អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អន្តោប្រវេសន៍​តាម​សមុទ្ទ​មេឌីទែរ៉ាណេ ៖ តើ​អឺរ៉ុប​​មាន​ដំណោះស្រាយយ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​អឺរ៉ុប​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង នៅ​ចំពោះ​មុខ​អសមត្ថភាព​ក្នុង​ការទប់​ស្កាត់​ចរន្ត​អន្តោប្រវេសន៍​ហូរ​ចូល​អឺរ៉ុប​ តាម​ផ្លូវ​សមុទ្ទ​មេឌីទែរ៉ាណេ។ សោកនាកម្ម​កើត​មាន​ផ្ទួនៗ​ ចំនួន​អន្តោប្រវេសន៍​​ស្លាប់ វាល់​ពាន់​នាក់។ ប្រឈម​នឹង​ស្ថានភាព​បែបនេះ​​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ក្រសួងការបរទេស​បាន​បើក​ជំនួប​ប្រជុំ​ជា​បន្ទាន់​កាលពី​ថ្ងៃចន្ទ អនុម័ត ផែនការ​១០ចំណុច​​ សម្រាប់​បញ្ជូន​ទៅឱ្យ​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ សម្រេច​ នៅ​ថ្ងៃព្រហស្បតិ៍​ទី ២៣​មេសា​ នា​ឱកាស​ជំនួប​ប្រជុំ​វិសាមញ្ញ​ ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍​នៅ​មេឌីទែរ៉ាណេ។

ជន​អន្តោប្រវេសន៍​ តាម​ទូក មក​ដល់​កំពង់​ផែ Sicileថ្ងៃ​ទី ១៥​មេសា ២០១៥
ជន​អន្តោប្រវេសន៍​ តាម​ទូក មក​ដល់​កំពង់​ផែ Sicileថ្ងៃ​ទី ១៥​មេសា ២០១៥ REUTERS/Guglielmo Mangiapane
ផ្សាយពាណិជ្ជកម្ម

 

ខ្លះ​រិះគន់ ខ្លះ​ជួយ​ណែ​នាំ​ ខ្លះ​សាក​ល្បង​ជួយ​ផ្តល់​យោបល់ ផ្តល់​អនុសាសន៍​ ដល់​អឺរ៉ុប ដែល​កំពុង​ឈឺ​ក្បាល​ខ្លាំង​នឹង​​​ចរន្ត​អន្តោប្រវេសន៍​បុក​ចូល​ស្រុក។ បិទ​ខ្ទ​ប់​ទាំង​ស្រុង​ព្រំដែន មិន​មែន​ជា​ដំណោះស្រាយ និង​មិន​អាច​រារាំង​អន្តោប្រវេសន៍ ដែល​សុខ​ចិត្ត​​ប្រថុយ​ស្លាប់​ឡើយ។ យក​គំរូ​តាម​អូស្ត្រាលី តាម​ត្រឹម​បង្វែរ​បញ្ហា ហើយ​ក៏​គ្មាន​ប្រទេស​ទីបី​ណា​ព្រម​ចុះ​កិច្ចព្រមព្រៀម​ជា​មួយ​អឺរ៉ុប​ទទួល​អន្តោប្រវេសន៍​ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ដូច​ករណី​អូស្ត្រាលី​និង​កម្ពុជា​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អឺរ៉ុប​ត្រូវ​រក​ដំណោះស្រាយ​ ឱ្យ​សម​ស្រប ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​និង​មហាផ្ទៃ​ នៃ​ប្រទេស​ជា​សមាជិក​ទាំង​២៨​ របស់​អឺរ៉ុប កាលពី​ថ្ងៃចន្ទ​ទី ២០ មេសា គណៈកម្មការ​អឺរ៉ុប​លើក​សំណើ​​​ ១០ ចំណុច​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​​នឹង​​ការ​ជួញ​ដូរ​អន្តោប្រវេសន៍​ខុសច្បាប់ និង​ទប់​ស្កាត់​ចរន្ត​អន្តោប្រវេសន៍​ កាត់សមុទ្ទមេឌីទែរ៉ាណេ ដោយ​មិន​ខ្លាច​ស្លាប់​​​។

វិធានការ​១០​ចំណុច​នេះ ជា​ផែនការ​បន្ទាន់​ ផ្តោត​សំខាន់​ទៅ​លើ ៖
-       ការ​ពង្រឹង​ប្រតិបត្តិការ​ត្រួត​ពិនិត្យ និង​សង្គ្រោះ​ ដោយ​ត្រូវបង្កើន​មធ្យោបាយ​ហិរញ្ញវត្ថុ​និង​សម្ភារៈ​ដល់​ភ្នាក់ងារ​ត្រួត​ពិនិត្យ​ព្រំដែន Frontex។
-       រឹបអូស និង​បំផ្លាញ​ទូក​ដែល​ប្រើ​សម្រាប់​ដឹក​អន្តោប្រវេសន៍ចាប់​បាន។
-       ពង្រីក​​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ស្ថាប័ន​ផ្សេងៗ​ទៀត ដើម្បី​ប្រមូល​ព័ត៌មាន​​ទាក់ទង​នឹង​វិធី​ជួញដូរ​អន្តោប្រវេសន៍។
-       បង្កើត​ការិយាល័យ​អន្តរប្រវេសន៍​អឺរ៉ុប​ នៅ​តាម​ ​អ៊ីតាលី និង​ក្រិក​។
-       ផ្តិត​ក្រយៅ​ដៃ​រាល់​គ្រប់​ជន​អន្តោប្រវេសន៍​ដែល​បាន​ចូល​ដែនដី​អឺរ៉ុប។
-       ពិចារណា​លទ្ធភាព​បែង​ចែក​ចំនួន​ជន​ភៀស​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ជា​សមាជិក​សហភាព
-       ដាក់​​កម្មវិធី​​ជួយ ​​អន្តោប្រវេសន៍​ដែល​មាន​​សិទ្ធិ​ជាជន​​ភៀសខ្លួន។ សមាជិក​អឺរ៉ុប​មួយ​ ទទួលយក​កម្មវិធីនេះ​ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​
-       ដាក់​កម្មវិធី​បញ្ជូន​ទៅ​វិញ​ជា​បន្ទាន់​អន្តោប្រវេសន៍​ដែល​គ្មាន​សិទ្ធិ​ជ្រកកោន
-       ធ្វើ​ការ​ជាមួយ​ប្រទេស​ជិត​ខាង​របស់​លីប៊ី ដើម្បីស្ទាក់​​ផ្លូវ​របស់​ពួក​ជួញដូរ​មនុស្ស
-       បញ្ជូន​ភ្នាក់ងារ​អន្តោប្រវេសន៍​ ទៅ​ធ្វើ​ការ​នៅ​ក្បែរ​ប្រតិភូ​អឺរ៉ុប ប្រចាំ​ប្រទេស​ដើម​ឬ​ប្រទេស​ដែល​ក្រុម​អន្តោប្រវេសន៍​ឆ្លងកាត់ ដើម្បី​ស្រាវ​រក​វិធី និង​បណ្តាញរក​ស៊ី​បញ្ជូន​ជន​អន្តោប្រវេសន៍​

និយា​យ​ជា​រួម គឺ​អឺរ៉ុប​ទាំង​២៨​ប្រទេស​ចង់ វាយ​ចំ​ និង​ឱ្យ​ខ្លាំង​លើ​ជំនួញ​មនុស្ស​ ព្រោះ​ជា​អំពើ​ឧក្រិដ្ឋ។
ប៉ុន្តែ​​ផែនការ​​នេះ​ ​ត្រូវ​លើក​ដាក់​លើ​តុ​ប្រជុំ​ របស់​​​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាលទាំង​២៨​ប្រទេស ​ក្នុង​ជំនួប​ប្រជុំ​វិសាមញ្ញ​ ​ នៅ​ទីក្រុង​ព្រុចសែល ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​នេះសិន មុន​នឹង​អាច​ចាប់​មាន សុពលភាព​ទាំង​ស្រុង​បាន នៅ​រវាង​​៦​ខែទៀត។​ ដូច្នេះ​មាន​ន័យ​ថា​ ស្ថានភាព​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ ទំនង​ជា​មិន​អាច​ប្រសើរ​ឡើង​បាន​ដោយ​ភ្លាមៗ​ឡើយ។ សោកនាដកម្ម​អាច​នឹង​កើត​មាន​ទៀត​ក៏​ថា​បាន។

សេចក្តី​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប ជា​ដំណើរ​ដ៏​វែង​ឆ្ងាយ ល្បី​ខ្លាំង​ខាង​យឺត​យ៉ាវ មិន​ដូច​រុស្ស៊ី ចិន​ ឬ​សហរដ្ឋ​អាមេរិក​ទេ។ ទាំង​យឺត ទាំង​យូរ ចុះ​តើ​ប្រសិទ្ធិភាព​នឹង​មាន​ប៉ុណ្ណា ?
គេ​អាច​សង្ឃឹម​លើ​ការ​បង្ក្រាប​បណ្តាញ​អ្នក​រកស៊ី​ដឹក​ជញ្ជូន​អន្តោប្រវេសន៍​ និង​សង្គ្រោះ​កុំ​ឱ្យ​ស្លាប់​ក្នុង​សមុទ្ទ​។ តែ​មិន​មែន​ជា​ដំណោះស្រាយ​យូរ​អង្វែង​ឡើយ ! ​អឺរ៉ុបត្រូវ​ការ​ពឹង​ពាក់​​ខ្លាំង​ទៅ​លើកិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​​​របស់​ជន​អន្តោប្រវេសន៍​ និង​ប្រទេស​ដែលពួក​គេ​ឆ្លង​កាត់ និង​ពិសេស​រំពឹង​លើ​ការ​បង្កើត​រដ្ឋាភិបាល​​​នៅ​លីប៊ី។ លីប៊ី​ ​ជង្រុក​នៃ​រក​ស៊ី​ជួញ​ដូរមនុស្ស មក​ពីអាហ្វ្រិក​និង​ស៊ីរី។​ ៩៣%​នៃ​ទូក​ដឹក បញ្ជូន​អន្តោប្រវេសន៍មាន​​ប្រភពមកពី​លីប៊ី។ ​ភាព​អនាធិបតេយ្យ គ្មាន​មេ​គ្មានកើយ គ្មាន​រដ្ឋាភិបាល បាន​អនុញ្ញាត​ឱ្យ​​ពួក​ឧក្រិដ្ឋជន​ជួញ​ដូរ​​​បាន​យ៉ាង​សេរី។ ដូច្នេះ​អាទិភាព ចម្បង​គឺ​ត្រូវ​ជួយ​​ស្វែង​រក​ស្ថិរភាព​ឱ្យ​លីប៊ី ឱ្យ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រូម​ជាតិ ដើម្បី​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​បណ្តាញ​ជួញ​ដូរ​មាន​ប្រសិទ្ធិភាព។

បង្កើតប្រព័ន្ធ​​ជ្រើសរើស​ជន​​អន្តោប្រវេសន៍​​មាន​សុវត្ថិភាព​ និង​ត្រួតពិនិត្យ​ត្រឹម​ត្រូវ​ ជា​កាត់​ជើង​ពួក​អ្នក​រក​ស៊ី ប៉ុន្តែ​វា​ពិត​ជា​ពិបាក​ទទួល​យក​ណាស់ ព្រោះ​​​អឺរ៉ុប គ្មាន​នយោបាយច្បាស់​លាស់​​ រួម​គ្នា ក្នុង​ផ្នែក​ទទួល​ជ្រើសរើស​​អន្តោប្រវេសន៍​ទេ។ ការ​ចរចា​លើ​ប្រធានបទ​នេះ​នឹង​ត្រូវ​ស្វិត​ស្វាញ​ខ្លាំង គ្មាន​ទេ​ដំណោះស្រាយងាយៗ​ ! អឺរ៉ុប​នឹង​ត្រូវ​ប​ង្ហាញ​ យុទ្ធសាស្ត្រ​អន្តោប្រវេសន៍​ នៅ​ពាក់​កណ្តាល​ខែ​ឧសភាឯ​ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ