អានតួអត្ថបទ
បារាំង

តើ​ប៉ារីស​ជា​រដ្ឋធានី​ដែល​មាន​បរិយាកាស​ពុល​ខ្លាំង​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក​ឬ ?

នៅ​ថ្ងៃ​សៅរ៍​នេះ រដ្ឋាភិបាល និង​អាជ្ញាធរ​ក្រុង​ប៉ារីស​បាន​សម្រេច​ចាត់​វិធានការ​​ មិន​យក​ថ្លៃ​ការ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ និង​តម្រូវ​ឱ្យ​រថយន្ត​ឯកជន​បើក​បរ​ឆ្លាស់​គ្នា មួយ​ថ្ងៃ​លេខ​សេស មួយ​ថ្ងៃ​លេខ​គូ ​នៅ​ក្នុង​និង​តំបន់ជុំ​វិញរដ្ឋ​ធានី នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សេង​ពុល។ ​សារធាតុ​ឆ្មារៗ​បំផុតក្នុង​ខ្យល់​ បាន​ឡើង​ហួស​កំរិត​កំណត់​ដោយ​​អង្គការ​សុខភាព​ពិភពលោក។ ប៉ុន្តែ​ទោះ​យ៉ាង​ដូច្នេះ​ក្តី​ក៏​ប៉ារីស​នៅ​តែ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុង​ដែល​មាន​ផ្សែង​ពុល​ខ្លាំង​គេ​នៅ​លើ​ពិភពលោក​​ឡើយ។ ហេតុអ្វី ?

ប៉ារីស​មាន​កំរិត​សារធាតុ​ពុល​ល្អិត​ឆ្មារៗ ដល់​កំរិត​កំពូល​
ប៉ារីស​មាន​កំរិត​សារធាតុ​ពុល​ល្អិត​ឆ្មារៗ ដល់​កំរិត​កំពូល​ © Reuters
ផ្សាយពាណិជ្ជកម្ម

ដោយ​ប្រឈម​នឹង​កំរិត​សារធាតុ​ពុល​​ខ្លាំង​ក្នុង​បរិយាកាស នៅ​ថ្ងៃ​ចន្ទ​ទី ២៣​ មីនា ស្អែក​នេះ អាជ្ញាធរ​បារាំង​បាន​ចាត់​វិធានការ​​មួយ​ចំនួន​ ដូចជា​មិនយក​ថ្លៃ​មធ្យោបាយ​ដឹកជញ្ជូន​​សាធារណៈ រថយន្ត​ក្រុង រទេះភ្លើង​ក្រោម​ដី លើដី ។ល។និង។ល។ និង​បាន​តម្រូវ​ឱ្យ​មាន​ការ​បើក​បរ​រថយន្ត​ឆ្លាស់​គ្នា ពោល​គឺ​ឡាន​ពាក់​ផ្លាកលេខ​គូ បើក​ថ្ងៃ​គូ បើ​ជា​ថ្ងៃ​សេស គឺ​មាន​តែ​រថយន្ត​ពាក់​ផ្លាក​លេខ​សេស​ទេ​ ដែល​អាច​បើក​បរ​បាន។ ប៉ុន្តែ​រថយន្ត​ដែល​ប្រើ​ថាមពល​មិន​ចេះ​រីង​ស្ងួត ប្រើ​ភ្លើង ប្រើ​អាគុយ ឬ​តាក់ស៊ី ឬ​រថយន្ត​នោះ​ត្រូវមាន​អ្នក​ជិះ​ជាមួយ​បី​នាក់។

 

វិធានការ​បន្ថយ​ចំនួន​រថយន្ត​ ធ្លាប់​បាន​យក​មក​អនុវត្ត​ពីរ​ដង​ហើយ ម្តង​នៅ​ឆ្នាំ​១៩៩៧ និង​២០១៤។ ប្រសិទ្ធិភាព​ក៏​បាន​ឃើញ​ជាក់​ស្តែង​ដែរ មិន​បង្ក​ឱ្យ​ភាព​រញ៉េរញ៉ៃ​ហើយ អាច​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​ទៀត។ បើ​តាម​ក្រុម​ជំនាញ​ គ្រាន់​តែ​ចរាចរណ៍​ថយ​១៨%​ បរិមាណ​សារធាតុ​ពុល​ជា​សារធាតុ​ល្អិត​ឆ្មារៗ បានថយ​ចុះ​​៦%​។

៤២០០០​នាក់​ស្លាប់​មុន​អាយុ

សហគមន៍​អ្នក​វិទ្យាសាស្ត្រ គ្មាន​ការ​សង្ស័យ​សោះ​ឡើយ អំពី​​ផលប៉ះពាល់​​របស់​ផ្សែង​ពុល​ក្នុង​បរិយាកាស ចំពោះ​សុខភាព​។ នៅលើ​ពិភពលោក​យើង​នេះ មាន​ពលរដ្ឋ​អ្នកក្រុង​៩​នាក់ ក្នុង​ចំណោម​១០​នាក់ រងគ្រោះ​ស្រូប​ខ្យល់​ពុល​ចូល​ក្នុង​ខ្លួន។ បរិយាកាស​ពុល​ គឺ​ជា​ភ្នាក់ងារ​ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ ដូច​ជា​មហារីក​សួត ផ្លោក​នោម ជំងឺ​ផ្លូវ​ដង្ហើម​ និង​សរសៃ​ឈាម​បេះដូង។ នៅ​ប្រទេស​បារាំង ផ្សែង​ពុល​ក្នុង​បរិយាកាស បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​មុន​អាយុ ប្រមាណ​៤២០០០​នាក់ ក្នុង​មួយ​ឆ្នាំៗ និង​បំផ្លាញ​លុយ​សម្រាប់​យក​ទៅ​ព្យាបាល​ជំងឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ខ្យល់​បរិយាកាស​ពុល​អស់​ប្រមាណ​ពី ៨២៥ លាន​ទៅ ១៧០០​លាន​ក្នុង​មួយ​ឆ្នាំៗ។ នេះ​មិន​រាប់​អំពី​ផ្សែង​ពុល​ដែល​មាន​ជាប់​ជា​ប្រចាំ​រាល់ ក្នុង​កំរិត​ទាប​ ចំពោះសុខភាពពលរដ្ឋ​ផង។

ប៉ារីស​ជា​រដ្ឋ​ធានី​ពុល​ជាង​គេ ?

ប៉ារីស​មិន​មែន​ជា​ក្រុង​ពុល​ខ្លាំង​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក​ទេ ! ថ្វី​បើ​នៅ​រវាង​ពីរ​បី​ថ្ងៃនេះ កំរិត​សារធាតុ​ពុល​ឆ្មារ បាន​ឡើង​ដល់​កំរិត​ខ្ពស់​ហួសការ​កំណត់​របស់​អង្គការ​សុខ​ភាព​ពិភពលោក និង​លើសក្រុង​ធំៗ​របស់​ចិន​មួយ​ចំនួន ក៏​ដោយ។ ជាមធ្យម​បណ្តុំ​សារធាតុ​ពុល​ឆ្មារៗ PM ១០​បាន​ឡើង​លើស​ ៨០µg/m3  ខ្លះ​ឡើង​ដល់​១២០មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​ខ្យល់​ ប៉ុន្តែ​គេ​អាច​ប្រៀប​ធៀប​ជាមួយ​នឹង​​បរិមាណ​ពុល​ក្នុង​បរិយាកាស​ក្នុង​ក្រុង​ផ្សេងៗ​នៅ​អាស៊ី​បាន​ឡើយ។

កាលពី​ខែ​ឧសភា ២០១៤ អង្គការ​សុខភាពពិភពលោក បាន​ផ្សព្វផ្សាយ​​ទិន្និន័យ​ស្តីពីមធ្យមភាគ​នៃ​​គុណភាព​ខ្យល់​បរិយាកាស​ ក្នុង​ក្រុង​ចំនួន ១៦០០ របស់​ប្រទេស​ចំនួន​៩០។ អង្គការ​បាន​កំណត់​បរិមាណ​បណ្តុំ​សារធាតុ​ពុល​ជា​ធាតុ​ល្អិត​ឆ្មារៗ​​​បំផុត មើល​នឹង​ភ្នែក​ស្ទើរ​មិន​ឃើញ (PM10 =០,០១មីល្លីម៉ែត្រ) នៅ​ក្នុង​ខ្យល់ ជា​មធ្យម​ប្រចាំ​ឆ្នាំ​ ត្រឹម​២០មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​ខ្យល់ ទើប​មិន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព។ ហើយ​ប៉ារីស​មាន​ត្រឹម២៤​ មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​ខ្យល់ប៉ុណ្ណោះ តិច​ជាង​ក្រុង​របស់​ប៉ាគីស្ថាន (៥៤០ មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​ខ្យល់) ឬ​ឥណ្ឌា​ (៣២៩ មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​ខ្យល់)ឆ្ងាយ​ណាស់។ ចំណែក​ចិន​វិញ ដែល​អាជ្ញាធរ​បាន​ចាត់​ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផ្សែង​ពុល​ក្នុង​បរិយាកាស​ជា​អាទិភាព​ចំបង​មួយ​នោះ មាន​​បរិមាណ​ធាតុ​ពុល ​ក្នុង​ខ្យល់ ជាមធ្យម​ក្នុង​មួយ​ឆ្នាំ​ ​ពី ១០០ ទៅ ១៥០ មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​ខ្យល់ឯណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ