អានតួអត្ថបទ
អ៊ុយក្រែន-អាមេរិក-រុស្ស៊ី

អង្គភាព​ទ័ព​ឆ័ត្រ​យោង​អាមេរិក នឹង​ចាប់​បង្ហាត់​ពួក​យោធា​អ៊ុយក្រែន

គឺ​នៅ​ថ្ងៃ​២០​មេសា​ខាង​មុខ ដែល​ទ័ព​ឆ័ត្រ​យោង​អាមេរិក ចំនួន​២៩០​នាក់ ត្រូវ​ទៅ ដល់​ខេត្ត Lvov ប៉ែក​ខាង​លិច​ប្រទេស​អ៊ុយក្រែន ដើម្បី​ចាប់​ផ្តើម​បង្ហាត់​ពួក​ទាហាន នៃ​កង​ឆ្មាំ​អ៊ុយក្រែន ឲ្យ​ចេះ​យ៉ាង​ល្អិតល្អន់​វិជ្ជាប្រយុទ្ធ​លើ​សមរភូមិ។ ក្នុង​ដំណាក់​ឥឡូវ វិជ្ជា​បែប​នេះ កំពុង​ផ្តល់​ទៅ​ហើយ ដល់​ពួក​ទាហាន​ទ័ព​សកម្ម​អ៊ុយក្រែន​ដោយ​ពួក​នាយ​ទាហាន​អង់គ្លេស។ ម៉ូស្គូ ចាត់ទុក​ការបង្វឹកបង្ហាត់​បែប​នេះ មិន​ជួយ​ជំរុញ​ឡើយ ដល់​ការបន្ធូរបន្ថយ​ភាព​តានតឹង ក្នុង​ជម្លោះ​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន។

ទាហាន​អាមេរិក​នៅ​ប្រទេស​ឆែក
ទាហាន​អាមេរិក​នៅ​ប្រទេស​ឆែក © Reuters
ផ្សាយពាណិជ្ជកម្ម

ពត៌មាន​បង្ហោះ​តាម Facebook ដោយ​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយក្រែន Arsen Avakov រំលេច​ឲ្យ​ដឹង​ថា ទ័ព​ឆ័ត្រ​យោង​អាមេរិក ចំនួន​២៩០​នាក់ ដែល​ថ្ងៃ​២០​មេសា នឹង​ទៅ​ដល់​ខេត្ត Lvov ជា​ខេត្ត​ជាតិនិយម នៅប៉ែក​ខាង​លិច​អ៊ុយក្រែន ដើម្បី​បង្ហាត់​ពួក​យោធា​អ៊ុយក្រែន នៅលើ​ដែនដី​នៃ​វាលវង់​ល្បង​ពិសោធ Yavorov គឺ ស្រប​នឹង​កិច្ចព្រមព្រៀង ចុះ​កាលពី ខែ​កុម្ភៈ​ជាមួយ​ក្រសួង​ការបរទេស​អាមេរិក។

 
នឹង​ចូលរួម​ក្នុង​លំហាត់​-សម​ជើង​រួម ជាមួយ​ទ័ពឆ័ត្រ​យោង​អាមេរិក គឺ អង្គភាព​ដ៏​ល្បីៗ​នៃ​កង​ឆ្មាំ​អ៊ុយក្រែន បែប​យ៉ាង​ឈ្មោះ Azov Jaguar Omega មាន​បទពិសោធន៍​ខាង​ច្បាំង​ដោយ​ផ្ទាល់ដៃ នៅ​លើ​សមរភូមិ តំបន់​ផ្តាច់​ទឹកដី​និយម​ប៉ែក​ខាង​កើត​ប្រទេស និង​អង្គភាព​កង​ឆ្មាំ​នេះ ទៅ​ពី​ខេត្ត ណា​នៅ​ប៉ែក​ខាង​កើត​ដែរ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​អំណាច​ក្រុង​គៀវ ទៅ​ពី​តំបន់​ខាង​ត្បូង ខាង​ជើង និង​ខាង​លិច​ប្រទេស និង​ពី​រដ្ឋធានី​គៀវ​តែម្តង។

អង្គភាពកងឆ្មាំនោះ មាន​គ្នា​៩០០​នាក់ ចែក​ជា​៣​ចរន្ត ចរន្ត​និមួយៗ​មាន​គ្នា​៣០០​នាក់ ហើយ​ការបង្ហាត់​ចរន្ត​និមួយៗ នឹង​ស៊ី​ពេល​៨​សប្តាហ៍។ ជាសរុប ទ័ពឆ័ត្រ​យោង​អាមេរិក នឹង​វត្តមាន​នៅ​វាលវង់​បង្ហាត់​នោះ​ក្នុង​រយៈពេល​ប្រមាណ​កន្លះ​ឆ្នាំ។ លុះក្រោយ​ពី​ការបង្វឹកបង្ហាត់ ចប់ទៅ​ រាល់​តែ​បរិក្ខារ​ជា​ស្បៀង​និង​មធ្យោបាយ​ទូរ​គមនាគមន៍ នឹង​ត្រូវ​ទ័ពឆ័ត្រ​យោង​អាមេរិក បន្សល់​ទុក​ឲ្យ​កង​ឆ្មាំ​អ៊ុយក្រែន។

តាមពិត ការបង្វឹកបង្ហាត់នេះ ត្រូវ​ចាប់​ផ្តើម​តាំង​ពីខែ​មីនា​នេះ​ម៉្លេះ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​នៃ​កងទ័ព ជើង​គោក​អាមេរិក​ដែល​ប្រចាំ​នៅ​ទ្វីប​អឺរ៉ុប​ផ្អាក​ទៅ​វិញ ដោយ​ចង់​ឃើញ ដំណើរ​បំពេញ​តាម​កិច្ចព្រមព្រៀងក្រុង​មិនស្ក៏។

 ក្រុងម៉ូស្គូ ពីចំណែក​ខ្លួន​កត់​សម្គាល់​ថា ក្រុងគៀវ បច្ចុប្បន្ន ងាក​ចេញ​ពី​ការបំពេញ​តាម​កិច្ច​ព្រមព្រៀង​នេះ ដោយ​មិន​ព្រម​ធ្វើ​វិមជ្ឈការ​អំណាច​ទៅ​តំបន់​បះបោរ​ដូច​ដែល​មាន​ចែង ក្នុង​ឯកសារ​នោះ ហើយ​មិន​តែ​ប៉ុណ្ណោះ ចាត់ទុក​ខេត្ត​បះបោរ​ដូណេត និង លូហ្កាន់ ថា​គ្រាន់​តែ ដែនដី​នៅ​ក្រោម​ការ​កាន់កាប់​បណ្តោះ​អាសន្ន ប៉ុណ្ណោះ ដែល​កាលណា​កងទ័ព​អ៊ុយក្រែន មាន​កម្លាំង​គ្រប់គ្រាន់ គឺ​នឹង​សង្គ្រប់​ទៅ​រំដោះ​ខេត្ត​ទាំងពីរ​នោះ ឲ្យ​ទាល់​តែ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ