អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង​រង​ការ​ថ្កោល​ទោស​ព្រោះ​មិន​បាន​ហាមឃាត់​ការ​វាយ​ប្រដៅក្មេង

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំង​អាច​នឹង​ត្រូវ​ទទួល​ទោស​ ដោយ​មិន​បាន​ចេញ​ច្បាប់​ហាម​ប្រាម​ទាំង​ស្រុង​ការ​វាយប្រដៅ​កូន។ ក្រុមប្រឹក្សា​អឺរ៉ុបដែល​ជា​ស្ថាប័ន​ការពារ​សិទ្ធិមនុស្ស​ ទើប​បាន​ចេញ​សេចក្តី​សម្រេចចិត្ត​នៅ​ថ្ងៃ​ពុធ​ ដាក់​ទណ្ឌកម្ម​រដ្ឋ​បារាំង ពីបទ “មិន​បាន​​ចេញ​បម្រាម ​ហាមឃាត់​ច្បាស់​លាស់​ ដាក់​បង្ខំ​ គ្រប់គ្រាន់​កុំ​ឱ្យ​មាន​ការ​អប់រំកូន​ដោយ​ប៉ះពាល់​ដល់​រាងកាយ”។ នៅ​ក្នុង​មាត្រា​១៧​នៃ​ច្បាប់​​អឺរ៉ុប​ផ្នែក​សិទ្ធិ​មនុស្ស​ ដែល​បារាំង​ក៏​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ បាន​ចែង​ថា​ រដ្ឋ​ជា​សមាជិក​ត្រូវ​ “ការពារ​កុមារ​និង​ក្មេង​ជំទង់​​ប្រឆាំង​នឹង​អំពើ​​​ធ្វេសប្រហែស ហិង្សា និង​យក​ចំណេញ”។

ក្រុមប្រឹក្សា​អឺរ៉ុប​ចង់​​ឃើញ​មាន​ការ​ហាមឃាត់ច្បាស់​លាស់​​ មិន​ឱ្យប្រើ​កាយ​វិការ​​វាយ​ទះ​ប្រដៅ​​ប៉ះ​សាច់កូន​
ក្រុមប្រឹក្សា​អឺរ៉ុប​ចង់​​ឃើញ​មាន​ការ​ហាមឃាត់ច្បាស់​លាស់​​ មិន​ឱ្យប្រើ​កាយ​វិការ​​វាយ​ទះ​ប្រដៅ​​ប៉ះ​សាច់កូន​ AFP PHOTO / LOIC VENANCE
ផ្សាយពាណិជ្ជកម្ម

គ្មានទណ្ឌកម្ម ​ឬគ្មាន​ការ​ផាក​ពិន័យ​អ្វី​ទេ ប៉ុន្តែជា​ការ​ថ្កោល​ទោសប្រកប​ដោយ​និមិត្តរូប​បំផុត។ ក្រុមប្រឹក្សា​អឺរ៉ុប​ចង់​ឱ្យ​រដ្ឋ​ជា​សមាជិក​ចេញ​រង​ការ​ថ្កោល​ទោស​បម្រាមច្បាប់​ឱ្យ​ត្រឹម​ត្រូវ​ប្រឆាំង​នឹង​ការ​ប្រដៅ​កូន​ដោយ​វាយ​ដំ។ តែ​សេចក្តី​សម្រេច​នេះ បាន​បើក​ផ្លូវ​ឱ្យ​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប​អាច​កាត់​ទោស​បារាំង​បាន។

 

ការ​ថ្កោល​ទោស​បារាំង​នៅ​ថ្ងៃពុធ​ដែល​ជា​លទ្ធផល​នេះ​នៃបណ្តឹង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អង់គ្លេស​ សមាគមន៍​ការពារ​កុមារ​ បាន​បំផុស​ឱ្យ​​មាន​ការ​តស៊ូ​មតិ​លើ​ប្រធាន​សង្គម​ដ៏​រសើប​​មួយ​នេះ​ពុះ​កញ្ជ្រោល​ឡើង។ សមាគមន៍​ ក្រុម​គ្រូពេទ្យ​ តំណាងរាស្ត្រ​ បាន​ទាមទារ​តាំង​ពីយូរ​មកហើយ​ឱ្យ​បារាំង​ ចេញ​ច្បាប់​ ជា​ “និមិត្តរូប” ហាមឃាត់​មិន​ឱ្យ​មាន​ការ​ដាក់​ទោស​កូន​ក្មេង​ដោយ​ប៉ះពាល់​សាច់ ទះ ឬ​វាយ​កំប៉េះគូថ ...។ អំណះអំណាង​របស់​ពួក​គេ គឺ​ការវាយដំ​ គ្មាន​ប្រសិទ្ធិភាព​ក្នុង​ការ​អប់រំ​ទេ គឺ​មាន​តែ​បង្រៀន​ក្មេង​ឱ្យ​ចេះ​ប្រើ​អំពើ​ហិង្សា​តែ​ប៉ុណ្ណោះ។

​វិធីសាស្ត្រ​អប់រំ​ប្រដៅ​ដោយ​ទះ​កំប៉េះ​គូថ​ ត្រូវ​បញ្ចប់​នៅ​ពេល​នេះ​ឬ ? ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ អំពី​ទំនាក់​ទំនង​រវាង​ក្មេង​ធ្លាប់​ម្តាយ​ឪពុក​​វាយ​ និង​ភាព​ហិង្សា​នៅ​ពេល​ពេញ​វ័យ។ នៅ​ប្រទេស​បារាំង​គេ​គ្មាន​សិទ្ធិ​ធ្វើ​បាប​សត្វ​ផង ហេតុ​អ្វី​អាច​វាយ​កូន​បាន ?! គឺ​ពិត​ជា​មិន​សក្តិសម​ឡើយ! ដូច្នេះ​វា​គឺ​ជា​ចាំបាច់​ដែល​ត្រូវ​មាន​ច្បាប់ ដើម្បី​ជា​សិល្ប៍​វិធី​មួយ​អប់រំ​អ្នក​ជា​ឪពុក​ម្តាយ​ រក​វិធី​សាស្ត្រ​ថ្មី​អប់​រំ​កូន។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​បណ្តា​ជន​បារាំង​ភាគ​ច្រើន (៨០%) ប្រឆាំង​នឹង​ការ​ហាមឃាត់​មិន​ឱ្យ​វាយ​កូន ព្រោះ​​យល់​ថា​ច្បាប់​នេះ​នឹង​ធ្វើ​អំណាច​ឬ​សិទ្ធិឪពុកម្តាយ​ធ្លាក់​ចុះ។ ម្យ៉ាង​ទៀត​ ច្បាប់​បែប​នេះ​ពិត​ជា​នឹ​ងបង្ក​ជា​បញ្ហា​នៅ​ពេល​អនុវត្ត​ជាក់ស្តែង​ជា​មិន​ខាន​ឡើយ។ គេ​អាច​យល់​បាន​ចំពោះ​ការ​​ហាមឃាត់​មិន​ឱ្យ​​ទះ​កំផ្លៀង តែ​ការ​ទះគូថ​ប្រដៅ​ ទំនង​ជា​គ្មាន​​ទម្រង់​ហិង្សា​​ដូច​អ្វី​ដែល​ក្មេង​កំពុង​រស់​និង​មើល​ឃើញ​ក្នុង​សង្គម​បច្ចុប្បន្ន​ឡើយ។

រហូតមកទល់​នឹង​ពេល​នេះ ច្បាប់​បារាំង​បាន​អនុគ្រោះ ក្នុង​រង្វង់​គ្រួសារ ឱ្យឪពុកមា្តយ​មាន​សិទ្ធិវាយ​ប្រដៅ​​ដើម្បី​អប់រំ​តម្រង់​កូន តែ​រាល់​ទណ្ឌកម្ម​ប៉ះ​សាច់​ ប៉ះ​រាងកាយ ត្រូវ​បាន​ហាមឃាត់​នៅ​សាលា​រៀន និង​នៅ​ក្នុងគុក​​។ បើទោះ​បី​ជា​បារាំង​ខ្លួន​ឯង​ក៏​បាន​ចុះហត្ថលេខា​លើ​​កាតិកាសញ្ញា​អឺរ៉ុប​ស្តី​ពី​សិទ្ធិ​សង្គម​ ដែល​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​មាត្រា​១៧ ថា​រដ្ឋ​ជា​សមាជិក​ត្រូវ​ការពារ​កុមារ​​និង​យុវជន​​ប្រឆាំង​នឹង​អំពើ​ហិង្សា។ នៅ​ឆ្នាំ​២០១៤ បារាំង​ធ្លាប់​បាន​ធ្វើ​វិសោធនកម្ម​ដក​ការ​ហាមឃាត់​ការ​វាយ​ប្រដៅ​​លើ​រាង​កាយ​កុមារ​ពី​ច្បាប់​គ្រួសារ ដោយ​​រដ្ឋាភិបាល​សន្យា​ពិភាក្សា​ឡើង​វិញ​នៅ​ពេល​ធ្វើ​សំណើ​ច្បាប់​លើក​ក្រោយ។

ការ​វាយ ទះ​ ប្រើ​រំពាត់ ញ៉ឹង​ត្រចៀក ... ដើម្បី​អប់​រំ​កូន ឬ​អប់រំ​សិស្ស ​មាន​លក្ខណៈ​ហិង្សា​ខ្លាំង នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ក៏​ប៉ុន្តែ​ជា​ទូទៅ វិធី​ហិង្សា​​បែប​នេះ បាន​​ថយ​ចុះ​ច្រើន ទាំង​នៅ​អឺរ៉ុប នៅ​អាស៊ី នៅកម្ពុជា​ ឬ​នៅ​បារាំង​។ ប្រទេស​នៅ​អឺរ៉ុប​បាន​ឈាន​មុខ​ខ្លាំង ​ក្នុង​ការ​អប់រំ​ក្មេង​ដោយ​គ្មាន​អំពើ​ហិង្សា ជាក់​ស្តែង​ប្រទេស​ស៊ុយអែតបានប​ង្កើត​ច្បាប់អប់រំ​​គ្មាន​អំពើ​ហិង្សា​ តាំង​ពី​ឆ្នាំ​១៩៧៩​។ ប្រទេស​ហ្វាំងឡង់ (នៅ​ឆ្នាំ​១៩៨៣) និង​ន័រវែស (នៅ​ឆ្នាំ​១៩៨៧) ក៏​បាន​បោះ​ជំហាន​តាម​ក្រោយ​ជា​បន្ត​បន្ទាប់។ អូទ្រីស្ត (១៩៨៩) ដាណឺម៉ាក (១៩៩៧) អាល្លឺម៉ង់ (២០០០) ហើយ​សូម្បី​តែ​ប្រទេស​ជា​អតីត​ប្លុក​កុម្មុយនិស្ត​ សហភាព​សូវៀត ដូច​ជា​លេតូនី (១៩៩៨) ក្រូអាស៊ី (១៩៩៩) ប៊ុលហ្ការី (២០០០) ​ ក៏​មាន​​ច្បាប់​ហាមឃាត់​មិន​ឱ្យ​មាន​ការ​វាយ​ប្រដៅប៉ះ​​លើ​រាង​កាយ​ក្មេង​ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​ប្រទេស​ល្បី​ខាង​ការពារ​ស្រលាញ់​មនុស្ស​ ​សត្វ​ រុក្ខជាតិ បាន​​​ក្លាយ​ជា​សិស្ស​មិន​ល្អ​ ព្រោះ​គ្មាន​ច្បាប់​ហាមឃាត់​ជាក់​លាក់​ប្រឆាំង​នឹង​​ការ​វាយ​ប្រដៅ​ក្មេង។

បើ​យើ​ងក្រលេក​មើល​ថ្នាក់​​ពិភពលោក​វិញ​ ការ​ហាមឃាត់​មិន​ពិន័យ​ប៉ះ​សាច់​កុមារ​ មិន​មែន​ជា​បញ្ហា​ត្រឹម​អឺរ៉ុប​ឡើយ បណ្តា​ប្រទេស​នៅ​អាមេរិក​ឡាទីន ដូច​យ៉ាង​អ៊ុយរ៉ាហ្កាយ វ៉េណេស៊ុយអេឡា ប្រេស៊ីល ឬ​អាហ្សង់ទីន ឬ​នៅ​អាហ្វ្រិក ដូច​យ៉ាង​កេនយ៉ា តូហ្គោ កុងហ្គោ ​ឬ​ស៊ូដង់ ក៏​មាន​បម្រាប​ច្បាប់​បែប​នេះ​ដែរ។ នូវែលសេឡង់ ជា​ប្រទេស​និយាយ​ភាសាអង់គ្លេស​ដំបូង​គេ​ដែល​ហាមឃាត់​ការប្រដៅ​កូន​ដោយ​វាយ​ដំ ក្នុង​ខណៈ​ដែល​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​បដិសេធ​ច្បាប់​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ​ រដ្ឋ​ចំនួន​១៩​របស់​សហរដ្ឋ​ បន្ត​អនុញ្ញាត​ឱ្យ​សាលា​រៀន​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ​កុមារ​​នៅ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ