អានតួអត្ថបទ
ប៉ូឡូញ-ស.រ.អា-រុស្ស៊ី

ប៉ូឡូញ ជ្រើស​យក​មីស៊ីល​អាមេរិក សម្រាប់​ប្រឈម​នឹង​មីស៊ីល​រុស្ស៊ី

ស.រ.អា. ថ្ងៃអង្គារ២១មេសា បានសាទរ ចំពោះគម្រោងប៉ូឡូញ ទិញ ប្រព័ន្ធមីស៊ីល អាមេរិកាំង​ធុន Patriot សម្រាប់​ការពារ​ដែន​អាកាស ក្នុង​តម្លៃ​ដល់ ៥.០០០​លាន​ដុល្លារ ខណៈ​ដែល​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ ភាព​តានតឹង​រវាង​ប៉ូឡូញ នឹង​រុស្ស៊ី​នៅ​ជិត​ខាង ចេះ​តែ​ឡើង​កម្រិត​ធ្ងន់ធ្ងរ​ទៅ។ មជ្ឈដ្ឋាន​នៅ​ម៉ូស្គូ កត់​សម្គាល់​ថា ជម្រើស​នេះ​របស់​ប៉ូឡូញ គឺ​សម្រាប់​ទប់​នឹង​ប្រព័ន្ធ​មីស៊ីល​រុស្ស៊ី​ធុន Iskander ដែល​មាន​ដាក់​ឲ្យ​ប្រចាំ​ការ​ទៅ​ហើយ នៅ​លើ​ដែនដី​ខេត្ត Kaliningrad ប៉ែក​ខាង​លិច​បង្អស់​របស់​រុស្ស៊ី នៅ​ជាប់​នឹង​ព្រំដែន​ប៉ូឡូញ។

ទាហាន​អាមេរិក​ត្រួត​ពិនិត្យ​មីស៊ីល​  Patriot ពេល​ធ្វើ​សមយុទ្ធ​នៅ​ប៉ូឡូញថ្ងៃទី ២១​មីនា ២០១៥
ទាហាន​អាមេរិក​ត្រួត​ពិនិត្យ​មីស៊ីល​ Patriot ពេល​ធ្វើ​សមយុទ្ធ​នៅ​ប៉ូឡូញថ្ងៃទី ២១​មីនា ២០១៥ REUTERS/Franciszek Mazur/Agencja Gazeta
ផ្សាយពាណិជ្ជកម្ម

ការសាទរនេះ ថ្លែងដោយ អ្នកនាំ​ពាក្យ​ផ្លូវការ​របស់​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Marie Harf ដែល​គូស​បញ្ជាក់​ថា ប៉ូឡូញ ជា​សសរទ្រូង​នៅ​ក្នុង​បក្ស​អូតង់ ហើយ​ការធ្វើ​ទំនើបកម្ម ដល់​ប្រព័ន្ធ​ការពារ​របស់​ប្រទេស​នេះ ពិត​ជា​ពង្រឹង​សក្តានុពល​យោធា របស់​បក្សសម្ព័ន្ធ​នេះ​តែ​ម្តង។

 
គឺ​នៅ​ចំ​ពេល​ដែល​ភាពតានតឹង​របស់​ប្រទេស​គាត់ ជាមួយ​នឹង​រុស្ស៊ី​នៅ​ជិត​ខាង កើន​កាន់តែ​ខ្លាំង​ឡើង លោក​ប្រធានាធិបតី​ប៉ូឡូញ Bronislaw Komorowski បាន​ប្រកាស​ថា ក្នុង​ខែ​ឧសភា ខាង​មុខ ក្រុង Varsovie នឹង​ធ្វើ​កិច្ចចរចា ជាមួយ​ក្រុង Washington ដើម្បី​ទិញ​មីស៊ីល​ Patriot អាធុន​បាញ់​ពី​ដី​ទៅ​អាកាស​ចំនួន​៨​កង ក្នុង​តម្លៃ​សរុប ៥.០០០​លាន​ដុល្លារ។

ពិធីចុះ​កុងត្រា​ផ្ទាល់ គ្រោង​ប្រព្រឹត្ត​ទៅ ក្នុង​ឆ្នាំ​២០១៦។ បន្ទាប់មក ក្នុង​៣​ឆ្នាំ​ដំបូង ប៉ូឡូញ​នឹង​ទទួល​បាន​មីស៊ីល Patriot នោះ​ចំនួន ២​កង​សិន។ ហើយ​ទៅ​ទល់​ឆ្នាំ​២០២៥ គឺ​នឹង​ទទួល​បាន ទាំង ៨​កង។ ចំណែក Radar ខាង​រាវ​រក​ទីដៅ​សម្រាប់​ផ្ចាញ់​ក្នុង​អាកាស ដោយ​ប្រព័ន្ធ​នេះ នឹង​លេច​ចេញ​មក នៅ​លើ​ដែនដី​ប៉ូឡូញ គឺ​ក្នុង​ចន្លោះ​ឆ្នាំ ២០២២-២០២៥។

ប៉ូឡូញ ជ្រើសយក មីស៊ីល Patriot ដែល​ផលិត​ដោយ ក្រុមហ៊ុន​អាមេរិកាំង Raytheon ទាំង នាំ​ឲ្យ​ក្រុមហ៊ុន​បារាំង Thales និង សហគម​អឺរ៉ុប SAAM ដែល​ខំ​ចូល​ខ្លួន​ប្រជែង​ដែរ បែរ​ទៅ​ជា ខក​ចិត្ត​ទៅ​វិញ។

ក្រសួងការពារជាតិ​ប៉ូឡូញ គូស​បញ្ជាក់​ថា ពេល​ធ្វើ​ជម្រើស​នោះ រដ្ឋ​ប៉ូឡូញ ចាត់​ទុក​ជា​លក្ខណៈ​វិនិច្ឆ័យ​ដ៏​សំខាន់​បំផុត គឺ​សមត្ថភាព​នៃ​ប្រព័ន្ធ​មីស៊ីល Patriot អាច​ប្រឈម​នឹង​ប្រព័ន្ធ​មីស៊ីល​រុស្ស៊ី​ធុន Iskander ដែល​មាន​ដាក់​ឲ្យ​ប្រចាំ​ការ​ទៅ​ហើយ នៅ​លើ​ដែនដី​ខេត្ត Kaliningrad ប៉ែក​ខាង​លិច​បង្អស់​របស់​រុស្ស៊ី នៅ​ជាប់​នឹង​ព្រំដែន​ប៉ូឡូញ។ 

អំពី​មីស៊ីល Iskander ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ធ្លាប់​បាន​ថ្លែង​ឲ្យ​ដឹង​ថា វង់​សកម្ម​របស់​វា គឺ​អាច​កំទេច​ទីដៅ​ក្នុង​អាកាស ដល់​ចម្ងាយ ៥០០គ.ម. ដោយ​វា​អាច​គ្រប​ដណ្តប់​ដែនដី ប៉ូឡូញ​សឹង​ទាំង​មូល ពី​កើត​ទៅ​លិច៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ