ថ្ងៃ​សៅរ៍​នេះ បើ​តាម​ក្រសួង​មហាផ្ទៃ​មាន​ពលរដ្ឋ​បារាំង​ប្រមាណ​ជាង​ ៧០០០០០​នាក់​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​​។

ទាហាន​១៣៥០​នាក់ និង​ប៉ូលិស ដាក់​ពង្រាយ​ពេញ​ក្រុង​ប៉ារីស ដើម្បី​​ពង្រឹង​សន្តិសុខ មុខ​ពេល​បាតុកម្ម​ជាតិ កំពុង​ល្បាត​ក្នុង​ក្រុង​
ទាហាន​១៣៥០​នាក់ និង​ប៉ូលិស ដាក់​ពង្រាយ​ពេញ​ក្រុង​ប៉ារីស ដើម្បី​​ពង្រឹង​សន្តិសុខ មុខ​ពេល​បាតុកម្ម​ជាតិ កំពុង​ល្បាត​ក្នុង​ក្រុង​ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ជំនួប​ប្រជុំ​ដោះស្រាយ​វិបត្តិ​ ដឹកនាំ​ដោយ​លោក​ហ្វ្រង់ស័រ ហូឡង់ ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ឧទ្ទិស​មួយ​ភាគ​ធំ​ដល់​ការ​ចាត់​វិធានការ​ការពារ​សន្តិសុខ​ប្រទេស និង​ពិសេស​សន្តិសុខ​ពេល​ធ្វើ​ដើរ​ដង្ហែ​ក្បួន​ បាតុកម្ម​សាធារណរដ្ឋ នៅ​រសៀល​ថ្ងៃ​អាទិត្យ​ ដែល​ធានា​ថា​ចំនួន​អ្នក​ចូល​រួម​មាន​ច្រើនរាប់​​រយ​ពាន់​នាក់ នៅ​ទីលាន​សាធារណរដ្ឋ ក្រុង​ប៉ារីស។ ពេញ​មួយ​ថ្ងៃ ការប្រជុំ​មាន​បន្ត​ឥត​ដាច់​នៅវិមាន​ប្រធានាធិបតី​បារាំង ដើម្បី​រៀប​ចំ​ប្រតិបត្តិការ​​ដ៏​ធំ​ឱ្យ​សក្តិសម​ មិន​ថា​លើ​ផ្នែក​សន្តិសុខ ឬ​ការ​ធ្វើ​គារវកិច្ច​​មេ​ដឹកនាំ​បរទេស​ជា​ច្រើន​រូប​នោះ​ឡើ​យ។

 
ជា​ជំនួយ​ដល់​ក្រុម​ប៉ូលិស ទាហាន​៥០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​បន្ថែម​ ជា​បណ្តើរៗ​ តាំង​ពី​ថ្ងៃ​សៅរ៍​នេះ នៅ​ក្នុង​រដ្ឋ​ធានី តំបន់​ជុំ​វិញ​ក្រុង​ ដើម្បី​បង្គប់​ឱ្យ​ឡើង​ដល់ ១៣៥០​នាក់ នៅ​ថ្ងៃអាទិត្យ ក្នុង​ក្របខ័ណ្ឌ​ផែនការ​​ការពារ​ប្រឆាំង​នឹង​ភេរវកម្ម​ ដែល​អាជ្ញាធរ​បាន​ដំឡើង​ដល់​កំរិត​ប្រយ័ត្ន​ខ្ពស់​បំផុត តាំង​ពីថ្ងៃ​ទី ៧ មករា​ ថ្ងៃ​ដែល​ភេរវជន​ពីរនាក់​បង​ប្អូន​ចូល​បាញ់​សម្លាប់​អ្នក​កាសែត​និង​ប៉ូលិស​នៅ​ទីស្នាក់ការ​ទស្សនាវដ្តី Charlie-Hebdo​មក។

កាល​ពី​ល្ងាច​ថ្ងៃ​ក្រោយ​ពេល ចប់​ប្រតិបត្តិការ​​ប្រមាញ់​ភេរវជនទាំង​បី​បាន​ភ្លាម លោកហ្វ្រង់ស័រ​ហូឡង់ បាន​អំពាវនាវ​ដោយ​ផ្ទាល់​មាត់​លោក ឱ្យ​ពលរដ្ឋ​បារាំង ទាំង​ស្រី​ទាំង​ប្រុស​ នាំ​គ្នា​ងើប​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នេះ ការពារ​តម្លៃ​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព និង​ពហុនិយម។

ចំនួន​ថ្នាក់​ដឹកនាំ​បរទេស​ចូល​រួម​ក្នុង​បាតុកម្ម​ អាច​នឹង​កើន​ឡើង​ ពី​មួយ​ម៉ោង​ទៅម៉ោង ប៉ុន្តែ​លោក​ប្រធានាធិបតី​បារាំង និង​ភ្ញៀវ​ជាន់​ខ្ពស់​ អាច​នឹង​ត្រូវ​ដើរ​ដង្ហែ​ក្បួន​ក្នុងដែន​​ការពារ​ពិសេស​ផង នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​ប្រមុខ​រដ្ឋ។ សូម​បញ្ជាក់​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៥មក មាន​ប្រធានាធិបតីបារាំង​តែ​ម្នាក់គត់ មុន​លោក​ហ្វ្រង់ស័រ​ហូឡង់ ដែល​បាន​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ជាមួយ​ពលរដ្ឋ គឺ​លោក​ហ្វ្រង់ស័រ​ មីតេរ៉ង់ កាលពី​ថ្ងៃ​ទី ១៤​ឧសភា ឆ្នាំ ១៩៩០ ដើម្បី​ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជសាសន៍​ និង​ការ​រើស​អើង​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ