អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមហ៊ុន​អាកាសចរណ៍​ធុន​ថោក​ ទីផ្សារ​ថ្មី​នៃ​អាកាសចរណ៍​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

យន្តហោះ​ប្រភេទ​Airbus A៣២០​ របស់​ក្រុមហ៊ុន​អាកាសចរណ៍ អាល្លឺម៉ង់ Gernanwing បាន​ធ្លាក់​ នៅថ្ងៃ​ទី ២៤ មីនា សម្លាប់​មនុស្ស​អស់ ១៥០​នាក់ ក្នុង​ទឹក​ដី​បារាំង។ ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ ជា​ប្រភេទ​ក្រុមហ៊ុន​អន់ ធុន​ថោក​ Low cost។ ប៉ុន្តែ​ពាក្យ​ថា​ធុន​ថោក មិន​មែន​មាន​ន័យថា​ “គ្រោះថ្នាក់” ឡើយ។ ​ក្រុមហ៊ុន​អាកាសចរណ៍​បែប​នេះ​កំពុង​រីក​ដុះ​ដាល​ខ្លាំង​ណាស់ នៅ​អឺរ៉ុប នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ​​តើ​ក្រុមហ៊ុនអាកាសចរណ៍​ធុន​ថោក​Low Cost ជា​អ្វី ? និង​តំណាង​ឱ្យ​ទីផ្សារ​អឺរ៉ុប​ប៉ុណ្ណា ?

Lufthansa ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុនlow-cost អាល្លឺម៉ង់ Germanwings
Lufthansa ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុនlow-cost អាល្លឺម៉ង់ Germanwings Reuters/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

ចរាចរណ៍​ផ្លូវ​អាកាស​ត្រូវ​បាន​​គេ​ចាត់​ទុក​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ ដ៏​មាន​សុវត្ថិភាព​ជាងគេ​​បង្អស់ ! ប៉ុន្តែ​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ម្តងៗ​ តែ​ង​តែ​មាន​មនុស្ស​ស្លាប់​ច្រើន​ ទើប​​ដក់​ជាប់​ខ្លាំង​ក្នុង​សតិអារម្មណ៍​មនុស្សលោក។ ដោយ​មិន​និយាយ​អំពី​បរិបទ​ភេរវកម្ម ជាទូទៅ​ក្រោយ​ពេល​មាន​​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​កើត​ឡើងភ្លាម​​ សំណួរ​ដែល​ចោទ​ឡើង​មុន​គេ គឺ​តើ​ជា​កំហុស​បច្ចេកទេស ? កំហុស​មនុស្ស (អ្នក​បើក​បរ) ? យន្តហោះ​ចាស់​ជ្រុល ? ជា​ក្រុមហ៊ុន​អន់​ធុន​ថោក​ ? ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ដំណើរ​ខ្លះ​ប្រកាន់​ខ្លួន​និង​មាន​ជំនឿ​ ត្រូវ​ការ​ជ្រើស​រើសប្រភេទ​យន្តហោះ ឬ​ជ្រើសរើស​ជិះ​តែ​​ក្រុមហ៊ុន​​ដែល​ល្បីល្បាញខ្លាំង នៅ​ពេល​ធ្វើ​ដំណើរ បើ​ទោះ​ជា​បី​ជា​ត្រូវ​បង់​ថ្លៃ​ខ្ពស់​ក៏ដោយ។ ​

 

​នៅអឺរ៉ុប ​ក្រុមហ៊ុន​អាកាសចរណ៍​ មិន​ថាជា​ក្រុមហ៊ុន​ល្បី ក្រុមហ៊ុន​ខ្នាតអន្តរជាតិ​ធំៗ ឬ​ជា​ក្រុមហ៊ុន​ធុនថោក​ទេ ត្រូវ​ស្ថិត​នៅក្រោម​ច្បាប់​សុវត្ថិភាព​អាកាសចរណ៍​ យ៉ាង​តឹង​រឹង​ដូចគ្នា​ទាំងអស់។ សុវត្ថិភាព​និង​ភាព​ជឿជាក់ ជា​កត្តាសំខាន់​ពី​សម្រាប់​ក្រុមហ៊ុន មិន​ថា​ជា​ក្រុមហ៊ុន​រក​ស៊ី​ផ្នែក​ដឹក​ជញ្ជូន ជា​ក្រុមហ៊ុន​អ្នក​ផលិត​យន្តហោះ​ផ្ទាល់​នោះ​ទេ។

ក្រុមហ៊ុន​អាកាសចរណ៍​ធុន​ថោកLow Cost គឺ​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​លទ្ធភាព​ឱ្យ​អ្នក​ធ្វើ​ដំណើរ​​ចំណាយ​ថ្លៃ​​សំបុត្រ​​ថោក។ តម្លៃ​អាច​ថោកបាន ក៏​ព្រោះ​តែ​ក្រុមហ៊ុន​ផ្តល់​សេវា​ដែល​សំខាន់​ចាំ​បាច់​​បំផុត​តែ​ប៉ុណ្ណោះ មិនគិត​សោះ​ឡើយ​ដល់​ផ្នែក​ផាសុក​ក្នុង​ពេល​ធ្វើ​ដំណើរ ប៉ុន្តែ​សុវត្ថិភាព​គឺ​ជា​កាតព្វកិច្ច​ និង​មាន​ដាក់​តម្រូវ​ឱ្យគោរព​ដោយ​ហ្មត់ចត់។ ក្រុមហ៊ុន​ Low Cost ខ្លះ សុខចិត្តបោះ​​ទុនធំ​​ប្រើ​យន្តហោះ​ថ្មីៗ ដើម្បី​កុំ​ឱ្យ​ខាត​បង់​ប្រាក់​ចំណាយ​លើ​ការជួសជុល​និង​​ថែទាំ។

គេ​សង្កេត​ឃើញ​ថា​ និន្នាការ​​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ Low Cost មាន​កាន់​តែ​ច្រើន​ឡើង​! ​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អាកាសចរណ៍​កាន់​​តែ​ចង្អៀត ក្រុមហ៊ុន​​គ្រាក់​នៅ​អឺរ៉ុប​បាន​បែក​គំនិត​ទៅ​បង្កើត​សាខា​តូចៗ Low Cost ដែរ។​ ក្រុមហ៊ុន​អាកាសចរណ៍​ធុន​ថោក នាពេល​បច្ចុប្បន្ន​​នេះ  តំណាង​ឱ្យ​ពី ៣០ -៤០% នៃ​ទីផ្សារ​ចរាចរណ៍​ផ្លូវ​អាកាសអឺរ៉ុប។

​​ក្រុមហ៊ុន​ Low Cost ​​ដែល​ឈាន​មុខ​ខ្លាំង​ជាង​គេ គឺ​ក្រុមហ៊ុន​អាកាសចរណ៍​អៀរឡង់ ឈ្មោះ Ryanair ដែល​រក​ស៊ី​ក្នុង​ប្រទេស​ចំនួន​៣០​​នៅ​អឺរ៉ុប មាន​យន្តហោះ​ប្រភេទ​ប៊ូអ៊ីន​ ៣០០​គ្រឿង និង​ហោះហើរ​មួយ​ថ្ងៃ​១៦០០​ជើង។ បន្ទាប់​មកគឺ​ក្រុមហ៊ុន​Easyjet របស់​អង់គ្លេស​មាន​យន្តហោះ​Airbus A៣២០ ចំនួន​២២៦​គ្រឿង ហោះហើរ​ជា​មធ្យម ១៤០០​ជើង​ក្នុង​មួយ​ថ្ងៃៗ។

ក្រុមហ៊ុន​អាកាសចរណ៍​ លក់​សំបុត្រ​តម្លៃ​ថោក​ ដ៏​ក្មេង​ខ្ចី​ទាំង​ពីរ​នេះ បានក្លាយ​ជា​ជើង​ឯក​នៅ​អឺរ៉ុប ខាង​ប្រមូល​ផល​ចំណេញពី​ជំនួញ​ដឹកជញ្ជូន​អ្នក​ដំណើរ និង​ទាក់ទាញអ្នក​ដំណើរ​កាន់​តែ​ច្រើន​ឡើងៗ​ជា​លំដាប់ ក្រោម​ក្រសែ​ភ្នែក​ច្រណែន​ពី​​ក្រុមហ៊ុន​ធំៗ​ផង។ ក្រុមហ៊ុន​ Low Cost តូចៗ​ផ្សេង​ទៀត ក៏​បានដុះ​ដាល​ឡើង​និង​ស្គាល់​កំណើន​​ រក​ស៊ី​ចម្រើន​ទៅ​មុខ​ខ្លាំង​។ គំរូ​សេដ្ឋកិច្ច​នេះ បាន​ជំរុញ​ឱ្យ​​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ ល្បីឈ្មោះ​តាំង​ពី​យូរ​មក​ហើយ​​ បង្ខំ​ចិត្ត​សម្រប​ខ្លួន​តាម បើ​មិន​ចង់​ខាត​លង់​ខ្លួន​​ បាត់​មុខ​ពី​ទីផ្សារ​អាកាសចរណ៍ រយៈ​ខ្លី​និង​មធ្យម (ហោះហើរ​ក្នុង​ស្រុក​ និង​ក្នុង​តំបន់)។

​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​ដ៏ល្បីល្បាញ AirFrance-KLM ​ក៏​កំពុង​អភិវឌ្ឍន៍​​​សាខា Transavia ជា​ទម្រង់​ ​ក្រុមហ៊ុន​ Low Cost ដែរ សម្រាប់​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ក្នុង​ស្រុក​ និង​ក្នុង​អឺរ៉ុប​។ ឯ​ចំណែក​ក្រុមហ៊ុន​ Germanwing របស់​អាល្លឺម៉ង់ ដែល​រង​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​ នៅ​ថ្ងៃ​ម្សិលម្ង៉ៃ​នេះ គ្រាន់​តែ​ជា​សាខាមួយ​របស់​​ក្រុមហ៊ុន​ដ៏​ចំណាស់​និង​ល្បី​របស់​អាល្លឺម៉ង់ Lufthansa​តែ​ប៉ុណ្ណោះ។ តាំង​ពី​ឆ្នាំ​២០១៣​មក ក្រុមហ៊ុន​ Lufthansa ​បាន​ទម្លាក់​បន្ទុក​ហោះហើរ​ក្នុង​ស្រុក​និង​ក្នុង​អឺរ៉ុប​ទៅ​ឱ្យ​ Germanwing ជា​ក្រុមហ៊ុនធុន​ថោក។ ក្រុមហ៊ុន​ហោះហើរ​ក្នុង​តម្លៃ​ទាប តែ​​មាន​ឈ្មោះ​ល្បី​ខ្លាំង​ក្នុង​ពិភព​​អាកាសចរណ៍​ស៊ីវិល ​ព្រោះ​គួរ​ឱ្យ​ទុក​ចិត្តផង និង​សាខា​របស់​ក្រុមហ៊ុន​Lufthansa​ (លេខ​មួយ​នៅ​អឺរ៉ុប)ផង អាច​នឹង​ក្លាយ​ជា​គូ​ប្រជែង​ដ៏​គ្រោះ​ថ្នាក់ ក្នុង​រង្វង់​ក្រុមហ៊ុនLow Cost​ដូច​គ្នា​នៅ​ពេល​អនាគត បើ​យោល​ទៅ​លើ​ទំហំ និង​សក្កានុពល​ទីផ្សារ​អឺរ៉ុប។

ប៉ុន្តែ​​គ្រោះថ្នាក់​ធ្លាក់​យន្តហោះជា​រឿង​ដោយ​ឡែក​មួយ ​និង​ជា​ប្រកា​រ​ដ៏កម្រ​បំផុត។ មុន​ហេតុការណ៍​ធ្លាក់​យន្តហោះ​របស់​​​ក្រុមហ៊ុន​Germanwing​ មានយន្តហោះ​របស់​ក្រុមហ៊ុន​តម្លៃ​ថោក​តែ​មួយ​គ្រឿង​គត់​ ប្រភេទ​ប៊ូអ៊ីន ៧៣៧ បាន​ធ្លាក់​សម្លាប់​មនុស្ស ១២១​នាក់ កាលពីឆ្នាំ​២០០៥ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​ស៊ីប។ ក្រុមហ៊ុន​ឡូកូស​អឺរ៉ុប​ទាំង​អស់​សុទ្ធ​តែ​អួត​អាង​អំពី​តុល្យការ​សុវត្ថិភាព​ ​ ដែល​មិន​អាស្រ័យ​លើ​តម្លៃ​ធ្វើ​ដំណើរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ