អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

មេចារកិច្ច​អាមេរិក​ថា​ក្រុមឧទ្ទាម​អ៊ុយក្រែន​នឹង​វាយលុក​លើ​ក្រុង ​Marioupol ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ

ប្រមុខ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​បាន​អះអាង កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី នៅ​ខាង​កើត​អ៊ុយក្រែន ដែល​មាន​ការ​គាំទ្រ​ពី​រុស្ស៊ី អាច​នឹង​បើក​ការ​វាយប្រហារ​ទៅលើ​ទីក្រុង​ម៉ារីយូប៉ូល (Marioupol)​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត។ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា គោលដៅ​របស់​រុស្ស៊ី គឺ​ធ្វើ​យ៉ាងណា​កាន់កាប់​ទឹកដី​មួយ​ផ្នែក នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន ដើម្បី​បើក​ច្រកផ្លូវ​ ពី​ព្រំដែន​រុស្ស៊ី ឆ្ពោះទៅ​កាន់​តំបន់​គ្រីមេ ដែល​លោក​ពូទីន​បាន​កាត់​យក​ពី​អ៊ុយក្រែន កាល​ពី​ឆ្នាំ​ទៅមិញ។

លោក James Clapper ប្រមុខដឹកនាំ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក (Director of National Intelligence)
លោក James Clapper ប្រមុខដឹកនាំ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក (Director of National Intelligence) REUTERS
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ចំពោះ​គណៈកម្មការ​នៃ​ព្រឹទ្ធសភា កាល​ពីថ្ងៃ​ព្រហស្បតិ៍ លោក James Clapper ប្រមុខដឹកនាំ​ផ្នែក​ចារកិច្ច​​អាមេរិក​ បាន​លើកឡើង​ថា លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន មិនមាន​គោលដៅ​ឈ្លានពាន​កាន់កាប់​ប្រទេស​អ៊ុយក្រែន​ទាំងមូល​នោះទេ ក៏ប៉ុន្តែ ចង់​ត្រួតត្រា​ខេត្ត​ធំៗ​ពីរ​នៅ​ខាង​កើត​អ៊ុយក្រែន ជាប់​នឹង​ព្រំដែន​រុស្ស៊ី ដើម្បី​ធ្វើ​យ៉ាងណា​បើក​ច្រកផ្លូវ​​គោក​តភ្ជាប់​ទៅ​តំបន់​គ្រីមេ។

គួរបញ្ជាក់ថា តំបន់​គ្រីមេ ដែល​លោក​ពូទីន​បាន​កាត់​យក​ពី​អ៊ុយក្រែន កាល​ពី​ឆ្នាំ​ទៅមិញ ស្ថិត​នៅ​ចុងខាង​ត្បូង​ប្រទេស​ ហើយ​ព័ទ្ធជុំវិញ​ទៅដោយ​ទឹកដី​អ៊ុយក្រែន។ រុស្ស៊ី​អាច​ធ្វើ​ដំណើរ​ចេញចូល​គ្រីមេ​បាន​តែ​តាម​ផ្លូវ​អាកាស និង​តាម​ផ្លូវ​សមុទ្រ​តែ​ប៉ុណ្ណោះ។

ក្រោយ​ពី​កិច្ចព្រមព្រៀង​ឈប់បាញ់​បាន​ចូល​ជា​ធរមាន កាល​ពីថ្ងៃ​ទី១៥​កុម្ភៈ ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​អ៊ុយក្រែន​បាន​​វាយ​លុក​ចូល​កាន់​កាប់​ទីក្រុង​ Debaltseve ដែល​ជា​ច្រកផ្លូវ​ដែក​ដ៏​សំខាន់​របស់​អ៊ុយក្រែន ហើយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​តែងតែ​បាន​អះអាង​ជាច្រើន​លើក​​ថា ក្រុម​ឧទ្ទាម ដែល​មាន​ជំនួយ​ពី​កងទ័ព​រុស្ស៊ី កំពុងតែ​ប្រមូល​កម្លាំង​ទ័ព ត្រៀម​បើក​ការ​​វាយលុក​ទៅលើ​ទីក្រុង Marioupol មួយ​ទៀត។

សម្រាប់​ប្រមុខដឹកនាំ​ចារកិច្ច​អាមេរិក ទីក្រុង Marioupol គឺ​ជា​ចំណុច​ស៊ីប​ដ៏សំខាន់​មួយ ដែល​រុស្ស៊ី​ចង់​កាន់កាប់ ពីព្រោះ​ថា ក្រុង​នេះ​គឺ​​​ជា​ច្រក​កំពង់ផែ​ដ៏​សំខាន់ និង​ជា​ក្រុង​នៅ​ចន្លោះ​តំបន់​គ្រីមេ និង​ដែនដី​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី។ ក៏ប៉ុន្តែ ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​គិតថា ការ​វាយប្រហារ​ទៅលើ​ទីក្រុង Marioupol នេះ នឹង​មិន​កើតឡើង​ភ្លាមៗ​នោះទេ ដោយ​នៅ​ពេលនេះ ក្រុម​ឧទ្ទាម​កំពុងតែ​ប្រមូល​ផ្តុំ​គ្នា​ឡើងវិញ ក្រោយ​ពី​បាន​បញ្ចប់​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ នៅ​ទី​​ក្រុង Debaltseve។ លោក James Clapper បាន​ធ្វើការ​ព្យាករ​ថា ការវាយលុក​ទៅលើ​ទីក្រុង Marioupol នឹង​ចាប់ផ្តើម​នៅ​ក្នុង​ចន្លោះ​ពី​ខែ​មេសា ដល់​ខែ​មិថុនា​ខាងមុខ៕

ផែនទី​យកចេញ​ពី Google Map ដែល​បង្ហាញ​ពី​តំបន់​គ្រីមេ នៅ​ខាងជើង​គឺ​ជា​ទឹកដី​អ៊ុយក្រែន
ផែនទី​យកចេញ​ពី Google Map ដែល​បង្ហាញ​ពី​តំបន់​គ្រីមេ នៅ​ខាងជើង​គឺ​ជា​ទឹកដី​អ៊ុយក្រែន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ